31 C
Phnom Penh

បក្ស​ភ្លើង​ទៀន​ស្នើ​ព្រឹទ្ធសភា​ពិនិត្យ​និង​ពិចារណា​ចំពោះ​ការ​អនុម័ត​វិសោធនកម្ម​ច្បាប់​ស្ដីពី​ការ​បោះឆ្នោត

ដោយ ឌឹ ខេមបូឌា ដេលី

បទវិភាគ

គណបក្ស​ភ្លើង​ទៀន ស្នើ​ទៅ​ព្រឹទ្ធសភា​ឲ្យ​ពិនិត្យ និង​ពិចារណា​ចំពោះ​ការ​អនុម័ត​លើ​វិសោធនកម្ម​ច្បាប់​ស្ដីពី​ការ​បោះឆ្នោត​ដែល​គ្មាន​ការ​ចូលរួម​ពិគ្រោះ​យោបល់​ពី​គ្រប់​ភាគី​ពាក់ព័ន្ធ ដោយ​ផ្ទុយ​ពី​កតិកាសញ្ញា​អន្តរជាតិ និង​កិច្ចព្រមព្រៀង​សន្តិភាព​ទីក្រុង​ប៉ារីស រួម​ទាំង​រដ្ឋធម្មនុញ្ញ។

ការ​ស្នើ​នេះ បន្ទាប់ពី​បុរស​ខ្លាំង​កាន់​អំណាច​ជិត ៤០​ឆ្នាំ​នៅ​កម្ពុជា​លោក ហ៊ុន សែន បាន​បញ្ជា​ទៅ​ស្ថាប័ន​នីតិប្បញ្ញត្តិ​ឲ្យ​ពន្លឿន​ការ​អនុម័ត​ច្បាប់ ដើម្បី​បិទ​ផ្លូវ​ថ្នាក់​ដឹកនាំ និង​សកម្មជន​បក្ស​ប្រឆាំង​មិន​ឲ្យ​ឈរឈ្មោះ​បោះឆ្នោត​សម្រាប់​អាណត្តិ​ក្រោយ​ទៀត។

សេចក្ដី​ថ្លែងការណ៍​របស់​គណបក្ស​ភ្លើង​ទៀន​នៅ​ថ្ងៃទី​២៧ ខែ​មិថុនា នេះ​ឲ្យ​ដឹង​ថា ការ​ធ្វើ​វិសោធនកម្ម​ច្បាប់​ស្ដីពី​ការ​បោះឆ្នោត​ដោយ​ប្រញាប់ និង​គ្មាន​ការ​ចូលរួម​ពិគ្រោះ​យោបល់​ពី​គ្រប់​ភាគី​ពាក់ព័ន្ធ វា​នឹង​បង្ក​ផលវិបាក និង​ផល​ប៉ះពាល់​ផ្សេងៗ​ដល់​ពលរដ្ឋ​ខ្មែរ ជាពិសេស​អាច​ធ្វើ​ឲ្យ​មនុស្ស​មួយ​ចំនួន​បាត់បង់​ឱកាស​ក្នុង​ការ​ឈរឈ្មោះ​បោះឆ្នោត​សម្រាប់​ការ​បោះឆ្នោត​ជ្រើសរើស​ក្រុមប្រឹក្សា​ឃុំ-សង្កាត់​អាណត្តិ​ទី​៦ ឆ្នាំ​២០២៧ និង​ការ​បោះឆ្នោត​ជ្រើសតាំង​តំណាងរាស្ត្រ​នីតិកាល​ទី​៨ ឆ្នាំ​២០២៨។

