31 C
Phnom Penh

បក្ស​ប្រជាធិបតេយ្យ​អាច​ស្នើ​លោក អាភីសីត ធ្វើ​ប្រធាន​បក្ស​វិញ​ខណៈ​លោក​គាំទ្រ​លោក ភីថា ជា​នាយករដ្ឋមន្ត្រី​ថៃ

ដោយ ឌឹ ខេមបូឌា ដេលី

បទវិភាគ

នៅ​ក្នុង​គណបក្ស​ប្រជាធិបតេយ្យ​របស់​ថៃ​មួយ កំពុងតែ​បែកបាក់​គ្នា​បន្ទាប់ពី​ការ​បោះឆ្នោត​រួច ដែល​បក្ស​ធំ​នេះ​ទទួល​បាន​អាសនៈ​តែ ២៥ ប៉ុណ្ណោះ។

តាម​សេចក្ដី​រាយការណ៍​របស់​កាសែត​បាងកក​ប៉ុស្តិ៍ គណបក្ស​ចាស់​វស្សា​មួយ​នេះ​នឹង​ជួប​ប្រជុំ​គ្នា​នៅ​ថ្ងៃទី​៩ កក្កដា ដើម្បី​ពិនិត្យ​មើល​លទ្ធភាព​នៃ​ការ​ស្នើ​លោក អាភីសីត វេចាជីវ៉ា មក​កាន់​តំណែង​ប្រធាន​បក្ស​នេះ​វិញ។

លោក អាភីសីត ជា​ប្រធាន​គណបក្ស​ប្រជាធិបតេយ្យ​រយៈពេល ១០​ឆ្នាំ។ នៅ​ក្នុង​ការ​បោះឆ្នោត​សភា​នៅ​ខែ​មីនា ឆ្នាំ​២០១៩ លោក​បាន​ជាប់​ឆ្នោត​ជា​តំណាងរាស្ត្រ ខណៈ​បក្ស​របស់​លោក​បាន ៥៣​អាសនៈ​ដែល​ឈរ​នៅ​លេខ​រៀង​ទី​៤។ តែ​ពេលនេះ បក្ស​ប្រជាធិបតេយ្យ​មួយ​នេះ​បាន​ធ្លាក់​មក​នៅ​លេខ​រៀង​ទី​៦ ហើយ​បាន​តែ ២៥​អាសនៈ​នៃ​អាសនៈ​សរុប​ចំនួន ៥០០​នៃ​រដ្ឋសភា​នៅ​ក្នុង​ការ​បោះឆ្នោត​កាលពី​ថ្ងៃទី​១៤ ឧសភា។

លោក អាភីសីត កាលពី​នៅ​ក្នុង​ឆ្នាំ​២០១៩ លោក​បាន​ប្រឆាំង​ដាច់ខាត​ការ​ឡើង​កាន់​អំណាច​របស់​លោក ប្រាយុទ្ធ ចាន់អូចា ដែល​ជា​អតីត​មេ​រដ្ឋប្រហារ​នៅ​ឆ្នាំ​២០១៤។ លោក អាភីសីត សម្រេច​បោះបង់​សមាជិក​សភា​ភ្លាមៗ​ព្រោះតែ​លោក​មិន​គាំទ្រ​លោក ប្រាយុទ្ធ ជា​នាយករដ្ឋមន្ត្រី។

លោក​ក៏​បាន​ប្រកាស​ឱ្យ​រំលាយ​ស្ថាប័ន​ព្រឹទ្ធសភា​ដែល​បាន​ជួយ​លើក​លោក ប្រាយុទ្ធ តោង​អំណាច​នាយករដ្ឋមន្ត្រី​នៅ​ក្រោយ​ការ​បោះឆ្នោត​ខែ​មីនា ឆ្នាំ​២០១៩។ មិន​តែប៉ុណ្ណោះ លោក​អំពាវនាវ​ដល់​កម្លាំង​អ្នក​ប្រជាធិបតេយ្យ​រួម​កម្លាំង​គ្នា​ឡើងវិញ​ទប់ស្កាត់​ពួក​យោធា​កុំ​ឱ្យ​កាន់​អំណាច ខណៈ​លោក​មិន​ព្រម​ឱ្យ​បក្ស​ប្រជាធិបតេយ្យ​ចង​សម្ព័ន្ធភាព​ក្នុង​រដ្ឋាភិបាល​ចម្រុះ​របស់​ពួក​យោធា​ដាច់ខាត។ ក្រោយពី​មាន​មតិ​ជំទាស់ ហើយ​ងាក​ទៅ​គាំទ្រ​លោក ប្រាយុទ្ធ លោក អាភីសីត ក៏​សម្រេច​លាលែង​ពី​ប្រធាន​គណបក្ស​ប្រជាធិបតេយ្យ​តែម្ដង។

