គណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត (គ.ជ.ប) បានដាក់ពាក្យទៅអគ្គលេខាធិការដ្ឋាននៃគណៈកម្មការសន្តិសុខបោះឆ្នោត ស្នើសុំចាត់វិធានការទប់ស្កាត់ចំពោះយុទ្ធនាការដែលចែកចាយនូវសារជារូបភាព និងវីដេអូនៅលើបណ្ដាញសង្គមហ្វេសប៊ុក ដែលឲ្យប្រជាពលរដ្ឋគូសសន្លឹកឆ្នោតចោល និងមិនឲ្យទៅបោះឆ្នោត។
អ្នកនាំពាក្យ គ.ជ.ប លោក ហង្ស ពុទ្ធា បានប្រាប់សារព័ត៌មានក្នុងស្រុកថា គ.ជ.ប បានដាក់ពាក្យទៅអគ្គលេខាធិការដ្ឋាននៃគណៈកម្មការសន្តិសុខបោះឆ្នោត ស្នើសុំចាត់វិធានការទប់ស្កាត់ចំពោះយុទ្ធនាការដែលចែកចាយនូវសារជារូបភាព និងវីដេអូនៅលើបណ្ដាញសង្គមហ្វេសប៊ុក ដែលឲ្យប្រជាពលរដ្ឋគូសសន្លឹកឆ្នោតចោល និងមិនឲ្យទៅបោះឆ្នោត។
លោក ហង្ស ពុទ្ធា បន្តថា ការស្នើរបស់ គ.ជ.ប ធ្វើឡើងបន្ទាប់ពីជនមួយចំនួនបានធ្វើយុទ្ធនាការតាមរយៈខិត្តប័ណ្ណ រូបភាព ឬស្ប៉តឃោសនានានាតាមបណ្ដាញព័ត៌មានសង្គម ដោយអំពាវនាវឱ្យប្រជាពលរដ្ឋគូសសន្លឹកឆ្នោតចោល មិនឱ្យទៅបោះឆ្នោត ព្រោះ គ្មានគណបក្សភ្លើងទៀន។
ប្រភពដដែលលើកឡើងថា លោកអំពាវនាវដល់ប្រជាពលរដ្ឋដែលមានឈ្មោះក្នុងបញ្ជីបោះឆ្នោត ត្រៀមខ្លួនចេញទៅបោះឆ្នោត ដោយកុំយកព័ត៌មានទាំងឡាយណាដែលមិនចេញពី គ.ជ.ប ធ្វើការរំខានក្នុងអារម្មណ៍ផ្លូវចិត្តឲ្យសោះ ហើយអ្នកដែលរំខាន ឬក៏ញុះញង់ដល់ការបោះឆ្នោត នឹងត្រូវទទួលទោសតាមផ្លូវច្បាប់។
លោក ហង្ស ពុទ្ធា លើកឡើងថា យុទ្ធនាការនេះគឺជាសកម្មភាពដែលប្រាសចាកទៅនឹងព្រះរាជសារអំពាវនាវឱ្យទៅបោះឆ្នោតរបស់ព្រះករុណាព្រះបាទសម្តេច ព្រះបរមនាថនរោត្តម សីហមុនី ព្រះមហាក្សត្រនៃព្រះរាជាណាចក្រកម្ពុជា ចុះថ្ងៃទី៨ ខែកុម្ភៈ ឆ្នាំ២០២៣។
គួរបញ្ជាក់ផងដែរថា កាលពីថ្ងៃទី៦ ខែមិថុនា ឆ្នាំ២០២៣ គ.ជ.ប បានចេញសេចក្តីប្រកាសព័ត៌មានដោយអំពាវនាវឲ្យបញ្ឈប់ជាបន្ទាន់នូវសកម្មភាពទាំងឡាយណាដែលរារាំងដល់ដំណើរការបោះឆ្នោត ជាពិសេសការចែកចាយនូវសារជារូបភាព និងវីដេអូមួយចំនួនលើបណ្ដាញសង្គមហ្វេសប៊ុកថ្មីៗនេះ ក្នុងបំណងឲ្យប្រជាពលរដ្ឋគូសសន្លឹកឆ្នោតចោល និងមិនឲ្យទៅបោះឆ្នោតជាដើម។
