35 C
Phnom Penh

លោក សម រង្ស៊ី បន្ត​អំពាវនាវ​ឱ្យ​ពលរដ្ឋ​គ្រប់​និន្នាការ​រួបរួម​គ្នា​គូស​ខ្វែង​សន្លឹកឆ្នោត​ចោល

ដោយ ឌឹ ខេមបូឌា ដេលី

បទវិភាគ

អតីត​មេដឹកនាំ​បក្ស​ប្រឆាំង​លោក សម រង្ស៊ី អំពាវនាវ​ឱ្យ​ពលរដ្ឋ​ខ្មែរ​អ្នក​ស្នេហា​ជាតិ និង​អ្នក​ស្រឡាញ់​យុត្តិធម៌​គ្រប់​និន្នាការ​នយោបាយ​ទាំងអស់ រួបរួម​គ្នា​ក្នុង​ឆន្ទៈ​តែ​មួយ គូស​ខ្វែង​សន្លឹកឆ្នោត​ចោល​នៅ​ថ្ងៃទី​២៣ កក្កដា ខាងមុខ​នេះ ដើម្បី​ជួយ​ជាតិ​ឲ្យ​រួច​ផុត​ពី​ក្រញាំ​នៃ​គ្រួសារ​បំផ្លាញ​ជាតិ​របស់​មេដឹកនាំ​បក្ស​កាន់​អំណាច​លោក ហ៊ុន សែន។

អតីត​មេដឹកនាំ​បក្ស​ប្រឆាំង​លោក សម រង្ស៊ី សរសេរ​លើ​ទំព័រ​ហ្វេសប៊ុក​របស់​ខ្លួន​កាលពី​ថ្ងៃទី​៩ កក្កដា នេះ​ថា ការ​គូស​ខ្វែង​សន្លឹកឆ្នោត​នៅ​ថ្ងៃទី​២៣ ខែ​កក្កដា ឆ្នាំ​២០២៣ ខាងមុខ​នេះ គឺ​ក្នុង​គោលដៅ​ទម្លាក់​លោក ហ៊ុន សែន ចេញពី​អំណាច ដើម្បី​កុំ​ឱ្យ​មេដឹកនាំ​ខ្មែរ​ក្រាញ​អំណាច​រូប​នេះ​បន្ត​បំផ្លាញ​ទ្រព្យសម្បត្តិ​ជាតិ​កម្ពុជា រហូត​នាំ​ឱ្យ​ប្រទេស​ជាតិ​ធ្លាក់​ទៅ​ក្នុង​បំណុល​បរទេស​វ័ណ្ឌក​ទៅ​ថ្ងៃ​មុខ។

ជាង​នេះ​ទៀត ក៏​ដើម្បី​កុំ​ឱ្យ​មេដឹកនាំ​បំផ្លាញ​ជាតិ​បែប​នេះ​កម្ទេច​លទ្ធិប្រជាធិបតេយ្យ សិទ្ធិ​សេរីភាព​ប្រជាពលរដ្ឋ និង​យុត្តិធម៌​សង្គម ព្រមទាំង​ដើម្បី​កុំ​ឱ្យ​បំផ្លាញ​ភាព​រុងរឿង និង​ភាព​ថ្លៃថ្នូរ​របស់​ប្រជារាស្ត្រ​ខ្មែរ​បន្ត​ទៀត​ផង​ដែរ។

អតីត​មេដឹកនាំ​បក្ស​ប្រឆាំង​រូប​នេះ​លើកឡើង​ថា ប្រជាពលរដ្ឋ​ខ្មែរ​គ្រប់​រូប​នឹង​គូស​ខ្វែង​សន្លឹកឆ្នោត​ចោល​នៅ​ថ្ងៃ​បោះឆ្នោត​ខាងមុខ​នេះ​ជាមិនខាន ហើយ​ក្នុង​នោះ អ្នកគាំទ្រ​គណបក្ស​ប្រជាជន​កម្ពុជា​ក៏​នឹង​គូស​ខ្វែង​សន្លឹកឆ្នោត​ចោល​ដែរ ពីព្រោះ​ពួកគេ​ក៏​មិន​ពេញចិត្ត​នឹង​ការ​ដឹកនាំ​តាម​បែប​គ្រួសារ​និយម​របស់​លោក ហ៊ុន សែន ដែរ។

