29 C
Phnom Penh

ក្រុម​អ្នក​ប្រជាធិបតេយ្យ​នៅ​ក្រៅ​ស្រុក​អំពាវនាវ​ឱ្យ​ពលរដ្ឋ​និង​សហគមន៍​អន្តរជាតិ​បដិសេធ​លទ្ធផល​បោះឆ្នោត​នៅ​កម្ពុជា

ដោយ ឌឹ ខេមបូឌា ដេលី

បទវិភាគ

សមាគម​ខ្មែរ​ដើម្បី​លទ្ធិប្រជាធិបតេយ្យ និង​គណបក្ស​សង្គ្រោះ​ជាតិ​ប្រចាំ​ទ្វីប​អឺរ៉ុប រួម​ជាមួយ​សហគមន៍​ខ្មែរ​អ្នក​ស្នេហា​ប្រជាធិបតេយ្យ​ក្នុង​រដ្ឋ​វ៉ាស៊ីនតោន អំពាវ​ឱ្យ​ប្រជាពលរដ្ឋ​ខ្មែរ​គ្រប់​និន្នាការ និង​សហគមន៍​អន្តរជាតិ បដិសេធ​កុំ​ទទួលស្គាល់​លទ្ធផល​នៃ​ការ​បោះឆ្នោត​ជាតិ​នៅ​កម្ពុជា​នៅ​ថ្ងៃទី​២៣ ខែ​កក្កដា ឆ្នាំ​២០២៣។

សមាគម​សំឡេង​ខ្មែរ​ដើម្បី​លទ្ធិប្រជាធិបតេយ្យ (KVD) សាខា​គណបក្ស​សង្គ្រោះ​ជាតិ​ទ្វីប​អឺរ៉ុប (CNRP) និង​សហគមន៍​ខ្មែរ​អ្នក​ស្នេហា​ប្រជាធិបតេយ្យ​ក្នុង​រដ្ឋ​វ៉ាស៊ីនតោន បាន​ចេញ​សេចក្តី​ថ្លែងការណ៍​រួម​គ្នា​មួយ​នៅ​ថ្ងៃទី​២១ កក្កដា នេះ ដោយ​បដិសេធ​ការ​បោះឆ្នោត​ជាតិ​នៅ​កម្ពុជា ដោយសារ​តែ​ការ​បោះឆ្នោត​នេះ​គឺជា​ការ​បោះឆ្នោត​ក្លែងក្លាយ​ដែល​រៀបចំ​ដោយ​រដ្ឋាភិបាល​ឯក​បក្ស​របស់​លោក ហ៊ុន សែន ដែល​មិន​អាច​ធានា​នូវ​តម្លាភាព សេរី ត្រឹមត្រូវ និង​យុត្តិធម៌​សម្រាប់​សិទ្ធិ​បញ្ចេញមតិ​របស់​ពលរដ្ឋ​ម្ចាស់​ឆ្នោត។

ប្រភព​ដដែល​លើកឡើង​ថា ការ​សម្រេច​បដិសេធ​លទ្ធផល​នៃ​ការ​បោះឆ្នោត​នេះ ដោយសារតែ​ពួកគេ​សង្កេត​ឃើញ​ថា រដ្ឋាភិបាល​ឯក​បក្ស​របស់​លោក ហ៊ុន សែន បាន​រារាំង​គណបក្ស​សង្គ្រោះ​ជាតិ និង​មេដឹកនាំ​នៃ​គណបក្ស​នេះ​មិន​ឱ្យ​ចូលរួម​ការ​បោះឆ្នោត និង​បាន​រំលោភ​រដ្ឋធម្មនុញ្ញ​កម្ពុជា​ឆ្នាំ​១៩៩៣ ព្រមទាំង​កិច្ចព្រមព្រៀង​សន្តិភាព​ទីក្រុង​ប៉ារីស​ឆ្នាំ​១៩៩១ ដែល​ធានា​ឱ្យ​មាន​ដំណើរការ​បោះឆ្នោត​ដោយ​សេរី ត្រឹមត្រូវ និង​យុត្តិធម៌​តាម​គោលការណ៍​ប្រជាធិបតេយ្យ​សេរី​ពហុបក្ស​នៅ​កម្ពុជា​យ៉ាង​ធ្ងន់ធ្ងរ។

