រដ្ឋាភិបាលវៀតណាម ប្ដេជ្ញាបន្តរក្សាព្រំដែនសន្តិភាពជាមួយកម្ពុជាជុំវិញការគ្រប់គ្រង និងការពារព្រំដែនឱ្យមានសន្តិសុខ សណ្ដាប់ធ្នាប់ និងការប្រយុទ្ធប្រឆាំងនឹងឧក្រិដ្ឋកម្មនៅតំបន់ព្រំដែនឲ្យបានល្អប្រសើរ ដើម្បីឱ្យខ្សែបន្ទាត់ព្រំដែនរវាងប្រទេសទាំងពីរក្លាយជាព្រំដែនសន្តិភាព មិត្តភាព កិច្ចសហប្រតិបត្តិការ និងការអភិវឌ្ឍយូរអង្វែងទៅថ្ងៃអនាគត។
សារព័ត៌មានយុវជន (Tuoi Tre) នៃប្រទេសវៀតណាម បានស្រង់សម្ដីអ្នកនាំពាក្យក្រសួងការបរទេសវៀតណាម លោក Pham Thu Hang កាលពីដើមសប្តាហ៍នេះថា ប្រទេសវៀតណាម និងកម្ពុជាតែងតែសហការគ្នាយ៉ាងជិតស្និទ្ធលើបញ្ហានៃការគ្រប់គ្រង និងការការពារព្រំដែន សន្តិសុខសណ្ដាប់ធ្នាប់ និងការប្រយុទ្ធប្រឆាំងនឹងឧក្រិដ្ឋកម្មនៅតាមតំបន់ព្រំដែនតាំងពីដើមរហូតមក មិនដែលមានបញ្ហានឹងគ្នានោះទេ។
ការអះអាងរបស់អ្នកនាំពាក្យនៃក្រសួងការបរទេសវៀតណាមនេះ ធ្វើឡើងបន្ទាប់ពីនាយករដ្ឋមន្ត្រីកម្ពុជា ប្រកាសដាក់ពង្រាយកងទ័ពនៅតាមតំបន់ព្រំដែនជាប់ប្រទេសវៀតណាម ក្រោយមានការអះអាងថាមានដ្រូនបើកហោះចូលទឹកដីកម្ពុជាកាលពីពេលថ្មីៗនេះ។
នាយករដ្ឋមន្ត្រីកម្ពុជាលោក ហ៊ុន សែន បានបញ្ជាឱ្យមន្ត្រីជាន់ខ្ពស់នៃកងកម្លាំងប្រដាប់អាវុធសំខាន់ៗត្រៀមកាំភ្លើងសម្រាប់បាញ់យន្តហោះគ្មានមនុស្សបើក ដែលបានហោះចូលទឹកដីកម្ពុជាដែលស្ថិតនៅជាប់ព្រំដែនវៀតណាម នៅភូមិភាគឦសានក្នុងខេត្តមណ្ឌលគិរី កាលថ្ងៃទី២៧ ខែមិថុនា ឆ្នាំ២០២៣ កន្លងទៅនេះ។
មេដឹកនាំខ្មែរលោក ហ៊ុន សែន បញ្ជាក់ថា ដ្រូនទាំងនោះមិនមែនជាដ្រូនរបស់រដ្ឋាភិបាលវៀតណាមទេ ប៉ុន្តែលោកដាក់ការសង្ស័យថា ដ្រូនទាំងនោះគឺជាដ្រូនរបស់ជនជាតិវៀតណាមភាគតិចដេហ្គា ក្នុងនោះលោក ហ៊ុន សែន បញ្ជាក់ថា អង្គភាពណាដែលបានអាចបាញ់ទម្លាក់ដ្រូននោះបាន លោកនឹងផ្តល់រង្វាន់ ២០ម៉ឺនដុល្លារអាមេរិកក្នុង ១គ្រឿង ព្រោះលោកចង់ដឹងថា ដ្រូនទាំងនោះជាដ្រូនរបស់ប្រទេសណា ហើយលោកនឹងប្តឹងទៅអង្គការសហប្រជាជាតិតែម្តងពីការរំលោភដែនអធិបតេយ្យរបស់កម្ពុជា ប៉ុន្តែរហូតមកដល់ពេលនេះ គ្មានដ្រូនណាមួយត្រូវបានបាញ់ទម្លាក់នោះឡើយ។
បញ្ហាយន្តហោះគ្មានមនុស្សបើកដែលបានហោះចូលទឹកដីកម្ពុជានេះ បានកើតឡើងនៅក្នុងខេត្តរតនគិរី ដែលស្ថិតនៅភាគខាងកើតនៃប្រទេសកម្ពុជា ជាប់ព្រំប្រទល់ខេត្ត Dak Lak, Dak Nong និង Binh Phuoc ក្នុងតំបន់ខ្ពង់រាបភាគកណ្តាលនៃប្រទេសវៀតណាម ដែលស្ថិតនៅចន្លោះរវាងខ្សែបន្ទាត់ព្រំដែនគោកនៃប្រទេសទាំងពីរដែលមានប្រវែងសរុបជាង ១១០០គីឡូម៉ែត្រ។
ជុំវិញព្រឹត្តិការណ៍ដ្រូនហោះចូលទឹកដីកម្ពុជានេះ ប្រធានវេទិកាពលរដ្ឋលោក គឹម សុខ បានលើកឡើងថា បើចង់ដឹងថាដ្រូននោះជាដ្រូនរបស់ក្រុមជនជាតិវៀតណាមភាគតិច ឬក៏អត់ លោក ហ៊ុន សែន គួរតែស្នើភាគីវៀតណាមឱ្យជួយបាញ់ដ្រូននោះជាមួយកម្ពុជា ព្រោះថារដ្ឋាភិបាលវៀតណាមក៏ចង់កម្ចាត់ជនជាតិភាគតិចទាំងនោះដែរ ដូច្នេះចាំមើលថាតើរដ្ឋាភិបាលវៀតណាមហ៊ានសហការបាញ់ដ្រូននោះឬក៏អត់។
លោក គឹម សុខ បញ្ជាក់ថា ពលរដ្ឋខ្មែរក៏ត្រូវចាំមើលដែរថា តើលោក ហ៊ុន សែន ហ៊ានស្នើឲ្យរដ្ឋាភិបាលវៀតណាម សហការបាញ់ដ្រូននោះជាមួយខ្លួន ឬក៏អត់ផងដែរ ព្រោះថាបើភាគីវៀតណាមក៏មិនហ៊ានសហការ ហើយលោក ហ៊ុន សែន ក៏មិនហ៊ានស្នើឱ្យភាគីវៀតណាមបាញ់ដ្រូននោះ គឺមានន័យថាដ្រូនទាំងនោះមិនមែនជារបស់ក្រុមជនជាតិវៀតណាមភាគតិចនោះទេ គឺជាដ្រូនរបស់វៀតណាម ឬជាដ្រូនរបស់លោក ហ៊ុន សែន ខ្លួនឯងប៉ុណ្ណោះ៕