28.9 C
Phnom Penh

លោក ហ៊ុន ម៉ាណែត ថា​បក្ស​ប្រជាជន​គឺជា​បក្ស​ដែល​ស្លាប់​មិន​ដូរ​ឈ្មោះ រស់​មិន​ដូរ​ត្រកូល

ដោយ ឌឹ ខេមបូឌា ដេលី

បទវិភាគ

កូនប្រុស​ច្បង​របស់​បុរស​ខ្លាំង​ដែល​កំពុង​ត្រៀម​ស្នង​មរតក​អំណាច​ពី​លោក ហ៊ុន សែន គឺ​លោក ហ៊ុន ម៉ាណែត លើកឡើង​ថា គណបក្ស​ប្រជាជន​កម្ពុជា​គឺជា​គណបក្ស​ដែល​ស្លាប់​មិន​ដូរ​ឈ្មោះ រស់​មិន​ដូរ​ត្រកូល ទោះ​កាលៈទេសៈ​ណា​ក៏ដោយ។

បេក្ខជន​អនាគត​នាយករដ្ឋមន្ត្រី​បក្ស​កាន់​អំណាច​ដ៏​ចម្រូងចម្រាស លោក ហ៊ុន ម៉ាណែត បង្ហោះ​វីដេអូ​លើ​គណនី​ហ្វេសប៊ុក​របស់​ខ្លួន​នៅ​ថ្ងៃទី​១៥ មិថុនា នេះ​ថា គណបក្ស​ប្រជាជន​កម្ពុជា​ឈ្មោះ​ដដែល បុព្វហេតុ​ដដែល តែ​លទ្ធផល​មិន​ដដែល​ទេ គឺ​ធ្វើការ​កែទម្រង់​វិធីសាស្ត្រ​ដើម្បី​បម្រើ​ប្រជាជន និង​ប្រទេស​ជាតិ​ឲ្យ​កាន់តែ​ប្រសើរ​ជានិច្ច។

កូនប្រុស​របស់​លោក ហ៊ុន សែន ដែល​កំពុង​រៀប​ផែនការ​ប្លន់​តំណែង​នាយករដ្ឋមន្ត្រី លោក ហ៊ុន ម៉ាណែត អំពាវនាវ​ឱ្យ​ប្រជាពលរដ្ឋ​ខ្មែរ​ជឿ​ទុកចិត្ត​លើ​គណបក្ស​ប្រជាជន​កម្ពុជា ថា​បក្ស​នេះ​នឹង​បន្ត​ផ្លាស់ប្ដូរ​នូវ​សមិទ្ធផល​ថ្មីៗ​កាន់តែ​ល្អ​ជូន​ប្រទេស​ជាតិ និង​ប្រជាជន​បន្ត​ទៀត ហើយ​នេះ​ក៏​ជា​ការ​ប្ដេជ្ញាចិត្ត​ដែល​មាន​ក្នុង​គោលនយោបាយ​របស់​គណបក្ស​ប្រជាជន​កម្ពុជា​ដែរ។

គណបក្ស​ប្រជាជន​កម្ពុជា មាន​ឈ្មោះ​ដើម​ថា «បក្ស​ប្រជាជន​បដិវត្តន៍​កម្ពុជា» ដែល​ត្រូវ​បាន​បង្កើត​ឡើង​ដោយ​លោក សឺន ង៉ុក មិញ ហៅ​អាចារ្យ មៀន កាលពី​ថ្ងៃទី​២៨ ខែ​មិថុនា ឆ្នាំ​១៩៥១ ចំណែក​លោក សឺន ង៉ុក មិញ ដែល​មាន​ឈ្មោះ​ជា​ភាសា​វៀតណាម​ថា ផាម យ៉ាំង ហួ (Phạm Văn Hua) គឺជា​អតីត​សមាជិក​បក្ស​កុម្មុយនីស្ត​ឥណ្ឌូចិន ដែល​ត្រូវ​បាន​បង្កើត​ឡើង​ដោយ​លោក ហូ ជី មិញ (Ho Chi Minh) តាំងពី​ឆ្នាំ​១៩៣០ ខណៈ​នាយករដ្ឋមន្ត្រី​ខ្មែរ​លោក ហ៊ុន សែន ក៏​ជា​មេដឹកនាំ​ដែល​កងទ័ព​វៀតណាម​លើក​បន្តុប​កាលពី​ឆ្នាំ​១៩៨៥ ដែរ។