លោក Olarn Thinbangtieo សាស្ត្រាចារ្យ​វិទ្យាសាស្ត្រ​នយោបាយ​នៃ​សាកលវិទ្យាល័យ បូរាផា (Burapha) នៅ​ក្រុង​បាងកក យល់​ថា ក្រុម​ប្រជាធិបតេយ្យ​មិន​មាន​ភាព​រឹងមាំ​ទេ បើ​ខ្វះ​កម្លាំង​រួម​គ្នា​ឱ្យ​កាន់តែ​ទូលំទូលាយ​ថែម​ទៀត​នោះ។ លោក​បន្ត​ថា គណបក្ស​ប្រជាធិបតេយ្យ​គួរ​តែ​ដើរ​តាម​លោក អាភីសីត ដែល​ប្រកាន់​ជំហរ​មិន​ចូលរួម​នឹង​ក្រុម​បក្ស​របស់​ពួក​យោធា។

តាម​អ្នកវិភាគ​រូប​នេះ លោក អាភីសីត អាច​នឹង​ត្រូវ​បាន​ស្នើ​ឱ្យ​ធ្វើ​ជា​ប្រធាន​គណបក្ស​ប្រជាធិបតេយ្យ​នៅ​ពេល​បក្ស​នេះ​បើក​ជំនួប​កំពូល​នៅ​ថ្ងៃទី​៩ កក្កដា នៅ​មុន​ការ​ប្រជុំ​រួម​របស់​សមាជិក​សភា និង​ព្រឹទ្ធសភា ដើម្បី​កំណត់​ជ្រើសតាំង​នាយករដ្ឋមន្ត្រី​ថ្មី។

លោក Olarn យល់​ថា លោក អាភីសីត នឹង​អាច​រួបរួម​ផ្ទៃក្នុង​បក្ស​ប្រជាធិបតេយ្យ​ឡើងវិញ ហើយ​បន្ត​ប្រកាន់​ជំហរ​ប្រឆាំង​នឹង​ពួក​យោធា​ដែល​ត្រៀម​ចង់​បន្ត​អំណាច។

អ្នកវិភាគ​រូប​នេះ​បង្ហើប​ថា លោក អាភីសីត ដែល​ប្រកាស​គាំទ្រ​លោក ភីថា លឹមចារឿនរ៉ាត់ ជា​នាយករដ្ឋមន្ត្រី​មកពី​បក្ស​ចលនា​ឆ្ពោះ​ទៅ​មុខ លោក​អាច​នាំ​សមាជិក​សភា ២៥​រូប​នៃ​គណបក្ស​ប្រជាធិបតេយ្យ​បោះឆ្នោត​គាំទ្រ​លោក ភីថា ជា​នាយករដ្ឋមន្ត្រី​នៃ​រដ្ឋាភិបាល​ចម្រុះ ៩​គណបក្ស​ដែល​មាន​បក្ស​ប្រជាធិបតេយ្យ​ផង​ដែរ។

បើ​ដូច​នេះ ក្រុម​ចម្រុះ​នៃ​គណបក្ស​ចលនា​ឆ្ពោះ​ទៅ​មុខ​នឹង​កើន​អាសនៈ ៣៣២​អាសនៈ។ ចំនួន​នេះ​គេ​ហៅ​ថា​សំឡេង​ភាគច្រើន​ដាច់ខាត​នៅ​ក្នុង​រដ្ឋសភា តែ​សំឡេង​ភាគតិច​បើ​គេ​រាប់​បញ្ចូល​នឹង​សំឡេង​ព្រឹទ្ធសភា ២៥០​រូប​ដែល​សំឡេង​សរុប​មាន ៧៥០។

តាម​កាសែត​បាងកក​ប៉ុស្តិ៍ ការ​ប្រជុំ​រួម​គ្នា​នៃ​សមាជិក​សភា ៥០០​រូប និង​សមាជិក​ព្រឹទ្ធសភា ២៥០​រូប នឹង​ធ្វើ​ឡើង​នៅ​ថ្ងៃទី​១៣ កក្កដា ខែ​ក្រោយ​នេះ។