លោក សម រង្ស៊ី បញ្ជាក់​ថា សព្វថ្ងៃ​នេះ លោក ហ៊ុន សែន មិនមែន​ត្រឹមតែ​គាប​សង្កត់ និង​គំរាមកំហែង​គណបក្ស​ប្រឆាំង​ទេ គាត់​ក៏​គាបសង្កត់ និង​គំរាមកំហែង​ថ្នាក់​ដឹកនាំ​ដទៃ​ទៀត​នៃ​គណបក្ស​ប្រជាជន​កម្ពុជា​ដែរ ដោយ​ប្រើ​វិធី «អារ​ក​មាន់» ដើម្បី​បន្លាច​ស្វា ដែល​មាន​ន័យ​ថា គាបសង្កត់​បក្ស​ប្រឆាំង​ដើម្បី​គំរាមកំហែង​មន្ត្រី​ផ្ទៃក្នុង​របស់​ខ្លួន​ដែល​មិន​ស្រប​នឹង​ទង្វើ​ព្រៃផ្សៃ​របស់​គាត់។

ការ​អំពាវនាវ​នេះ ធ្វើឡើង​ស្រប​ពេល​ដែល​ដំណើរការ​នៃ​ការ​បោះឆ្នោត​ជាតិ​ឆ្នាំ​២០២៣ នា​ខែ​កក្កដា ខាងមុខ​នេះ ត្រូវ​គេ​មើល​ឃើញ​ថា​ជា​ការ​បោះឆ្នោត​ដែល​រៀបចំ និង​គ្រប់គ្រង​ដោយ​គណបក្ស​ប្រជាជន​កម្ពុជា​របស់​លោក ហ៊ុន សែន ប៉ុណ្ណោះ។

ដំណើរការ​នៃ​ការ​បោះឆ្នោត​ជាតិ​អាណត្តិ​ទី​៧ នឹង​ប្រព្រឹត្ត​ទៅ​នៅ​ថ្ងៃ​អាទិត្យ ទី​២៣ ខែ​កក្កដា ឆ្នាំ​២០២៣ ដ៏​ខ្លី​ខាងមុខ​នេះ ប៉ុន្តែ​ការ​បោះឆ្នោត​នេះ​ត្រូវ​គេ​រិះគន់​ថា​ជា​ការ​បោះឆ្នោត​ដែល​រៀបចំ​ដោយ​បក្ស​កាន់​អំណាច​ប៉ុណ្ណោះ ព្រោះ​ថា​លោក ហ៊ុន សែន បាន​កម្ចាត់​គណបក្ស​ប្រឆាំង​មិន​ឱ្យ​ចូលរួម ដូចជា​គណបក្ស​សង្គ្រោះ​ជាតិ និង​គណបក្ស​ភ្លើង​ទៀន ជាដើម ខណៈ​មន្ត្រី​បក្ស​ប្រឆាំង​ក៏​ត្រូវ​លោក ហ៊ុន សែន ប្តឹង​ដាក់​គុក និង​រឹបអូស​ទ្រព្យសម្បត្តិ​ថែម​ទៀត។

កាន់តែ​ធ្ងន់ធ្ងរ​ជាង​នេះ​ទៀត​នោះ លោក ហ៊ុន សែន បាន​បញ្ជា​ឱ្យ​រដ្ឋសភា​ឯក​បក្ស​របស់​គណបក្ស​ប្រជាជន​កម្ពុជា​កែ​ច្បាប់​បោះឆ្នោត ដើម្បី​គាបសង្កត់​ឱ្យ​ពលរដ្ឋ​ទៅ​បោះឆ្នោត​ទាំង​ដែល​គណបក្ស​ដែល​ពួកគេ​គាំទ្រ​ត្រូវ​បាន​ហាមឃាត់​មិន​ឱ្យ​ឈរឈ្មោះ​បោះឆ្នោត​ថែម​ទៀត។

