30.8 C
Phnom Penh

អង្គការ​ក្រៅ​ស្រុក​ស្នើ​​ចាត់​វិធានការ​ច្បាប់​លើ​លោក ផែង វណ្ណៈ ដើម្បី​ធានា​នូវ​ការ​អនុវត្ត​ច្បាប់​របស់​កម្ពុជា

ដោយ ឌឹ ខេមបូឌា ដេលី

បទវិភាគ

វេទិកា​ពលរដ្ឋ​ដែល​មាន​មូលដ្ឋាន​នៅ​សហរដ្ឋ​អាមេរិក ថ្កោលទោស​ដាច់អហង្ការ​ចំពោះ​សមាជិក​គណបក្ស​ប្រជាជន​កម្ពុជា​ដែល​ស្និទ្ធ​នឹង​គ្រួសារ​ត្រកូល ហ៊ុន គឺ​លោក ផែង វណ្ណៈ ដែល​បាន​គំរាម​សម្លាប់​លើ​ប្រធាន​ផ្នែក​ប្រព័ន្ធ​ផ្សព្វផ្សាយ​នៃ​សារព័ត៌មាន The Cambodia Daily ជា​ភាសា​ខ្មែរ ដោយ​ស្នើ​ឲ្យ​រដ្ឋាភិបាល​របស់​លោក ហ៊ុន សែន ចាត់​វិធានការ​ផ្លូវ​ច្បាប់​លើ​បុគ្គល​ឈ្មោះ ផែង វណ្ណៈ ដើម្បី​ធានា​នូវ​ការ​អនុវត្ត​ច្បាប់​របស់​កម្ពុជា។

អគ្គលេខាធិការ​វេទិកា​ពលរដ្ឋ លោក អ៊ាប គឹមសេង បាន​ចេញ​សេចក្តី​ថ្លែងការណ៍​កាលពី​ថ្ងៃទី​២២ ខែ​មិថុនា នេះ​ថា វេទិកា​ពលរដ្ឋ​សូម​ថ្កោលទោស​ដាច់អហង្ការ​ចំពោះ​សមាជិក​គណបក្ស​ប្រជាជន​កម្ពុជា​ដែល​ស្និទ្ធ​នឹង​គ្រួសារ​ត្រកូល ហ៊ុន គឺ​លោក ផែង វណ្ណៈ ដែល​បាន​ជេរប្រមាថ​បែប​អវិជ្ជា​ជាទីបំផុត រហូត​ដល់​គំរាម​សម្លាប់​លើ​ប្រធាន​ផ្នែក​ប្រព័ន្ធ​ផ្សព្វផ្សាយ​នៃ​សារព័ត៌មាន The Cambodia Daily ជា​ភាសា​ខ្មែរ​កាលពី​ថ្ងៃទី​១៩ ខែ​មិថុនា ឆ្នាំ​២០២៣ កន្លងទៅ​នេះ។

លោក អ៊ាប គឹមសេង អះអាង​ថា សម្ដី​របស់​បុគ្គល​ឈ្មោះ ផែង វណ្ណៈ ដែល​បាន​ប្រើ​ពាក្យ​ប្រមាថ​អាយុ​ជីវិត​អ្នកដទៃ​ដោយ​អំពើ​ឃាតកម្ម គឺជា​ការ​បង្ហាញ​ថា របប​ដឹកនាំ​សង្គម​កម្ពុជា​សព្វថ្ងៃ​ក្រោម​អំណាច​របស់​លោក ហ៊ុន សែន គឺ​ស្រដៀង​នឹង​របប ប៉ុល ពត យ៉ាង​ខ្លាំង បើ​បុគ្គល ផែង វណ្ណៈ នៅតែ​អាច​បន្ត​គំរាម​សម្លាប់​អ្នកដទៃ​ដូច​សព្វថ្ងៃ​នេះ​ទៀត​នោះ។

អគ្គលេខាធិការ​វេទិកា​ពលរដ្ឋ​រូប​នេះ​បញ្ជាក់​ថា មាន​តែ​របប ប៉ុល ពត ប៉ុណ្ណោះ​ដែល​ភ្នាក់ងារ​របស់​អង្គការ​គ្រប់​លំដាប់​ថ្នាក់​មាន​សិទ្ធិ​សម្លាប់​ពលរដ្ឋ​ដែល​គ្មាន​កំហុស​តាម​ទំនើងចិត្ត ដូច្នេះ តើ​ឯណា​ទៅ​សិទ្ធិ​រស់​រាន​មាន​ជីវិត​ជា​មូលដ្ឋាន​របស់​ពលរដ្ឋ​ខ្មែរ ដែល​មន្ត្រី​រដ្ឋាភិបាល​គណបក្ស​ប្រជាជន​កម្ពុជា​សូត្រ​ឃោសនា​រាល់​ថ្ងៃ និង​អះអាង​ថា​ត្រូវតែ​អនុវត្ត​ឲ្យ​បាន​នោះ?

