35 C
Phnom Penh

មន្ត្រី​ជាន់ខ្ពស់​ទម្លាយ​ថា​លោក ហ៊ុន ម៉ាណែត នឹង​ទៅ​ចូលរួម​កិច្ចប្រជុំ​មហាសន្និបាត​អង្គការ​សហប្រជាជាតិ​ឋានៈ​ជា​នាយករដ្ឋមន្ត្រី​នៅ​ខែ​កញ្ញា

ដោយ ឌឹ ខេមបូឌា ដេលី

បទវិភាគ

មន្ត្រី​នៃ​ក្រសួង​ការបរទេស​កម្ពុជា​មួយ​រូប​បាន​ទម្លាយ​ថា បេក្ខជន​អនាគត​នាយករដ្ឋមន្ត្រី​របស់​បក្ស​កាន់​អំណាច​លោក ហ៊ុន ម៉ាណែត នឹង​ធ្វើ​ដំណើរ​ទៅ​ចូលរួម​កិច្ចប្រជុំ​មហាសន្និបាត​អង្គការ​សហប្រជាជាតិ​ក្នុង​បុរី​ញីវយ៉ក សហរដ្ឋ​អាមេរិក ក្នុង​ឋានៈ​ជា​នាយករដ្ឋមន្ត្រី​កម្ពុជា​នៅ​អំឡុង​ខែ​កញ្ញា ឆ្នាំ​២០២៣ ខាងមុខ​នេះ ខណៈ​ក្រុម​មន្ត្រី​ខ្លះ ឬ​ក្រុម​អ្នកគាំទ្រ​គណបក្ស​ប្រជាជន​កម្ពុជា​ខ្លះ​កំពុង​នាំគ្នា​សម្រុក​កក់​សណ្ឋាគារ​ក្នុង​ទីក្រុង​នេះ​យ៉ាង​គគ្រឹកគគ្រេង។

មន្ត្រី​ជាន់ខ្ពស់​ក្នុង​ជួរ​បក្ស​កាន់​អំណាច​មួយ​រូប​បាន​ទម្លាយ​ប្រាប់​សារព័ត៌មាន The Cambodia Daily ក្នុង​លក្ខខណ្ឌ​មិន​បញ្ចេញ​ឈ្មោះ​ដើម្បី​សុវត្ថិភាព​ផ្ទាល់ខ្លួន​នៅ​ថ្ងៃទី​៧ កក្កដា នេះ​ថា រឿង​នេះ​ត្រូវ​បាន​ផ្សព្វផ្សាយ​តែ​ផ្ទៃក្នុង​គណបក្ស​ភាគី​លោក ហ៊ុន សែន តែប៉ុណ្ណោះ ព្រោះ​ថា​នៅ​ពេល​បោះឆ្នោត​រួចរាល់ ការ​ផ្ទេរ​អំណាច​ពី​លោក ហ៊ុន សែន ទៅ​លោក ហ៊ុន ម៉ាណែត នឹង​ត្រូវតែ​ធ្វើឡើង​ជាបន្ទាន់ ក្នុង​នោះ​ក៏​អាច​នឹង​មាន​ការ​បោះឆ្នោត​ជា​កញ្ចប់​ផង​ដែរ ដើម្បី​កុំ​ឲ្យ​មាន​ការ​ទប់ស្កាត់​ណា​មួយ​ពី​មន្ត្រី​ជាន់ខ្ពស់​ក្នុង​ជួរ​បក្ស​កាន់​អំណាច​ផ្សេង​ទៀត។

ប្រភព​ដដែល​អះអាង​ថា ការ​មិន​កំណត់​ពេលវេលា​ជាក់លាក់​ក្នុង​ការ​តែងតាំង​លោក ហ៊ុន ម៉ាណែត ឲ្យ​ស្នង​អំណាច​ជា​នាយករដ្ឋមន្ត្រី គឺជា​យុទ្ធសាស្ត្រ​របស់​លោក ហ៊ុន សែន ព្រោះ​គាត់​ខ្លាច​មាន​ការ​ទប់ស្កាត់​ណា​មួយ​ពី​មន្ត្រី​ជាន់ខ្ពស់​នៅ​ផ្ទៃក្នុង​បក្ស​របស់​ខ្លួន ដូច្នេះ​គាត់​ត្រូវតែ​ប្រើ​ពេល​ខ្លី​បំផុត​ដើម្បី​ផ្ទេរ​អំណាច​ទៅ​ឱ្យ​កូនប្រុស​របស់​គាត់ ដើម្បី​កុំ​ឲ្យ​អ្នក​ដែល​មិន​យល់ស្រប​នឹង​ការ​ផ្ទេរ​អំណាច​នេះ​មាន​ឱកាស​ធ្វើ​ឱ្យ​រាំងស្ទះ​ដល់​ផែនការ​នេះ។

