30 C
Phnom Penh

តុលាការ​ធម្មនុញ្ញ​ថៃ​ព្យួរ​សមាជិក​សភា​លោក ភីថា ខណៈ​សភា​សម្រេច​ទម្លាក់​ចោល​បេក្ខភាព​នាយករដ្ឋមន្ត្រី​របស់​លោក

ដោយ ឌឹ ខេមបូឌា ដេលី

បទវិភាគ

ក្នុង​ការ​ជំនុំជម្រះ​លើកដំបូង​នៅ​ថ្ងៃ​ពុធ ទី​១៩ កក្កដា នេះ តុលាការ​ធម្មនុញ្ញ​របស់​ប្រទេស​ថៃ បាន​បញ្ជា​ឱ្យ​ព្យួរ​ជា​បណ្ដោះអាសន្ន​នូវ​សមាជិក​សភា​របស់​លោក ភីថា លឹមចារឿនរ៉ាត់ ដោយសារតែ​អ្នក​នយោបាយ​វ័យ​ក្មេង​រូប​នេះ​កាន់កាប់​ភាគហ៊ុន​នៃ​ក្រុមហ៊ុន​ប្រព័ន្ធ​ផ្សព្វផ្សាយ។

សេចក្ដី​សម្រេច​របស់​តុលាការ​កំពូល​នៃ​រាជាណាចក្រ​នេះ គឺជា​ការ​ឆ្លើយតប​តាម​អនុសាសន៍​របស់​គណៈកម្មការ​បោះឆ្នោត​ដែល​ស្នើ​ព្យួរ​សមាជិក​សភា​របស់​លោក ភីថា។ លោក ភីថា ជា​មេដឹកនាំ​គណបក្ស​ចលនា​ឆ្ពោះ​ទៅ​មុខ ជា​បក្ស​ឈ្នះ​ឆ្នោត​លំដាប់​ទី​១ បាន​អាសនៈ​ច្រើន​ជាងគេ​ក្នុង​ចំណោម​បក្ស​ដែល​ចូលរួម​ប្រកួត​នៅ​ក្នុង​ការ​បោះឆ្នោត​សភា​កាលពី​ថ្ងៃទី​១៤ ខែ​ឧសភា។

លោក ភីថា មេដឹកនាំ​គណបក្ស​ចលនា​ឆ្ពោះ​ទៅ​មុខ ត្រូវ​បាន​ចោទ​ថា លោក​មិន​មាន​លក្ខណៈ​សម្បត្តិ​គ្រប់គ្រាន់​ដើម្បី​ឈរឈ្មោះ​ក្នុង​ការ​បោះឆ្នោត​កាលពី​ថ្ងៃទី​១៤ ខែ​ឧសភា ដោយសារ​លោក​កាន់កាប់​ភាគហ៊ុន​នៅ​ក្នុង​ក្រុមហ៊ុន​ប្រព័ន្ធ​ផ្សព្វផ្សាយ ដែល​ជា​ការ​បំពាន​ច្បាប់​បោះឆ្នោត​ហាម​បេក្ខជន​សភា​មាន​មុខជំនួញ​ដូចនេះ។

យ៉ាងណា សម្រាប់​លោក ភីថា បាន​ស្វែងរក​ការ​គាំទ្រ​ពី​ការ​ប្រជុំ​សភា​លើក​ទី​២ សម្រាប់​តំណែង​នាយករដ្ឋមន្ត្រី​របស់​លោក​ដែល​មាន​ការ​ជំទាស់​យ៉ាង​ខ្លាំង​ពី​សមាជិក​ព្រឹទ្ធសភា​ដែល​លើក​បន្តុប​ដោយ​យោធា ក្នុង​អំឡុង​ពេល​កាន់​អំណាច​របស់​លោក​នាយករដ្ឋមន្ត្រី ប្រាយុទ្ធ ចាន់អូចា ដែល​ជា​មេ​រដ្ឋប្រហារ​ឆ្នាំ​២០១៤។

ការ​ប្រជុំ​សភា​លើក​ទី​១ លោក​ទទួល​បាន​សំឡេង​គាំទ្រ ៣២៤ គឺ​នៅ​ខ្វះ ៥១​សំឡេង​ទៀត។ លោក​ត្រូវការ​សំឡេង​គាំទ្រ​ដល់​ទៅ ៣៧៥ ពី​សភា​សរុប ៧៥០​រូប។ ចំពោះ​សមាជិក​ព្រឹទ្ធសភា ២៥០​រូប​ដែល​មិន​បាន​ឆ្លងកាត់​ការ​បោះឆ្នោត​របស់​ប្រជាជន ត្រូវ​បាន​ចាត់ទុក​ថា​ជា​ឧបសគ្គ​ខ្លាំង​ជាងគេ​ដែល​រាំង​ខ្ទប់​ឱកាស​របស់​លោក ភីថា មិន​ឱ្យ​ក្លាយ​ជា​នាយករដ្ឋមន្ត្រី​ថៃ ទី​៣០។