អគ្គលេខាធិការ​វេទិកា​ពលរដ្ឋ លោក អ៊ាប គឹមសេង បញ្ជាក់​ថា ក្រោយពី​បាន​ស្ដាប់​ប្រតិកម្ម​របស់​ប្រជាពលរដ្ឋ​ទូទៅ វេទិកា​ពលរដ្ឋ​បាន​ដឹង​យ៉ាង​ច្បាស់​ថា ពួកគាត់​ទទួល​យក​មិន​បាន​ឡើយ​នៅ​ពេល​ដែល​បាន​ឮ​សារ​សំឡេង​ដែល​បង្ហាញ​ពី​ចេតនា​ជា​ឃាតករ​របស់​បុគ្គល ផែង វណ្ណៈ ត្បិត​ការ​ប៉ុនប៉ង​សម្លាប់​មនុស្ស និង​ការ​សម្លាប់​មនុស្ស​ដោយ​ចេតនា​ពី​បុគ្គល​ណា​ម្នាក់ គឺជា​ការ​បំពាន​ធ្ងន់ធ្ងរ​លើ​រដ្ឋធម្មនុញ្ញ ក្រម​ព្រហ្មទណ្ឌ ច្បាប់​សិទ្ធិមនុស្ស​សកល និង​ច្បាប់​សាសនា​ផង​ដែរ។

ការ​ព្រមាន​នេះ ធ្វើឡើង​បន្ទាប់ពី​សមាជិក​គណបក្ស​ប្រជាជន​កម្ពុជា​ដែល​ស្និទ្ធ​នឹង​គ្រួសារ​ត្រកូល ហ៊ុន គឺ​លោក ផែង វណ្ណៈ គំរាម​សម្លាប់​លើ​ប្រធាន​ផ្នែក​ប្រព័ន្ធ​ផ្សព្វផ្សាយ​នៃ​សារព័ត៌មាន The Cambodia Daily ជា​ភាសា​ខ្មែរ លោក តាំង សារ៉ាដា កាលពី​ពេល​ថ្មីៗ​នេះ។

កាលពី​ថ្ងៃ​ព្រឹក​ថ្ងៃ​ចន្ទ ទី​១៩ ខែ​មិថុនា ឆ្នាំ​២០២៣ វេលា​ម៉ោង​ប្រមាណ​ជា ១០​ព្រឹក​នៅ​សហរដ្ឋ​អាមេរិក លោក ផែង វណ្ណៈ ដែល​ប្រជាពលរដ្ឋ​ជាទូទៅ​ចាត់ទុក​ជា​មនុស្ស​មាន​ចរិត​ពាល​បាត​ផ្សារ និង​កូន​ឥត​ពូជ ហើយ​ជា​ក៏​ជា​មនុស្ស​ស្និទ្ធ​នឹង​ក្រុម​គ្រួសារ​លោក ហ៊ុន សែន ផង​នោះ បាន​គំរាម​ផ្តាច់​ជីវិត​ប្រធាន​ផ្នែក​ប្រព័ន្ធ​ផ្សព្វផ្សាយ​នៃ​សារព័ត៌មាន The Cambodia Daily ជា​ភាសា​ខ្មែរ លោក តាំង សារ៉ាដា និង​បាន​ជេរប្រមាថ​មាក់ងាយ​ដោយ​ពាក្យ​អសុរោះ​ផ្សេងៗ​ជាច្រើន​លើ​ភរិយា និង​ម្តាយ​របស់​លោក​ថែម​ទៀត។

យោង​តាម​មាត្រា ៣១ នៃ​រដ្ឋធម្មនុញ្ញ​ចែង​ថា ការ​ប្រើ​សិទ្ធិ​សេរីភាព​ផ្ទាល់ខ្លួន​របស់​បុគ្គល​ម្នាក់ៗ មិន​ត្រូវ​ឱ្យ​ប៉ះពាល់​ដល់​សិទ្ធិ​សេរីភាព​អ្នកដទៃ​ឡើយ។ ការ​ប្រើ​សិទ្ធិ​សេរីភាព​នេះ ត្រូវ​ប្រព្រឹត្ត​តាម​លក្ខខណ្ឌ​កំណត់​ក្នុង​ច្បាប់។

