42.2 C
Phnom Penh

លីកាដូ​អំពាវនាវ​ទៅ​រដ្ឋាភិបាល​បញ្ឈប់​ការ​ឃុំ​ខ្លួន​ដែល​មិន​ចាំបាច់​លើ​កុមារ​នៅ​ក្នុង​ពន្ធនាគារ​ដ៏​ចង្អៀត​ណែន

ដោយ ឌឹ ខេមបូឌា ដេលី

បទវិភាគ

អង្គការ​សិទ្ធិមនុស្ស​លីកាដូ ទាមទារ​ឲ្យ​រដ្ឋាភិបាល​កម្ពុជា​បញ្ឈប់​ការ​ឃុំ​ខ្លួន​មិន​ចាំបាច់​លើ​កុមារ​នៅ​ក្នុង​ពន្ធនាគារ ដោយ​ចាត់ទុក​ការ​ឃុំ​ខ្លួន​នេះ​ថា​ជា​រំលោភ​សិទ្ធិ​អនីតិជន និង​អត្ថប្រយោជន៍​របស់​កុមារ​យ៉ាង​ខ្លាំង ទាំង​ការ​ដាក់​នៅ​ក្នុង​ពន្ធនាគារ​ដែល​មាន​ស្រាប់ ឬ​ពន្ធនាគារ​ថ្មី។

ក្នុង​សេចក្តី​ថ្លែងការណ៍​ចេញ​ផ្សាយ​នៅ​ថ្ងៃទី​០១ ខែ​មិថុនា នេះ អង្គការ​សិទ្ធិមនុស្ស​លីកាដូ លើកឡើង​ថា យ៉ាងតិច​ណាស់​មាន​កុមារ ៨២​នាក់​កំពុង​រស់នៅ​ក្នុង​ពន្ធនាគារ​ជាមួយ​ម្តាយ​ដែល​ជាប់​ទោស ហើយ​មាន​ស្ត្រី និង​ក្មេងស្រី ៣០​នាក់​ផ្សេង​ទៀត​កំពុង​តែ​មាន​ផ្ទៃពោះ​នៅ​ក្នុង​ពន្ធនាគារ គិត​ត្រឹម​ខែ​មេសា ឆ្នាំ​២០២៣ នេះ។

ករណី​នេះ លីកាដូ​ស្នើ​ឲ្យ​ដាក់​ពួកគេ​នៅ​ក្រៅ​ឃុំ​បណ្ដោះអាសន្ន ដើម្បី​ឲ្យ​ម្តាយ​របស់​ក្មេងៗ និង​ស្ត្រី ឬ​ក្មេងស្រី​ដែល​កំពុង​មាន​ផ្ទៃពោះ​ទាំងនោះ​អាច​ថែរក្សា​ទំនាក់ទំនង​រវាង​ម្តាយ និង​កូន​នៅ​ឯ​ផ្ទះ។

ចំពោះ​ចំនួន​អនីតិជន​ដែល​កំពុង​ជាប់​ឃុំ​នៅ​ក្នុង​ពន្ធនាគារ​ទាំង ១៩​កន្លែង​វិញ ក៏​មាន​ការ​កើនឡើង​ជាង ៣០% ដែល​ជា​ចំនួន​លើស​ពី​ចំនួន​នៅ​ក្នុង​ឆ្នាំ​មុន​រហូត​ដល់​ទៅ ១៦៥៨​នាក់​ក្នុង​ខែ​មេសា ឆ្នាំ​២០២៣ ក្នុង​នោះ​ប្រហែល ៩៦% នៃ​អនីតិជន​ទាំងនោះ​ជា​កុមារា ៥២% នៃ​កុមារ​ទាំងនោះ គឺ​កំពុងតែ​ជាប់​ឃុំ​ជា​បណ្ដោះអាសន្ន​រង់ចាំ​សវនាការ និង ៣៧% ផ្សេង​ទៀត​កំពុង​រង់ចាំ​សាលក្រម​ស្ថាពរ។