នៅ​ថ្ងៃ​ព្រហស្បតិ៍ ទី​២៩ មិថុនា ក្រុម​សម្ព័ន្ធ​អ្នក​ប្រជាធិបតេយ្យ​ថៃ ដឹកនាំ​ដោយ​គណបក្ស​ចលនា​ឆ្ពោះ​ទៅ​មុខ រួម​នឹង​គណបក្ស​ភឿថៃ នឹង​បើក​កិច្ចពិភាក្សា​ជាមួយ​គណបក្ស ៦ ផ្សេង​ទៀត ដើម្បី​បង្កើត​ផែនការ​បម្រុង​ករណី​លោក ភីថា មិន​អាច​ក្លាយ​ជា​នាយករដ្ឋមន្ត្រី។

អគ្គលេខាបក្ស​ភឿថៃ លោក ប្រាស៊ើត ចាន់ថារារឿងថង (Prasert Chantararuangthong) និយាយ​ថា ការ​ប្រជុំ​របស់​បក្ស​សម្ព័ន្ធ​នៃ​រដ្ឋាភិបាល​ចម្រុះ ៨​គណបក្ស​នៅ​ថ្ងៃទី​២៩ ខែ​មិថុនា ផ្ដោត​សំខាន់​អំពី​ការ​ពង្រីក​កម្លាំង​អ្នក​ប្រជាធិបតេយ្យ ដែល​ក្នុង​នោះ​ត្រូវ​ស្វែងរក​ការ​គាំទ្រ​ថែម​ទៀត​ចំពោះ​បេក្ខភាព​នាយករដ្ឋមន្ត្រី​របស់​លោក ភីថា។

តែ​លោក​បង្ហើប​ថា កិច្ចប្រជុំ​នោះ​ត្រូវ​មាន​ផែនការ​បម្រុង ដែល​ថា​បើ​លោក ភីថា មិន​មាន​សំឡេង​គាំទ្រ​គ្រប់គ្រាន់ គឺ​ត្រូវ​ដូរ​យុទ្ធសាស្ត្រ ហើយ​ត្រូវ​មាន​ការ​ឯកភាព​គ្នា​ដើម្បី​ឆ្ពោះ​ទៅ​រក​ការ​បង្កើត​រដ្ឋាភិបាល​ចម្រុះ​សំឡេង​ភាគច្រើន។

ជាមួយ​គ្នា​នេះ លោក Phichai Ratnatilaka Na Bhuket អ្នកវិភាគ​ម្នាក់​ទៀត​ដែល​ជំនាញ​យុទ្ធសាស្ត្រ​នយោបាយ​នៃ​វិទ្យាស្ថាន​អភិវឌ្ឍន៍​រដ្ឋបាល ហៅ​កាត់​ថា Nida មើល​ឃើញ​តិចតួច​ដែល​លោក ភីថា អាច​របូត​បេក្ខភាព​របស់​លោក​ជា​នាយករដ្ឋមន្ត្រី ដែល​លោក​ថា​លោក ភីថា នៅតែ​ជា​អ្នក​នយោបាយ​ដ៏​គន្លឹះ​នៃ​ក្រុម​រដ្ឋាភិបាល​ចម្រុះ ហើយ​ជា​អ្នក​នយោបាយ​ដ៏​មាន​ឥទ្ធិពល​ក្នុង​ចំណោម​យុវជន​ថៃ។

ចំណែក​លោក ភីថា ខ្លួន​លោក​ផ្ទាល់ នៅតែ​មាន​ជំនឿ​ថា លោក​នឹង​មាន​ការ​គាំទ្រ​គ្រប់គ្រាន់​ពី​សមាជិក​សភា និង​ព្រឹទ្ធសភា នៅ​ក្នុង​ពេល​លោក​ទៅ​បង្ហាញ​ខ្លួន​ជា​បេក្ខជន​នាយករដ្ឋមន្ត្រី​នៅ​ក្នុង​ការ​បោះឆ្នោត​នៅ​ថ្ងៃទី​១៣ កក្កដា ខាងមុខ​នេះ។