គ.ជ.ប អះអាងថា យុទ្ធនាការនេះគឺជាការរំលោភបំពានលើមាត្រា១៤២ នៃច្បាប់ស្ដីពីការបោះឆ្នោតជ្រើសតាំងតំណាងរាស្ត្រយ៉ាងធ្ងន់ធ្ងរ ដែលតម្រូវឱ្យផាកពិន័យជាប្រាក់ពី ៥,០០០,០០០ (ប្រាំលាន) រៀលទៅ ២០,០០០,០០០ (ម្ភៃលាន) រៀល ដោយ គ.ជ.ប ពុំទាន់គិតដល់ទោសព្រហ្មទណ្ឌផ្សេងទៀតនៅឡើយទេ។
គណនីហ្វេសប៊ុកឈ្មោះ ឆាំ ឆានី និងបណ្ដាញយុវជនកម្ពុជាសកល បានបង្ហោះសារលើបណ្ដាញសង្គមហ្វេសប៊ុកឱ្យប្រជាពលរដ្ឋដែលទៅបោះឆ្នោត គូសសន្លឹកឆ្នោតចោល បើគ្មានគណបក្សដែលពួកគេស្រឡាញ់។
កាលពីថ្ងៃទី១៥ ខែឧសភា ឆ្នាំ២០២៣ កន្លងមក បណ្ដាញសហគមន៍ខ្មែរនៅក្រៅប្រទេសបានចាប់ផ្តើមធ្វើយុទ្ធនាការស្វែងរកហត្ថលេខាអ្នកគាំទ្រតាមប្រព័ន្ធអនឡាញលើញត្តិរបស់ពួកគេ ដើម្បីទាមទារឲ្យផ្អាកការបោះឆ្នោតជាតិនៅកម្ពុជាឆ្នាំ២០២៣ នេះ ក្នុងនោះពួកគេអំពាវនាវឲ្យពលរដ្ឋខ្មែរម្ចាស់ឆ្នោតទាំងអស់ពហិការមិនចូលរួមការបោះឆ្នោតនៅចុងខែកក្កដា ខាងមុខនេះផងដែរ។
ជុំវិញការប្រកាសយុទ្ធនាការនៃការប្រឆាំងការបោះឆ្នោតនេះ មេដឹកនាំបក្សកាន់អំណាចលោក ហ៊ុន សែន បានព្រមានកាលពីថ្ងៃទី៣១ ខែឧសភា ក្នុងពិធីសម្ពោធស្ពានឫស្សីកែវ ថា ឱ្យតែមានយុទ្ធនាការរបស់ក្រុមប្រឆាំងកើតឡើង សមត្ថកិច្ចត្រូវតែចាប់ខ្លួនមន្ត្រីគណបក្សភ្លើងទៀនទាំងថ្នាក់ជាតិ និងថ្នាក់ក្រោមជាតិដាក់គុកទាំងអស់ ដើម្បីឆ្លើយតបនឹងយុទ្ធនាការប្រឆាំងការបោះឆ្នោតខាងមុខនេះ។
កាលពីថ្ងៃទី១៥ ខែឧសភា ឆ្នាំ២០២៣ គណៈកម្មាធិការជាតិរៀបចំការបោះឆ្នោតបានចេញសេចក្តីសម្រេចបដិសេធការចុះបញ្ជីគណបក្សនយោបាយឈរឈ្មោះបោះឆ្នោតជ្រើសតាំងតំណាងរាស្ត្រនៅខែកក្កដា របស់គណបក្សភ្លើងទៀន និងគណបក្សមហាសាមគ្គីជាតិខ្មែរ ក្រោមហេតុផលថា គណបក្សនេះមិនបានភ្ជាប់មកជាមួយនូវប្រកាសស្ដីពីការចុះបញ្ជីគណបក្សនយោបាយនៅក្រសួងមហាផ្ទៃដែលមានបញ្ជាក់នីត្យានុកូលកម្មដោយរដ្ឋបាលរាជធានីខេត្ត ក្រុង ស្រុកខណ្ឌ នៅច្រកចេញចូលតែមួយ៕