38.3 C
Phnom Penh

អគ្គលេខាធិការ​ណាតូ​និង​សហរដ្ឋ​អាមេរិក​អះអាង​ថា​មិន​មាន​គម្រោង​បញ្ជូន​ទ័ព​ទៅ​អ៊ុយក្រែន​នោះ​ទេ

ដោយ ឌឹ ខេមបូឌា ដេលី

បទវិភាគ

អគ្គលេខាធិការ​អង្គការ​ណាតូ លោក Jens Stoltenberg បាន​និយាយ​ថា សម្ព័ន្ធភាព​យោធា​ណាតូ​មិន​មាន​គម្រោង​បញ្ជូន​កងទ័ព​ទៅ​កាន់​ប្រទេស​អ៊ុយក្រែន នោះ​ទេ។

ការ​បញ្ជាក់​របស់​លោក Jens Stoltenberg ចំ​ពេល​មាន​ការ​ចុះផ្សាយ​ព័ត៌មាន​ថា ប្រទេស​លោក​ខាងលិច​មួយ​ចំនួន កំពុង​ពិចារណា​ដាក់​ពង្រាយ​កងទ័ព​របស់​ពួកគេ​ទៅ​ក្នុង​ប្រទេស​អ៊ុយក្រែន ដែល​ហែកហួរ​ដោយ​សង្គ្រាម​ឈ្លានពាន​របស់​មហាអំណាច​រុស្ស៊ី។

តាម​ទីភ្នាក់ងារ​ព័ត៌មាន AFP នៅ​ថ្ងៃទី​២៧ ខែ​កុម្ភៈ លោក Stoltenberg បាន​និយាយ​ថា៖ សម្ព័ន្ធមិត្ត​ណាតូ​កំពុង​ផ្តល់​ការ​គាំទ្រ​ដែល​មិន​ធ្លាប់​មាន​ពី​មុន​មក​ដល់​អ៊ុយក្រែន ហើយ​ថា​បាន​ធ្វើ​រឿង​នេះ​តាំងពី​ឆ្នាំ​២០១៤ មក​ហើយ បន្ទាប់ពី​មាន​ការ​លុកលុយ​ទ្រង់ទ្រាយ​ធំ​របស់​រុស្ស៊ី លើ​ប្រទេស​អ៊ុយក្រែន ក្រុម​ណាតូ​កាន់តែ​បង្កើន​ជំនួយ​យោធា​ឱ្យ​អ៊ុយក្រែន ប៉ុន្តែ​ណាតូ​មិន​មាន​ផែនការ​ដាក់​ពង្រាយ​កម្លាំង​ទ័ព​នៅ​លើ​ដី​ក្នុង​ប្រទេស​អ៊ុយក្រែន នោះ​ទេ។

លោក​អគ្គលេខាធិការ​អង្គការ​ណាតូ បញ្ជាក់​ថា អង្គការ​ណាតូ​ក្នុង​នាម​ជា​សម្ព័ន្ធមិត្ត បាន​ផ្តល់​ដល់​អ៊ុយក្រែន​នូវ​ជំនួយ​ដែល​មិន​មាន​គ្រោះថ្នាក់ ដូចជា​ការ​ផ្គត់ផ្គង់​ផ្នែក​វេជ្ជសាស្ត្រ ឯកសណ្ឋាន និង​សម្ភារៈ​ប្រើប្រាស់​សម្រាប់​រដូវ​រងា ប៉ុន្តែ​សមាជិក​ខ្លះ​បាន​បញ្ជូន​អាវុធ និង​គ្រាប់រំសេវ​ជា​ទ្វេភាគី តែ​ក្នុង​ក្របខ័ណ្ឌ​ណាតូ។ ចំពោះ​ការ​សម្រេច​ចិត្ត​ណា​មួយ​របស់​អង្គការ​ណាតូ ដើម្បី​បញ្ជូន​ទ័ព តម្រូវ​ឱ្យ​មាន​ការ​គាំទ្រ​ជា​ឯកច្ឆន្ទ​ពី​រដ្ឋ​ជា​សមាជិក​ទាំងអស់។

តាម​លោក Stoltenberg រហូត​មក​ដល់​ពេលនេះ គំនិត​នៃ​ការ​ចូល​ទៅ​ក្នុង​សមរភូមិ​ដោយ​ផ្ទាល់​ត្រូវ​បាន​ហាមឃាត់ ជាពិសេស​នៅ​ពេល​ដែល​ណាតូ ព្យាយាម​ជៀសវាង​ការ​ចូល​ទៅ​ក្នុង​សង្គ្រាម​កាន់តែ​ទូលំទូលាយ​ជាមួយ​រុស្ស៊ី។

