31 C
Phnom Penh

គណបក្ស​ភ្លើង​ទៀន​ចាត់ទុក​សកម្មភាព​អាជ្ញាធរ​ចាប់​ខ្លួន​សមាជិក​ខ្លួន​ថា​ជា​ការ​គំរាមកំហែង​និង​ធ្វើ​ទុក្ខបុកម្នេញ

ដោយ ឌឹ ខេមបូឌា ដេលី

បទវិភាគ

គណបក្ស​ភ្លើង​ទៀន ចាត់ទុក​សកម្មភាព​របស់​អាជ្ញាធរ​កម្ពុជា​ដែល​ធ្វើ​សកម្មភាព​ចាប់​ខ្លួន​សកម្មជន​របស់​ខ្លួន​កាលពី​ពេល​ថ្មីៗ​នេះ និង​រយៈពេល​កន្លង​មក គឺជា​ការ​គំរាមកំហែង និង​ជា​ការ​ធ្វើ​ទុក្ខបុកម្នេញ​គ្រប់​រូបភាព ក្នុង​គោលបំណង​រារាំង​ការ​ធ្វើ​សកម្មភាព​នយោបាយ​ស្រប​ច្បាប់​របស់​សមាជិក និង​សកម្មជន​គណបក្ស​ភ្លើង​ទៀន នៅ​ទូទាំង​ប្រទេស។

គណបក្ស​ភ្លើង​ទៀន បាន​ចេញ​សេចក្តី​ថ្លែងការណ៍​មួយ​កាលពី​ថ្ងៃទី​១០ ខែ​មេសា ឆ្នាំ​២០២៤ នេះ​ថា ថ្នាក់​ដឹកនាំ​គ្រប់​លំដាប់​ថ្នាក់ ក៏ដូចជា​សកម្មជន​របស់​គណបក្ស​ភ្លើង​ទៀន ធ្វើ​សកម្មភាព​នយោបាយ​ដោយ​ប្រកាន់ខ្ជាប់​នូវ​ការ​គោរព និង​អនុវត្ត​តាម​រដ្ឋធម្មនុញ្ញ ព្រមទាំង​ច្បាប់​ជា​ធរមាន​នានា​របស់​ប្រទេស​កម្ពុជា​ជានិច្ច ជាពិសេស​ច្បាប់​ស្ដីពី​គណបក្ស​នយោបាយ​តែម្តង ដូច្នេះ​ការ​ចាប់​ខ្លួន​សកម្មជន​គណបក្ស​ភ្លើង​ទៀន គឺ​ស្មើ​នឹង​ការ​គំរាមកំហែង​ចំពោះ​ការ​អនុវត្ត​ច្បាប់​នៅ​កម្ពុជា។

គណបក្ស​ក្រៅ​រដ្ឋាភិបាល​នេះ អំពាវនាវ​ឱ្យ​អាជ្ញាធរ​មាន​សមត្ថកិច្ច​ដោះលែង​សកម្មជន​គណបក្ស​ភ្លើង​ទៀន​ទាំងអស់ ដែល​ត្រូវ​បាន​អាជ្ញាធរ​ចាប់​ខ្លួន​កន្លង​មក ឱ្យ​មាន​សេរីភាព​ពេញលេញ​ឡើងវិញ ដើម្បី​លើក​ស្ទួយ​ការ​គោរព​សិទ្ធិមនុស្ស សិទ្ធិ​ពលរដ្ឋ និង​សិទ្ធិ​នយោបាយ ជាដើម ព្រមទាំង​បញ្ឈប់​ការ​ធ្វើ​ទុក្ខបុកម្នេញ​តាម​គ្រប់​រូបភាព​ទៅ​លើ​សកម្មជន​គណបក្ស​ភ្លើង​ទៀន តទៅទៀត។

កាលពី​ថ្ងៃទី​៩ ខែ​មេសា ឆ្នាំ​២០២៤ បេក្ខជន​ពេញ​សិទ្ធិ​សម្រាប់​ការ​បោះឆ្នោត​ជ្រើសរើស​ក្រុមប្រឹក្សា​រាជធានី ខេត្ត ក្រុង ស្រុក ខណ្ឌ ក្នុង​ស្រុក​ស្ទឹងត្រង់ ខេត្ត​កំពង់ចាម របស់​គណបក្ស​ភ្លើង​ទៀន លោក យិន ភាន និង​លោក ស្រ៊ី មាន ត្រូវ​បាន​សមត្ថកិច្ច​ចាប់​ខ្លួន​នាំ​ទៅ​សាកសួរ​នៅ​សាលាស្រុក​ស្ទឹងត្រង់ ភ្លាមៗ​ដោយ​មិន​ដឹង​ពី​មូលហេតុ​ពិតប្រាកដ។