ប្រភព​ដដែល​បញ្ជាក់​ថា មន្ត្រី​ដទៃ​ទៀត​ក្នុង​ជួរ​បក្ស​រិះគន់​ថា ការ​តែងតាំង​លោក ហ៊ុន ម៉ាណែត ឱ្យ​ធ្វើ​ជា​បេក្ខជន​នាយករដ្ឋមន្ត្រី ពួកគេ​ក៏​មិន​ជំទាស់​ដែរ ប៉ុន្តែ​លោក ហ៊ុន សែន ត្រូវ​កំណត់​ឱ្យ​បាន​ច្បាស់​ថា លោក ហ៊ុន ម៉ាណែត ត្រូវ​ប្រកាស​ឈរឈ្មោះ​ជា​បេក្ខជន​នាយករដ្ឋមន្ត្រី​នៅ​អាណត្តិ​មួយ​ណា​ដើម្បី​ប្រកាស​នៅ​មុន​ការ​បោះឆ្នោត​ឲ្យ​សមាជិក​បក្ស​កាន់​អំណាច និង​ពលរដ្ឋ​ខ្មែរ​បាន​ដឹង ហើយ​ក្រោយ​ពេល​ដែល​គណបក្ស​ប្រជាជន​កម្ពុជា​ឈ្នះ​ឆ្នោត​នោះ លោក ហ៊ុន ម៉ាណែត អាច​ធ្វើ​ជា​នាយករដ្ឋមន្ត្រី​ដោយ​ស្រប​ច្បាប់​បាន​ហើយ។

មន្ត្រី​ដដែល​បញ្ជាក់​ថា អាណត្តិ​នេះ​លោក ហ៊ុន ម៉ាណែត មិន​បាន​ប្រកាស​ឈរឈ្មោះ​បេក្ខជន​នាយករដ្ឋមន្ត្រី​សម្រាប់​ឱ្យ​ពលរដ្ឋ​ខ្មែរ ឬ​សមាជិក​បក្ស​កាន់​អំណាច​ឲ្យ​បោះឆ្នោត​គាំទ្រ​គាត់​ទេ ខណៈ​គាត់​ត្រឹមតែ​ជា​បេក្ខជន​នាយករដ្ឋមន្ត្រី​ក្នុង​លក្ខខណ្ឌ​ត្រៀម​ខ្លួន​ប៉ុណ្ណោះ ដូច្នេះ​បើ​លោក ហ៊ុន សែន ហ៊ាន​ផ្ទេរ​អំណាច​ឱ្យ​លោក ហ៊ុន ម៉ាណែត នៅ​ក្រោយ​ការ​បោះឆ្នោត​នេះ​មែន នោះ​វា​គឺជា​ការ​ប្លន់​តំណែង​នាយករដ្ឋមន្ត្រី​ក្នុង​គណបក្ស​របស់​ខ្លួន​ទាំងស្រុង។

មន្ត្រី​ជាន់ខ្ពស់​បក្ស​កាន់​អំណាច​រូប​នេះ​បញ្ជាក់​ថា ទំនង​ដោយសារតែ​មូលហេតុ​នេះ​ហើយ​ទើប​បាន​ជា​លោក ហ៊ុន សែន ត្រូវតែ​រក​វិធី​ផ្ទេរ​អំណាច​ឱ្យ​កូនប្រុស​របស់​គាត់​ឱ្យ​បាន​កាន់តែ​ឆាប់ ដើម្បី​កុំ​ឱ្យ​មាន​ការ​ជំទាស់​ណា​មួយ​ផ្ទុះឡើង​ដែល​នាំ​ឲ្យ​រាំងស្ទះ​ដល់​ផែនការ​នេះ។

ការ​អះអាង​នេះ ធ្វើឡើង​ក្នុង​ចេតនា​ទម្លាយ​នូវ​អាថ៌កំបាំង​ផែនការ​ផ្ទេរ​អំណាច​របស់​លោក ហ៊ុន សែន ទៅ​ឲ្យ​លោក ហ៊ុន ម៉ាណែត ដែល​ពួកគេ​កំពុង​ត្រៀម​អនុវត្ត​នៅ​ក្រោយ​ការ​បោះឆ្នោត​ជាតិ​ឆ្នាំ​២០២៣​នេះ។

មហាសន្និបាត​ប្រចាំ​ឆ្នាំ​របស់​អង្គការ​សហប្រជាជាតិ គឺជា​វេទិកា​ជួបជុំ​ប្រទេស​ជា​សមាជិក​ដើម្បី​ពិភាក្សា និង​អនុម័ត​លើ​សេចក្តី​សម្រេច​ផ្សេងៗ​នៅ​រៀងរាល់​ខែ​កញ្ញា ហើយ​មេដឹកនាំ​ប្រទេស​ដែល​ជា​សមាជិក​មាន​កាតព្វកិច្ច​ត្រូវ​ចូលរួម​មហាសន្និបាត​នេះ​ផង​ដែរ។