លីកាដូ​អំពាវនាវ​ដល់​រដ្ឋាភិបាល​កម្ពុជា ដែល​ក្នុង​នោះ​រួមមាន​ក្រសួង​យុត្តិធម៌ ក្រសួង​មហាផ្ទៃ និង​ស្ថាប័ន​តុលាការ ឲ្យ​ធ្វើការ​ដោះស្រាយ​ជាបន្ទាន់​ចំពោះ​វិបត្តិ​ដែល​កុមារ​ជាច្រើន​នាក់​កំពុង​ជាប់ និង​ចម្រើន​វ័យ​នៅ​ក្នុង​ពន្ធនាគារ​ដ៏​ចង្អៀត​ណែន ហើយ​ដែល​ការ​ឃុំ​ខ្លួន​លើ​កុមារ​ទាំងនោះ គឺ​មិន​មាន​ភាព​ចាំបាច់​ទាល់តែសោះ។ ក្នុង​នោះ រដ្ឋាភិបាល​ត្រូវ​អនុវត្ត​វិធានការ​ដាក់​ឲ្យ​នៅ​ក្រៅ​ឃុំ​បណ្ដោះអាសន្ន​លើ​គ្រប់​អនីតិជន ស្ត្រី ឬ​ក្មេងស្រី​មាន​ផ្ទៃពោះ និង​ម្តាយ​ដែល​មាន​កូន​តូច និង​អនុវត្ត​ជម្រើស​ទោស​ដទៃ​ទៀត​ជំនួស​ឲ្យ​ការ​ឃុំឃាំង ដូច​គ្នា​ដែរ​ទៅ​នឹង​ការ​អនុវត្ត​វិធានការ​ចំពោះ​អ្នក​ដែល​ប្រព្រឹត្ត​បទល្មើស​គ្រឿងញៀន​តូចតាច។

ការ​ទាមទារ​ដូច្នេះ ដោយ​អង្គការ​លីកាដូ​ថា​ដើម្បី​ធានា​គ្រប់​អនីតិជន​ទាំងអស់​ដែល​ត្រូវ​បាន​តុលាការ​ចោទប្រកាន់​ពី​បទល្មើស​ព្រហ្មទណ្ឌ ទទួល​បាន​មេធាវី​ការពារ និង​ត្រូវ​ទទួល​បាន​ការ​ជូនដំណឹង​អំពី​សិទ្ធិ​ស្នើសុំ​នៅ​ក្រៅ​ឃុំ​បណ្ដោះអាសន្ន។ មួយ​វិញ​ទៀត ដើម្បី​ធ្វើ​ឲ្យ​កាន់តែ​ប្រសើរ​ឡើង​នូវ​លក្ខខណ្ឌ​នៅ​ក្នុង​ពន្ធនាគារ ដើម្បី​ធានា​ថា​អ្នក​ជាប់​ឃុំ​ម្នាក់ៗ រួម​ទាំង​អនីតិជន​ទទួល​បាន​នូវ​អាហារូបត្ថម្ភ​សមរម្យ ការ​ថែទាំ​សុខភាព ការ​សួរ​សុខទុក្ខ​ពី​ក្រុម​គ្រួសារ និង​មាន​ឱកាស​ក្នុង​ការ​អភិវឌ្ឍ​ខ្លួន និង​ជាពិសេស​ការ​កាត់បន្ថយ​នូវ​ចំនួន​អ្នក​ជាប់​ឃុំ​នៅ​ក្នុង​ពន្ធនាគារ។

លើស​ពី​នេះ ការ​ឃុំ​ខ្លួន​នេះ​មាន​ផល​ប៉ះពាល់​លើ​កុមារភាព​ធ្ងន់ធ្ងរ ហើយ​អាច​កាន់តែ​អាក្រក់​ខ្លាំង​ទៅៗ​នៅ​ពេល​ដែល​នៅ​ក្នុង​ពន្ធនាគារ​មាន​ភាព​ចង្អៀត​ណែន និង​កង្វះ​នូវ​អនាម័យ ដែល​ស្ថានភាព​នេះ​បាន​កើតមាន​ឡើង​នៅ​ក្នុង​ប្រព័ន្ធ​ពន្ធនាគារ​នៅ​ក្នុង​ប្រទេស​ទាំងមូល។

លើស​ពី​នេះ ពន្ធនាគារ​ជាច្រើន​ដែល​អង្គការ​លីកាដូ​បាន​ធ្វើ​ការងារ​ជាមួយ គឺ​មាន​អនីតិជន​ជាច្រើន​តែងតែ​មិន​ត្រូវ​បាន​ដាក់​ឲ្យ​នៅ​ដាច់ដោយឡែក​ពី​ពន្ធនាគារ​សម្រាប់​មនុស្ស​ពេញ​វ័យ​នោះ​ទេ ខណៈ​ពន្ធនាគារ​ទាំងនោះ​មាន​ផ្ទុក​មនុស្ស​ជា​មធ្យម ២៥០% នៃ​សមត្ថភាព​ស្តង់ដារ​ដែល​ពន្ធនាគារ​ទាំងនោះ​អាច​ដាក់​បាន ដោយ​គិត​ត្រឹម​ខែ​មេសា នេះ។

