40 C
Phnom Penh

ប្រធាន​អង្គការ​យោធា​ណាតូ​អះអាង​ថា​ពេលនេះ​ស៊ុយអែត​ត្រូវតែ​ក្លាយ​ជា​សមាជិក​ណាតូ​ទី​៣២

ដោយ ឌឹ ខេមបូឌា ដេលី

បទវិភាគ

អគ្គលេខាធិការ​អង្គការ​យោធា​ណាតូ Jens Stoltenberg បាន​ថ្លែង​ថា នឹង​មាន​ជំនួប​ពិសេស​មួយ​នៅ​ថ្ងៃទី​៦ កក្កដា ដើម្បី​ធ្វើ​សេចក្ដី​សម្រេច​ម្ដង​ទៀត​អំពី​អនាគត​ប្រទេស​ស៊ុយអែត ត្រូវ​ក្លាយ​ជា​សមាជិក​អង្គការ​ណាតូ។ នេះ​បើ​យោង​តាម​ទីភ្នាក់ងារ​សារព័ត៌មាន AFP ដែល​បាន​ចុះផ្សាយ​កាលពី​ថ្ងៃ​ពុធ ទី​២៨ មិថុនា។

លោក​អគ្គលេខាធិការ​កត់សម្គាល់​ថា ជំនួប​កំពូល​របស់​ណាតូ​នៅ​លើ​ទឹកដី​នៃ​ប្រទេស​លីទុយអានី នៅ​ខែ​កក្កដា គឺជា​លើកដំបូង​ដែល​មេដឹកនាំ​ប្រទេស​ហ្វាំងឡង់​ចូលរួម​ក្នុង​ក្របខ័ណ្ឌ​ជា​សមាជិក​របស់​ណាតូ ហើយ​ចំពោះ​ប្រទេស​ស៊ុយអែត ក៏​ត្រូវតែ​ផ្ដល់​ឱកាស​ជា​សមាជិក​ណាតូ​នៅ​ពេល​នោះ​ដែរ។

ក្នុង​សន្និសីទ​សារព័ត៌មាន​ជាមួយ​នាយករដ្ឋមន្ត្រី​នៃ​ប្រទេស​អេស្តូនី Kaja Kallas លោក Jens Stoltenberg បាន​បញ្ជាក់​ថា លោក​ស្នើ​តំណាង​ប្រទេស​តួកគី ស៊ុយអែត និង​ហ្វាំងឡង់ ជួប​ប្រជុំ​គ្នា​នៅ​ថ្ងៃទី​៦ កក្កដា សប្ដាហ៍​ក្រោយ​នេះ ដើម្បី​ពិភាក្សា​គ្នា​ឱ្យ​កាន់តែ​មាន​ការ​យោគយល់ ហើយ​ឈាន​ដល់​កិច្ចព្រមព្រៀង​ចុងក្រោយ​អំពី​សមាជិកភាព​របស់​ស៊ុយអែត។ លោក​សង្កត់​ធ្ងន់​ថា ពេលវេលា​នេះ​ដល់​ពេល​ហើយ​ដែល​ត្រូវ​ស្វាគមន៍​ស៊ុយអែត​ជា​សមាជិក​ណាតូ។

ចំណែក​នាយករដ្ឋមន្ត្រី​ស៊ុយអែត លោក Ulf Kristersson បាន​និយាយ​ថា ស៊ុយអែត នៅតែ​ចង់​ក្លាយ​ជា​សមាជិក​របស់​អង្គការ​ណាតូ​នៅ​មុន ឬ​អំឡុង​កិច្ចប្រជុំ​កំពូល​នៅ​ទីក្រុង Vilnius នៃ​ប្រទេស​លីទុយអានី នៅ​ខែ​កក្កដា ខាងមុខ​នេះ ទោះបីជា​មិន​ទាន់​ប្រាកដ​ថា​នឹង​អាច​ធ្វើ​ដូចនេះ​បាន​នៅ​ពេល​នោះ​ក៏ដោយ។

ស៊ុយអែត​បាន​កំណត់​គោលដៅ​របស់​ខ្លួន​នៅ​ក្នុង​កិច្ចប្រជុំ​កំពូល​ណាតូ ដែល​នឹង​ធ្វើឡើង​ចាប់​ថ្ងៃទី​១១ ដល់​ថ្ងៃទី​១២ ខែ​កក្កដា ស្រប​ពេល​ដែល​មាន​ការ​គាំទ្រ​យ៉ាង​ខ្លាំង​ពី​សមាជិក​ផ្សេង​ទៀត រួម​ទាំង​សហរដ្ឋ​អាមេរិក ប៉ុន្តែ​តួកគី និង​ហុងគ្រី រហូត​មក​ដល់​ពេលនេះ​នៅតែ​បដិសេធ​ការ​ផ្តល់​សច្ចាប័ន។