អ្នកវិភាគ​ឯករាជ្យ និង​ជា​ប្រធាន​វេទិកា​ពលរដ្ឋ លោក គឹម សុខ បាន​ប្រាប់​សារព័ត៌មាន The Cambodia Daily នៅ​ថ្ងៃទី​៧ កក្កដា នេះ​ថា ការ​ទម្លាយ​ព័ត៌មាន​ផ្ទៃក្នុង​ចំពោះ​បញ្ហា​ដែល​ថា លោក ហ៊ុន ម៉ាណែត នឹង​ធ្វើ​ដំណើរ​ទៅ​ចូលរួម​មហាសន្និបាត​អង្គការ​សហប្រជាជាតិ​ក្នុង​ឋានៈ​ជា​នាយករដ្ឋមន្ត្រី​កម្ពុជា​នៅ​អំឡុង​ខែ​កញ្ញា ឆ្នាំ​២០២៣ ខាងមុខ​នេះ គឺ​ត្រូវតែ​ធ្វើការ​ស៊ើប​អង្កេត​ជា​មុន​សិន ទើប​អាច​វាយតម្លៃ​បាន​ថា នឹង​មាន​រឿង​បែប​នេះ ឬ​ក៏​អត់ ប៉ុន្តែ​ព័ត៌មាន​គឺ​មាន​អត្ថន័យ​ស្រប​គ្នា​ដែល​គ្រួសារ​លោក ហ៊ុន សែន ចង់​ឱ្យ​លោក ហ៊ុន ម៉ាណែត ឡើង​កាន់​តំណែង​ជា​នាយករដ្ឋមន្ត្រី​ឲ្យ​បាន​កាន់តែ​ឆាប់​នោះ។

លោក គឹម សុខ លើកឡើង​ថា ប្រសិនបើ​រឿង​នេះ​ជា​រឿង​ពិត នោះ​ការ​ផ្ទេរ​អំណាច​ច្បាស់​ជា​ត្រូវ​ធ្វើ​ឡើង​នៅ​ក្រោយ​ការ​បោះឆ្នោត​នា​ចុងខែ​កក្កដា ឆ្នាំ​២០២៣ នេះ​តែម្តង ដើម្បី​ឲ្យ​លោក ហ៊ុន ម៉ាណែត អាច​ដឹកនាំ​មន្ត្រី​រដ្ឋាភិបាល​របស់​ខ្លួន​ទៅ​ចូលរួម​មហាសន្និបាត​នេះ​ដោយ​ពេញ​មុខ ព្រោះ​ថា​លោក ហ៊ុន ម៉ាណែត ក៏​មិន​អាច​ដឹកនាំ​មន្ត្រី​រដ្ឋាភិបាល​ទៅ​ចូលរួម​មហាសន្និបាត​អង្គការ​សហប្រជាជាតិ​នៅ​ខែ​កញ្ញា ខាងមុខ​នេះ​ក្នុង​តួនាទី​ណា​មួយ​ដែល​មិនមែន​ជា​នាយករដ្ឋមន្ត្រី​នោះ​ដែរ។

អ្នកវិភាគ​រូប​នេះ​បញ្ជាក់​ថា ផ្ទុយទៅវិញ បើ​រឿង​នេះ​មិនមែន​ជា​ការពិត នោះ​ការ​ទម្លាយ​ព័ត៌មាន​នេះ​គឺជា​ល្បិច​របស់​លោក ហ៊ុន សែន ដើម្បី​ស្ទាបស្ទង់​សភាពការណ៍​នៅ​ផ្ទៃក្នុង​គណបក្ស​របស់​ខ្លួន​ថា តើ​មាន​ភាគី​ណា​ខ្លះ​បង្ហាញ​ជំហរ​មិន​យល់ស្រប​ចំពោះ​ការ​ផ្ទេរ​អំណាច​នេះ ដើម្បី​ឲ្យ​លោក ហ៊ុន សែន អាច​មាន​ពេលវេលា​គ្រប់គ្រាន់​ក្នុង​ការ​កែសម្រួល​ផែនការ​ផ្ទេរ​អំណាច​របស់​គាត់​ឱ្យ​ទាន់​ពេល​មុន​ការ​បោះឆ្នោត​មក​ដល់។

