29 C
Phnom Penh

រុស្ស៊ី​ថា​ខ្លួន​នៅតែ​ប្រកាន់​ជំហរ​មិន​ធ្វើ​សង្គ្រាម​ជាមួយ​សមាជិក NATO ខណៈ NATO រំលឹក​ខួប​៧៥​ឆ្នាំ

ដោយ ឌឹ ខេមបូឌា ដេលី

បទវិភាគ

អនុរដ្ឋមន្ត្រី​ការបរទេស​រុស្ស៊ី លោក Alexander Grushko បាន​និយាយ​ក្នុង​បទសម្ភាសន៍​មួយ​ដែល​ចេញផ្សាយ​នា​ថ្ងៃ​ព្រហស្បតិ៍ ទី​៤ មេសា នេះ​ថា ទំនាក់ទំនង​រុស្ស៊ី និង NATO កំពុង​បន្ត​ធ្លាក់​ដុនដាប​ខ្លាំង ប៉ុន្តែ​ទីក្រុង​មូស្គូ មិន​មាន​ចេតនា​ធ្វើ​សង្គ្រាម​ជាមួយ​សមាជិក​ណា​មួយ​នៃ​បក្ស​សម្ព័ន្ធ​យោធា​អាត្លង់ទិច​ខាងជើង​នោះ​ទេ។

តាម​ទីភ្នាក់ងារ​សារព័ត៌មាន Reuters ការ​បញ្ជាក់​ជំហរ​របស់​ទីក្រុង​មូស្គូ ធ្វើឡើង​នៅ​ថ្ងៃទី​៤ មេសា នេះ គឺ​ចំ​ពេល​ខួប​ទី​៧៥​ឆ្នាំ នៃ​ការ​បង្កើត​អង្គការ NATO។ ការ​ប្រារព្ធ​ខួប ៧៥​ឆ្នាំ​នៃ​ការ​បង្កើត​អង្គការ NATO កំពុង​ធ្វើឡើង​នៅ​ទីបញ្ជាការ​កណ្ដាល​របស់​អង្គការ​យោធា​អឺរ៉ុប មួយ​នេះ នៅ​ទីក្រុង​ប្រ៊ុចសែល ប្រទេស​បែលហ្ស៊ិក។

អនុរដ្ឋមន្ត្រី​ការបរទេស​រុស្ស៊ី លោក Alexander Grushko បាន​ប្រាប់​ទីភ្នាក់ងារ​ព័ត៌មាន​រដ្ឋ​រុស្ស៊ី RIA ថា ទំនាក់ទំនង​រវាង​រុស្ស៊ី និង NATO កំពុង​តែ​បន្ត​ធ្លាក់​ចុះ​ដុនដាប ហើយ​ទ្វារ​សម្រាប់​កិច្ចសន្ទនា​ទាំងអស់​រវាង​ភាគី​ទាំង​ពីរ ត្រូវ​បាន​ធ្វើ​ឱ្យ​ធ្លាក់​ដល់​កម្រិត​សូន្យ ដោយសារតែ​ទីក្រុង​វ៉ាស៊ីនតោន និង​ទីក្រុង​ប្រ៊ុចសែល ប្រកាន់​ជំហរ​បង្ក​ភាព​តានតឹង។

លោក​អនុរដ្ឋមន្ត្រី​ការបរទេស​រុស្ស៊ី បាន​ថ្លែង​ដោយ​ចោទ​ជា​សំណួរ​ថា តើ​បក្ស​សម្ព័ន្ធ​យោធា​មួយ​នេះ​ត្រៀម​ខ្លួន​សម្រាប់​ការ​ផ្ទុះ​ជម្លោះ​ដោយ​បើក​ចំហ​ជាមួយ​រុស្ស៊ី ឬ​យ៉ាង​ណា?