តាម​ការ​ចេញ​ផ្សាយ​របស់​ទីភ្នាក់ងារ​សារព័ត៌មាន Reuters លោក ភីថា ដែល​មាន​អាយុ ៤២​ឆ្នាំ ជា​បញ្ញាជន​មាន​ការ​អប់រំ​នៅ​សហរដ្ឋ​អាមេរិក បាន​បាត់បង់​ឱកាស​សម្រាប់​តំណែង​នាយករដ្ឋមន្ត្រី​នៅ​ក្នុង​ការ​បោះឆ្នោត​សភា​ជា​ថ្មី​ទៀត​នៅ​ថ្ងៃ​នេះ។

តាម​ប្រភព​ព័ត៌មាន​ដដែល​នេះ លោក ភីថា បាន​ដោះ​ប័ណ្ណ​សមាជិក​សភា​ចេញពី​អាវ​របស់​លោក ហើយ​លើក​បង្ហាញ មុន​នឹង​ដើរ​ចេញ​ពី​អង្គប្រជុំ។ នៅ​ខណៈ​ដែល​លោក ភីថា ចេញ​មន្ទីរ​រដ្ឋសភា សមាជិក​សភា​ជាប់​ឆ្នោត និង​ព្រឹទ្ធសភា​ដែល​លើក​បន្តុប​ដោយ​ពួក​យោធា មិន​បាន​ផ្ដល់​ឱ្យ​លោក ភីថា ឈរឈ្មោះ​ជា​បេក្ខជន​នាយករដ្ឋមន្ត្រី​នៅ​ក្នុង​ការ​បោះឆ្នោត​ជុំ​ទី​២ នេះ​ទេ។

ប្រធាន​រដ្ឋសភា​ថៃ លោក Wan Muhamad Noor Matha បាន​បញ្ជាក់​ថា លោក ភីថា មិន​អាច​ត្រូវ​បាន​តែងតាំង​ជា​បេក្ខជន​នាយករដ្ឋមន្ត្រី​ជា​លើក​ទី​២ នៅ​ក្នុង​សម័យ​ប្រជុំ​រួម​នេះ​ទេ។

បន្ថែម​ពី​លើ​នេះ តុលាការ​ធម្មនុញ្ញ​ថៃ ក៏​យល់ព្រម​បើក​សវនាការ​លើ​សំណុំរឿង​ដែល​លោក ភីថា មាន​ជាប់​ភាគហ៊ុន​ក្នុង​ក្រុមហ៊ុន​ប្រព័ន្ធ​ផ្សព្វផ្សាយ​ដែល​ជា​ការ​រំលោភ​ច្បាប់​បោះឆ្នោត។ សំណុំរឿង​នេះ​នាំ​ឱ្យ​លោក​អាច​នឹង​ត្រូវ​បាន​ដកហូត​សមាជិកភាព​សភា​របស់​លោក បើ​តុលាការ​កំពូល​មួយ​នេះ​រក​កំហុស​លោក​ឃើញ។

នៅ​មុន​ចូល​ទៅ​ស្ដាប់​ការ​ប្រជុំ​របស់​សភា​ទាំង​ពីរ​ថ្នាក់ លោក ភីថា បាន​និយាយ​ថា លោក​នឹង​ផ្ដល់​សិទ្ធិ​ឱ្យ​គណបក្ស​ភឿថៃ បង្កើត​ក្រុម​ចម្រុះ​ថ្មី និង​ជ្រើសរើស​បេក្ខជន​នាយករដ្ឋមន្ត្រី​ថៃ ជំនួស​រូបលោក ខណៈ​លោក​ទទួល​យក​ការ​សម្រេច​របស់​តុលាការ​ធម្មនុញ្ញ ហើយ​ក៏​បាន​ដើរ​ចេញពី​មន្ទីរ​រដ្ឋសភា​ដោយ​ដោះ​ចេញ​ភ្លាម​នូវ​ប័ណ្ណ​សម្គាល់​ជា​សមាជិក​សភា​ជាប់​ឆ្នោត។

សេចក្ដី​សម្រេច​របស់​តុលាការ​ធម្មនុញ្ញ​អាច​ជា​ការ​សំពង​ឆន្ទៈ​របស់​ម្ចាស់​ឆ្នោត

រាជាណាចក្រ​ថៃ នៅ​ពេលនេះ​កំពុង​រអិល​ធ្លាក់​ក្នុង​ការ​បែកបាក់​សង្គម​ហើយ។ នៅ​ពុធ ទី​១៩ កក្កដា ការ​តវ៉ា​ធំ​មួយ​បាន​ផ្ទុះឡើង​នៅ​កណ្ដាល​ក្រុង​បាងកក ដែល​មាន​ក្បួន​តវ៉ា​ជា​រថយន្ត និង​ទោចក្រយានយន្ត​រាប់​រយ​គ្រឿង បាន​ធ្វើ​ដំណើរ​មក​ប្រមូលផ្ដុំ​គ្នា​នៅ​ខាង​មុខ​មន្ទីរ​រដ្ឋសភា ក្រោយពី​ពួកគេ​ទៅ​ប្រមូល​ផ្ដុំ​គ្នា​នៅ​ក្នុង​សួន​វិមាន​ប្រជាធិបតេយ្យ។