ជុំវិញ​បញ្ហា​នេះ ស្នងការដ្ឋាន​នគរបាល​ខេត្ត​កំពង់ចាម លោក ហេង វុទ្ធី បាន​អះអាង​កាលពី​ថ្ងៃទី​១០ ខែ​មេសា ឆ្នាំ​២០២៤ ថា ការ​ចាប់​ខ្លួន​សមាជិក​គណបក្ស​ភ្លើង​ទៀន លោក យិន ភាន និង​លោក ស្រ៊ី មាន កាលពី​ថ្ងៃទី​០៩ ខែ​មេសា ធ្វើ​ឡើង​តាម​ដីកា​បង្គាប់​ពី​សាលាដំបូង​ខេត្ត ពាក់ព័ន្ធ​នឹង​ករណី​ក្លែង​បន្លំ​ឯកសារ។

នៅ​អំឡុង​ខែ​មេសា ឆ្នាំ​២០២៤ នេះ គេ​សង្កេត​ឃើញ​ថា សមាជិក​គណបក្ស​ភ្លើង​ទៀន បាន​រង​នូវ​ការ​ចាប់​ខ្លួន​ពី​បទចោទ​ផ្សេងៗ​ជា​បន្តបន្ទាប់ ក្នុង​នោះ អនុប្រធាន​គណៈកម្មាធិការ​ប្រតិបត្តិ​គណបក្ស​ភ្លើង​ទៀន រាជធានី​ភ្នំពេញ លោក ដាង ប៊ុនហាក់ ត្រូវ​បាន​ចាប់​ខ្លួន​កាលពី​ថ្ងៃទី​៥ ខែ​មេសា រួម​ជាមួយ​ចៅសង្កាត់​រង​ទី​២ នៃ​សង្កាត់​ស្ទឹងមានជ័យទី២ លោក គឹម ថាយមុនី ផង​ដែរ។

ចំណែក​ចៅសង្កាត់​រង​ទី​២ នៃ​សង្កាត់​ផ្សារអូរឫស្សីទី២ លោក គឹម ហុង ក៏​ត្រូវ​បាន​ចាប់​ខ្លួន​កាលពី​ថ្ងៃទី​៦ ខែ​មេសា ថែម​ទៀត ខណៈ​លោក សាន សឿង អតីត​អនុប្រធាន​ក្រុម​ការងារ​គណបក្ស​ភ្លើង​ទៀន ខេត្ត​កំពង់ចាម និង​ជា​បេក្ខជន​ក្រុមប្រឹក្សា​ខេត្ត​លេខ​រៀង​ទី​៥ របស់​គណបក្ស​ឆន្ទៈ​ខ្មែរ នៅ​ពេលនេះ ក៏​ត្រូវ​បាន​ចាប់​ខ្លួន​កាលពី​ថ្ងៃទី​៩ ខែ​មេសា ឆ្នាំ​២០២៤ នេះ​ដែរ។

សមាជិក​គណបក្ស​ភ្លើង​ទៀន និង​សមាជិក​គណបក្ស​ឆន្ទៈ​ខ្មែរ ទាំង ៤​រូប​នេះ រួម​មាន​លោក ដាង ប៊ុនហាក់ លោក គឹម ថាយមុនី លោក គឹម ហុង និង​លោក សាន សឿង សុទ្ធសឹងតែ​ជា​បេក្ខជន​ពេញ​សិទ្ធិ​ឈរឈ្មោះ​បោះឆ្នោត​ជ្រើសរើស​ក្រុមប្រឹក្សា​រាជធានី ខេត្ត ក្រុង ស្រុក ខណ្ឌ សម្រាប់​អាណត្តិ​ទី​៤ ដែល​នឹង​ប្រព្រឹត្ត​ទៅ​នៅ​ថ្ងៃទី​២៦ ខែ​ឧសភា ឆ្នាំ​២០២៤ ខាងមុខ​នេះ ខណៈ​សមាជិក និង​មន្ត្រី​ជាន់ខ្ពស់​គណបក្ស​ភ្លើង​ទៀន​ផ្សេង​ទៀត ក៏​កំពុង​រង​នូវ​ពាក្យបណ្ដឹង និង​កំពុង​ត្រូវ​បាន​ឃុំ​ខ្លួន​ក្នុង​ពន្ធនាគារ​ដែរ​សព្វថ្ងៃ​នេះ។