ការ​លើកឡើង​បែប​នេះ ដោយសារ​វិសោធនកម្ម​ច្បាប់​ស្ដីពី​ការ​បោះឆ្នោត​នេះ វា​បាន​កំណត់​កាតព្វកិច្ច​របស់​ពលរដ្ឋ​ខ្មែរ​ដែល​ត្រូវ​ឈរឈ្មោះ​ឲ្យ​គេ​បោះឆ្នោត ទាំង​ការ​បោះឆ្នោត​ថ្នាក់​ជាតិ និង​ថ្នាក់​ក្រោម​ជាតិ ដោយ​ការ​កាត់បន្ថយ​សិទ្ធិ និង​ជា​ការ​រឹតត្បិត​ឱកាស​នៃ​ការ​ឈរឈ្មោះ​បោះឆ្នោត​របស់​ប្រជាពលរដ្ឋ​ខ្មែរ​ថែម​ទៀត។

គណបក្ស​ភ្លើង​ទៀន​ស្នើ​ដល់​ស្ថាប័ន​នីតិប្បញ្ញត្តិ​ឲ្យ​ពិនិត្យ និង​ពិចារណា​ចំពោះ​ការ​អនុម័ត​លើ​វិសោធនកម្ម​ច្បាប់​ស្ដីពី​ការ​បោះឆ្នោត ដែល​មិន​ស្រប​នឹង​ស្មារតី​នៃ​កតិកាសញ្ញា​អន្តរជាតិ​ស្ដីពី​សិទ្ធិ​ពលរដ្ឋ និង​សិទ្ធិ​នយោបាយ កិច្ចព្រមព្រៀង​សន្តិភាព​ទីក្រុង​ប៉ារីស ២៣ តុលា ១៩៩១ និង​រដ្ឋធម្មនុញ្ញ​នៃ​ព្រះរាជាណាចក្រ​កម្ពុជា ព្រមទាំង​មិន​ឆ្លុះបញ្ចាំង និង​មិន​ស្រប​តាម​ផល​ប្រយោជន៍​ទូទៅ​របស់​ពលរដ្ឋ​ផង​ដែរ។

មិន​មែន​តែ​គណបក្ស​ភ្លើង​ទៀន​ទេ​ដែល​ស្នើ​ដូច្នេះ កាលពី​ថ្ងៃទី​២៦ ខែ​មិថុនា នេះ អង្គការ​ក្រៅ​រដ្ឋាភិបាល​ចំនួន ២៤​ស្ថាប័ន ក៏​បាន​ស្នើ​ទៅ​ព្រឹទ្ធសភា និង​ក្រុមប្រឹក្សា​ធម្មនុញ្ញ​ឱ្យ​ពន្យារ​ពេល​ធ្វើ​វិសោធនកម្ម​ច្បាប់​បោះឆ្នោត ដែល​រដ្ឋសភា​ឯក​បក្ស​បាន​អនុម័ត​កាលពី​ពេល​ថ្មីៗ​នេះ រហូត​ដល់​បោះឆ្នោត​ជាតិ​ឆ្នាំ​២០២៣ ចប់​រួចរាល់​សិន ដើម្បី​ធានា​ថា សេចក្តី​ព្រាងច្បាប់​នេះ​នឹង​មិន​ប៉ះពាល់​ដល់​ប្រជាធិបតេយ្យ សេរីភាព​នៃ​ការ​បញ្ចេញមតិ សិទ្ធិ​បោះឆ្នោត និង​សិទ្ធិ​ឈរឈ្មោះ​ឲ្យ​គេ​បោះឆ្នោត។

បើ​តាម​សេចក្តី​ថ្លែងការណ៍​រួម​របស់​សង្គម​ស៊ីវិល​ទាំង ២៤​ស្ថាប័ន លើកឡើង​ថា ខ្លឹមសារ​នៃ​រដ្ឋធម្មនុញ្ញ​ដែល​បាន​ចែង​អំពី​សិទ្ធិ​ពលរដ្ឋ រាល់​ការ​ធ្វើ​វិសោធនកម្ម​ច្បាប់​មិន​ត្រូវ​រារាំង​ការ​ចូលរួម​របស់​ពលរដ្ឋ​នោះ​ទេ គឺ​ត្រូវតែ​បើក​លំហ​សេរីភាព​គ្រប់​ដំណាក់កាល​ដល់​ពលរដ្ឋ​គ្រប់​រូប​ទាំងអស់ ទាំង​ពេល​បច្ចុប្បន្ន និង​ទៅ​ថ្ងៃ​អនាគត។

