35 C
Phnom Penh

លោក ស ខេង ស្នើ​ពលរដ្ឋ​បន្ត​បោះឆ្នោត​គាំទ្រ​គណបក្ស​ប្រជាជន​ដើម្បី​កម្ពុជា​ឈរ​ស្មើ​មុខ​ប្រទេស​នានា​លើ​ឆាក​អន្តរជាតិ

ដោយ ឌឹ ខេមបូឌា ដេលី

បទវិភាគ

លោក ស ខេង អនុប្រធាន​គណបក្ស​ប្រជាជន​កម្ពុជា និង​ជា​រដ្ឋមន្ត្រី​ក្រសួង​មហាផ្ទៃ ស្នើ​ប្រជាពលរដ្ឋ​បន្ត​បោះឆ្នោត​គាំទ្រ​គណបក្ស​ប្រជាជន​ដើម្បី​ផ្ដល់​លទ្ធភាព​ដល់​គណបក្ស​មួយ​នេះ​បាន​ដឹកនាំ​មាតុភូមិ​កម្ពុជា​ឆ្ពោះ​ទៅ​រក​ភាព​រីកចម្រើន​រុងរឿង និង​ឈរ​ស្មើ​មុខ​ប្រទេស​នានា​នៅ​លើ​ឆាក​អន្តរជាតិ។

ថ្លែង​ក្នុង​ឱកាស​ដឹកនាំ​យុទ្ធនាការ​ឃោសនា​រក​សំឡេង​ឆ្នោត​នៅ​ស្រុក​បវេល ខេត្ត​បាត់ដំបង នៅ​ថ្ងៃទី​៣ ខែ​កក្កដា លោក ស ខេង អំពាវនាវ​ដល់​សមាជិក​សមាជិកា អ្នកគាំទ្រ​គណបក្ស​ប្រជាជន​កម្ពុជា និង​ជា​រួម​ប្រជាពលរដ្ឋ​ខ្មែរ​ដែល​មាន​ឈ្មោះ​ក្នុង​បញ្ជី​ឈ្មោះ​បោះឆ្នោត សូម​ត្រៀម​លក្ខណៈ​អញ្ជើញ​ទៅ​បោះឆ្នោត​នៅ​ថ្ងៃទី​២៣ ខែ​កក្កដា ឆ្នាំ​២០២៣ ខាងមុខ​នេះ ដើម្បី​គាំទ្រ​ការ​អនុវត្ត​លទ្ធិប្រជាធិបតេយ្យ​ដែល​បាន​ចាក់​គ្រឹះ​យ៉ាង​រឹងមាំ​នៅ​កម្ពុជា​ចាប់តាំងពី​ឆ្នាំ​១៩៩៣។

លោក ស ខេង បាន​លើកឡើង​ថា បោះឆ្នោត​គាំទ្រ​គណបក្ស​ប្រជាជន​កម្ពុជា ដើម្បី​ផ្ដល់​លទ្ធភាព​ដល់​គណបក្ស​មួយ​នេះ​បាន​ដឹកនាំ​មាតុភូមិ​កម្ពុជា​ឆ្ពោះ​ទៅ​រក​ភាព​រីកចម្រើន​រុងរឿង និង​ឈរ​ស្មើ​មុខ​ប្រទេស​នានា​នៅ​លើ​ឆាក​អន្តរជាតិ។

លោក ស ខេង បាន​លើកឡើង​ថា រាជរដ្ឋាភិបាល​បាន​គ្រប់គ្រង បង្ការ​ទប់ស្កាត់​បាន​ប្រកប​ដោយ​ប្រសិទ្ធភាព​ជំងឺ​កូវីដ-១៩ និង​ជាពិសេស ការ​ចូលរួម​គាំទ្រ​ការ​បោះឆ្នោត​ឃុំ-សង្កាត់ ឆ្នាំ​២០២២ ហើយ​នឹង​បន្ត​គាំទ្រ​ដល់​ការ​បោះឆ្នោត​ជ្រើសតាំង​តំណាងរាស្ត្រ​ឆ្នាំ​២០២៣ នេះ​ថែម​ទៀត។