សមាគម​ខ្មែរ​ដែល​មាន​មូលដ្ឋាន​នៅ​លើ​ទឹកដី​សហរដ្ឋ​អាមេរិក​ខាងលើ បញ្ជាក់​ថា រដ្ឋាភិបាល​គ្រួសារ​និយម​មួយ​នេះ​ក៏​បាន​រៀបចំ​ការ​បោះឆ្នោត​ក្លែងក្លាយ​ជាមួយ​គណបក្ស​តូចៗ​កំដរ​ឆាកល្ខោន​នយោបាយ ដើម្បី​តែ​ពង្រឹង​អំណាច និង​ដើម្បី​តែ​ផល​ប្រយោជន៍​របស់​ក្រុម​គ្រួសារ និង​បក្ខពួក​ត្រកូល​ហ៊ុន​តែប៉ុណ្ណោះ ហើយ​ដើម្បី​ផែនការ​របស់​ពួកគេ​បាន​សម្រេច ពួកគេ​បាន​រឹតត្បិត​យ៉ាង​ខ្លាំង​លើ​សេរីភាព​បញ្ចេញមតិ សេរីភាព​សារព័ត៌មាន សិទ្ធិ​នយោបាយ និង​សិទ្ធិមនុស្ស​នៅ​ក្នុង​ប្រទេស​កម្ពុជា ដោយ​គាបសង្កត់​អង្គការ​សង្គម​ស៊ីវិល និង​ចាប់​ខ្លួន​សកម្មជន​នយោបាយ​នានា​ជាដើម។

ការ​ចេញ​សេចក្តី​ថ្លែងការណ៍​រួម​នេះ ធ្វើឡើង​ដើម្បី​ប្រឆាំង​នឹង​ការ​បោះឆ្នោត​នៅ​កម្ពុជា​ដែល​នឹង​ប្រព្រឹត្ត​ទៅ​នៅ​ថ្ងៃ​អាទិត្យ​ចុង​សប្តាហ៍​នេះ។

ប្រធាន​សមាគម​សំឡេង​ខ្មែរ​ដើម្បី​លទ្ធិប្រជាធិបតេយ្យ (KVD) លោក វឿក ឆាយហឿន លើកឡើង​ថា ការ​ចូលរួម​របស់​ពលរដ្ឋ​ខ្មែរ​ក្នុង​ការ​ប្រឆាំង​នឹង​ការ​បោះឆ្នោត​ក្លែងក្លាយ​នេះ គឺជា​រឿង​សំខាន់​មិន​អាច​ខ្វះ​បាន ពីព្រោះ​ការ​បោះឆ្នោត​នេះ​គ្រាន់តែ​ក្រឡា​អុក​បម្រើ​នយោបាយ​របស់​លោក ហ៊ុន សែន ក្នុង​ការ​ពង្រឹង និង​បន្ត​អំណាច​ត្រកូល​ហ៊ុន​តែប៉ុណ្ណោះ។

លោក វឿក ឆាយហឿន ដាស់តឿន​ថា ប្រជាពលរដ្ឋ​ខ្មែរ​គ្រប់​រូប​គួរ​ចងចាំ​ថា ឱ្យ​តែ​អំណាច​ត្រកូល​ហ៊ុន​បន្ត​គ្រប់គ្រង​ប្រទេស​កម្ពុជា នោះ​ប្រជាពលរដ្ឋ​ខ្មែរ​ដែល​រស់​ក្នុង​ជំនាន់​នៃ​ការ​ត្រួតត្រា​របស់​ពួកគេ នឹង​មិន​បាន​សុខ​ឡើយ ហើយ​ខ្មែរ​នឹង​បែកបាក់​សាមគ្គី​ជាតិ​ទៅ​ជា​ចម្រៀកៗ​រហូត​ធ្វើ​ឱ្យ​ជាតិ​ខ្មែរ​ទាំងមូល​ទន់ខ្សោយ មិន​អាច​ការពារ​បូរណភាព​ទឹកដី​របស់​ខ្លួន​បាន​នៅ​ថ្ងៃ​មុខ។