លោក ភីថា បាន​ប្រាប់​អ្នក​សារព័ត៌មាន​នៅ​ក្រុង​បាងកក ថា លោក​សង្ឃឹម​ថា​ក្រុម​អ្នក​ប្រជាធិបតេយ្យ​នឹង​រួម​កម្លាំង​គ្នា​នៅ​ថ្ងៃទី​១៣ កក្កដា នោះ ហើយ​លោក​មិន​ជឿ​ថា​សមាជិក​ព្រឹទ្ធសភា​បំពាន​ឆន្ទៈ​របស់​អ្នក​បោះឆ្នោត ហើយ​លើក​បក្សពួក​ខ្លួនឯង​ឱ្យ​ឡើង​ជា​នាយករដ្ឋមន្ត្រី​ដូច​ឆ្នាំ​២០១៩ ទៀត​នោះ​ទេ។

តែ​បែប​នេះ​ក្ដី លោក ភីថា មិន​បាន​លើកឡើង​អំពី​ឧបសគ្គ​ដែល​លោក​ត្រូវ​បាន​សកម្មជន​នយោបាយ​មួយ​ចំនួន​ប្ដឹង​រូបលោក​ទៅ​កាន់​ស្ថាប័ន​បោះឆ្នោត ដែល​ចោទ​ថា​លោក​នៅ​មាន​ភាគហ៊ុន​ក្នុង​ប្រព័ន្ធ​ផ្សព្វផ្សាយ​នៅ​ក្រុង​បាងកក ដែល​ជា​ការ​រំលោភ​ច្បាប់​បោះឆ្នោត​នោះ​ទេ។

ច្បាប់​បោះឆ្នោត​របស់​រាជាណាចក្រ​ថៃ ហាម​អ្នក​នយោបាយ​ឈរ​ជា​បេក្ខជន​នាយករដ្ឋមន្ត្រី ឬ​សមាជិក​សភា មាន​ភាគហ៊ុន​ក្នុង​ប្រព័ន្ធ​ផ្សព្វផ្សាយ ហើយ​បើ​ត្រូវ​រក​ឃើញ គឺ​បុគ្គល​នោះ​នឹង​ត្រូវ​ដក​សិទ្ធិ​ជា​អ្នក​តំណាងរាស្ត្រ ហើយ​បើ​ជា​បេក្ខជន​នាយករដ្ឋមន្ត្រី​ក៏​ត្រូវ​ដកហូត​បេក្ខភាព​ផង​ដែរ តែ​ត្រូវ​ឆ្លងកាត់​ការ​ជម្រះ​ក្ដី​របស់​តុលាការ​រដ្ឋធម្មនុញ្ញ។

សម្រាប់​លោក ភីថា លឹមចារឿនរ៉ាត់ កំពុង​ត្រូវ​បាន​ស្ថាប័ន​បោះឆ្នោត​ស៊ើបអង្កេត និង​ស្រាវជ្រាវ ហើយ​បើ​រក​ភស្តុតាង​ឃើញ ស្ថាប័ន​នេះ​នឹង​បញ្ជូន​ពាក្យបណ្ដឹង​ទៅ​កាន់​តុលាការ​រដ្ឋធម្មនុញ្ញ។

ក៏ប៉ុន្តែ ទាំង​លោក ភីថា និង​បក្ស​របស់​លោក បាន​អះអាង​ថា លោក ភីថា ពុំ​មាន​ភាគហ៊ុន​ផ្ទាល់​ក្នុង​ក្រុមហ៊ុន​ប្រព័ន្ធ​ផ្សព្វផ្សាយ​នោះ​ទេ ព្រោះ​វា​ជា​កេរដំណែល​សល់​ពី​ឪពុក​របស់​លោក។ ឪពុក​របស់​លោក ភីថា ជា​សេដ្ឋី​ប្រាក់​លាន​ដុល្លារ​ដែល​មាន​ភាគហ៊ុន​ទាំង​ភាគហ៊ុន​អចលនទ្រព្យ និង​ភាគហ៊ុន​ប្រព័ន្ធ​ផ្សព្វផ្សាយ។ ចំណែក​លោក ភីថា ជា​អ្នក​ទទួល​មរតក​ពី​ឪពុក​របស់​លោក៕

© 2024, ខេមបូឌា ដេលី. All rights reserved. No part of this article may be reproduced in print, electronically, broadcast, rewritten or redistributed without written permission.

អត្ថបទទាក់ទង

អត្ថបទអានច្រើន

សេចក្ដីរាយការណ៍ពិសេស