35 C
Phnom Penh

ណាតូ​ធ្វើ​សមយុទ្ធ​ទ័ព​អាកាស​ដ៏​ធំ​បំផុត​មាន​យន្តហោះ​ចម្បាំង​២៥០​គ្រឿង​មកពី​២៥​ប្រទេស

ដោយ ឌឹ ខេមបូឌា ដេលី

បទវិភាគ

មហា​សមយុទ្ធ​ទ័ព​ជើង​អាកាស​របស់​ណាតូ ចាប់ផ្ដើម​ហើយ ដែល​ប្រទេស​អាល្លឺម៉ង់ ជា​អ្នក​រៀបចំ​ព្រឹត្តិការណ៍​នេះ។ ក្រសួង​ការពារ​ជាតិ​អាល្លឺម៉ង់ ប្រកាស​ថា អង្គការ​ណាតូ ចាប់ផ្តើម​ធ្វើ​សមយុទ្ធ​កងទ័ព​អាកាស​ក្នុង​ទ្រង់ទ្រាយ​ធំ​បំផុត​នៅ​អឺរ៉ុប ដែល​មិន​ធ្លាប់​មាន​ពី​មុន​មក គឺជា​សញ្ញា​មួយ​បង្ហាញ​ពី​ការ​រួម​សាមគ្គីភាព និង​អានុភាព​របស់​បក្ស​សម្ព័ន្ធ​យោធា​លោក​ខាងលិច​មួយ​នេះ។

យោង​តាម​សារព័ត៌មាន Greek Reporter បាន​ចុះផ្សាយ​នៅ​ថ្ងៃ​ចន្ទ ទី​១២ ខែ​មិថុនា ថា សមយុទ្ធ Air Defender 23 ដែល​រៀបចំ​ដោយ​ប្រទេស​អាល្លឺម៉ង់ ប្រព្រឹត្ត​ទៅ​រហូត​ដល់​ថ្ងៃទី​២៣ ខែ​មិថុនា ដោយ​មាន​ការ​ចូលរួម​ពី​យន្តហោះ​ចម្បាំង​ចម្រុះ​គ្នា ២៥០​គ្រឿង​មកពី​ប្រទេស​ជា​សមាជិក និង​ប្រទេស​ជា​ដៃគូ​របស់​ណាតូ រួម​មាន​ទាំង​ជប៉ុន និង​ស៊ុយអែត សរុប​ចំនួន ២៥​ប្រទេស។

សមយុទ្ធ​នេះ​មាន​កងទ័ព​សរុប ១​ម៉ឺន​នាក់​ត្រូវ​ចូលរួម។ សមយុទ្ធ​នេះ​មាន​គោលដៅ​ពង្រឹង​សមត្ថភាព​ធ្វើ​ប្រតិបត្តិការ​រួម​គ្នា ព្រមទាំង​ការ​ត្រៀម​លក្ខណៈ​ដើម្បី​ការពារ​ខ្លួន​ប្រឆាំង​យន្តហោះ​ដ្រូន និង​មីស៊ីល​គ្រូស ក្នុង​ករណី​មាន​ការ​វាយប្រហារ​លើ​មូលដ្ឋាន​ទ័ពអាកាស ឬ​កំពង់ផែ​នៅ​ក្នុង​ទឹកដី​នៃ​ប្រទេស​សមាជិក​ណាតូ។

ឧត្តមសេនីយ៍ឯក​នៃ​កងទ័ព​អាល្លឺម៉ង់ លោក Ingo Gerhartz និយាយ​ថា សមយុទ្ធ​នេះ​ត្រូវ​ត្រៀម​ធ្វើឡើង​តាំងពី​ឆ្នាំ​២០១៨ ដែល​ជា​ការ​ឆ្លើយតប​ចំពោះ​រុស្ស៊ី ចាប់​យក​ឧបទ្វីប​គ្រីមៀរ នៅ​ក្នុង​ឆ្នាំ​២០១៤ តែ​ពេល​នោះ ណាតូ​មិនទាន់​មាន​ការ​ចុះ​សម្រុង​គ្នា​ថា​ត្រូវ​ធ្វើ​ក្នុង​ទម្រង់​ធំ​ដូចនេះ​ទេ។

លោក​បញ្ជាក់​ថា នៅ​ពេលនេះ ណាតូ​កំណត់​ច្បាស់​ណាស់​ថា​ត្រូវតែ​ការពារ​ឱ្យ​បាន​ប្រទេស​ជា​សមាជិក​របស់​ខ្លួន ដោយ​ការ​បង្ហាញ​កម្លាំង​រួម​គ្នា​ដូច​ការ​ធ្វើ​សមយុទ្ធ​នៅ​ពេលនេះ។ ចំពោះ​សមយុទ្ធ​នៅ​ពេលនេះ គឺ​យន្តហោះ​ចម្បាំង​ត្រូវ​ហោះ​ល្បាត​រួម​គ្នា ដោយ​ហោះ​លើ​លំហ​អាកាស​នៃ​ប្រទេស​ទាំងឡាយ​ណា​ដែល​មាន​ព្រំដែន​ជាប់​នឹង​រុស្ស៊ី និង​អ៊ុយក្រែន។ ប្រទេស​សមាជិក​ណាតូ ដែល​មាន​ព្រំដែន​ជាប់​នឹង​រុស្ស៊ី រួម​មាន អេស្តូនី ឡាតល្វៀល លីទុយអានី ហ្វាំងឡង់ ណ័រវេស និង​រដ្ឋ​អាឡាស្កា​នៃ​ដែន​សហរដ្ឋ​អាមេរិក។

