32 C
Phnom Penh

កងទ័ព​ឥណ្ឌូនេស៊ី៖ កម្ពុជា​និង​ភូមា​នឹង​មិន​ចូលរួម​ធ្វើ​សមយុទ្ធ​អាស៊ាន​រួម​គ្នា​នៅ​សមុទ្រ​ចិន​ខាងត្បូង

ដោយ ឌឹ ខេមបូឌា ដេលី

បទវិភាគ

សមាគម​ប្រជាជន​អាស៊ី​អាគ្នេយ៍​នឹង​ផ្ដើម​ធ្វើ​សមយុទ្ធ​រួម​គ្នា​ជា​លើកដំបូង​ចន្លោះ​ថ្ងៃទី​១៨ ដល់​ថ្ងៃទី​២៥ កញ្ញា ខាងមុខ​នេះ ប៉ុន្តែ​សមយុទ្ធ​ទ័ព​ជើងទឹក​នេះ​មិន​អាច​ធ្វើ​បាន​ក្នុង​ចំណោម​សមាជិក​អាស៊ាន ១០​ប្រទេស​នោះ​ទេ ព្រោះតែ​ប្រទេស​កម្ពុជា និង​ភូមា​មិន​ចូលរួម។

សមយុទ្ធ​នេះ ត្រូវ​គេ​មើល​ឃើញ​ថា​ជា​ការ​រួម​កម្លាំង និង​សាមគ្គី​គ្នា​នៃ​ក្រុម​ប្រទេស​សមាគម​អាស៊ាន​ទប់ទល់​នឹង​អនុត្តរភាព​ពី​សំណាក់​ប្រទេស​ចិន។ នេះ​បើ​យោង​តាម​ការ​ចុះផ្សាយ​នៃ​សារព័ត៌មាន​អាមេរិក The Washington Post។

មេបញ្ជាការ​កងទ័ព​ឥណ្ឌូនេស៊ី និយាយ​ថា សមយុទ្ធ​នេះ​នឹង​ប្រព្រឹត្ត​ទៅ​នៅ​ក្បែរ​តំបន់​ជម្លោះ​នៃ​សមុទ្រ​ចិន​ខាងត្បូង​រវាង​ឥណ្ឌូនេស៊ី និង​ចិន។ លោក Yudo Margono បាន​ប្រាប់​ក្រុម​អ្នក​សារព័ត៌មាន​ថា សមយុទ្ធ​នេះ​ផ្ដោត​លើ​សុវត្ថិភាព ការ​ហាត់​សម​យាម​ល្បាត​ការពារ​សន្តិសុខ​ក្នុង​សមុទ្រ និង​ការ​ហាត់​សម​ដើម្បី​ត្រៀម​ជួយ​សង្គ្រោះ​តាម​ផ្លូវ​សមុទ្រ តែ​ពុំ​មែន​ជា​សមយុទ្ធ​ប្រយុទ្ធ​ដើម្បី​ត្រៀម​ធ្វើ​សង្គ្រាម​អ្វី​នោះ​ទេ។

ចំពោះ​ប្រទេស​កម្ពុជា និង​ភូមា ដែល​មក​ដល់​ពេលនេះ​ពុំ​ទាន់​ឃើញ​ចេញ​សេចក្ដី​ថ្លែងការណ៍​ណា​មួយ​ជា​ផ្លូវការ​ដើម្បី​ប្រកាស​អំពី​ការ​ចូលរួម ឬ​មិន​ចូលរួម​នៅឡើយ​ទេ។

តែ​បើ​តាម​សេចក្ដី​ប្រកាស​ព័ត៌មាន​របស់​កងទ័ព​ឥណ្ឌូនេស៊ី ប្រទេស​ពីរ​នេះ​បាន​ប្រកែក​រួច​ហើយ​ថា នឹង​មិន​ចូលរួម​នោះ​ទេ។