ក្រុម​តវ៉ា​ទាំងនោះ​ជា​អ្នកគាំទ្រ និង​បោះឆ្នោត​ឱ្យ​គណបក្ស​ចលនា​ឆ្ពោះ​ទៅ​មុខ ដែល​លោក ភីថា ជា​បេក្ខជន​នាយករដ្ឋមន្ត្រី​របស់​បក្ស​ដ៏​មាន​ប្រជាប្រិយ​នេះ។

ក្រុម​អ្នក​តវ៉ា​បាន​នាំគ្នា​ស្រែក​ថា សមាជិក​ព្រឹទ្ធសភា​ណា​ដែល​មិន​បាន​បោះឆ្នោត​គាំទ្រ​លោក ភីថា កាលពី​ក្នុង​កិច្ចប្រជុំ​សភា​ថ្ងៃទី​១៣ ខែ​កក្កដា ត្រូវតែ​លាលែង​ពី​តំណែង។ ក្រុម​បាតុករ​បាន​ស្រែក​ទៀត​ថា ក្រុម​សមាជិក​ព្រឹទ្ធសភា​ដែល​មាន​សិទ្ធិ​ចូល​ទៅ​អង្គុយ​ក្នុង​រដ្ឋសភា​ជាមួយ​នឹង​សមាជិក​សភា​ជាប់​ឆ្នោត​នៅ​ក្នុង​ការ​បោះឆ្នោត​កាលពី​ថ្ងៃទី​១៤ ឧសភា ពុំ​តំណាង​ឲ្យ​សំឡេង​របស់​ម្ចាស់​ឆ្នោត​នោះ​ទេ ព្រោះតែ​ក្រុម​នេះ​កើតឡើង​ដោយ​ការ​ធ្វើ​រដ្ឋប្រហារ​ឆ្នាំ​២០១៤។

ជាមួយ​គ្នា​នេះ បាតុករ​ដែល​សំដែង​ការ​ខកចិត្ត​ជា​ខ្លាំង​ចំពោះ​តុលាការ​ធម្មនុញ្ញ​សម្រេច​សេចក្ដី​ព្យួរ​សមាជិក​សភា​របស់​លោក ភីថា ដែល​ឱ្យ​លោក​បាត់បង់​ឱកាស​ក្លាយ​ជា​បេក្ខជន​នាយករដ្ឋមន្ត្រី ពួកគេ​ក៏​ថ្កោលទោស​តុលាការ​កំពូល​នេះ​ដែរ ដោយ​សន្យា​ថា​នឹង​ធ្វើ​ការ​តវ៉ា​រហូត​តុលាការ​សម្រេច​ដក​ចេញ​នូវ​ការ​ព្យួរ​សមាជិក​សភា​របស់​លោក ភីថា។

សម្រាប់​លោក ភីថា ខ្លួន​លោក​ផ្ទាល់ បាន​និយាយ​ថា ការពិត​រយៈពេល ១៥​ថ្ងៃ​ចាប់ពី​ពេលនេះ​តទៅ លោក​នឹង​ឡើង​ទៅ​តតាំង​ក្ដី​នៅ​តុលាការ​មួយ​នេះ។

លោក​បាន​បដិសេធ​ដាច់ខាត​ថា​លោក​មិន​ជាប់​ភាគហ៊ុន​ជាមួយ​នឹង​មុខជំនួញ​ប្រព័ន្ធ​ផ្សព្វផ្សាយ​របស់​ទូរទស្សន៍ ITV នោះ​ទេ។ លោក​ថា​វា​ជា​ទ្រព្យ​ធន​របស់​ឪពុក​លោក។ លោក ភីថា ធ្លាប់​ជា​ពិធីករ​របស់​ទូរទស្សន៍ ITV មុន​លោក​ក្លាយ​ជា​សកម្មជន​នយោបាយ និង​ជា​មេដឹកនាំ​បក្ស​ចលនា​ឆ្ពោះ​ទៅ​មុខ៕

© 2024, ខេមបូឌា ដេលី. All rights reserved. No part of this article may be reproduced in print, electronically, broadcast, rewritten or redistributed without written permission.

អត្ថបទទាក់ទង

អត្ថបទអានច្រើន

សេចក្ដីរាយការណ៍ពិសេស