ក្នុង​ករណី​ណា​ក៏ដោយ រុស្ស៊ី មិន​មាន​ចេតនា​បែប​នេះ​ឡើយ​ក្នុង​ការ​វាយប្រហារ​សមាជិក​របស់​អង្គការ NATO។

ប្រធានាធិបតី​រុស្ស៊ី លោក វ្ល៉ាឌីមៀរ ពូទីន បាន​បញ្ជា​ឱ្យ​កងទ័ព​រុស្ស៊ី ចូល​ឈ្លានពាន​ប្រទេស​អ៊ុយក្រែន កាលពី​ឆ្នាំ​២០២២ ដោយ​ហេតុផល​មួយ គឺ​ដើម្បី​ទប់ស្កាត់​កុំ​ឱ្យ NATO ពង្រីក​ខ្លួន​កាន់តែ​ជិត​ប្រទេស​រុស្ស៊ី។

ផ្ទុយទៅវិញ សង្គ្រាម​របស់​លោក ពូទីន បាន​ធ្វើ​ឱ្យ​បក្ស​សម្ព័ន្ធ​យោធា​អឺរ៉ុប​មួយ​នេះ បាន​ពង្រីក​សមាជិក​បន្ថែម​ដល់​ចំនួន ៣២​ប្រទេស ដែល​ប្រទេស​ហ្វាំងឡង់ និង​ស៊ុយអែត ជា​សមាជិក​ទី​៣១ និង​៣២។

ជុំវិញ​សង្គ្រាម​រុស្ស៊ី ឈ្លានពាន​អ៊ុយក្រែន នេះ សមាជិក​នៃ​អង្គការ NATO បាន​និង​កំពុង​ជួយ​គាំទ្រ​អ៊ុយក្រែន ប្រយុទ្ធ​តស៊ូ​ប្រឆាំង​ដើម្បី​ការពារ​សេរីភាព និង​អធិបតេយ្យភាព​របស់​ខ្លួន ហើយ​សង្គ្រាម​បាន​អូស​បន្លាយ​ពេល​ជាង ២​ឆ្នាំ​មក​ហើយ។ រុស្ស៊ី ចោទ​ថា ការ​គាំទ្រ​របស់​ក្រុម NATO ទៅ​លើ​អ៊ុយក្រែន វា​កាន់តែ​ធ្វើ​ឲ្យ​សង្គ្រាម​បន្ត​អូស​បន្លាយ​ថែម​ទៀត។

តែ​យ៉ាងណា មេដឹកនាំ​វិមាន​ក្រឹមឡាំង លោក ពូទីន បញ្ជាក់​ថា រុស្ស៊ី​ដូចជា​គ្មាន​ចេតនា​វាយប្រហារ​លើ​ប្រទេស​សមាជិក NATO នោះ​ទេ។ លោក ពូទីន បញ្ជាក់​ថា រុស្ស៊ី គ្មាន​ប្រយោជន៍​អ្វី​វាយប្រហារ​លើ​ប៉ូឡូញ ឬ​ឡេតូនី នោះ​ទេ។ ប្រទេស​ប៉ូឡូញ និង​ឡេតូនី ជា​សមាជិក​អង្គការ NATO។

លោក ពូទីន បាន​និយាយ​ថា រុស្ស៊ី កំពុងតែ​ប្រយុទ្ធ​ដើម្បី​ប្រយោជន៍​របស់​ខ្លួន ប៉ុន្តែ​មិន​មាន​ចំណាប់​អារម្មណ៍​ក្នុង​ការ​ពង្រីក​សង្គ្រាម​អ៊ុយក្រែន ចូល​ទៅ​ក្នុង​ប្រទេស​ដទៃ​ដូចជា​ប៉ូឡូញ និង​ឡេតូនី នោះ​ទេ។

លោក ពូទីន ធ្វើការ​កត់សម្គាល់​បែប​នេះ​ក្នុង​បទសម្ភាសន៍​មួយ​មាន​រយៈពេល​ជាង ២​ម៉ោង​ជាមួយ​អ្នកកាសែត​អាមេរិក​លោក Tucker Carlson មកពី​បណ្ដាញ​ផ្សាយ​ព័ត៌មាន Fox News ដែល​ត្រូវ​បាន​ចាក់​ផ្សាយ​កាលពី​ថ្ងៃ​ព្រហស្បតិ៍ ទី​៨ ខែ​កុម្ភៈ។ អ្នកកាសែត Fox News បាន​សួរ​ទៅ​លោក ពូទីន ដូចនេះ ព្រោះ​មាន​ការ​ព្រមាន​ថា ប្រទេស​ប៉ូឡូញ និង​ឡេតូនី កំពុង​ស្ថិត​ក្នុង​បន្ទាត់​ក្រហម​ដែល​រុស្ស៊ី នឹង​វាយប្រហារ ប៉ុន្តែ​ប្រធានាធិបតី​រុស្ស៊ី លោក វ្ល៉ាឌីមៀរ ពូទីន បាន​ប្រាប់​អ្នកកាសែត​អាមេរិក​លោក​ខាងលិច​គួរតែ​យល់​ថា វា​មិន​អាច​ទៅ​រួច​ឡើយ ដើម្បី​បំបាក់​រុស្ស៊ី ឱ្យ​ចាញ់​ក្នុង​សង្គ្រាម​អ៊ុយក្រែន។

