39 C
Phnom Penh

វិថី​ទៅ​រក​ការ​កាន់​អំណាច​របស់​បក្ស​ចលនា​ឆ្ពោះ​ទៅ​មុខ​កំពុង​ជួប​ឧបសគ្គ តែ​ក្រុម​យុវជន​នៅ​បាងកក​ព្រមាន​ផ្ទុះ​ការ​តវ៉ា

ដោយ ឌឹ ខេមបូឌា ដេលី

បទវិភាគ

នៅ​ថ្ងៃទី​១៣ កក្កដា ខែ​ក្រោយ​នេះ គណៈកម្មាធិការ​រៀបចំ​ការ​បោះឆ្នោត​នៅ​រាជាណាចក្រ​ថៃ នឹង​សម្រេច​អំពី​លក្ខណៈ​សម្បត្តិ​របស់​បេក្ខភាព​នាយករដ្ឋមន្ត្រី​លោក ភិថា លឹមចារឿងរ៉ាត់ មកពី​គណបក្ស​ចលនា​ឆ្ពោះ​ទៅ​មុខ។

ការ​ដែល​ស្ថាប័ន​បោះឆ្នោត​ប្រទេស​ថៃ នឹង​ធ្វើ​សេចក្ដី​សម្រេច​ដូចនេះ ក្រោយពី​មាន​ការ​ប្ដឹង​ពី​អ្នក​នយោបាយ​មួយ​ចំនួន​នៃ​ក្រុម​គណបក្ស​ដែល​មាន​និន្នាការ​ជាមួយ​នឹង​ពួក​យោធា ជាពិសេស​អ្នក​នយោបាយ​មកពី​គណបក្ស​ប៉ាល្ល័ងប្រាចារ៉ាត់ និង​ឧបនាយករដ្ឋមន្ត្រី​ម្នាក់​របស់​រដ្ឋាភិបាល​លោក ប្រាយុទ្ធ ដែល​ថា​លោក ភិថា បាន​រំលោភ​លើ​គោលការណ៍​ច្បាប់ ព្រោះតែ​លោក​មាន​ភាគហ៊ុន​ជាមួយ​នឹង​ប្រព័ន្ធ​ផ្សព្វផ្សាយ​នៅ​ទីក្រុង​បាងកក ដែល​ច្បាប់​បោះឆ្នោត​ថៃ​ហាម​ដាច់ខាត។

បើ​ស្ថាប័ន​បោះឆ្នោត​រក​ឃើញ​លោក ភិថា រំលោភ​ច្បាប់​បោះឆ្នោត គឺ​សំណុំរឿង​ប្រឆាំង​នឹង​លោក ភិថា នឹង​ត្រូវ​បញ្ជូន​ទៅ​សុំ​តុលាការ​រដ្ឋធម្មនុញ្ញ​ថៃ​ដើម្បី​បើក​ការ​ជំនុំ​ជម្រះ​ក្ដី។

ប្រសិនបើ​រក​ឃើញ​លោក ភិថា ប្រព្រឹត្ត​បទល្មើស​ដូចនេះ គឺ​តុលាការ​មួយ​នេះ​អាច​នឹង​វិនិច្ឆ័យ​មិន​ឱ្យ​លោក ភិថា ឈរ​ជា​បេក្ខជន​នាយករដ្ឋមន្ត្រី ហើយ​ក៏​អាច​ប្រឈមមុខ​នឹង​ការ​រំលាយ​លទ្ធផល​បោះឆ្នោត​ទៀត​ផង ដែល​ប្រទេស​ថៃ​ទើប​បោះឆ្នោត​កាលពី​ថ្ងៃទី​១៤ ឧសភា ជា​ការ​បោះឆ្នោត​ជ្រើសរើស​សមាជិក​សភា។

