សកម្មជននយោបាយដ៏សកម្មម្នាក់របស់គណបក្សប្រជាជនកម្ពុជា គឺលោក ខាន់ ចាន់សុផល ព្រមានថា គណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត (គ.ជ.ប) នឹងធ្វើកោសល្យវិច័យស្នាមក្រយៅដៃលើសន្លឹកឆ្នោតដែលត្រូវបានគូសខ្វែងចោល និងស្រង់ឈ្មោះប្រជាពលរដ្ឋ មន្ត្រីរាជការ និងកម្មករនិយោជិតបញ្ជូនទៅឱ្យអង្គភាពរបស់ពួកគេដើម្បីដាក់ពិន័យ។
សកម្មជននយោបាយរបស់បក្សកាន់អំណាចលោក ខាន់ ចាន់សុផល បានចេញបកស្រាយក្នុងវីដេអូមួយកាលពីថ្ងៃទី២០ កក្កដា នេះថា ដើម្បីគ្រប់គ្រងអ្នកបោះឆ្នោត គណៈកម្មាធិការជាតិរៀបចំការបោះឆ្នោតបានតម្រូវឱ្យប្រជាពលរដ្ឋផ្ដិតស្នាមមេដៃនៅលើសន្លឹកឆ្នោត មុននឹងអ្នកបោះឆ្នោតយកសន្លឹកឆ្នោតនោះទៅគូសក្នុងបន្ទប់សម្ងាត់ ដូច្នេះបើសន្លឹកឆ្នោតណាមានសញ្ញាគូសខ្វែង គេនឹងធ្វើកោសល្យវិច័យដើម្បីរកម្ចាស់ស្នាមមេដៃនោះដើម្បីផ្ដន្ទាទោសជាមិនខាន។
លោក ខាន់ ចាន់សុផល អះអាងថា សម្រាប់អ្នកដែលមិនទៅចូលរួមបោះឆ្នោត ក៏ត្រូវគណៈកម្មាធិការជាតិរៀបចំការបោះឆ្នោតដឹងដោយងាយដែរ ព្រោះ គ.ជ.ប បានរៀបចំឱ្យមានអ្នកបោះឆ្នោតយ៉ាងច្រើនមានមនុស្សបោះឆ្នោត ១០០នាក់ក្នុងមួយការិយាល័យ ដូច្នេះគេនឹងស្រង់ឈ្មោះអ្នកទាំងនោះទៅឱ្យអង្គភាពរបស់ពួកគេ កាត់ប្រាក់ខែ ឬដាក់ទោសទណ្ឌផ្សេងៗផងដែរ។
សកម្មជននយោបាយរបស់បក្សកាន់អំណាចរូបនេះបញ្ជាក់ថា ទាំងអ្នកដែលគូសខ្វែងសន្លឹកឆ្នោត និងអ្នកដែលមិនទៅបោះឆ្នោត នឹងមានបញ្ហាកាន់តែធ្ងន់ធ្ងរទៀតទៅថ្ងៃមុខ ដោយសារតែរដ្ឋាភិបាលនឹងត្រូវប្រើពិន័យ និងទណ្ឌកម្មនានាទៅលើអ្នកដែលមិនទៅបោះឆ្នោតទាំងនោះ នៅពេលដែលពួកគេត្រូវការសេវាសាធារណៈផ្សេងៗ ដូចជាការធ្វើប្លង់ដីសម្គាល់ម្ចាស់កម្មសិទ្ធិ ឬពាក់ព័ន្ធនឹងការធ្វើដំណើរទៅបរទេស ជាដើម។
ទាក់ទិននឹងការលើកឡើងរបស់សកម្មជននយោបាយរបស់បក្សកាន់អំណាចខាងលើនេះ ប្រធានគណបក្សប្រជាធិបតេយ្យមូលដ្ឋាន លោក យ៉េង វីរៈ ស្នើឱ្យគណៈកម្មាធិការជាតិរៀបចំការបោះឆ្នោតបកស្រាយ និងបំភ្លឺឱ្យបានច្បាស់ជុំវិញករណីនេះ ហើយបើរកឃើញថាការបកស្រាយខាងលើនេះមិនត្រឹមត្រូវ លោកស្នើឱ្យ គ.ជ.ប ចាត់វិធានការច្បាប់លើបុគ្គលនេះផងដែរ។