កាលពី​ថ្ងៃទី​២ ខែ​ធ្នូ ឆ្នាំ​២០២១ បុរស​ខ្លាំង​ក្រាញ​អំណាច​ត​ត្រកូល​លោក ហ៊ុន សែន បាន​ប្រកាស​គាំទ្រ​កូនប្រុស​ច្បង​របស់​លោក គឺ​លោក ហ៊ុន ម៉ាណែត ឱ្យ​ធ្វើ​ជា​បេក្ខភាព​ជា​នាយករដ្ឋមន្ត្រី​របស់​គណបក្ស​ប្រជាជន​កម្ពុជា ប៉ុន្តែ​នៅ​មុន​ការ​បោះឆ្នោត​អាណត្តិ​ទី​៧ នេះ លោក ហ៊ុន ម៉ាណែត មិន​ត្រូវ​បាន​ប្រកាស​ឈរឈ្មោះ​ជា​នាយករដ្ឋមន្ត្រី​សម្រាប់​ការ​បោះឆ្នោត​ក្នុង​ឆ្នាំ​២០២៣ នោះ​ឡើយ ដូច្នេះ​មាន​ន័យ​ថា លោក ហ៊ុន ម៉ាណែត មិន​អាច​ធ្វើ​ជា​នាយករដ្ឋមន្ត្រី​បាន​ទេ​សម្រាប់​អាណត្តិ​ទី​៧ នេះ ព្រោះ​អ្នក​ដែល​ប្រកាស​ឈ្មោះ​ជា​នាយករដ្ឋមន្ត្រី​ក្នុង​ការ​បោះឆ្នោត​នេះ គឺ​លោក ហ៊ុន សែន ប៉ុណ្ណោះ។

ក្រុម​អ្នក​សង្កេតការណ៍​លើកឡើង​ថា បើ​លោក ហ៊ុន ម៉ាណែត ឡើង​កាន់​អំណាច​ជា​នាយករដ្ឋមន្ត្រី​នៅ​ក្រោយ​ការ​បោះឆ្នោត​នា​ចុងខែ​កក្កដា នេះ​មែន នោះ​លោក​មិនមែន​ជា​នាយករដ្ឋមន្ត្រី​ដែល​កើត​ចេញពី​ការ​បោះឆ្នោត​ទេ គឺជា​នាយករដ្ឋមន្ត្រី​ដែល​កើត​ចេញពី​ការ​លើក​បន្តុប​ពី​ឪពុក​របស់​ខ្លួន​ប៉ុណ្ណោះ ព្រោះ​គាត់​មិន​បាន​ប្រកាស​ឈរឈ្មោះ​ជា​បេក្ខជន​នាយករដ្ឋមន្ត្រី​នៅ​មុន​ការ​បោះឆ្នោត​នេះ​ឡើយ ដូច្នេះ​ការ​ផ្ទេរ​អំណាច​បែប​នេះ គឺ​ត្រូវ​ធ្វើ​ឡើង​តាម​បែប​ប្រទេស​កុម្មុយនីស្ត​ផ្ដាច់ការ ជាជាង​តាម​បែប​ប្រជាធិបតេយ្យ។

ចំណុច​សង្ស័យ​ជុំវិញ​ការ​រៀបចំ​ផែនការ​ផ្ទេរ​អំណាច​នេះ ក៏​មាន​ករណី​ដែល​គួរ​ឱ្យ​ចាប់អារម្មណ៍​ផង​ដែរ ក្នុង​នោះ​លោក ហ៊ុន សែន បាន​ប្រកាស​ផ្លាស់ប្ដូរ​ថ្ងៃ​បង្កើត​រដ្ឋាភិបាល​ក្រោយ​ការ​បោះឆ្នោត​ជាតិ​ឆ្នាំ​២០២៣ នេះ​ភ្លាមៗ ដោយ​លោក​ប្រកាស​ផ្លាស់ប្ដូរ​ថ្ងៃ​បង្កើត​រដ្ឋាភិបាល​ដែល​លោក​បាន​ប្រកាស​ជា​សាធារណៈ ដោយ​កំណត់​យក​ថ្ងៃទី​២៩ ខែ​កក្កដា មក​នៅ​ថ្ងៃទី​៣១ ខែ​សីហា ឆ្នាំ​២០២៣ វិញ ខណៈ​ការ​ប្រជុំ​សភា​នឹង​ត្រូវ​ផ្លាស់ប្ដូរ​ពី​ថ្ងៃ​ទី​២៨ ខែ​កក្កដា មក​ថ្ងៃទី​២៩ ខែ​សីហា វិញ​ផង​ដែរ ដូច្នេះ​ការ​បង្កើត​រដ្ឋាភិបាល​អាណត្តិ​ទី​៧ នេះ គឺ​មាន​រយៈពេល​ដល់​ទៅ​ជាង ១​ខែ​ឯណោះ​បន្ទាប់ពី​បោះឆ្នោត​រួច៕

© 2024, ខេមបូឌា ដេលី. All rights reserved. No part of this article may be reproduced in print, electronically, broadcast, rewritten or redistributed without written permission.

អត្ថបទទាក់ទង

អត្ថបទអានច្រើន

សេចក្ដីរាយការណ៍ពិសេស