លោក Kristersson បាន​ទទូច​ថា ស៊ុយអែត​នឹង​ត្រូវ​ក្លាយ​ជា​សមាជិក​ណាតូ។ យ៉ាង​នេះ​ក្តី ពុំ​ទាន់​មាន​មេដឹកនាំ​ណា​ម្នាក់​នៃ​សមាជិក​ណាតូ​សន្យា​ថា ស៊ុយអែត​នឹង​ក្លាយ​ជា​សមាជិក​ណាតូ​នៅ​អំឡុង​នៃ​កិច្ចប្រជុំ​នៅ​ប្រទេស​លីទុយអានី ឬ​នៅ​មុន​ពេល​នោះ ទោះបីជា​ការ​ចង់​បាន​របស់​ស៊ុយអែត​ក៏ដោយ។

មន្ត្រី​ស៊ុយអែត និង​តួកគី បាន​ជួប​ប្រជុំ​គ្នា​កាលពី​ថ្ងៃទី​១៤ ខែ​មិថុនា ដែល​អ្នក​ចរចា​របស់​ស៊ុយអែត​បាន​កំណត់​ថា ជា​កិច្ចពិភាក្សា​ដ៏​ល្អ ហើយ​គ្រោង​នឹង​បើក​កិច្ចប្រជុំ​កម្រិត​ខ្ពស់​មួយ​ទៀត​នៅ​ទីក្រុង​ប្រ៊ុចសែល ប្រទេស​បែលហ្ស៊ិក ដែល​រៀបចំ​ដោយ​អគ្គលេខាធិការ​អង្គការ​ណាតូ លោក Stoltenberg មុន​ពេល​មាន​កិច្ចប្រជុំ​កំពូល​ចាប់ផ្ដើម។

តែ​ជាមួយ​គ្នា​នេះ រដ្ឋមន្ត្រី​ក្រសួង​ការពារ​ជាតិ​នៃ​ប្រទេស​ស៊ុយអែត បាន​ប្រកាស​ថា ស៊ុយអែត​បាន​សម្រេច​អនុញ្ញាត​ឱ្យ​អង្គការ​យោធា​ណាតូ​ដាក់​ពង្រាយ​កងទ័ព​ដើម្បី​ឈរជើង​នៅ​ក្នុង​ប្រទេស​ខ្លួន ទោះបី​មិន​ទាន់​ក្លាយ​ជា​សមាជិក​របស់​សម្ព័ន្ធភាព​យោធា​អឺរ៉ុប​ជា​ផ្លូវការ​ក៏ដោយ។

លោក Pal Jonson បាន​ប្រកាស​ថា៖ រដ្ឋាភិបាល​បាន​សម្រេច​ឱ្យ​កងទ័ព​ស៊ុយអែត​រៀបចំ​ត្រៀម​លក្ខណៈ​ជាមួយ​ក្រុម​យោធា​ណាតូ និង​បណ្តា​ប្រទេស​ជា​សមាជិក​របស់​អង្គការ​យោធា​មួយ​នេះ​ក្នុង​ការ​ធ្វើ​ប្រតិបត្តិការ​រួម​គ្នា​នា​ពេល​អនាគត។

ការ​ត្រៀម​លក្ខណៈ​នោះ ដូចជា​ការ​ទទួល​ការ​ដាក់​ពង្រាយ​កងទ័ព និង​បរិក្ខារ​យោធា​បរទេស​នៅ​ក្នុង​ទឹកដី​ស៊ុយអែត។

ការ​សម្រេច​ចិត្ត​នេះ គឺជា​ការ​ផ្ញើ​សារ​មួយ​យ៉ាង​ច្បាស់​ទៅ​កាន់​រុស្ស៊ី ដែល​តែង​មិន​ចង់​ឃើញ​ស៊ុយអែត និង​ហ្វាំងឡង់ ជា​សមាជិក​ណាតូ ហើយ​ជា​ការ​ពង្រឹង​នូវ​សមត្ថភាព​ការពារ​ជាតិ​របស់​ស៊ុយអែត ឱ្យ​កាន់តែ​រឹងមាំ​ថែម​ទៀត។ ការ​ប្រកាស​របស់​ប្រមុខ​ការពារ​ជាតិ​ស៊ុយអែត ដូចនេះ គឺជា​ការ​ឆ្លើយតប​ផង​ដែរ​ចំពោះ​ប្រទេស​តួកគី និង​ហុងគ្រី ដែល​នៅ​មិន​ព្រម​ផ្ដល់​សច្ចាប័ន​ឱ្យ​ស៊ុយអែត​ជា​សមាជិក​ណាតូ។