មេដឹកនាំ​អង្គការ​ណាតូ​រូប​នេះ​ពន្យល់​ប្រាប់​ក្រុម​សារព័ត៌មាន​ថា អ្វី​ដែល​កំពុង​កើត​ឡើង​នេះ គឺជា​សង្គ្រាម​ឈ្លានពាន​របស់​រុស្ស៊ី ប្រឆាំង​នឹង​អ៊ុយក្រែន ដោយ​បំពាន​ច្បាប់​អន្តរជាតិ​យ៉ាង​ព្រៃផ្សៃ ហើយ​បើ​យោង​តាម​ច្បាប់​អន្តរជាតិ អ៊ុយក្រែន​មាន​សិទ្ធិ​ការពារ​ខ្លួន ហើយ​ចំពោះ​អង្គការ​ណាតូ មាន​សិទ្ធិ​គាំទ្រ​ក្នុង​ការ​រក្សា​សិទ្ធិ​ការពារ​ខ្លួន។

ពី​សេតវិមាន​ឯណោះ​វិញ រដ្ឋការ​លោក ចូ បៃដិន និយាយ​ថា​សហរដ្ឋ​អាមេរិក​នឹង​មិន​បញ្ជូន​កងទ័ព​ទៅ​ប្រយុទ្ធ​នៅ​អ៊ុយក្រែន នោះ​ទេ។

នៅ​ក្នុង​សេចក្ដី​ថ្លែងការណ៍​មួយ អ្នក​នាំពាក្យ​សេតវិមាន អ្នកស្រី Adrienne Watson បាន​លើកឡើង​ថា លោក​ប្រធានាធិបតី ចូ បៃដិន បាន​បញ្ជាក់​យ៉ាង​ច្បាស់​រួច​ហើយ​ថា សហរដ្ឋ​អាមេរិក​នឹង​មិន​បញ្ជូន​កងទ័ព​ទៅ​ប្រយុទ្ធ​នៅ​ក្នុង​ទឹកដី​ប្រទេស​អ៊ុយក្រែន ឡើយ។

ស្រប​ពេល​គ្នា​នេះ អ្នក​នាំពាក្យ​ក្រុមប្រឹក្សា​សន្តិសុខ​ជាតិ​សេតវិមាន លោក John Kirby ក៏​បាន​ប្រាប់​អ្នក​សារព័ត៌មាន​ដែរ​ថា បុគ្គលិក​យោធា​អាមេរិកាំង​ដែល​បាន​ស្ថិត​នៅ​អ៊ុយក្រែន គឺ​គ្រាន់តែ​ដើម្បី​ធ្វើការ​ជាមួយ​ស្ថានទូត​សហរដ្ឋ​អាមេរិក​លើ​ការ​ទទួល​ខុសត្រូវ​ផ្ដល់​អាវុធ​ឱ្យ​អ៊ុយក្រែន តែប៉ុណ្ណោះ។

លោក John Kirby បន្ត​ថា កងទ័ព​អាមេរិកាំង​នឹង​មិន​ត្រូវ​បាន​បញ្ជូន​ឱ្យ​ដោះ​គ្រាប់មីន ផលិត​អាវុធ ឬ​ក៏​ដឹកនាំ​ប្រតិបត្តិការ​អ៊ីនធឺណិត​នោះ​ទេ។

ទោះជា​យ៉ាងណា លោក John Kirby ថ្លែង​ថា ការ​សម្រេច​ចិត្ត​បញ្ជូន​កងទ័ព​ទៅ​កាន់​អ៊ុយក្រែន ឬ​ក៏​យ៉ាង​ណា​នោះ វា​គឺជា​សិទ្ធិ​អធិបតេយ្យ​នៃ​សមាជិក​អង្គការ NATO ណា​មួយ។