ក្រុម​អង្គការ​ក្រៅ​រដ្ឋាភិបាល​បាន​ព្រមាន​ថា ខ្លឹមសារ​នៃ​ច្បាប់​នេះ គឺ​ផ្ទុយ​ពី​មាត្រា​៣៤​ថ្មី នៃ​រដ្ឋធម្មនុញ្ញ​ទាំងស្រុង​ដែល​ចែង​អំពី​សិទ្ធិ​បោះឆ្នោត និង​សិទ្ធិ​ឈរឈ្មោះ​ឱ្យ​គេ​បោះឆ្នោត ព្រោះ​ថា​ខ្លឹមសារ​នៃ​ច្បាប់​ដែល​ត្រូវ​ធ្វើ​វិសោធនកម្ម​នេះ​បាន​ដាក់​កំហិត​ដល់​ពលរដ្ឋ​ធ្ងន់ធ្ងរ ដែល​មិន​មាន​លទ្ធភាព​ទៅ​បោះឆ្នោត រហូត​ធ្វើ​ឱ្យ​ពួកគេ​បាត់បង់​សិទ្ធិ​ឈរឈ្មោះ​ឱ្យ​គេ​បោះឆ្នោត​តែម្តង។

ការ​ស្នើ​របស់​គណបក្ស​ភ្លើង​ទៀន ធ្វើឡើង​បន្ទាប់ពី​ស្ថាប័ន​ព្រឹទ្ធសភា​បើក​កិច្ចប្រជុំ​គណៈកម្មាធិការ​អចិន្ត្រៃយ៍ ដើម្បី​ពិនិត្យ និង​សម្រេច​លើ​សេចក្តី​ព្រាងច្បាប់​ស្ដីពី​វិសោធនកម្ម​ច្បាប់​បោះឆ្នោត​នា​ថ្ងៃទី​២៨ ខែ​មិថុនា នេះ។

ចំណែក​ឧត្តម​ស្នងការ​ទទួល​បន្ទុក​សិទ្ធិមនុស្ស​របស់​អង្គការ​សហប្រជាជាតិ លោក Volker Turk បាន​លើកឡើង​កាលពី​ថ្ងៃទី​១៦ ខែ​មិថុនា ឆ្នាំ​២០២៣ ថា លោក​មាន​ការ​ព្រួយបារម្ភ​យ៉ាង​ខ្លាំង​ចំពោះ​ការ​កាត់បន្ថយ​លំហ​សិទ្ធិ​ពលរដ្ឋ​មុន​ពេល​ការ​បោះឆ្នោត​ជាតិ​នៅ​កម្ពុជា ក្នុង​ឆ្នាំ​២០២៣ នេះ។ ជាង​នេះ​ទៀត ការ​ព្រមាន​ធ្វើ​វិសោធនកម្ម​ច្បាប់​បោះឆ្នោត​នៅ​ពេលនេះ នឹង​ក្លាយ​ជា​ការ​រឹតត្បិត​លើ​សិទ្ធិ​សេរីភាព​នៃ​ការ​បញ្ចេញមតិ និង​ការ​រំលោភ​សិទ្ធិ​របស់​ពលរដ្ឋ​ទាំងអស់​ក្នុង​ការ​ឈរឈ្មោះ​បោះឆ្នោត ដែល​ធានា​ដោយ​រដ្ឋធម្មនុញ្ញ​នៃ​ប្រទេស​កម្ពុជា និង​ឧបករណ៍​សិទ្ធិមនុស្ស​អន្តរជាតិ​ដទៃ​ទៀត​យ៉ាង​ធ្ងន់ធ្ងរ៕

© 2024, ខេមបូឌា ដេលី. All rights reserved. No part of this article may be reproduced in print, electronically, broadcast, rewritten or redistributed without written permission.

អត្ថបទទាក់ទង

អត្ថបទអានច្រើន

សេចក្ដីរាយការណ៍ពិសេស