32.3 C
Phnom Penh

រដ្ឋាភិបាល​អនុញ្ញាត​ឱ្យ​ក្រុមហ៊ុន​អង្គរ​ផ្លាយវូត​ល្បី​រឿង​កាប់​បំផ្លាញ​ព្រៃឈើ បើក​រោងចក្រ​ផលិត​ក្តារ​បន្ទះ​ក្នុង​ខេត្ត​កណ្តាល

ដោយ ឌឹ ខេមបូឌា ដេលី

បទវិភាគ

រដ្ឋាភិបាល​កម្ពុជា​បាន​អនុញ្ញាត​ក្រុមហ៊ុន អង្គរ ផ្លាយវូត ដែល​ល្បី​រឿង​កាប់​បំផ្លាញ​ព្រៃឈើ បើក​រោងចក្រ​ផលិត​ក្ដារ​បន្ទះ​ក្នុង​ខេត្ត​កណ្តាល ទោះបីជា​កន្លងមក សកម្មជន​ការពារ​ព្រៃឈើ​ធ្លាប់​ស្នើ​ឲ្យ​បិទ​ក្រុមហ៊ុន​នេះ បន្ទាប់ពី​ពួកគេ​រក​ឃើញ​ថា ក្រុមហ៊ុន​នេះ​ជា​អ្នក​បំផ្លាញ​ព្រៃឈើ​នៅ​កម្ពុជា​ក៏ដោយ។

ក្នុង​សេចក្ដី​ប្រកាស​របស់​ក្រសួង​ឧស្សាហកម្ម វិទ្យាសាស្ត្រ បច្ចេកវិទ្យា និង​នវានុវត្តន៍ កាលពី​ថ្ងៃទី​១៥ ខែ​កញ្ញា ឆ្នាំ​២០២២ បាន​អនុញ្ញាត​ឲ្យ​ក្រុមហ៊ុន អង្គរ ផ្លាយវូត (Angkor Plywood) បើក​ដំណើរការ​អាជីវកម្ម​កែច្នៃ​ឈើ​ប្រណិត​ថ្មី​មួយ​នៅ​ក្នុង​ស្រុក​មុខកំពូល ខេត្ត​កណ្តាល។

ការ​អនុញ្ញាត​របស់​ក្រសួង​ឧស្សាហកម្ម​នេះ ធ្វើឡើង​តាម​សំណើ​របស់​លោក ជា ពៅ តំណាង​ក្រុមហ៊ុន អង្គរ ផ្លាយវូត (Angkor Plywood)។

តែ​យ៉ាងណា​ក៏ដោយ ក្រុមហ៊ុន​កែច្នៃ​ឈើ​ប្រណិត​មួយ​នេះ​បាន​រង​ការ​ចោទប្រកាន់​ថា​ជា​អ្នក​កាប់​ព្រៃឈើ និង​ដឹកជញ្ជូន​ឈើ​ខុស​ច្បាប់​នៅ​ក្នុង​ដែន​ជម្រក​សត្វ​ព្រៃឡង់​នៅ​កម្ពុជា ដោយ​មាន​ទីតាំង​ស្តុក​ឈើ​នៅ​ក្នុង​ខេត្ត​កំពង់ធំ ក្រចេះ និង​ខេត្ត​កំពង់ចាម។

ជាក់ស្ដែង​កាលពី​ខែ​មេសា ឆ្នាំ​២០២៣ សកម្មជន​ការពារ​ព្រៃឈើ លោក អ៊ូច ឡេង បាន​ស្នើ​ឲ្យ​រដ្ឋាភិបាល​លោក ហ៊ុន សែន បិទ​អាជីវកម្ម​ក្រុមហ៊ុន ស៊ីងបាយ អូធិច និង​ក្រុមហ៊ុន អង្គរ ផ្លាយវូត ទោះបីជា​ស្រប​ច្បាប់​ក្ដី និង​មិន​ស្រប​ច្បាប់​ក្ដី។

ការ​ស្នើ​របស់​វីរជន​ការពារ​ព្រៃឈើ​រូប​នេះ បន្ទាប់ពី​រក​ឃើញ​ថា ក្រុមហ៊ុន​ទាំងនោះ​ជា​ដើមចម​នាំ​ឲ្យ​មាន​ឧក្រិដ្ឋកម្ម​ព្រៃឈើ​នៅ​ក្នុង​កម្ពុជា។

អ្នក​ស្រាវជ្រាវ​នៃ​សាកលវិទ្យាល័យ Copenhagen ប្រទេស​ដាណឺម៉ាក បាន​ចេញ​ផ្សាយ​របាយការណ៍​ចុងក្រោយ​មួយ​កាលពី​ពេល​កន្លងទៅ ឲ្យ​ដឹង​ថា ព្រៃឡង់​នៅ​កម្ពុជា​បាន​បន្ត​បាត់បង់​គួរ​ឲ្យ​ព្រួយបារម្ភ ដោយសារតែ​ការ​កាប់​បំផ្លាញ​មាន​ការ​កើនឡើង​ជាង ៧០% ក្នុង​ឆ្នាំ​២០១៩ បើ​ធៀប​នឹង​ឆ្នាំ​មុនៗ។

របាយការណ៍​នេះ​បញ្ជាក់​ថា ចាប់តាំងពី​ឆ្នាំ​២០០០ ដល់​ឆ្នាំ​២០១៩ ព្រៃឡង់​បាត់បង់​ប្រមាណ​ជិត ៥​ម៉ឺន​ហិកតារ (៤៧៤០០​ហិកតារ)៕

© 2024, ខេមបូឌា ដេលី. All rights reserved. No part of this article may be reproduced in print, electronically, broadcast, rewritten or redistributed without written permission.

អត្ថបទទាក់ទង

អត្ថបទអានច្រើន

សេចក្ដីរាយការណ៍ពិសេស