មក​ដល់​ពេលនេះ​មាន​ប្រទេស​ជាច្រើន​ទៀត មាន​ដូចជា​អាល្លឺម៉ង់ ប៉ូឡូញ សាធារណរដ្ឋ​ស្លូវ៉ាគី បាន​ថ្លែង​ជំទាស់​គំនិត​ផ្ដួចផ្ដើម​ពី​ប្រធានាធិបតី​បារាំង។ ប្រធានាធិបតី​បារាំង លោក Emmanuel Macron កាលពី​ថ្ងៃ​ចន្ទ​ក្នុង​សប្ដាហ៍​នេះ បាន​ប្រកាស​ពី​ការ​បោះ​ជំហាន​ថ្មីៗ​មួយ​ចំនួន ដើម្បី​ជំរុញ​ការ​គាំទ្រ​អ៊ុយក្រែន នៅ​ក្នុង​សង្គ្រាម​ប្រឆាំង​នឹង​ការ​ឈ្លានពាន​របស់​រុស្ស៊ី ជាមួយ​ការ​សង្កត់​ធ្ងន់​ថា ជម្រើស​បញ្ជូន​កងទ័ព​លោក​ខាងលិច​ទៅ​ជួយ​អ៊ុយក្រែន មិន​អាច​ត្រូវ​បាន​ច្រានចោល​ឡើយ ដើម្បី​សម្រេច​គោលដៅ​សម្រាប់​អឺរ៉ុប ក្នុង​ការ​យក​ឈ្នះ​ទីក្រុង​មូស្គូ។

លោក​ពន្យល់​ថា ជា​ការពិត​ណាស់ មិន​មាន​កុងសង់ស៊ីស​ចំពោះ​ការ​ការ​បញ្ជូន​កងទ័ព​ថ្មើរជើង​លោក​ខាងលិច​ទៅ​កាន់​អ៊ុយក្រែន​ដោយ​ផ្ទាល់​ក៏​ពិត​មែន តែ​ក៏​គ្មាន​ជម្រើស​ណា​មួយ​ត្រូវ​បាន​ច្រានចោល​នោះ​ដែរ ហើយ​ថា​នឹង​ធ្វើ​អ្វីៗ​គ្រប់​យ៉ាង​ដើម្បី​ធានា​ឱ្យ​បាន​ថា រុស្ស៊ី​មិន​អាច​ឈ្នះ​នៅ​ក្នុង​សង្គ្រាម​នេះ​ដាច់ខាត។

លោក Macron បាន​លើកឡើង​ដូចនេះ​នៅ​ក្នុង​សន្និសីទ​អន្តរជាតិ​មួយ​នៅ​ក្រុង​ប៉ារីស ដែល​មាន​ប្រទេស​សមាជិក​ណាតូ និង​សហភាព​អឺរ៉ុប ចូលរួម​ជាង ២០​ប្រទេស កាលពី​ថ្ងៃ​ចន្ទ​ដើម​សប្ដាហ៍​នេះ។

ការ​ថ្លែង​របស់​ប្រធានាធិបតី​បារាំង បាន​នាំ​ឱ្យ​មាន​ប្រតិកម្ម​ភ្លាម​ពី​ក្រុង​មូស្គូ។ អ្នក​នាំពាក្យ​វិមាន​ក្រឹមឡាំង លោក Dmitry Peskov បាន​ព្រមាន​ថា ការ​ប្រឈមមុខ​ដាក់​គ្នា​ដោយ​ផ្ទាល់​រវាង​រុស្ស៊ី និង​អង្គការ​ណាតូ នឹង​ជៀស​មិន​រួច ប្រសិនបើ​បណ្តា​ប្រទេស​លោក​ខាងលិច​សម្រេច​ចិត្ត​បញ្ជូន​កងកម្លាំង​ទៅ​កាន់​អ៊ុយក្រែន។

នៅ​ក្នុង​ការ​ឆ្លើយតប​ទៅ​នឹង​សំណួរ​អំពី​ការ​ដាក់​ពង្រាយ​កងទ័ព​ណាតូ ទៅ​កាន់​អ៊ុយក្រែន លោក Peskov បាន​បញ្ជាក់​ថា ក្នុង​ករណី​នេះ អ្វី​ដែល​ត្រូវ​ពិភាក្សា​មិនមែន​ជា​លទ្ធភាព​នោះ​ទេ ប៉ុន្តែ​ជា​ភាព​ជៀស​មិន​រួច​នៃ​ជម្លោះ​ដែល​អាច​កើត​មាន​ជាមួយ​នឹង​ណាតូ៕

© 2024, ខេមបូឌា ដេលី. All rights reserved. No part of this article may be reproduced in print, electronically, broadcast, rewritten or redistributed without written permission.

អត្ថបទទាក់ទង

អត្ថបទអានច្រើន

សេចក្ដីរាយការណ៍ពិសេស