ចំណែក​ប្រទេស​នៃ​ក្រុម​សមាជិក​ណាតូ ដែល​មាន​ព្រំដែន​ជាប់​អ៊ុយក្រែន រួម​មាន ប៉ូឡូញ ហុងគ្រី សាធារណរដ្ឋ​ឆេក សាធារណរដ្ឋ​ស្លូវើនៀ ប៊ុលហ្គារី និង​រូម៉ានី។ ប្រទេស​បេឡារូស ក៏​មាន​ព្រំដែន​ជាប់​នឹង​អ៊ុយក្រែន ផង​ដែរ តែ​ប្រទេស​នេះ​ពុំ​មែន​ជា​សមាជិក​ណាតូ នោះ​ទេ។ បេឡារូស ដែល​ស្ថិត​នៅ​ក្រោម​ការ​ដឹកនាំ​របស់​ជន​ផ្ដាច់ការ លូកាឆេនកូ ជា​សម្ព័ន្ធភាព​របស់​លោក វ៉្លាឌីមៀរ ពូទីន ប្រធានាធិបតី​រុស្ស៊ី។

សង្គ្រាម​រុស្ស៊ី ឈ្លានពាន​នៅ​អ៊ុយក្រែន បាន​ផ្ដើម​ឱ្យ​បក្ស​សម្ព័ន្ធ​យោធា​អឺរ៉ុប​មួយ​នេះ​បង្កើន​ការ​ប្រុងប្រយ័ត្ន​ជា​ខ្លាំង​ក្នុង​ការ​ការពារ​សមាជិក​របស់​ខ្លួន។ សង្គ្រាម​នេះ​ក៏​បាន​ជំរុញ​ឱ្យ​ហ្វាំងឡង់ និង​ស៊ុយអែត ដែល​ធ្លាប់តែ​ប្រកាន់​ជំហរ​អព្យាក្រឹត​ជា​យូរ​មក​ហើយ បាន​ដាក់​ពាក្យ​ចូល​ជា​សមាជិក​របស់​អង្គការ​យោធា​ណាតូ។

ប្រវត្តិ​នៃ​ការ​បង្កើត​យោធា​ណាតូ

ណាតូ តំណាង​ឱ្យ​អង្គការ​សន្ធិសញ្ញា​អាត្លង់ទិច​ខាងជើង ដែល​ភាសា​អង់គ្លេស​ថា North Atlantic Treaty Organisation ឬ NATO។

អង្គការ​យោធា​នៅ​អឺរ៉ុប​មួយ​នេះ គឺជា​សម្ព័ន្ធមិត្ត​នយោបាយ និង​យោធា​ដែល​ត្រូវ​បាន​បង្កើត​ឡើង​នៅ​ឆ្នាំ​១៩៤៩ អំឡុង​ពិភពលោក​ធ្លាក់​ក្នុង​សង្គ្រាម​ត្រជាក់​ដោយ​សំដៅ​ជួយ​ការពារ​សមាជិក​របស់​ខ្លួន បើ​ត្រូវ​ប្រទេស​ទី​៣ ឈ្លានពាន។

សន្ធិសញ្ញា​អាត្លង់ទិច​ខាងជើង​ត្រូវ​បាន​ចុះហត្ថលេខា​នា​ថ្ងៃទី​៤ ខែ​មេសា ឆ្នាំ​១៩៤៩ ដោយ​សហរដ្ឋ​អាមេរិក និង​សម្ព័ន្ធមិត្ត​អឺរ៉ុប​របស់​ខ្លួន​នៅ​ទីក្រុង​វ៉ាស៊ីនតោន។

គោលបំណង គឺ​ការ​បង្កើត​សម្ព័ន្ធភាព​រវាង​អឺរ៉ុប និង​អាមេរិក​ខាងជើង ដើម្បី​ធានា​សេរីភាព និង​សន្តិសុខ​របស់​ប្រទេស​ជា​សមាជិក​តាមរយៈ​មធ្យោបាយ​នយោបាយ និង​យោធា។