ចំណែកមន្ត្រីជាន់ខ្ពស់គណបក្សបំណងពលរដ្ឋ លោក សេក វណ្ឌី បានចាត់ទុកការលើកឡើងរបស់សកម្មជននយោបាយរបស់បក្សកាន់អំណាចលោក ខាន់ ចាន់សុផល គឺជាការរំលោភបំពានច្បាប់ស្ដីពីការបោះឆ្នោតយ៉ាងធ្ងន់ធ្ងរ។ លោកបន្ថែមថា លោក ខាន់ ចាន់សុផល បំពានច្បាប់ប៉ុណ្ណឹងហើយ បើ គ.ជ.ប មើលមិនឃើញទៀត គឺជារឿងអយុត្តិធម៌ជាទីបំផុត។
ដោយឡែកមន្ត្រីជាន់ខ្ពស់អង្គការសង្គមស៊ីវិលទទួលបន្ទុកការពារសិទ្ធិមនុស្ស លោក ស៊ឹង សែនករុណា លើកឡើងថា លោកកំពុងរង់ចាំមើលថា តើគណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត គ.ជ.ប ចាត់វិធានការច្បាប់លើសកម្មជននយោបាយរបស់បក្សកាន់អំណាចលោក ខាន់ ចាន់សុផល ដែរឬក៏អត់ចំពោះការលើកឡើងបែបនេះ។
ច្បាប់បោះឆ្នោតដែលរដ្ឋសភាឯកបក្សរបស់គណបក្សប្រជាជនកម្ពុជាកែប្រែដើម្បីគាបសង្កត់ទៅលើសកម្មជន មន្ត្រីជាន់ខ្ពស់ និងសមាជិកបក្សក្រៅរដ្ឋាភិបាល ជាពិសេសគណបក្សភ្លើងទៀន ក្នុងបំណងបិទសិទ្ធិប្រជាពលរដ្ឋមិនឱ្យគូសខ្វែងសន្លឹកឆ្នោតដើម្បីសំដែងឆន្ទៈមិនពេញចិត្តចំពោះការបោះឆ្នោតនេះ ត្រង់មាត្រា ១៤២ ចែងថា ជនណាដែលធ្វើឱ្យបាត់បង់ទំនុកចិត្តលើការណ៍សម្ងាត់នៃការបោះឆ្នោត នឹងត្រូវផាកពិន័យចន្លោះពី ៥លានរៀលដល់ ២០លានរៀល ដោយពុំបានរាប់បញ្ចូលទោសព្រហ្មទណ្ឌផ្សេងទៀតឡើយ ប៉ុន្តែគេកំពុងនាំគ្នារង់ចាំមើលថា តើច្បាប់នេះនឹងអនុវត្តលើសកម្មជននយោបាយរបស់បក្សកាន់អំណាចចំពោះការបកស្រាយរបស់បុគ្គលនេះដែរឬក៏អត់។
នៅសល់តែ ១ថ្ងៃទៀតប៉ុណ្ណោះ ការបោះឆ្នោតជាតិអាណត្តិទី៧ ឆ្នាំ២០២៣ នឹងមកដល់ហើយ ដែលប្រព្រឹត្តទៅនៅថ្ងៃទី២៣ ខែកក្កដា នេះ ប៉ុន្តែការបោះឆ្នោតនេះត្រូវមជ្ឈដ្ឋានជាតិ និងអន្តរជាតិចាត់ទុកថាជាការបោះឆ្នោតក្លែងក្លាយ ដើម្បីជួយបង្គ្រប់កិច្ចឱ្យគណបក្សប្រជាជនកម្ពុជារបស់លោក ហ៊ុន សែន ក្នុងបំណងក្តោបក្តាប់អំណាចសម្រាប់វង្សត្រកូលរបស់លោក ហ៊ុន សែន ទៅថ្ងៃមុខប៉ុណ្ណោះ៕