38 C
Phnom Penh

ក្រុម​តស៊ូ​មតិ​ប្រកាស​ធ្វើ​យុទ្ធនាការ​ពលរដ្ឋ​គេច​ពី​ការិយាល័យ​បោះឆ្នោត​រយៈពេល​៤៧​ថ្ងៃ​មុន​ការ​បោះឆ្នោត​ជាតិ​មក​ដល់

ដោយ ឌឹ ខេមបូឌា ដេលី

បទវិភាគ

ក្រុម​អ្នក​តស៊ូ​មតិ ប្រកាស​ធ្វើ​យុទ្ធនាការ​ពលរដ្ឋ​គេច​ពី​ការិយាល័យ​បោះឆ្នោត ចាប់ពី​ថ្ងៃទី​៥ ខែ​មិថុនា រហូត​ដល់​ថ្ងៃទី​២២ ខែ​កក្កដា ឆ្នាំ​២០២៣ នៅ​មុន​ការ​បោះឆ្នោត​ជាតិ​មក​ដល់ ហើយ​ពួកគេ​នឹង​បង្ហាញ​អំពី​វិធីសាស្ត្រ​ដែល​ពលរដ្ឋ​អាច​គេច​ពី​ការិយាល័យ​បោះឆ្នោត​បាន​នៅ​យប់​ថ្ងៃទី​២២ ខែ​កក្កដា ឆ្នាំ​២០២៣ ដែល​ជា​ថ្ងៃ​ស។

អ្នកវិភាគ​ឯករាជ្យ និង​ជា​ប្រធាន​វេទិកា​ពលរដ្ឋ លោក គឹម សុខ ប្រាប់​សារព័ត៌មាន The Cambodia Daily នៅ​ថ្ងៃទី​១ មិថុនា នេះ​ថា លោក​មិន​ប្រឆាំង​ការ​បោះឆ្នោត​ទេ ប៉ុន្តែ​លោក​ប្រឆាំង​ដាច់ខាត​នឹង​នយោបាយ​ប្លន់​អំណាច និង​អំណាច​ផ្ដាច់ការ​គ្រួសារ​និយម បំផ្លាញ​ប្រយោជន៍​ពលរដ្ឋ និង​បុព្វហេតុ​ជាតិ​របស់​ក្រុម​គ្រួសារ​ត្រកូល​ហ៊ុន។

លោក​បន្ថែម​ថា ការ​ធ្វើ​យុទ្ធនាការ​ពលរដ្ឋ​គេច​ពី​ការិយាល័យ​បោះឆ្នោត​នេះ ព្រោះ​តែ​លោក​បាន​សិក្សា​ឃើញ​ថា ថ្ងៃទី​២៣ ខែ​កក្កដា ឆ្នាំ​២០២៣ មិនមែន​ជា​ថ្ងៃ​បោះឆ្នោត​ឡើយ ប៉ុន្តែ​ជា​ល្បែង​បន្ត​ប្លន់​អំណាច​របស់​ក្រុម​គ្រួសារ​ហ៊ុន​ប៉ុណ្ណោះ។

អ្នកវិភាគ​រូប​នេះ​បញ្ជាក់​ថា គោលដៅ​នៃ​យុទ្ធនាការ​នេះ គឺ​ផ្ដោត​លើ​រឿង​ពីរ​ធំៗ គឺ​ទី​១ ការ​ប្រឆាំង​នឹង​អំពើ​អយុត្តិធម៌ និង​ពុតត្បុត​នយោបាយ​ផ្ដាច់ការ​របស់​លោក ហ៊ុន សែន និង​ទី​២ គឺ​ដើម្បី​រំឭក​ពលរដ្ឋ​ខ្មែរ ជាពិសេស​អ្នក​នយោបាយ​ខ្មែរ​ឲ្យ​ហ៊ាន​រក​វិធី​ប្រកួត ក្រៅតែ​ពី​ការ​ពឹង​លើ​ការ​បោះឆ្នោត។

លោក​បញ្ជាក់​ថា ការ​បោះឆ្នោត​គឺជា​លក្ខខណ្ឌ​ប្រកួត​មួយ​ហើយ ប៉ុន្តែ​នៅ​ពេល​គេ​បិទ​ឱកាស​មិន​ឲ្យ​ចូលរួម​បោះឆ្នោត គួរ​ណាស់​តែ​ហ៊ាន​ទាមទារ​យុត្តិធម៌ ធ្វើ​ជា​យុទ្ធនាការ​ផ្សេង​ទៀត​ដើម្បី​ឱ្យ​ការ​ប្រកួត​តាមរយៈ​នៃ​ការ​បោះឆ្នោត​នេះ​ងាក​ទៅ​រក​ផ្លូវ​ត្រឹមត្រូវ​តាម​ច្បាប់​កំណត់។