បើ​គិត​ចាប់តាំងពី​គណបក្ស​ប្រជាជន​កម្ពុជា ត្រូវ​បាន​បង្កើត​ឡើង​កាលពី​ឆ្នាំ​១៩៥១ រហូត​ដល់​ឆ្នាំ​២០២៣ នេះ គណបក្ស​នេះ​មាន​អាយុកាល ៧២​ឆ្នាំ​ហើយ។ បច្ចុប្បន្ន គណបក្ស​នេះ​បាន​ក្លាយ​ជា​គណបក្ស​ស្រប​ច្បាប់​មួយ និង​ធ្វើ​សកម្មភាព​នយោបាយ​ពេញ​ទំហឹង​នៅ​ក្នុង​ប្រទេស​កម្ពុជា ក្រោម​ការ​គ្រប់គ្រង​របស់​មេដឹកនាំ​ខ្មែរ​លោក ហ៊ុន សែន ដែល​វៀតណាម​លើក​បន្តុប​ដូច​គ្នា​ដែរ ក្រោម​ការ​សន្យា​បម្រើ​មហិច្ឆតា​វៀតណាម​គ្រប់​បែប​យ៉ាង​ទាំងអស់។

មុន​នឹង​ប្តូរ​ឈ្មោះ​មក​ជា «គណបក្ស​ប្រជាជន​កម្ពុជា» ដើម្បី​ចូល​មក​គ្រប់គ្រង​ទឹកដី​ខ្មែរ គណបក្ស​នេះ​បាន​ប្តូរ​ឈ្មោះ​ចំនួន ៣​ដង​រួច​ទៅ​ហើយ​ទៅ​តាម​សម័យកាល​ដឹកនាំ​នៃ​របប​នីមួយៗ។ ជាក់ស្តែង​នៅ​ចុងឆ្នាំ​១៩៦០ បន្ទាប់ពី​មហាសន្និបាត​បក្ស​លើក​ទី​២ «បក្ស​ប្រជាជន​បដិវត្តន៍​កម្ពុជា» ត្រូវ​បាន​ប្តូរ​ឈ្មោះ​ទៅ​ជា «បក្ស​ពលករ​កម្ពុជា» ប៉ុន្តែ​នៅ​ឆ្នាំ​១៩៦៦ ដោយ​ចង់​ផ្ដាច់​ខ្លួន​ចេញពី​បក្ស​កុម្មុយនីស្ត​វៀតណាម មេដឹកនាំ​ខ្មែរក្រហម​លោក ប៉ុល ពត បាន​សម្រេច​ប្តូរ​ឈ្មោះ​ពី «បក្ស​ពលករ​កម្ពុជា» ទៅ​ជា «បក្ស​កុម្មុយនីស្ត​កម្ពុជា» វិញ។

យ៉ាងណា​ក៏ដោយ ក្រោយ​ទទួល​បាន​ជ័យជម្នះ​នៅ​ថ្ងៃទី​៧ ខែ​មករា ឆ្នាំ​១៩៧៩ កងទ័ព​វៀតណាម​ដែល​បាន​ចូល​ឈ្លានពាន​កម្ពុជា​នៅ​ពេល​នោះ បាន​លើក​បន្តុប​រដ្ឋាភិបាល​ថ្មី​មួយ​ដែល​សមាសភាព​ដូចជា លោក ប៉ែន សុវណ្ណ លោក ចាន់ ស៊ី លោក ហ៊ុន សែន លោក ជា ស៊ីម និង​លោក ហេង សំរិន ជាដើម ឱ្យ​ដឹកនាំ​កម្ពុជា ប៉ុន្តែ​ត្រូវ​ស្ថិត​ក្រោម​ការ​ចាត់ចែង​របស់​រដ្ឋាភិបាល​វៀតណាម​ទាំងអស់ ហើយ​ស្រប​ពេល​ជាមួយ​គ្នា​នោះ អតីត​មេ​កម្មាភិបាល​ខ្មែរក្រហម​ទាំងនោះ​ក៏​បាន​ប្តូរ​ឈ្មោះ «បក្ស​កុម្មុយនីស្ត​កម្ពុជា» មក​ឈ្មោះ​ដើម​វិញ គឺ «បក្ស​ប្រជាជន​បដិវត្តន៍​កម្ពុជា»។

ប៉ុន្តែ​នៅ​ទីបំផុត ក្នុង​ឆ្នាំ​១៩៩១ «បក្ស​ប្រជាជន​បដិវត្តន៍​កម្ពុជា» ត្រូវ​បាន​គេ​ប្ដូរ​ឈ្មោះ​ទៅ​ជា «គណបក្ស​ប្រជាជន​កម្ពុជា» និង​ត្រូវ​ស្ថិត​ក្រោម​ការ​ដឹកនាំ​របស់​លោក ហ៊ុន សែន ចាប់តាំងពី​ថ្ងៃទី​២០ ខែ​មិថុនា ឆ្នាំ​២០១៥ មក បន្ទាប់​មេដឹកនាំ​មុនៗ​របស់​បក្ស​នេះ​ត្រូវ​បាន​ចាប់​ខ្លួន និង​ស្លាប់​ជា​បន្តបន្ទាប់ ដូចជា​លោក ប៉ែន សុវណ្ណ លោក ចាន់ ស៊ី និង​លោក ជា ស៊ីម ជាដើម។

