35 C
Phnom Penh

ក្រុម​តស៊ូ​មតិ៖ ខ្មែរ​អាមេរិកាំង​មាន​ភារកិច្ច​ជំរុញ​ឱ្យ​សេចក្តី​ស្នើ​ច្បាប់​ស្ដីពី​សិទ្ធិមនុស្ស​និង​លទ្ធិប្រជាធិបតេយ្យ​កម្ពុជា​ចេញ​ជា​រូបរាង

ដោយ ឌឹ ខេមបូឌា ដេលី

បទវិភាគ

ក្រុម​អ្នក​តស៊ូ​មតិ​នៅ​ក្រៅ​ស្រុក លើកឡើង​ថា ដើម្បី​ឱ្យ​សេចក្តី​ស្នើ​ច្បាប់​របស់​សហរដ្ឋ​អាមេរិក​ស្ដីពី​សិទ្ធិមនុស្ស និង​លទ្ធិប្រជាធិបតេយ្យ​កម្ពុជា (Cambodia Democracy and Human Rights Act) ចេញ​ជា​រូបរាង ពលរដ្ឋ​ខ្មែរ​អាមេរិក​ត្រូវ​មាន​ភារកិច្ច​សំខាន់​ណាស់​ក្នុង​ការ​ជួយ​ជំរុញ​ច្បាប់​នេះ។

អ្នកវិភាគ​ឯករាជ្យ និង​ជា​ប្រធាន​វេទិកា​ពលរដ្ឋ​លោក គឹម សុខ ប្រាប់​សារព័ត៌មាន The Cambodia Daily នៅ​ថ្ងៃទី​១៨ កក្កដា នេះ​ថា ប្រទេស​សេរី​ប្រជាធិបតេយ្យ​ប្រហែល​ជា​ភ្ញាក់ខ្លួន​ខ្លះ​ហើយ បន្ទាប់ពី​លោក ហ៊ុន សែន បាន​រំលោភ​បំពាន​កិច្ចព្រមព្រៀង​សន្តិភាព​ទីក្រុង​ប៉ារីស ដែល​កំពុង​ទាញ​កម្ពុជា​ឱ្យ​ទៅ​រក​របប​អតីតកាល ហើយ​ការ​ដែល​ប្រទេស​លោក​សេរី​ប្រជាធិបតេយ្យ​ទាំងនោះ ជាពិសេស​សហរដ្ឋ​អាមេរិក​កាន់តែ​ព្រួយបារម្ភ​ទៀត​នោះ គឺ​ពួកគេ​ដឹង​ច្បាស់​ថា លោក ហ៊ុន សែន បាន​ពឹង​ផ្អែក​ទាំងស្រុង​ទៅ​លើ​មហាអំណាច​កុម្មុយនីស្ត​ចិន ទាំង​នយោបាយ​ការទូត យោធា និង​ពាណិជ្ជកម្ម​សព្វថ្ងៃ​នេះ។

លោក គឹម សុខ លើកឡើង​ថា ប្រសិនបើ​ច្បាប់​នេះ​ចេញ​ជា​រូបរាង​ចំ​ពេល​ដែល​លោក ហ៊ុន ម៉ាណែត ស្នង​អំណាច​ពី​លោក ហ៊ុន សែន នោះ​រដ្ឋាភិបាល​ថ្មី​របស់​គាត់​នឹង​ត្រូវ​ប្រឈម​នឹង​របត់​នយោបាយ​ថ្មី​របស់​ប្រទេស​លោក​សេរី​ប្រជាធិបតេយ្យ និង​សហរដ្ឋ​អាមេរិក​ដោយ​ចៀស​មិន​រួច​ឡើយ។

