គណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត (គ.ជ.ប) អំពាវនាវឲ្យបញ្ឈប់ជាបន្ទាន់ចំពោះការចែកចាយនូវសារជារូបភាព និងវីដេអូនៅលើបណ្ដាញសង្គមហ្វេសប៊ុក ដែលបង្រៀនពលរដ្ឋឲ្យគូសសន្លឹកឆ្នោតចោល និងមិនឲ្យទៅបោះឆ្នោត។
គ.ជ.ប កាលពីថ្ងៃទី៦ មិថុនា អំពាវនាវឲ្យបញ្ឈប់ជាបន្ទាន់នូវសកម្មភាពទាំងឡាយណាដែលរារាំងដល់ដំណើរការបោះឆ្នោត ជាពិសេសការចែកចាយនូវសារជារូបភាព និងវីដេអូមួយចំនួនលើបណ្ដាញសង្គមហ្វេសប៊ុកកាលពីពេលថ្មីៗនេះ ក្នុងបំណងឲ្យពលរដ្ឋគូសសន្លឹកឆ្នោតចោល ឬមិនឲ្យទៅបោះឆ្នោត ជាដើម។
គ.ជ.ប អះអាងថា យុទ្ធនាការនេះគឺជាការរំលោភបំពានលើមាត្រា១៤២ នៃច្បាប់ស្ដីពីការបោះឆ្នោតជ្រើសតាំងតំណាងរាស្ត្រយ៉ាងធ្ងន់ធ្ងរ ដែលតម្រូវឱ្យផាកពិន័យជាប្រាក់ពី ៥,០០០,០០០ (ប្រាំលាន) រៀលទៅ ២០,០០០,០០០ (ម្ភៃលាន) រៀល ដោយ គ.ជ.ប ពុំទាន់គិតដល់ទោសព្រហ្មទណ្ឌផ្សេងទៀតនៅឡើយទេ។
គណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត ព្រមានថា ខ្លួននឹងចាត់វិធានការយ៉ាងម៉ឺងម៉ាត់បំផុតចំពោះសកម្មភាពទាំងឡាយណាដែលរំលោភលើច្បាប់ស្ដីពីការបោះឆ្នោតជ្រើសតាំងតំណាងរាស្ត្រ និងបទបញ្ជានានា ព្រមទាំងនីតិវិធីរបស់ គ.ជ.ប ផ្សេងទៀត ដែលជាការរារាំងពលរដ្ឋមិនឱ្យទៅបោះឆ្នោត និងជាការធ្វើឲ្យមានការភាន់ច្រឡំរហូតធ្វើឲ្យបាត់ទំនុកចិត្តលើការបោះឆ្នោត និងបង្កការរំខានដល់ដំណើរការបោះឆ្នោតថែមទៀតនោះ។
ក្នុងរយៈពេលចុងក្រោយនេះ មានគណនីហ្វេសប៊ុកមួយចំនួន ដូចជាឈ្មោះ ឆាំ ឆានី និងបណ្ដាញយុវជនកម្ពុជាសកល ជាដើម បានបង្ហោះសារលើបណ្ដាញសង្គមហ្វេសប៊ុកជំរុញឲ្យពលរដ្ឋដែលទៅបោះឆ្នោត គូសសន្លឹកឆ្នោតចោល បើគ្មានគណបក្សដែលពួកគេស្រឡាញ់។
កាលពីថ្ងៃទី៣១ ខែឧសភា ឆ្នាំ២០២៣ មេដឹកនាំបក្សកាន់អំណាចលោក ហ៊ុន សែន បានទម្លាយសំឡេងសកម្មជនបក្សប្រឆាំងដែលស្និទ្ធនឹងអតីតមេដឹកនាំបក្សប្រឆាំងលោក សម រង្ស៊ី គឺលោក ឆាំ ឆានី ដែលបានប្រកាសធ្វើយុទ្ធនាការលើបណ្ដាញសង្គមហ្វេសប៊ុកដើម្បីប្រឆាំងដំណើរការនៃការបោះឆ្នោតខាងមុខនេះ។
ជុំវិញការប្រកាសយុទ្ធនាការនៃការប្រឆាំងការបោះឆ្នោតនេះ មេដឹកនាំបក្សកាន់អំណាចលោក ហ៊ុន សែន បានព្រមានកាលពីថ្ងៃទី៣១ ខែឧសភា ក្នុងពិធីសម្ពោធស្ពានឫស្សីកែវ ថា ឱ្យតែមានយុទ្ធនាការរបស់ក្រុមប្រឆាំងកើតឡើង សមត្ថកិច្ចត្រូវតែចាប់ខ្លួនមន្ត្រីគណបក្សភ្លើងទៀនទាំងថ្នាក់ជាតិ និងថ្នាក់ក្រោមជាតិដាក់គុកទាំងអស់ ដើម្បីឆ្លើយតបនឹងយុទ្ធនាការប្រឆាំងការបោះឆ្នោតខាងមុខនេះ។
កាលពីថ្ងៃទី១៥ ខែឧសភា ឆ្នាំ២០២៣ គ.ជ.ប បានបដិសេធការចុះបញ្ជីគណបក្សនយោបាយឈរឈ្មោះបោះឆ្នោតជ្រើសតាំងតំណាងរាស្ត្រនៅខែកក្កដា របស់គណបក្សភ្លើងទៀន និងគណបក្សមហាសាមគ្គីជាតិខ្មែរ ក្រោមហេតុផលថា គណបក្សនេះមិនបានភ្ជាប់មកជាមួយនូវប្រកាសស្ដីពីការចុះបញ្ជីគណបក្សនយោបាយនៅក្រសួងមហាផ្ទៃ ដែលមានបញ្ជាក់នីត្យានុកូលកម្មដោយរដ្ឋបាលរាជធានីខេត្ត ក្រុង ស្រុកខណ្ឌ នៅច្រកចេញចូលតែមួយ។
ទាក់ទិននឹងបញ្ហានេះ កាលពីថ្ងៃទី១៥ ខែឧសភា បណ្ដាញសហគមន៍ខ្មែរនៅក្រៅប្រទេសបានចាប់ផ្តើមធ្វើយុទ្ធនាការស្វែងរកហត្ថលេខាអ្នកគាំទ្រតាមប្រព័ន្ធអនឡាញលើញត្តិរបស់ពួកគេ ដើម្បីទាមទារឲ្យផ្អាកការបោះឆ្នោតជាតិនៅកម្ពុជាឆ្នាំ២០២៣ នេះ ក្នុងនោះពួកគេអំពាវនាវឲ្យពលរដ្ឋខ្មែរម្ចាស់ឆ្នោតទាំងអស់ ពហិការមិនចូលរួមការបោះឆ្នោតនៅចុងខែកក្កដា ខាងមុខនេះផងដែរ។
ដំណើរការនៃការបោះឆ្នោតជាតិអាណត្តិទី៧ នឹងប្រព្រឹត្តទៅនៅអាទិត្យ ទី២៣ ខែកក្កដា ឆ្នាំ២០២៣ ខាងមុខនេះ ប៉ុន្តែការបោះឆ្នោតនេះមិនមានការចូលរួមសង្កេតការណ៍ពីសហគមន៍អន្តរជាតិទេ ដោយសារតែពួកគេចាត់ទុកថាការបោះឆ្នោតដែលមិនប្រកបដោយសេរី ត្រឹមត្រូវ យុត្តិធម៌ និងគ្មានតម្លាភាព៕