ឥឡូវ​នេះ សារព័ត៌មាន​របស់​ថៃ​ជាច្រើន​កំពុងតែ​ចុះផ្សាយ និង​ធ្វើ​អត្ថាធិប្បាយ ឬ​ក៏​វិភាគ​អំពី​ភាព​ចម្រូងចម្រាស​របស់​លោក ភិថា ដែល​ត្រូវ​ឡើង​កាន់​តំណែង​នាយករដ្ឋមន្ត្រី​ថ្មី​របស់​រាជាណាចក្រ​ថៃ ហើយ​កំពុង​ប្រឈមមុខ​នឹង​ការ​ដកហូត​សិទ្ធិ​របស់​អ្នក​នយោបាយ​វ័យក្មេង​រូប​នេះ​ថែម​ទៀត។

ការ​បោះឆ្នោត​ថ្ងៃទី​១៤ ឧសភា គណបក្ស​ចលនា​ឆ្ពោះ​ទៅ​មុខ ដឹកនាំ​ដោយ​លោក ភិថា លឹមចារឿងរ៉ាត់ ជា​គណបក្ស​ដែល​ឈ្នះ​ឆ្នោត​ច្រើន​ជាងគេ​នៅ​ក្នុង​ការ​ដណ្ដើម​អាសនៈ​នៅ​ក្នុង​រដ្ឋសភា ដែល​បក្ស​នេះ​ទទួល​បាន ១៥១​អាសនៈ និង​បក្ស​ភឿថៃ ទទួល​បាន ១៤១​អាសនៈ។

ជាមួយ​គ្នា​នេះ គណបក្ស​ចលនា​ឆ្ពោះ​ទៅ​មុខ​កំពុង​ចាប់​ដៃគូ​គ្នា​ជាមួយ​គណបក្ស ៧ ផ្សេង​ទៀត រួម​នឹង​គណបក្ស​ភឿថៃ ដើម្បី​បង្កើត​រដ្ឋាភិបាល​ចម្រុះ។ តែ​បេក្ខភាព​របស់​លោក ភិថា កំពុង​ស្ថិត​នៅ​លើ​វិថី​ដែល​ជួប​នឹង​ឧបសគ្គ​ក្នុង​ការ​រារាំង​លោក​មិន​ឲ្យ​ឡើង​កាន់​តំណែង​នាយករដ្ឋមន្ត្រី​បាន​ឡើយ។

នៅ​ថ្ងៃទី​៥ មិថុនា នេះ កាសែត​បាងកក​ប៉ុស្តិ៍ បន្ត​ចុះផ្សាយ​ថា ក្រុម​គណបក្ស​ចលនា​ឆ្ពោះ​ទៅ​មុខ​កំពុងតែ​ត្រៀម​កម្លាំង​អ្នក​ប្រជាធិបតេយ្យ ជាពិសេស​គឺ​កម្លាំង​យុវជន​នៅ​ទីក្រុង​បាងកក ដែល​ដាក់​គំនាប​ទៅ​លើ​ស្ថាប័ន​កំពូលៗ​នៅ​ទីក្រុង​បាងកក មិន​ឲ្យ​ធ្វើ​សេចក្ដី​សម្រេច​ណា​មួយ​ប៉ះពាល់​ដល់​ឱកាស​នៃ​ការ​កាន់​តំណែង​របស់​លោក ភិថា បាន​នោះ​ទេ។

ប្រភព​ដដែល​នេះ​បាន​បញ្ជាក់​ថា យុវជន​នៅ​ទីក្រុង​បាងកក​ដែល​គាំទ្រ​គណបក្ស​ចលនា​ឆ្ពោះ​ទៅ​មុខ ពួកគេ​បាន​ប្រកាស​ថា​នឹង​ធ្វើ​ការ​តវ៉ា​ជា​ទ្រង់ទ្រាយ​ធំ​នៅ​ទីក្រុង​បាងកក ដោយ​ប្រឆាំង​គម្រោង​ទាំងឡាយ​ណា​ដែល​ដក​សិទ្ធិ​លោក ភិថា ជា​បេក្ខជន​នាយករដ្ឋមន្ត្រី។