អ្នកវិភាគ​រូប​នេះ​បញ្ជាក់​ថា ប្រសិនបើ​លោក ហ៊ុន ម៉ាណែត អនុវត្ត​នូវ​ការ​ដឹកនាំ​ដូច​លោក ហ៊ុន សែន ម៉្លេះ​សម​នឹង​ប្រទេស​សេរី​ប្រជាធិបតេយ្យ​ទាំងនោះ​មិន​ធ្វើ​អ្វី​ដូច​ដែល​ពួកគេ​ធ្លាប់​ធ្វើ​ជាមួយ​លោក ហ៊ុន សែន ដោយ​ការ​សហការ​ផង និង​លួងលោម​ផង​នោះ​ទេ ប៉ុន្តែ​ពួកគេ​នឹង​តម្រូវ​ឱ្យ​រដ្ឋាភិបាល​ថ្មី​របស់​គាត់​ងាក​ទៅ​អនុវត្ត​តាម​ខ្លឹមសារ​កិច្ចព្រមព្រៀង​សន្តិភាព​ទីក្រុង​ប៉ារីស ដើម្បី​ស្ដារ​នយោបាយ​ប្រជាធិបតេយ្យ​របស់​សង្គម​កម្ពុជា​ជា​មុន​សិន មុន​នឹង​ពួកគេ​បន្ត​សហការ​ជាមួយ​រដ្ឋាភិបាល​ថ្មី​របស់​គាត់​បន្ត​ទៀត។

លោក គឹម សុខ បញ្ជាក់​ថា ច្បាប់​នេះ​នឹង​ក្លាយ​ជា​ឧបករណ៍​ដាក់​ទណ្ឌកម្ម​យ៉ាង​មុត​ស្រួច​លើ​មន្ត្រី​រដ្ឋាភិបាល​កម្ពុជា​កាន់តែ​ច្រើន​បន្ថែម​ទៀត ដើម្បី​ជួយ​កម្ពុជា​ឱ្យ​មាន​ប្រជាធិបតេយ្យ​ឡើងវិញ ប៉ុន្តែ​ប្រសិនបើ​លោក ហ៊ុន ម៉ាណែត នៅ​តែ​មានះ​ចចេស​រឹងរូស សហរដ្ឋ​អាមេរិក​ក៏​អាច​បង្កើន​ការ​រឹត​បន្តឹង​លើ​ក្រុមហ៊ុន​ជំនួញ​ខ្មែរ​នៅ​បរទេស​ដែល​រកស៊ី​ឃុបឃិត​ជាមួយ​មន្ត្រី​ជាន់ខ្ពស់​នៃ​រដ្ឋាភិបាល​កម្ពុជា​ផង​ដែរ ហើយ​បើ​អាមេរិក​ធ្វើ​បែប​នេះ​មែន នោះ​នឹង​ធ្វើ​ឱ្យ​រដ្ឋាភិបាល​ថ្មី​របស់​លោក ហ៊ុន ម៉ាណែត ក្លាយ​ជា​រដ្ឋាភិបាល​ឯកោ​ជាមិនខាន។

ការ​អះអាង​នេះ ធ្វើឡើង​បន្ទាប់ពី​សមាជិក​រដ្ឋសភា​សហរដ្ឋ​អាមេរិក​បាន​ស្នើ​ច្បាប់​ដាក់​ទណ្ឌកម្ម​លើ​រដ្ឋាភិបាល​លោក ហ៊ុន សែន ជា​ថ្មី​ទៀត​កាលពី​ចុង​សប្តាហ៍​កន្លងទៅ​នេះ។

កាលពី​ថ្ងៃទី​១៤ ខែ​កក្កដា ឆ្នាំ​២០២៣ សមាជិក​សភា​សហរដ្ឋ​អាមេរិក ដូចជា​សមាជិក​ព្រឹទ្ធសភា លោក អ៊ែដវើដ ម៉ារឃីយ៍ (Edward J. Markey) លោក ឌីក ឌើបិន (Dick Durbin) លោក ម៉ាកូ រូប៊ីអូ (Marco Rubio) ព្រមទាំង​សមាជិក​រដ្ឋសភា​លោក គ្រីស ស្មីត (Chris Smith) និង​អ្នកស្រី ឡូរី ត្រាហ៊ែន (Lori Trahan) ជាដើម បាន​នាំគ្នា​ដាក់​ស្នើ​ជា​ថ្មី​ម្ដង​ទៀត​នូវ​ច្បាប់​ស្ដីពី​សិទ្ធិមនុស្ស និង​លទ្ធិប្រជាធិបតេយ្យ​កម្ពុជា (Cambodia Democracy and Human Rights Act) ដែល​ជា​ច្បាប់​ផ្ដួចផ្ដើម​ឡើង​ដោយ​អង្គនីតិបញ្ញត្តិ​ទាំង​ពីរ​គណបក្ស​របស់​សហរដ្ឋ​អាមេរិក។