រយៈពេល ១០​ថ្ងៃ​មក​នេះ ឥណ្ឌូនេស៊ី ក្នុង​នាម​ជា​ប្រធាន​ផ្លាស់​វេន​អាស៊ាន បាន​ប្រកាស​ថា សមយុទ្ធ​យោធា​រួម​គ្នា​នឹង​ត្រូវ​ធ្វើ​នៅ​សមុទ្រ Natuna ប៉ែក​ខាងជើង​ស្ថិត​ក្នុង​តំបន់​សមុទ្រ​ចិន​ខាងត្បូង ដែល​ចិន បាន​ទាមទារ​ថា​ជា​ដែន​អធិបតេយ្យភាព​របស់​ខ្លួន ហើយ​ឥណ្ឌូនេស៊ី ក៏​ទាមទារ​ថា​ជា​របស់​ខ្លួន​ផង​ដែរ។

តំបន់​ប្រជុំ​កោះ Natuna ដែល​ឥណ្ឌូនេស៊ី ចង់​ឲ្យ​ធ្វើ​សមយុទ្ធ​អាស៊ាន​រួម​គ្នា តែងតែ​ត្រូវ​បាន​នាវា​កងទ័ព​ចិន ចូល​ទៅ ដែល​នាំ​ឱ្យ​ឥណ្ឌូនេស៊ី​ប្រតិកម្ម​ជា​ខ្លាំង​រហូត​បញ្ជូន​នាវាចម្បាំង​ទៅ​តាម​កៀក និង​ឃ្លាំមើល ហើយ​ចេញ​កំណត់​ទូត​តវ៉ា​ទៀត​ផង។

ការពិត មិនមែន​មាន​តែ​ឥណ្ឌូនេស៊ី​ទេ​ដែល​មាន​បញ្ហា​នឹង​ចិន គឺ​ប្រទេស​សមាជិក​អាស៊ាន ៤​ទៀត ដូចជា​ម៉ាឡេស៊ី វៀតណាម ហ្វីលីពីន និង​ប្រ៊ុយណេ សុទ្ធតែ​មាន​វិវាទ​ដែនសមុទ្រ​ជាមួយ​ចិន នៅ​ក្នុង​សំណុំ​បញ្ហា​តំបន់​សមុទ្រ​ចិន​ខាងត្បូង។

នៅ​ក្នុង​សមាគម​អាស៊ាន​នេះ ត្រូវ​បាន​គេ​មើល​ឃើញ​ថា មាន​ការ​បែងចែក​តំបន់​ភូមិសាស្ត្រ​នយោបាយ​ដើម្បី​ផល​ប្រយោជន៍​រៀង​ខ្លួន​ជាមួយ​ចិន និង​អាមេរិក។ ប្រទេស​ខ្លះ​បាន​ធ្វើ​សមយុទ្ធ​រួម​គ្នា​ជាមួយ​សហរដ្ឋ​អាមេរិក ហើយ​ប្រទេស​ខ្លះ​ទៀត​បាន​ធ្វើ​សមយុទ្ធ​ជាមួយ​នឹង​ចិន។

ចំពោះ​កម្ពុជា មើល​ទៅ​មិន​ត្រឹមតែ​មិន​ចូលរួម​នោះ​ទេ គឺ​កម្ពុជា​បាន​បង្ហាញ​ការ​ជំទាស់ ហើយ​ចង់​ព្រមាន​ប្រទេស​ឥណ្ឌូនេស៊ី​ទៀត​ផង។ កម្ពុជា​បាន​ទាមទារ​ឱ្យ​បង្កើត​ក្រុម​ការងារ​មួយ​ដើម្បី​សិក្សា​សំណើ​របស់​ឥណ្ឌូនេស៊ី ដែល​ស្នើ​ធ្វើ​សមយុទ្ធ​ទ័ព​ជើងទឹក​រួម​គ្នា ១០​ប្រទេស​នៅ​សមុទ្រ​ចិន​ខាងត្បូង។

ហេតុ​អ្វី​បាន​ជា​កម្ពុជា និង​ភូមា មិន​ចូលរួម​ការ​ធ្វើ​សមយុទ្ធ​របស់​សមាគម​អាស៊ាន​នៅ​សមុទ្រ​ចិន​ខាងត្បូង?