ក្រុម​យុវជន​ថៃ នៅ​ទីក្រុង​បាងកក កាលពី​ពេល​ថ្មីៗ​នេះ​បាន​ប្រមូលផ្ដុំ​គ្នា​ម្ដង​រួច​ទៅ​ហើយ​នៅ​ខាងមុខ​រដ្ឋសភា​ថៃ ចំ​ពេល​ដែល​សមាជិក​ព្រឹទ្ធសភា​កំពុង​បើក​កិច្ចប្រជុំ ដោយ​ក្រុម​យុវជន​ទាំងនោះ​ទាមទារ​ឱ្យ​សមាជិក​ព្រឹទ្ធសភា​ប្រកាន់​យក​នូវ​គោលការណ៍​អព្យាក្រឹត និង​ឥត​លម្អៀង​ទៅ​ខាង​បក្ស​នយោបាយ​ណា​ទាំងអស់ ហើយ​ធ្វើ​សេចក្ដី​សម្រេច​ដ៏​សំខាន់​មួយ គឺជា​សេចក្ដី​សម្រេច​ដ៏​ឯករាជ្យ​ក្នុង​ការ​ចូលរួម​បោះឆ្នោត​លើ​បេក្ខភាព​របស់​លោក ភិថា លឹមចារឿងរ៉ាត់។

ស្ថាប័ន​ព្រឹទ្ធសភា​ថៃ ត្រូវ​បាន​បង្កើត​ឡើង​ដោយ​រដ្ឋាភិបាល​រដ្ឋប្រហារ​របស់​លោក ប្រាយុទ្ធ ចាន់អូចា កាលពី​ឆ្នាំ​២០១៧។ សមាជិក​ព្រឹទ្ធសភា​នេះ​មាន ២៥០​រូប​ដែល​មាន​សិទ្ធិ​អំណាច​ក្នុង​ការ​ចូលរួម​បោះឆ្នោត​ជ្រើសតាំង​បេក្ខភាព​នាយករដ្ឋមន្ត្រី​ម្នាក់​មកពី​គណបក្ស​ដែល​ឈ្នះ​ឆ្នោត​លំដាប់​ទី​១ ឬ​គណបក្ស​ផ្សេងៗ​ទៀត បើ​ការ​ជ្រើសរើស​បេក្ខភាព​នេះ​ធ្លាក់​ចូល​ទៅ​ដល់​ការ​សម្រេច​រួម​គ្នា​រវាង​សភា​ជាប់​ឆ្នោត ៥០០​រូប និង​ព្រឹទ្ធសភា​ចាត់តាំង ២៥០​រូប។

យ៉ាងណា គណបក្ស​ចលនា​ឆ្ពោះ​ទៅ​មុខ​ក៏​កំពុង​បញ្ចុះបញ្ចូល​សមាជិក​ព្រឹទ្ធសភា​ឱ្យ​គាំទ្រ​លោក ភិថា លឹមចារឿងរ៉ាត់ ផង​ដែរ។ សមាជិក​ព្រឹទ្ធសភា​មួយ​ចំនួន​បាន​បង្ហើប​ថា ពួកគេ​អាច​នឹង​បោះឆ្នោត​គាំទ្រ​លោក លឹមចារឿងរ៉ាត់ ប៉ុន្តែ​មួយ​ចំនួន​ធំ​ប្រកាស​ថា​មិន​បោះឆ្នោត​គាំទ្រ​នោះ​ទេ ព្រោះ​លោក ភិថា និង​គណបក្ស​ចលនា​ឆ្ពោះ​ទៅ​មុខ កំពុងតែ​បង្ហាញ​ផែនការ​ចង់​រំលាយ​មាត្រា​១១២ នៃ​ក្រមព្រហ្មទណ្ឌ ដែល​ចែង​ប្រឆាំង​ជន​ទាំងឡាយ​ណា​ប្រមាថ​អង្គ​ចេស្ដា​ព្រះមហាក្សត្រ ហើយ​មាត្រា​នេះ​មាន​ស្ថាន​ទម្ងន់​ទោស​រហូត​ដល់​ទៅ ១៥​ឆ្នាំ។