គណៈកម្មាធិការ​ជាតិ​រៀបចំ​ការ​បោះឆ្នោត (គ.ជ.ប) បាន​ចេញ​ផ្សាយ​សេចក្ដី​ប្រកាស​ព័ត៌មាន​ស្តីអំពី​ស្ថានភាព​ទូទៅ​នៃ​ការ​ឃោសនា​បោះឆ្នោត​ជ្រើសតាំង​តំណាងរាស្ត្រ​នីតិកាល​ទី​៧ ឆ្នាំ​២០២៣ បាន​កត់សម្គាល់​អំពី​សកម្មភាព​យុទ្ធនាការ​ឃោសនា​របស់​បណ្ដា​គណបក្ស​នយោបាយ​នានា​ថា បាន​ប្រព្រឹត្ត​ទៅ​ដោយ​រលូន គ្មាន​អំពើ​ហិង្សា មាន​សន្តិសុខ សុវត្ថិភាព សណ្ដាប់ធ្នាប់​ល្អ។

ដោយឡែក​នា​ថ្ងៃទី​២ ខែ​កក្កដា ឆ្នាំ​២០២៣ គ.ជ.ប បាន​បន្ត​វាយតម្លៃ​ជា​វិជ្ជមាន និង​បាន​កត់សម្គាល់​អំពី​កំណើន​គណបក្ស​នយោបាយ​ធ្វើ​សកម្មភាព​ច្រើន​ជាង​ថ្ងៃ​ទី​មួយ។ ជាក់ស្ដែង គណបក្ស​ហ៊្វុនស៊ិនប៉ិច គណបក្ស​ខ្មែរ​អភិរក្ស គណបក្ស​ឯកភាព​ជាតិ​ខ្មែរ គណបក្ស​កម្លាំង​ប្រជាធិបតេយ្យ និង​គណបក្ស​យុវជន​កម្ពុជា បាន​ធ្វើ​សកម្មភាព​ហែ​ក្បួន​ឃោសនា​នៅ​រាជធានី​ភ្នំពេញ ខណៈ​គណបក្ស​ប្រជាជន​កម្ពុជា គណបក្ស​ខ្មែរ​រួបរួម​ជាតិ និង​គណបក្ស​សំបុក​ឃ្មុំ​សង្គម​ប្រជាធិបតេយ្យ ហែ​ក្បួន​ឃោសនា​ច្រើន​នៅ​តាម​បណ្ដា​ខេត្ត។

សូម​បញ្ជាក់​ថា យុទ្ធនាការ​ឃោសនា​បោះឆ្នោត​ជ្រើសតាំង​តំណាងរាស្ត្រ​នីតិកាល​ទី​៧ ឆ្នាំ​២០២៣ នឹង​បន្ត​ប្រព្រឹត្ត​ទៅ​រហូត​ដល់​ថ្ងៃទី​២១ ខែ​កក្កដា ឆ្នាំ​២០២៣។ ថ្ងៃទី​២២ គឺជា​ថ្ងៃ «ស» ដែល​គ្រប់​គណបក្ស​នយោបាយ​ទាំងអស់​ត្រូវ​រក្សា​ភាព​ស្ងប់ស្ងៀម ខណៈ​ថ្ងៃ​បន្ទាប់ គឺ​ថ្ងៃទី​២៣ ខែ​កក្កដា គឺជា​ថ្ងៃ​បោះឆ្នោត។ ការ​បោះឆ្នោត​នេះ​មាន​គណបក្ស​នយោបាយ​ចំនួន​១៨ បាន​ចុះឈ្មោះ​ចូលរួម​ប្រកួត​ប្រជែង។ ក្រៅពី​យុទ្ធនាការ​ឃោសនា​នៅ​តាម​ទីតាំង​សាធារណៈ គណបក្ស​នយោបាយ​ទាំងអស់​ក៏​បាន​បង្កើន​សកម្មភាព​ផ្សព្វផ្សាយ និង​ឃោសនា​កម្មវិធី​នយោបាយ៕

© 2024, ខេមបូឌា ដេលី. All rights reserved. No part of this article may be reproduced in print, electronically, broadcast, rewritten or redistributed without written permission.

អត្ថបទទាក់ទង

អត្ថបទអានច្រើន

សេចក្ដីរាយការណ៍ពិសេស