សមាជិក​ព្រឹទ្ធសភា​សហរដ្ឋ​អាមេរិក លោក អ៊ែដវើដ ម៉ារឃីយ៍ (Edward J. Markey) បាន​អះអាង​ក្នុង​សេចក្ដី​ប្រកាស​ព័ត៌មាន​ថា លោក ហ៊ុន សែន និង​បក្ខពួក​នៅតែ​បង្ក​មហន្តរាយ​ដល់​លទ្ធិប្រជាធិបតេយ្យ និង​រំលោភ​សិទ្ធិមនុស្ស ដូច្នេះ​ច្បាប់​នេះ​មាន​គោលបំណង​ជំរុញ​ឱ្យ​រដ្ឋាភិបាល​របស់​គាត់​ទទួល​ខុសត្រូវ​រាល់​ទង្វើ​រំលោភ​បំពាន និង​អំពើពុករលួយ ដែល​នាំ​ឱ្យ​អន្តរាយ​ដល់​លទ្ធិប្រជាធិបតេយ្យ និង​សិទ្ធិមនុស្ស​កន្លងមក ខណៈ​សមាជិក​សភា​សហរដ្ឋ​អាមេរិក​ដទៃ​ទៀត ក៏​បាន​លើកឡើង​ដោយ​ឯកភាព​នឹង​ការ​អះអាង​របស់​លោក អ៊ែដវើដ ម៉ារឃីយ៍ (Edward J. Markey) នេះ​ដែរ។

វិធានការ​ជាក់លាក់​នៅ​ក្នុង​ច្បាប់​ប្រជាធិបតេយ្យ​កម្ពុជា​នេះ​មាន​ជាអាទិ៍ ទណ្ឌកម្ម​បង្កក​ទ្រព្យសម្បត្តិ​លើ​មន្ត្រី​រដ្ឋាភិបាល​កម្ពុជា​ដែល​ជាប់​ពាក់ព័ន្ធ​ក្នុង​អំពើពុករលួយ និង​រំលោភ​សិទ្ធិមនុស្ស​ធ្ងន់ធ្ងរ ការ​រៀបចំ​ប្រព័ន្ធ​រឹតត្បិត​ទិដ្ឋាការ​ដែល​មាន​ស្រាប់​លើ​ពួកគេ ព្រមទាំង​ការ​តម្រូវ​ឱ្យ​ប្រធានាធិបតី​អាមេរិក​ដាក់​របាយការណ៍​លម្អិត​ទៅ​សភា​អំពី​សកម្មភាព​របស់​រដ្ឋាភិបាល​កុម្មុយនីស្ត​ចិន​នៅ​កម្ពុជា និង​ផល​ប៉ះពាល់​ទាំងឡាយ​ដែល​អាមេរិក​ទទួល​បាន​ពី​ការ​ធ្លាក់​ចុះ​នៃ​លទ្ធិប្រជាធិបតេយ្យ និង​សិទ្ធិមនុស្ស​ក្នុង​ប្រទេស​កម្ពុជា​ថែម​ទៀត។

ច្បាប់​ស្ដីពី​សិទ្ធិមនុស្ស និង​លទ្ធិប្រជាធិបតេយ្យ​កម្ពុជា (Cambodia Democracy and Human Rights Act) នេះ​ត្រូវ​បាន​សមាជិក​សភា​អាមេរិក​ស្នើ​ឡើង​ជា​លើកដំបូង​កាលពី​ឆ្នាំ​២០២០ ក៏ប៉ុន្តែ​ដោយសារ​សហរដ្ឋ​អាមេរិក​មាន​ការ​បោះឆ្នោត​ផ្លាស់ប្ដូរ​ប្រធានាធិបតី និង​សភា​ផង​នោះ ច្បាប់​នេះ​ក៏​ត្រូវ​អូស​បន្លាយ​ពេល​រហូត​មក​ដល់​សព្វថ្ងៃ​នេះ៕

© 2024, ខេមបូឌា ដេលី. All rights reserved. No part of this article may be reproduced in print, electronically, broadcast, rewritten or redistributed without written permission.

អត្ថបទទាក់ទង

អត្ថបទអានច្រើន

សេចក្ដីរាយការណ៍ពិសេស