លោក ពូទីន បាន​ថ្លែង​ថា លោក​ខាងលិច​ភ្ញាក់​ដឹង​ខ្លួន​ថា​រុស្ស៊ី នឹង​មិន​អាច​ចាញ់ ទោះបីជា​សហរដ្ឋ​អាមេរិក និង​អឺរ៉ុប រួម​ទាំង NATO ជួយ​អ៊ុយក្រែន ក៏ដោយ។

លោក ពូទីន ក៏​បាន​ផ្ញើ​សារ​ប្រាប់​ទៅ​សមាជិក​សភា​អាមេរិក​ថា ក្រុង​វ៉ាស៊ីនតោន ត្រូវតែ​បញ្ឈប់​ការ​ផ្ដល់​អាវុធ បើ​ចង់​ឱ្យ​សង្គ្រាម​នៅ​អ៊ុយក្រែន បិទ​បញ្ចប់។

តែ​អ្នកវិភាគ​ថា​មាន​កត្តា​យ៉ាងតិច​ពីរ​ដែល​លោក ពូទីន និង​របប​ក្រុង​មូស្គូ ប្រកាន់​ជំហរ​មិន​ធ្វើ​សង្គ្រាម​ជាមួយ​ប្រទេស​សមាជិក NATO៖

ទី​១ លោក ពូទីន ដឹង​ខ្លួន​ពិត​ជា​មិន​មាន​ន័យ​អ្វី​ទេ បើ​លើក​ទ័ព​វាយ​ចូល​ប្រទេស​សមាជិក NATO ព្រោះ NATO នឹង​មិន​ឱ្យ​សមាជិក​របស់​ខ្លួន​ជួប​ផលវិបាក​ដូច​នឹង​អ៊ុយក្រែន ដែល​ពុំ​មែន​ជា​សមាជិក​ណាតូ។ លោក ពូទីន ដឹង​ច្បាស់​ណាស់​ថា NATO នឹង​អន្តរាគមន៍​ជួយ​ប្រទេស​ប៉ូឡូញ ឬ​ប្រទេស​ណា​ដែល​ជា​សមាជិក​របស់​ខ្លួន។

ទី​២ គឺ​លោក ពូទីន ដឹង​ច្បាស់​ណាស់​ថា វា​ពុំ​មែន​ជា​សង្គ្រាម​រុស្ស៊ី នឹង​ប្រទេស​ប៉ូឡូញ ឬ​ឡេតូនី នោះ​ទេ គឺជា​សង្គ្រាម​រុស្ស៊ី-ណាតូ ហើយ​ចង់​មិន​ចង់ សង្គ្រាម​ប្រទេស​មួយ​ជាមួយ​នឹង ៣២​ប្រទេស គឺ​រុស្ស៊ី គ្មាន​ផ្លូវ​ឈ្នះ​ឡើយ។

ក្រុម NATO នៅ​ពេលនេះ​មាន ៣២​ប្រទេស ក្នុង​នោះ​មាន​ប្រទេស​ខ្លាំង​ដែល​មាន​កម្លាំង​ទ័ព និង​សព្វាវុធ​ទំនើបៗ មាន​ដូចជា សហរដ្ឋ​អាមេរិក អង់គ្លេស អាល្លឺម៉ង់ បារាំង កាណាដា អ៊ីតាលី ហុឡង់ដ៍ ដាណឺម៉ាក ប៉ូឡូញ រ៉ូម៉ានី ប៊ុលហ្គារី អេស្ប៉ាញ ហ្វាំងឡង់ ស៊ុយអែត ណ័រវេស បែលហ្សិក និង​តួកគី ជាដើម៕

© 2024, ខេមបូឌា ដេលី. All rights reserved. No part of this article may be reproduced in print, electronically, broadcast, rewritten or redistributed without written permission.

អត្ថបទទាក់ទង

អត្ថបទអានច្រើន

សេចក្ដីរាយការណ៍ពិសេស