ជុំវិញ​បញ្ហា​នេះ អគ្គលេខាធិការ​គណបក្ស​ភ្លើង​ទៀន លោក លី សុធារ៉ាយុទ្ធ ធ្លាប់​បាន​អះអាង​កាលពី​ពេល​ថ្មីៗ​នេះ​ថា ចាប់ពី​ដើម​ឆ្នាំ​២០២៣ រហូត​ដល់​ខែ​មេសា ឆ្នាំ​២០២៤ នេះ មន្ត្រី​គណបក្ស​ភ្លើង​ទៀន ជិត ២០​នាក់​ហើយ (១៧​នាក់) ដែល​ត្រូវ​បាន​ចាប់​ខ្លួន និង​ឃុំ​ខ្លួន​នៅ​ពន្ធនាគារ ដូចជា​លោក ថាច់ សេដ្ឋា កំពុង​ត្រូវ​បាន​ឃុំ​ខ្លួន​ចាប់តាំងពី​អំឡុង​ខែ​មករា ឆ្នាំ​២០២៣ មក ជាដើម ខណៈ​លោក សុន ឆ័យ ត្រូវ​រង​នូវ​បណ្តឹង​គណបក្ស​ប្រជាជន​កម្ពុជា និង​លោក គង់ គាំ ក៏​បាន​រង​នូវ​ការ​គំរាមកំហែង​ដកហូត​ទ្រព្យសម្បត្តិ​ពី​មេដឹកនាំ​បក្ស​កាន់​អំណាច​លោក ហ៊ុន សែន រហូត​ដក​ខ្លួន​ចេញពី​គណបក្ស​ភ្លើង​ទៀន​ថែម​ទៀត ដោយឡែក​លោក ទាវ វណ្ណុល ប្រធាន​គណបក្ស​ភ្លើង​ទៀន ក៏​កំពុង​ជាប់​បណ្តឹង​របស់​គណបក្ស​ប្រជាជន​កម្ពុជា នៅ​ពេលនេះ​ផង​ដែរ។

គណបក្ស​នយោបាយ​ដែល​នឹង​ចូលរួម​ប្រកួតប្រជែង​ក្នុង​ការ​បោះឆ្នោត​ជ្រើស​ក្រុមប្រឹក្សា​រាជធានី ខេត្ត ក្រុង ស្រុក ខណ្ឌ សម្រាប់​អាណត្តិ​ទី​៤ នេះ គឺ​មាន​តែ ៣​គណបក្ស​ប៉ុណ្ណោះ គឺ​គណបក្ស​ប្រជាជន​កម្ពុជា គណបក្ស​ឆន្ទៈ​ខ្មែរ និង​គណបក្ស​ភ្លើង​ទៀន ប៉ុន្តែ​គណបក្ស​ឆន្ទៈ​ខ្មែរ និង​គណបក្ស​ភ្លើង​ទៀន ដែល​ជា​គណបក្ស​សម្ព័ន្ធភាព កំពុង​រង​នូវ​ការ​ធ្វើ​ទុក្ខបុកម្នេញ​ពី​គណបក្ស​ប្រជាជន​កម្ពុជា​តាមរយៈ​នៃ​ការ​ចោទ​ប្តឹង និង​ការ​ចាប់​ខ្លួន​សមាជិក​គណបក្ស​ទាំង​ពីរ​នេះ ពី​បទ​ចោទ​មិន​សម​ហេតុផល​ផ្សេងៗ​ជា​បន្តបន្ទាប់​សព្វថ្ងៃ​នេះ។

ទិន្នន័យ​សង្គម​ស៊ីវិល បង្ហាញ​ថា សព្វថ្ងៃ​នេះ​មាន​សកម្មជន​គណបក្ស​ប្រឆាំង និង​អ្នក​រិះគន់​រដ្ឋាភិបាល​ប្រមាណ​ជា ៥០​នាក់ កំពុង​ជាប់​ឃុំ​ក្នុង​ពន្ធនាគារ ក្រោម​បទ​ចោទ​មួយ​ចំនួន ដូចជា​រួម​គំនិត​ក្បត់ ញុះញង់​ឲ្យ​យោធិន​មិន​ស្ដាប់​បង្គាប់ ញុះញង់​ឲ្យ​ប្រព្រឹត្ត​បទឧក្រិដ្ឋ​ជាអាទិ៍ និង​ញុះញង់​ឱ្យ​មាន​ភាព​វឹកវរ​ធ្ងន់ធ្ងរ​ដល់​សន្តិសុខ​សង្គម ជាដើម បន្ទាប់ពី​អ្នក​ទាំងនោះ​បាន​អនុវត្ត​សិទ្ធិ​សេរីភាព​បញ្ចេញមតិ​ដែល​មាន​ចែង​ក្នុង​រដ្ឋធម្មនុញ្ញ​ប្រទេស​កម្ពុជា៕

© 2024, ខេមបូឌា ដេលី. All rights reserved. No part of this article may be reproduced in print, electronically, broadcast, rewritten or redistributed without written permission.

អត្ថបទទាក់ទង

អត្ថបទអានច្រើន

សេចក្ដីរាយការណ៍ពិសេស