ទាក់ទិន​នឹង​បញ្ហា​នេះ កូនប្រុស​ច្បង​មេដឹកនាំ​ខ្មែរ​ពូកែ​ប្លន់​អំណាច​ផ្ដាច់មុខ​នៅ​កម្ពុជា លោក ហ៊ុន ម៉ាណែត បាន​ចេញ​មុខ​ប្រកាស​ជា​សាធារណៈ​សុំ​ឱ្យ​ប្រជាពលរដ្ឋ​នាំគ្នា​ទៅ​បោះឆ្នោត​ឲ្យ​បាន​គ្រប់​គ្នា និង​បោះឆ្នោត​ឲ្យ​គណបក្ស​ប្រជាជន​កម្ពុជា ដើម្បី​ឲ្យ​លោក ហ៊ុន សែន ដឹកនាំ​ប្រទេស​កម្ពុជា​បន្ត​ទៀត និង​សុំ​ប្រជាពលរដ្ឋ​កុំ​ជឿ​ការ​ញុះញង់​របស់​ក្រុម​ប្រឆាំង​ដែល​ឃោសនា​ឲ្យ​ប្រជាពលរដ្ឋ​គូស​ខ្វែង​សន្លឹកឆ្នោត​ដើម្បី​បំផ្លាញ​ការ​បោះឆ្នោត​នា​ពេល​ខាងមុខ​នេះ។

បែប​នេះ​ក្តី អ្នកវិភាគ​ឯករាជ្យ និង​ជា​ប្រធាន​វេទិកា​ពលរដ្ឋ លោក គឹម សុខ បាន​លើកឡើង​កាលពី​ពេល​ថ្មីៗ​នេះ​ថា ការ​បោះឆ្នោត​ដ៏​អយុត្តិធម៌​នា​ពេល​ខាងមុខ​នេះ មិនមែន​ជា​ការ​បោះឆ្នោត​ដើម្បី​ធានា​នូវ​សិទ្ធិ​ពលរដ្ឋ លើក​ស្ទួយ​លទ្ធិប្រជាធិបតេយ្យ ធានា​នូវ​យុត្តិធម៌​សង្គម​នោះ​ទេ គ្រាន់តែ​ជា​ការ​បោះឆ្នោត​ជ្រើសរើស​តំណាងរាស្ត្រ​ឯក​បក្ស និង​មេដឹកនាំ​របស់​គណបក្ស​ប្រជាជន​កម្ពុជា​ដែល​ចេះ​តែ​បំផ្លាញ​ផល​ប្រយោជន៍​ជាតិ ដើម្បី​អំណាច​ប៉ុណ្ណោះ។

ទាក់ទិន​នឹង​បញ្ហា​នេះ កាល​អំឡុង​ខែ​មីនា ឆ្នាំ​២០២៣ ប្រធាន​គណៈកម្មាធិការ​ជាតិ​រៀបចំ​ការ​បោះឆ្នោត លោក ប្រាជ្ញ ចន្ទ បាន​ស្នើ​មន្ត្រី​ជាន់ខ្ពស់​នៃ​ក្រសួង​ការបរទេស​បារាំង ឱ្យ​បញ្ជូន​អ្នក​សង្កេតការណ៍​បារាំង​មក​ពិនិត្យ និង​សង្កេត​មើល​ការ​បោះឆ្នោត​ជាតិ​នៅ​កម្ពុជា​ដែរ ប៉ុន្តែ​ប្រទេស​បារាំង​មិន​បញ្ជូន​អ្នក​សង្កេតការណ៍​បោះឆ្នោត​មក​កម្ពុជា ដើម្បី​ចូលរួម​ការ​បោះឆ្នោត​ខាងមុខ​នេះ​ឡើយ។

ជាង​នេះ​ទៀត គណៈកម្មាធិការ​ជាតិ​រៀបចំ​ការ​បោះឆ្នោត (គ.ជ.ប) ក៏​ធ្លាប់​បាន​បញ្ជាក់​ដែរ​ថា ក្រៅពី​ប្រទេស​បារាំង រដ្ឋាភិបាល​កម្ពុជា​ក៏​បាន​អញ្ជើញ​អ្នក​សង្កេតការណ៍​មកពី​ប្រទេស​អង់គ្លេស (U.K) អាល្លឺម៉ង់ (Germany) និង​ប៉ាឡេស្ទីន (Palestine) ផង​ដែរ ប៉ុន្តែ​ប្រទេស​ទាំងនោះ​ក៏​មិន​ដាក់​បញ្ជូន​អ្នក​សង្កេតការណ៍​មក​ចូលរួម​ដូច​ប្រទេស​បារាំង​ដែរ៕

© 2024, ខេមបូឌា ដេលី. All rights reserved. No part of this article may be reproduced in print, electronically, broadcast, rewritten or redistributed without written permission.

អត្ថបទទាក់ទង

អត្ថបទអានច្រើន

សេចក្ដីរាយការណ៍ពិសេស