នៅ​ថ្ងៃទី​២០ ខែ​កក្កដា ឆ្នាំ​២០២៣ គណបក្ស​សង្គ្រោះ​ជាតិ​សហរដ្ឋ​អាមេរិក និង​សមាគម​សំឡេង​ខ្មែរ​ដើម្បី​លទ្ធិប្រជាធិបតេយ្យ (KVD) បាន​ចេញ​សេចក្តី​ជូនដំណឹង​អំពាវនាវ​ឱ្យ​ប្រជាពលរដ្ឋ​ខ្មែរ​ដែល​រស់នៅ​ជុំវិញ​ពិភពលោក ចូលរួម​បាតុកម្ម​នៅ​ថ្ងៃ​សុក្រ​នេះ ដើម្បី​ប្រឆាំង​នឹង​ការ​បោះឆ្នោត​នៅ​កម្ពុជា និង​ដើម្បី​ចូលរួម​ចុះហត្ថលេខា​នៅ​លើ​ច្បាប់ S-831 (Transnational Repression Policy Act) ដើម្បី​ជំរុញ​ឱ្យ​សមាជិក​សភា និង​ព្រឹទ្ធសភា​សហរដ្ឋ​អាមេរិក ចេញ​ច្បាប់​នេះ​ឱ្យ​បាន​ឆាប់​ផង​ដែរ។

គណបក្ស​សង្គ្រោះ​ជាតិ​សហរដ្ឋ​អាមេរិក និង​សមាគម​សំឡេង​ខ្មែរ​ដើម្បី​លទ្ធិប្រជាធិបតេយ្យ (KVD) បាន​កំណត់​យក​ថ្ងៃ​សុក្រ ទី​២១ ខែ​កក្កដា ឆ្នាំ​២០២៣ ជា​ថ្ងៃ​ធ្វើ​បាតុកម្ម​ប្រឆាំង​ការ​បោះឆ្នោត​នៅ​កម្ពុជា ដោយ​ប្រកាស​ជួបជុំ​គ្នា​នៅ​វិមាន​អូឡាំហ្យា ក្នុង​រដ្ឋធានី​វ៉ាស៊ីនតោន លើ​ទឹកដី​សហរដ្ឋ​អាមេរិក ខណៈ​យុទ្ធនាការ​នេះ​នឹង​ចាប់ផ្តើម​ពី​ម៉ោង ២​រសៀល​រហូត​ដល់​ម៉ោង ៥​ល្ងាច។

នៅ​ថ្ងៃទី​២១ ខែ​កក្កដា ឆ្នាំ​២០២៣ នេះ យុទ្ធនាការ​នៃ​ការ​ឃោសនា​បោះឆ្នោត​ត្រូវ​បញ្ចប់​ហើយ ខណៈ​ដំណើរការ​នៃ​ការ​បោះឆ្នោត​នឹង​ត្រូវ​ធ្វើ​ឡើង​នៅ​ថ្ងៃ​អាទិត្យ ទី​២៣ ខែ​កក្កដា ឆ្នាំ​២០២៣ នេះ ខណៈ​គណបក្ស​នយោបាយ​ដែល​ចូលរួម​ការ​បោះឆ្នោត​មាន ១៨​គណបក្ស ប៉ុន្តែ​គណបក្ស​ដែល​មាន​ឥទ្ធិពល គឺ​មាន​គណបក្ស​ប្រជាជន​កម្ពុជា​របស់​លោក ហ៊ុន សែន មួយ​ប៉ុណ្ណោះ ខណៈ​គណបក្ស​ដែល​មាន​កម្លាំង​គាំទ្រ​អាច​ប្រកួតប្រជែង​ក្នុង​ការ​បោះឆ្នោត​នេះ ដូចជា​គណបក្ស​សង្គ្រោះ​ជាតិ និង​គណបក្ស​ភ្លើង​ទៀន ដែល​មាន​អ្នកគាំទ្រ​ជាង ១​លាន ៦​សែន​នាក់ ជាដើម ត្រូវ​បាន​រាំង​ខ្ទប់​មិន​ឱ្យ​ចូលរួម​ការ​បោះឆ្នោត​នេះ​ទេ៕

© 2024, ខេមបូឌា ដេលី. All rights reserved. No part of this article may be reproduced in print, electronically, broadcast, rewritten or redistributed without written permission.

អត្ថបទទាក់ទង

អត្ថបទអានច្រើន

សេចក្ដីរាយការណ៍ពិសេស