ទោះជា​ស៊ុយអែត​ពុំ​ទាន់​ក្លាយ​ជា​សមាជិក​ណាតូ​ក្ដី តែ​សហរដ្ឋ​អាមេរិក និង​អង់គ្លេស បាន​បញ្ជូន​ទ័ព​របស់​ប្រទេស​ទាំង​ពីរ​នេះ​ទៅ​ដាក់​ពង្រាយ​នៅ​ស៊ុយអែត​រួច​ទៅ​ហើយ។

កាលពី​ថ្ងៃទី​២០ មិថុនា ក្រុង​វ៉ាស៊ីនតោន បាន​បញ្ជូន​យន្តហោះ​ទម្លាក់​គ្រាប់បែក​យុទ្ធសាស្ត្រ B-1B មួយ​គ្រឿង​ទៅ​ដាក់​ពង្រាយ​នៅ​លើ​ទឹកដី​ស៊ុយអែត ខណៈ​ប្រទេស​អាល្លឺម៉ង់​កាលពី​ពេល​ថ្មីៗ​នេះ​បាន​ដឹកនាំ​ការ​ធ្វើ​សមយុទ្ធ​ណាតូ​ទ្រង់ទ្រាយ​ធំ ដែល​មាន​យន្តហោះ​ចម្បាំង ២៥០​គ្រឿង និង​ទ័ព​ជាង ១០០០០​នាក់​ចូលរួម​មកពី ២៥​ប្រទេស ក្នុង​នោះ​មាន​យន្តហោះ​ចម្បាំង​មកពី​ប្រទេស​ស៊ុយអែត ផង​ដែរ។

ស៊ុយអែត និង​ហ្វាំងឡង់ ជា​ប្រទេស​ដែល​មាន​ព្រំដែន​ស្ថិត​ក្នុង​ភូមិសាស្ត្រ​ជាប់​នឹង​ប្រទេស​រុស្ស៊ី ប៉ុន្តែ​ស៊ុយអែត​ស្ថិត​នៅ​ខាងក្រោយ​ហ្វាំងឡង់ ដែល​ហ្វាំងឡង់ មាន​ព្រំដែន​គោក​ជាប់​នឹង​រុស្ស៊ី ដល់​ទៅ ១៣០០​គីឡូម៉ែត្រ។ ប្រទេស​ទាំង​ពីរ​នេះ​បាន​ប្រកាន់​យក​គោលនយោបាយ​អព្យាក្រឹត​តាំងពី​ក្រោយ​ការ​បញ្ចប់​សង្គ្រាម​លោក​លើក​ទី​២។ តែ​នៅ​ពេល​រុស្ស៊ី​លើក​ទ័ព​ឈ្លានពាន​អ៊ុយក្រែន ទាំង​ស៊ុយអែត និង​ហ្វាំងឡង់ រត់​ដាក់​ពាក្យ​សុំ​ជា​សមាជិក​អង្គការ​ណាតូ។

យ៉ាងណា ហ្វាំងឡង់​បាន​ក្លាយ​ជា​សមាជិក​ណាតូ​ផ្លូវការ​ទៅ​ហើយ​កាលពី​ថ្ងៃទី​៤ មេសា ក្រោយពី​សភា​ប្រទេស​តួកគី និង​ហុងគ្រី បាន​សម្រេច​ផ្ដល់​សច្ចាប័ន។ ចំណែក​ស៊ុយអែត បាន​ចេញ​មុខ​ជា​ខ្លាំង​ក្នុង​ការ​ផ្ដល់​ជំនួយ​យោធា​ទៅ​ឱ្យ​អ៊ុយក្រែន ដូច​នឹង​ប្រទេស​ជា​សមាជិក​ណាតូ​ផង​ដែរ៕

© 2024, ខេមបូឌា ដេលី. All rights reserved. No part of this article may be reproduced in print, electronically, broadcast, rewritten or redistributed without written permission.

អត្ថបទទាក់ទង

អត្ថបទអានច្រើន

សេចក្ដីរាយការណ៍ពិសេស