នៅ​ក្នុង​សមាគម​អាស៊ាន ១០​ប្រទេស មាន​ការ​បែងចែក ៣​ប៉ូល​រួច​ទៅ​ឱ្យ​ហើយ ដែល​ប៉ូល​មួយ​ក្រោម​ឥទ្ធិពល​របស់​ចិន មួយ​ទៀត​ក្រោម​ឥទ្ធិពល​របស់​អាមេរិក ហើយ​មួយ​ទៀត​នៅ​ប្រកាន់​ថា​ខ្លួន​មិន​ស្ថិត​ក្រោម​ឥទ្ធិពល​ប្រទេស​មហាអំណាច​ពីរ​នេះ​ទេ។

ប្រទេស​ដែល​ស្ថិត​នៅ​ក្រោម​ឥទ្ធិពល​របស់​ចិន គេ​អាច​រាប់​ប្រទេស​កម្ពុជា ភូមា និង​ប្រទេស​ឡាវ។ ប្រទេស​ដែល​ត្រូវ​បាន​មើល​ឃើញ​ថា​ក្រោម​ឥទ្ធិពល​ចិន​ខ្លាំង​ជាងគេ គឺ​កម្ពុជា និង​ភូមា។

ប្រទេស​កម្ពុជា កាលពី​ខ្លួន​ជា​ប្រធាន​វេន​អាស៊ាន​នៅ​ឆ្នាំ​២០១២ ត្រូវ​បាន​សមភាគី​របស់​ខ្លួន​ដូចជា​ហ្វីលីពីន និង​វៀតណាម ចោទ​ថា​បាន​រារាំង​អាស៊ាន​មិន​ឱ្យ​ចេញ​សេចក្ដី​ថ្លែងការណ៍​រួម​ទាក់ទង​នឹង​ជម្លោះ​ដែនទឹក​នៃ​សមុទ្រ​ចិន​ខាងត្បូង ដែល​ប្រទេស​មួយ​ចំនួន​មាន​ជម្លោះ​ជាមួយ​ចិន។ កម្ពុជា​ត្រូវ​បាន​ចិន​ចាត់ទុក​ថា​ជា​មិត្ត​ដែកថែប​របស់​ខ្លួន។ កម្ពុជា​តែងតែ​ធ្វើ​សមយុទ្ធ​ទ័ព​ជើងទឹក និង​ទ័ព​ជើងគោក​ជាមួយ​ចិន។ មិន​តែប៉ុណ្ណោះ កម្ពុជា​បាន​អនុញ្ញាត​ឱ្យ​ចិន​ស្ថាបនា​មូលដ្ឋាន​ទ័ព​ជើងទឹក​រាម​នៃ​ឆ្នេរសមុទ្រ​កម្ពុជា​ទៀត​ផង។

ការណ៍​នេះ​ហើយ​ដែល​សហរដ្ឋ​អាមេរិក​ចោទ​ថា កម្ពុជា​អាច​នឹង​ក្លាយ​ជា​មូលដ្ឋាន​ទ័ព​ចិន បើ​ទោះជា​រដ្ឋធម្មនុញ្ញ​កម្ពុជា​ហាម​វត្តមាន​ទ័ព​បរទេស​នៅ​លើ​ទឹកដី​នៃ​ព្រះរាជាណាចក្រ​កម្ពុជា​ក៏ដោយ។ ឥឡូវ​នេះ កម្ពុជា​ដែល​ធ្លាក់​ខ្លួន​ជា​កូនបំណុល​ចិន​ពាន់​លាន​ដុល្លារ ត្រូវ​បាន​គេ​មើល​ឃើញ​ថា ក្រុង​ព្រះសីហនុ បាន​កំពុង​ក្លាយ​ជា China Town ជា​ក្រុង​មួយ​ដែល​អ្នកជំនួញ​ចិន និង​ពលរដ្ឋ​ចិន រស់នៅ​ផ្ដាច់មុខ។

អ្នកជំនាញ​សេដ្ឋកិច្ច​ថា​បំណុល​ពាន់​លាន​ដុល្លារ​នេះ ទំនង​កម្ពុជា​មិន​អាច​មាន​លទ្ធភាព​សង​ការប្រាក់ និង​ប្រាក់​ដើម​ទៅ​ចិន​វិញ​ទាន់​កាលកំណត់​នេះ​ទេ។ អ្នកជំនាញ​ខ្លះ​ព្រមាន​ថា កម្ពុជា​អាច​នឹង​ក្លាយ​ជា​ប្រទេស​ស្រីលង្កា​ទី​២ ទៅ​ថ្ងៃ​អនាគត។