អ្នក​តាមដាន​ស្ថានការណ៍​កម្ពុជា​លោក សុខ សុគន្ធ បាន​លើកឡើង​ក្នុង​កម្មវិធី Idea Talk នៃ​សារព័ត៌មាន The Cambodia Daily កាលពី​ពេល​កន្លងទៅ​ថា អ្នកគាំទ្រ​បក្ស​កាន់​អំណាច​របស់​លោក ហ៊ុន សែន ពួកគេ​មិន​បាន​ដឹង​ទាល់តែសោះ​ថា បក្ស​នេះ​បង្កើត​ឡើង​ដោយ​នរណា ក្នុង​ផែនការ​អ្វី និង​ស្ថិត​ក្រោម​ការ​គ្រប់គ្រង​របស់​អ្នក​ណា​នោះ​ទេ ប៉ុន្តែ​ការ​ចូលរួម​របស់​ពួកគេ​គឺ​ដោយសារតែ​ខ្លាច​ការ​គំរាមកំហែង និង​ការ​គាបសង្កត់​របស់​មេដឹកនាំ​របស់​បក្ស​នេះ​តែប៉ុណ្ណោះ។

លោក សុខ សុគន្ធ បញ្ជាក់​ថា កម្ពុជា​ក្រោម​ការ​ដឹកនាំ​របស់​អតីត​បក្ស​កុម្មុយនីស្ត​វៀតណាម បាន​ធ្វើ​ឱ្យ​កម្ពុជា​ធ្លាក់​ចូល​ទៅ​ក្នុង​ការ​គ្រប់គ្រង​របស់​បរទេស​ឈ្លានពាន​បន្តិច​ម្តងៗ តាមរយៈ​នៃ​ការ​ផ្តល់​ឯកសារ​ខុស​ច្បាប់​នានា ដែល​មាន​ការ​ចុះ​កិច្ចព្រមព្រៀង​រវាង​មេដឹកនាំ​ខ្មែរ​ដែល​វៀតណាម​លើក​បន្តុប និង​រដ្ឋាភិបាល​វៀតណាម តាំងពី​ទសវត្ស​ឆ្នាំ​១៩៨០ រហូត​ដល់​សព្វថ្ងៃ​នេះ។

ជាក់ស្តែង កាលពី​ខែ​កក្កដា ឆ្នាំ​២០២០ អគ្គលេខាធិការ​មជ្ឈិម​បក្ស​វៀតណាម និង​ជា​ប្រធាន​រដ្ឋ​វៀតណាម លោក ង្វៀន ភូទ្រង់ ធ្លាប់​បាន​ជំរុញ​ឲ្យ​លោក ហ៊ុន សែន បន្ត​អនុវត្ត​កិច្ចសន្យា​រវាង​កម្ពុជា-វៀតណាម ឲ្យ​បាន​ល្អ​បន្ត​ទៀត ខណៈ​មេដឹកនាំ​ខ្មែរ​លោក ហ៊ុន សែន មិន​បាន​បដិសេធ​នឹង​សំណើ​របស់​មេដឹកនាំ​វៀតណាម​ឡើយ។

ជុំវិញ​បញ្ហា​នេះ ក្រុម​អ្នក​សង្កេតការណ៍​លើកឡើង​ថា ក្រោម​កិច្ចព្រមព្រៀង​ខុស​ច្បាប់​ទាំងនេះ រដ្ឋាភិបាល​វៀតណាម​បាន​កាត់​ឆ្វៀល​យក​ទឹកដី​ខ្មែរ​ជាច្រើន​អន្លើ ដូចជា​ចង្កោម​កោះ​ក្រចកសេះ គ្រប់គ្រង​ដែនអាកាស ព្រមទាំង​ដាក់​ផ្ទៃសមុទ្រ​ទំហំ ១​ម៉ឺន​គីឡូម៉ែត្រ​ក្រឡា​ដែល​ជា​កម្មសិទ្ធិ​របស់​កម្ពុជា ឲ្យ​ទៅ​ជា​ដែនទឹក​រួម​គ្នា​ជាមួយ​វៀតណាម ផង​ដែរ៕

© 2024, ខេមបូឌា ដេលី. All rights reserved. No part of this article may be reproduced in print, electronically, broadcast, rewritten or redistributed without written permission.

អត្ថបទទាក់ទង

អត្ថបទអានច្រើន

សេចក្ដីរាយការណ៍ពិសេស