ចំណែក​ច្បាប់​ក្រម​ព្រហ្មទណ្ឌ​កម្ពុជា មាត្រា​២៣១ ចែង​ថា អំពើ​គំរាមកំហែង​ថា​នឹង​ប្រព្រឹត្ត​បទឧក្រិដ្ឋ ឬ​បទមជ្ឈិម​ប្រឆាំង​នឹង​បុគ្គល កាល​បើ​ការ​គំរាមកំហែង​នេះ​ធ្វើឡើង​ម្ដង​ហើយ​ម្តង​ទៀត ឬ​សម្ដែង​ចេញ​តាម​លិខិត រូបភាព ឬ​វត្ថុ​អ្វី​មួយ ត្រូវ​ផ្ដន្ទាទោស​ដាក់​ពន្ធនាគារ​ពី ១​ខែ​ទៅ ៦​ខែ និង​ពិន័យ​ជា​ប្រាក់​ពី ១​សែន​រៀល​ទៅ ១​លាន​រៀល​ផង​ដែរ។

ដោយឡែក​មាត្រា ២៣២ នៃ​ក្រមព្រហ្មទណ្ឌ ចែង​ថា ការ​គំរាមកំហែង​ក្រោម​ទម្រង់​ណា​ក៏ដោយ ថា​នឹង​ប្រព្រឹត្ត​បទឧក្រិដ្ឋ ឬ​បទមជ្ឈិម​ប្រឆាំង​នឹង​បុគ្គល ប្រសិនបើ​ការ​គំរាមកំហែង​នេះ​ត្រូវ​បាន​ធ្វើឡើង​ដោយ​មាន​បញ្ជា​ឱ្យ​បំពេញ​លក្ខខណ្ឌ​អ្វី​មួយ ត្រូវ​ផ្ដន្ទាទោស​ដាក់​ពន្ធនាគារ​ពី ៦​ខែ​ទៅ ២​ឆ្នាំ និង​ពិន័យ​ជា​ប្រាក់​ពី ១​លាន​រៀល​ទៅ ៤​លាន​រៀល​ថែម​ទៀត។

ជាង​នេះ​ទៀត មាត្រា​២៣៣ នៃ​ក្រមព្រហ្មទណ្ឌ ក៏​បាន​ចែង​ដែរ​ថា ការ​គំរាមកំហែង​ថា​នឹង​សម្លាប់ កាល​បើ​ការ​គំរាមកំហែង​នេះ​ធ្វើឡើង​ម្តង​ហើយ​ម្តង​ទៀត ឬ​សម្ដែង​ចេញ​តាម​លិខិត រូបភាព ឬ​វត្ថុ​អ្វី​មួយ ត្រូវ​ផ្ដន្ទាទោស​ដាក់​ពន្ធនាគារ​ពី ៦​ខែ​ទៅ ២​ឆ្នាំ និង​ពិន័យ​ជា​ប្រាក់​ពី ១​លាន​រៀល​ទៅ ៤​លាន​រៀល​ជា​កំហិត។

យ៉ាងណា​ក៏ដោយ ទោះបី​ប្រទេស​កម្ពុជា​មាន​ច្បាប់​ក្រមព្រហ្មទណ្ឌ​ចែង​យ៉ាង​នេះ​ក្តី លោក ផែង វណ្ណៈ នៅតែ​មាន​សិទ្ធិ​ដើរ​ជេរប្រមាថ និង​គំរាម​សម្លាប់​អ្នកដទៃ​យ៉ាង​អនាធិបតេយ្យ​នៅ​ក្នុង​ប្រទេស​កម្ពុជា​បាន​ដោយ​សេរី​ដដែល ខណៈ​រដ្ឋាភិបាល​ដែល​កំពុង​ដឹកនាំ​ដោយ​លោក​នាយករដ្ឋមន្ត្រី ហ៊ុន សែន ក៏​មិន​បាន​ចាត់​វិធានការ​ច្បាប់​ណា​មួយ​លើ​បុគ្គល​នេះ​ឡើយ៕

© 2024, ខេមបូឌា ដេលី. All rights reserved. No part of this article may be reproduced in print, electronically, broadcast, rewritten or redistributed without written permission.

អត្ថបទទាក់ទង

អត្ថបទអានច្រើន

សេចក្ដីរាយការណ៍ពិសេស