លោក គឹម សុខ បញ្ជាក់​ថា យុទ្ធនាការ​នេះ​មាន​អ្នក​ចូលរួម​ច្រើន ប៉ុន្តែ​ទំនង​ជា​មាន​អ្នក​ហ៊ាន​ចេញ​មុខ​ធ្វើ​មិន​ច្រើន​ទេ ព្រោះ​តែ​ភាព​តានតឹង​នៃ​ស្ថានការណ៍​នយោបាយ ប៉ុន្តែ​លោក​នឹង​ចាប់ផ្ដើម​ពន្យល់​ពី​មូលហេតុ​សំខាន់ៗ និង​គោលដៅ​នៃ​យុទ្ធនាការ​នេះ​ចាប់ពី​ថ្ងៃទី​៥ ខែ​មិថុនា តទៅ ថា​តើ​ហេតុ​អ្វី​បាន​ជា​ពលរដ្ឋ​មិន​ត្រូវ​ទៅ​ចូលរួម​បោះឆ្នោត​នៅ​ថ្ងៃទី​២៣ ខែ​កក្កដា ឆ្នាំ​២០២៣ ខាងមុខ​នេះ។

ការ​ប្រកាស​ធ្វើ​យុទ្ធនាការ​នេះ ធ្វើឡើង​ដើម្បី​ប្រឆាំង​ទៅ​នឹង​ការ​បោះឆ្នោត​នៅ​ខែ​កក្កដា ឆ្នាំ​២០២៣ ខាងមុខ​នេះ​ដែល​រង​នូវ​ការ​រិះគន់​ថា​ជា​ការ​បោះឆ្នោត​ដែល​រៀបចំ​ដោយ​បក្ស​កាន់​អំណាច​របស់​លោក ហ៊ុន សែន ដើម្បី​ប្លន់​លទ្ធផល​បោះឆ្នោត​នៅ​ពេល​នោះ។

លោក គឹម សុខ ពន្យល់​ថា ដែល​ហៅ​ថា​ជា​ការ​បោះឆ្នោត លុះត្រាតែ​យ៉ាងហោចណាស់​ភាគី​នយោបាយ​ខ្មែរ​ទាំងអស់​អាច​ចូលរួម​បាន និង​មាន​គណៈកម្មាធិការ​ជាតិ​រៀបចំ​ការ​បោះឆ្នោត​មួយ​ដែល​គ្រប់​ភាគី​ទទួលស្គាល់​អំពី​លក្ខណៈ​សម្បត្តិ​ត្រឹមត្រូវ​តាម​ច្បាប់​ក្នុង​ការ​រៀបចំ​ការ​ប្រកួត​នេះ។

លោក​បន្ត​ថា តែ​ផ្ទុយទៅវិញ គ.ជ.ប សព្វថ្ងៃ គឺ​ស្ថិត​នៅ​ក្រោម​ឥទ្ធិពល​អំណាច​របស់​លោក ហ៊ុន សែន ទាំងស្រុង ហើយ​ភាគី​នយោបាយ​ដែល​មាន​ឥទ្ធិពល​ផ្សេង​ទៀត​ដូចជា​លោក កឹម សុខា លោក សម រង្ស៊ី និង​គណបក្ស​ភ្លើង​ទៀន ជាដើម ត្រូវ​គេ​បិទ​មិន​ឱ្យ​ចូលរួម​បោះឆ្នោត​ដោយ​ប្រើ​លេស​នៅ​លើ​មាត់​របស់​លោក ហ៊ុន សែន ប៉ុណ្ណោះ។

កាលពី​ថ្ងៃទី​៣១ ខែ​ឧសភា ឆ្នាំ​២០២៣ មេដឹកនាំ​បក្ស​កាន់​អំណាច​លោក ហ៊ុន សែន បាន​ទម្លាយ​សំឡេង​សកម្មជន​បក្ស​ប្រឆាំង​ដែល​ស្និទ្ធ​នឹង​អតីត​មេដឹកនាំ​បក្ស​ប្រឆាំង​លោក សម រង្ស៊ី គឺ​លោក ឆាំ ឆានី ដែល​បាន​ប្រកាស​ធ្វើ​យុទ្ធនាការ​លើ​បណ្ដាញ​សង្គម​ហ្វេសប៊ុក​ដើម្បី​ប្រឆាំង​ដំណើរការ​នៃ​ការ​បោះឆ្នោត​ខាងមុខ​នេះ។