ចំពោះ​ប្រទេស​ភូមា វិញ​ដែល​ធ្លាក់​ក្នុង​របប​រដ្ឋប្រហារ ក៏​ស្ថិត​នៅ​ក្រោម​ឥទ្ធិពល​ចិន​យ៉ាង​ខ្លាំង។ ប្រទេស​នេះ​ជា​កូនបំណុល​ចិន​ពាន់​លាន​ដុល្លារ​ដូច​នឹង​កម្ពុជា​ដែរ។ របប​យោធា​បច្ចុប្បន្ន​នេះ​ដែល​រស់​បាន​ដោយ​ការ​ជួយ​ជ្រោមជ្រែង​ជា​ខ្លាំង​ពី​ប្រទេស​ចិន។

ចិន​ជួយ​ទាំង​មុខ​ជំនួញ និង​ជំនួញ​ជាបន្ទាន់​ដើម្បី​ធ្វើ​ឱ្យ​រចនាសម្ព័ន្ធ​ដឹកនាំ​របស់​ពួក​យោធា​មាន​ស្ថិរភាព។ ដោយឡែក​ឡាវ ក៏​ត្រូវ​បាន​មើល​ឃើញ​ថា​នៅ​ក្រោម​ឥទ្ធិពល​ចិន​ដែរ ព្រោះតែ​បំណុល​ចិន​ពាន់​លាន​ដុល្លារ​ដូច​នឹង​កម្ពុជា និង​ភូមា ផង​ដែរ។ ប៉ុន្តែ​ឡាវ ដែល​ចូលរួម​ធ្វើ​សមយុទ្ធ​រួម​គ្នា​នឹង​ប្រទេស​នៃ​សមាគម​អាស៊ាន​ផ្សេង​ទៀត ក៏​អាច​មកពី​ឡាវ ខ្លាច​វៀតណាម ព្រោះ​ក្រុង​ហាណូយ នៅតែ​មាន​ឥទ្ធិពល​ដ៏​ខ្លាំង​លើ​ប្រទេស​ឡាវ។ ដូចនេះ ឡាវ អាច​នឹង​មិន​ប្រកែក​ដូច​កម្ពុជា និង​ភូមា នោះ​ទេ។

សម្រាប់​កម្ពុជា និង​ភូមា ត្រូវ​គេ​មើល​ឃើញ​ថា ចាត់ទុក​ការ​ធ្វើ​សមយុទ្ធ​ទោះ​ជា​នៅ​ក្បែរ​សមុទ្រ​ចិន​ខាងត្បូង​ក៏ដោយ តែ​មើល​ទៅ​ដូចជា​ចូលរួម​ក្នុង​ការ​រួម​កម្លាំង​គ្នា​ប្រឆាំង​នឹង​ចិន ព្រោះតែ​ប្រទេស​យ៉ាងតិច​ចំនួន ៥ នៃ​សមាគម​អាស៊ាន​មួយ​នេះ​តែង​ចោទ​ចិន ថា​បាន​បំពាន​ដែនសមុទ្រ​របស់​ពួកគេ​នៅ​ក្នុង​តំបន់​សមុទ្រ​ចិន​ខាងត្បូង ដែល​ក្រុង​ប៉េកាំង អះអាង​ថា ខ្លួន​គេ​មាន​កម្មសិទ្ធិ​ដល់​ទៅ ៩០% នៃ​ផ្ទៃសមុទ្រ​ទាំងមូល ៣​លាន ៥​សែន​គីឡូម៉ែត្រ​ក្រឡា៕

© 2024, ខេមបូឌា ដេលី. All rights reserved. No part of this article may be reproduced in print, electronically, broadcast, rewritten or redistributed without written permission.

អត្ថបទទាក់ទង

អត្ថបទអានច្រើន

សេចក្ដីរាយការណ៍ពិសេស