ដំណោះស្រាយ​ផ្ទៃក្នុង​ដោយ​ផ្អែកលើ​គោលការណ៍​ប្រជាធិបតេយ្យ ដែល​ធ្វើ​ឱ្យ​សមាជិក​របស់​ខ្លួន​ពិគ្រោះ និង​សហប្រតិបត្តិការ​លើ​បញ្ហា​នានា​ដែល​ទាក់ទង​នឹង​វិស័យ​ការពារ​ជាតិ និង​សន្តិសុខ​សម្រាប់​ការ​ដោះស្រាយ​ជម្លោះ ការ​កសាង​ទំនុកចិត្ត និង​ការ​ទប់ស្កាត់​ជម្លោះ​នា​ពេល​អនាគត។

ក្នុង​ន័យ​នេះ យោធា​ណាតូ​គ្រប់គ្រង​ប្រតិបត្តិការ គ្រប់គ្រង​វិបត្តិ និង​លើក​ទឹកចិត្ត​ដល់​ការ​ការពារ​រួម​គ្នា​ដែល​មាន​ចែង​ក្នុង​មាត្រា​៥ នៃ​សន្ធិសញ្ញា​អាត្លង់ទិច​ខាងជើង ដែល​ត្រូវ​បាន​គេ​ស្គាល់​ថា​ជា​សន្ធិសញ្ញា​វ៉ាស៊ីនតោន។

មាត្រា​៥ នេះ​ហើយ​ដែល​បើក​ផ្លូវ​ឱ្យ​មាន​កម្លាំង​រួម​គ្នា​ការពារ​សមាជិក​របស់​ខ្លួន​ណា​ដែល​ត្រូវ​ប្រទេស​ទី​៣ ឈ្លានពាន។ មាន​ន័យ​ថា ត្រូវ​លើក​ទ័ព​ទៅ​ជួយ​ប្រទេស​នោះ ហើយ​ធ្វើ​សង្គ្រាម​ប្រឆាំង​ប្រទេស​ឈ្លានពាន​នោះ។

ឥឡូវ​នេះ សមាជិក​ណាតូ​កើនឡើង ៣១​ប្រទេស។ ហ្វាំងឡង់ បាន​ក្លាយ​ជា​សមាជិក​ជា​ផ្លូវការ​រួចរាល់​ហើយ​កាលពី​ថ្ងៃទី​៤ ខែ​មេសា ឆ្នាំ​២០២៣ នេះ ស្រប​ពេល​ដែល​សមាជិកភាព​របស់​ស៊ុយអែត កំពុង​បន្ត​ស្ថិត​ក្រោម​ការ​រង់ចាំ​ការ​ផ្ដល់​សច្ចាប័ន​ពី​សភា​ប្រទេស​ហុងគ្រី និង​តួកគី។ ចំណែកឯ​ប្រទេស​អ៊ុយក្រែន បាន​ដាក់​ពាក្យ​សុំ​ជា​សមាជិក​ណាតូ តាំងពី​ឆ្នាំ​២០១៨ តែ​ត្រូវ​ណាតូ ផ្អឹប​ទុក​ដោយសារតែ​រុស្ស៊ី ព្រមាន​អ៊ុយក្រែន ជា​ខ្លាំង។ ឥឡូវ​នេះ សមាជិកភាព​របស់​អ៊ុយក្រែន កំពុង​ស្ថិត​ក្នុង​ការ​ពិចារណា​ជាថ្មី។

នៅ​ក្នុង​ជំនួប​កំពូល​របស់​មេដឹកនាំ​ណាតូ នៅ​ខែ​កក្កដា ខាងមុខ​នេះ នៅ​ប្រទេស​លីទុយអានី ប្រធានាធិបតី​អ៊ុយក្រែន លោក វូឡូឌីមៀ ហ្សេឡេនស្គី ក៏​ត្រូវ​មាន​វត្តមាន​ផង​ដែរ​ជាមួយ​នឹង​មេដឹកនាំ​ប្រទេស​ស៊ុយអែត ដែរ។

ជំនួប​នេះ​ជា​ការ​បើក​ទំព័រ​ប្រវត្តិសាស្ត្រ​មួយ​របស់​ណាតូ ដែល​ធ្វើឡើង​នៅ​លើ​ទឹកដី​ប្រទេស​សមាជិក​របស់​ខ្លួន​ជាប់​នឹង​ព្រំដែន​រុស្ស៊ី ខណៈ​សង្គ្រាម​រុស្ស៊ី​ឈ្លានពាន​អ៊ុយក្រែន ចូល​ដល់​ដំណាក់កាល​ថ្មី គឺ​អ៊ុយក្រែន ចាប់ផ្ដើម​វាយបក​ទ្រង់ទ្រាយ​ធំ​ដើម្បី​រំដោះ​ទឹកដី​ពី​រុស្ស៊ី​មកវិញ៕

© 2024, ខេមបូឌា ដេលី. All rights reserved. No part of this article may be reproduced in print, electronically, broadcast, rewritten or redistributed without written permission.

អត្ថបទទាក់ទង

អត្ថបទអានច្រើន

សេចក្ដីរាយការណ៍ពិសេស