លីកាដូ​ថា ពន្ធនាគារ​ចំនួន ៣​កន្លែង​ទៀត​មាន​ផ្ទុក​មនុស្ស​រហូត​ដល់​ទៅ​ជាង ៤៥០% នៃ​សមត្ថភាព​ដែល​អាច​ដាក់​បាន​ទៅ​ទៀត ហើយ​អ្នក​ដែល​ត្រូវ​ជាប់​ឃុំ​រួម​ទាំង​កុមារ​ផង​ដែរ តែងតែ​រាយការណ៍​ពី​កង្វះ​ខាត​នូវ​អាហារ ទឹក កន្លែង​គេង​សមរម្យ និង​ទំនាក់ទំនង​ជាមួយ​ក្រុម​គ្រួសារ ហើយ​អ្នក​ទាំងនោះ​ត្រូវ​ចំណាយ​ថវិកា​បន្ថែម​ដើម្បី​បំពេញ​តម្រូវការ​ទាំងនោះ។

រីឯ​ការ​ទទួល​បាន​នូវ​ការ​ថែទាំ​សុខភាព និង​ជំនួយ​វិញ គឺ​មិន​គ្រប់គ្រាន់​ស្មើ​ភាព​គ្នា​នោះ​ទេ ដែល​នេះ​នឹង​បង្ក​គ្រោះថ្នាក់​ដល់​ជីវិត​ទាំង​ម្តាយ និង​កូន​របស់​ពួកគេ​ផង​ដែរ។

លីកាដូ​ថា ច្បាប់​ស្ដីពី​យុត្តិធម៌​អនីតិជន បាន​ចែង​ថា ការ​ឃុំ​ខ្លួន​បណ្ដោះអាសន្ន​រង់ចាំ​សវនាការ គឺជា​ជម្រើស​ចុងក្រោយ​សម្រាប់​កុមារ ដោយ​យោង​ទៅ​តាម​គោលការណ៍​នៃ​ការ​សន្មត​ជា​មុន​ថា​គ្មាន​ទោស និង​ដើម្បី​លើក​កម្ពស់​ការ​ប្រើប្រាស់​នូវ​ប្រភេទ​ទោស​ផ្សេងៗ​ទៀត ក៏ដូចជា​ទោស​សហគមន៍។ ដូច​គ្នា​នេះ​ដែរ ការ​ប្រើប្រាស់​ការ​ព្យួរ​ទោស ឬ​ការ​ដោះលែង​ដោយ​មាន​លក្ខខណ្ឌ គួរ​ត្រូវ​បាន​ប្រើប្រាស់​ជំនួស​ឱ្យ​ការ​ដាក់​ទោស​ពន្ធនាគារ​មក​លើ​កុមារ។

ក៏ប៉ុន្តែ​មក​ដល់​បច្ចុប្បន្ន​នេះ ជម្រើស​ផ្សេងៗ​ទាំងនេះ​នៅ​មិនទាន់​បាន​តុលាការ​យក​មក​ប្រើប្រាស់​នៅឡើយ​ទេ ហើយ​ចំនួន​អនីតិជន​ដែល​ជាប់​ឃុំ​នៅតែ​បន្ត​ហក់​ឡើង​យ៉ាង​ខ្ពស់ ដែល​ជា​សញ្ញា​មួយ​គួរ​ឲ្យ​ព្រួយបារម្ភ។

ការ​ទាមទារ​របស់​អង្គការ​សិទ្ធិមនុស្ស​លីកាដូ​នេះ ធ្វើឡើង​នៅ​ក្នុង​ឱកាស​នៃ​ការ​ប្រារព្ធ​ទិវា​អន្តរជាតិ​នៃ​សិទិ្ធ​កុមារ ឆ្នាំ​២០២៣៕

© 2024, ខេមបូឌា ដេលី. All rights reserved. No part of this article may be reproduced in print, electronically, broadcast, rewritten or redistributed without written permission.

អត្ថបទទាក់ទង

អត្ថបទអានច្រើន

សេចក្ដីរាយការណ៍ពិសេស