យោង​តាម​ប្រភព​បាងកក​ប៉ុស្តិ៍ លោក ភិថា មាន​ឧបសគ្គ​ធំ​ពីរ​នៅ​ចំពោះ​មុខ​ដែល​ត្រូវ​ឆក់​យក​អំណាច​របស់​នាយករដ្ឋមន្ត្រី​រាជាណាចក្រ​ថៃ គឺ​ទី​១ លោក​ប្រឈមមុខ​នឹង​ការ​ដក​សិទ្ធិ ករណី​ដែល​ចោទ​ថា​លោក​មាន​ភាគហ៊ុន​ក្នុង​ប្រព័ន្ធ​ផ្សព្វផ្សាយ​ដែល​ច្បាប់​បោះឆ្នោត​ថៃ​ហាម​អ្នក​នយោបាយ​ឈរ​ជា​បេក្ខជន​នាយករដ្ឋមន្ត្រី​ជាប់​ពាក់ព័ន្ធ​មុខជំនួញ​មួយ​នេះ និង​ទី​២ លោក​ប្រឈមមុខ​នឹង​ការ​មិន​គាំទ្រ​ពី​សមាជិក​ព្រឹទ្ធសភា ព្រោះតែ​លោក​ចង់​រុះរើ​ច្បាប់​រាជបល្ល័ង្គ​ថៃ​ឡើងវិញ និង​ឈាន​ទៅ​ដល់​ការ​កាត់​បន្ថយ​អំណាច​របស់​រាជបល្ល័ង្គ​ដែល​ពួក​យោធា​ព្រមាន​មិន​ឱ្យ​មាន​ចលនា​បែប​នេះ​ដាច់ខាត។

យ៉ាងណា ក្រុម​យុវជន​ថៃ​នៅ​ទីក្រុង​បាងកក រាប់​ម៉ឺន​រាប់​សែន​នាក់​បាន​ព្រមាន​រួចស្រេច​ហើយ​ថា ពួកគេ​នឹង​ចុះ​ដើរ​តាម​ដងផ្លូវ​ប្រឆាំង​នឹង​សេចក្ដី​សម្រេច​ណា​មួយ​ដែល​ធ្វើ​ឲ្យ​លោក ភិថា លឹមចារឿងរ៉ាត់ ប្រឈមមុខ​នឹង​ការ​បាត់​សិទ្ធិ​ជា​បេក្ខជន​នាយករដ្ឋមន្ត្រី។

នៅ​ទីក្រុង​បាងកក មាន​តែ​គណបក្ស​ចលនា​ឆ្ពោះ​ទៅ​មុខ​ទេ​ដែល​ដណ្ដើម​បាន​អាសនៈ​ស្ទើរតែ​ទាំងអស់​នៅ​មណ្ឌល​បោះឆ្នោត​របស់​រាជធានី​មួយ​នេះ ដែល​បក្ស​ឆ្ពោះ​ទៅ​មុខ​ទទួល​បាន ៣២​អាសនៈ ហើយ​បក្ស​ភឿថៃ ទទួល​បាន ១​អាសនៈ ដែល​អ្នក​សង្កេតការណ៍​ថា​យុវជន​ថៃ​នៅ​ទីក្រុង​បាងកក មាន​ភាព​លើសលប់​ក្នុង​ការ​ចូលរួម​ការពារ​គណបក្ស​ចលនា​ឆ្ពោះ​ទៅ​មុខ​ដែល​លោក ភិថា លឹមចារឿងរ៉ាត់ ជា​មេដឹកនាំ​ដែល​មាន​ប្រជាប្រិយភាព​របស់​បក្ស​ប្រឆាំង​ជំនាន់​ក្រោយ​នេះ៕

© 2024, ខេមបូឌា ដេលី. All rights reserved. No part of this article may be reproduced in print, electronically, broadcast, rewritten or redistributed without written permission.

អត្ថបទទាក់ទង

អត្ថបទអានច្រើន

សេចក្ដីរាយការណ៍ពិសេស