លោក ឆាំ ឆានី បាន​ណែនាំ​សមាជិក​បក្ស​ប្រឆាំង​ថា យុទ្ធនាការ​នេះ​គឺ​ត្រូវ​នាំគ្នា​បង្ហោះ​វីដេអូ​ជា ៣​ទម្រង់ ក្នុង​នោះ​យុទ្ធនាការ​ទី​១ គឺ​ត្រូវ​និយាយ​អំពី​លោក ស ខេង ខ្លាំង លោក ហ៊ុន សែន ខ្លាច​ជុំវិញ​ការ​រារាំង​មិន​ឱ្យ​គណបក្ស​ភ្លើង​ទៀន​ចូលរួម​ការ​បោះឆ្នោត​ខាងមុខ​នេះ។

លោក ឆាំ ឆានី បញ្ជាក់​ថា លោក ហ៊ុន សែន មិនមែន​ខ្លាច​គណបក្ស​ភ្លើង​ទៀន​ចូលរួម​ការ​បោះឆ្នោត​ខាងមុខ​នេះ​ទេ ប៉ុន្តែ​អ្វី​ដែល​គាត់​ខ្លាច​ពិតប្រាកដ​នោះ គឺ​គាត់​ខ្លាច​លោក ស ខេង សហការ​ជាមួយ​គណបក្ស​ដែល​មាន​សំឡេង​ក្នុង​រដ្ឋសភា​ធ្វើ​ពហិការ​មិន​គាំទ្រ​បេក្ខភាព​នាយករដ្ឋមន្ត្រី​របស់​លោក ហ៊ុន ម៉ាណែត។

ចំណែក​យុទ្ធនាការ​ទី​២ គឺ​ត្រូវ​ប្រកាស​ឱ្យ​ពលរដ្ឋ​ធ្វើ​ពហិការ​កុំ​ទៅ​ចូលរួម​ការ​បោះឆ្នោត ព្រោះ​ពលរដ្ឋ​មាន​សិទ្ធិ​ទៅ​បោះឆ្នោត ហើយ​ក៏​មាន​សិទ្ធិ​មិន​ទៅ​បោះឆ្នោត​ដែរ​នៅ​ពេល​ដែល​គ្មាន​គណបក្ស​ដែល​ពួកគេ​ស្រឡាញ់។

ដោយឡែក​យុទ្ធនាការ​ទី​៣ គឺ​ការ​ប្រកាស​ឆ្លើយតប​ទៅ​នឹង​ការ​លើកឡើង​របស់​លោក ហ៊ុន សែន ដែល​ថា​ក្នុង​កិច្ចព្រមព្រៀង​សន្តិភាព​ទីក្រុង​ប៉ារីស និង​រដ្ឋធម្មនុញ្ញ មិន​បាន​ចែង​ថា​ត្រូវតែ​មាន​បក្ស​ប្រឆាំង​នោះ គឺ​ត្រូវ​នាំគ្នា​ឆ្លើយតប​តាម​វីដេអូ​ឃ្លីប​ថា ក្នុង​កិច្ចព្រមព្រៀង​សន្តិភាព​ទីក្រុង​ប៉ារីស និង​រដ្ឋធម្មនុញ្ញ ក៏​មិន​បាន​ចែង​ថា លោក ហ៊ុន ម៉ាណែត ត្រូវតែ​ធ្វើ​ជា​នាយករដ្ឋមន្ត្រី​របស់​ប្រទេស​កម្ពុជា​ដែរ។

ជុំវិញ​ការ​ប្រកាស​យុទ្ធនាការ​នៃ​ការ​ប្រឆាំង​ការ​បោះឆ្នោត​នេះ មេដឹកនាំ​បក្ស​កាន់​អំណាច​លោក ហ៊ុន សែន បាន​ព្រមាន​កាលពី​ថ្ងៃទី​៣១ ខែ​ឧសភា ក្នុង​ពិធី​សម្ពោធ​ស្ពាន​ឫស្សីកែវ ថា ឱ្យ​តែ​មាន​យុទ្ធនាការ​របស់​ក្រុម​ប្រឆាំង​កើតឡើង សមត្ថកិច្ច​ត្រូវតែ​ចាប់​ខ្លួន​មន្ត្រី​គណបក្ស​ភ្លើង​ទៀន​ទាំង​ថ្នាក់​ជាតិ និង​ថ្នាក់​ក្រោម​ជាតិ​ដាក់​គុក​ទាំងអស់ ដើម្បី​ឆ្លើយតប​នឹង​យុទ្ធនាការ​ប្រឆាំង​ការ​បោះឆ្នោត​ខាងមុខ​នេះ៕

© 2024, ខេមបូឌា ដេលី. All rights reserved. No part of this article may be reproduced in print, electronically, broadcast, rewritten or redistributed without written permission.

អត្ថបទទាក់ទង

អត្ថបទអានច្រើន

សេចក្ដីរាយការណ៍ពិសេស