29 C
Phnom Penh

គណៈរដ្ឋមន្ត្រី​ថៃ​អនុម័ត​កញ្ចប់​ថវិកា ៩០៨​លាន​ដុល្លារ​ជួយ​សម្រាល​បំណុល​កសិករ​រយៈពេល​៣​ឆ្នាំ

ដោយ ឌឹ ខេមបូឌា ដេលី

បទវិភាគ

គណៈរដ្ឋមន្ត្រី​ថៃ អនុម័ត​រួច​ហើយ​នូវ​កញ្ចប់​ថវិកា ៣៣​ពាន់​លាន​បាត ឬ​ស្មើ ៩០៨​លាន​ដុល្លារ ដើម្បី​ជួយ​សម្រាល​បំណុល​របស់​កសិករ​ក្នុង​រយៈពេល ៣​ឆ្នាំ។

អនុរដ្ឋមន្ត្រី​ហិរញ្ញវត្ថុ​ថៃ Julapun Amornvivat បាន​បញ្ជាក់​បែប​នេះ​កាលពី​ថ្ងៃទី​២៦ ខែ​កញ្ញា ថា ការ​ព្យួរ​បំណុល​របស់​កសិករ​ដែល​រដ្ឋាភិបាល​ជួយ​សម្រាល ធ្វើឡើង​រយៈពេល ៣​ឆ្នាំ ហើយ​មួយ​ឆ្នាំ​រដ្ឋាភិបាល​អាច​ចំណាយ​ថវិកា​របស់​រដ្ឋ​ប្រមាណ​ជា ៣០២​លាន ៨​សែន​ដុល្លារ។

លោក​អនុរដ្ឋមន្ត្រី Julapun ឱ្យ​ដឹង​ទៀត​ថា រយៈពេល ៣​ឆ្នាំ​នេះ រដ្ឋាភិបាល​ត្រូវ​ជួយ​សម្រាល​ទុក្ខ​លំបាក​របស់​កសិករ ដែល​ក្នុង​នោះ​ជួយ​បង់​ទាំង​ការប្រាក់ និង​ប្រាក់​ដើម។

ទន្ទឹម​នឹង​នេះ អនុរដ្ឋមន្ត្រី​ហិរញ្ញវត្ថុ​រូប​នេះ​បាន​បន្ត​ថា ការ​ព្យួរ​បំណុល​របស់​កសិករ នឹង​ចាប់ផ្តើម​ពី​ថ្ងៃទី​១ ខែ​តុលា ឆ្នាំ​២០២៣ នេះ។ មិន​តែប៉ុណ្ណោះ កសិករ​ត្រូវ​បាន​អនុញ្ញាត​ឱ្យ​ខ្ចី​ប្រាក់ ១០​ម៉ឺន​បាត ឬ​ស្មើ​នឹង ២៧៥១​ដុល្លារ​ពី​ធនាគារ​កសិកម្ម​ដែល​រដ្ឋ​គ្រប់គ្រង និង​ស្ថាប័ន​ផ្តល់​កម្ចី​ផ្សេងៗ។

បើ​តាម​ការ​ចុះផ្សាយ​របស់​ទីភ្នាក់ងារ​សារព័ត៌មាន Reuters កសិករ​ប្រមាណ ២​លាន ៧​សែន​នាក់​មាន​អាទិភាព​ក្នុង​ការ​ចូលរួម​នៃ​កម្មវិធី​ព្យួរ​បំណុល​របស់​ពួកគាត់។

យ៉ាងណា​ក៏ដោយ រដ្ឋាភិបាល​ថៃ ក៏​កំពុង​ស្វះស្វែង​រក​ផែនការ​ថ្មី​សម្រាប់​កសិករ​ផង​ដែរ ដើម្បី​លើក​ទឹកចិត្ត​កុំ​ឱ្យ​កសិករ​ចូល​កម្មវិធី​ព្យួរ​ការ​សង​បំណុល​នេះ​ច្រើន​ពេក ក្នុង​គោលបំណង​ជួយ​កាត់បន្ថយ​បន្ទុក​ប្រចាំ​ឆ្នាំ​របស់​រដ្ឋាភិបាល។

ថៃ​ជា​ប្រទេស​ដែល​នាំ​អង្ករ​ទៅ​ទីផ្សារ​ខាងក្រៅ​ប្រទេស​ធំ​ទី​ពីរ​នៅ​អាស៊ី​បន្ទាប់ពី​ប្រទេស​ឥណ្ឌា។

ការ​បញ្ចេញ​កញ្ចប់​ថវិកា ៩០៨​លាន​ដុល្លារ​របស់​គណៈរដ្ឋមន្ត្រី​ថ្មី​នៃ​រដ្ឋាភិបាល​ចម្រុះ​ដែល​ដឹកនាំ​ដោយ​អ្នកជំនាញ​សេដ្ឋកិច្ច ស្រេតថា ថាវីស៊ីន ធ្វើឡើង​ក្រោយពី​សភា​បាន​អនុម័ត​យល់ព្រម​តាម​សំណើ​របស់​រដ្ឋាភិបាល​ដែល​មើល​ឃើញ​ពី​ផល​លំបាក​របស់​កសិករ ព្រោះតែ​ពួកគេ​ធ្លាក់​ក្នុង​បំណុល ជាពិសេស​នៅ​ពេល​សេដ្ឋកិច្ច​ថៃ​ដាំ​ក្បាល​ចុះ​ក្នុង​បរិបទ​ពិភពលោក​ជួប​វិបត្តិ​ជំងឺ​រាតត្បាត​កូវីដ-១៩ រយៈពេល ៣​ឆ្នាំ។

ក្រៅពី​ជួយ​សម្រាល​បំណុល​របស់​ប្រជាជន រដ្ឋាភិបាល​ថ្មី​នៃ​រាជាណាចក្រ​ថៃ ដែល​ដឹកនាំ​ដោយ​លោក ស្រេតថា មកពី​គណបក្ស​ភឿថៃ ក៏​បាន​សម្រេច​ផែនការ​មួយ​ទៀត គឺ​ការ​ទម្លាក់​ថ្លៃ​ប្រេងសាំង ថ្លៃ​ប្រេងឥន្ធនៈ​ផ្សេងៗ និង​ថ្លៃ​ភ្លើង​អគ្គិសនី។

ជាមួយ​គ្នា​នេះ រដ្ឋាភិបាល​ថ្មី​របស់​រាជាណាចក្រ​ថៃ នេះ ក៏​បាន​ប្រកាស​ពិនិត្យ​មើល​ពន្ធ​អាករ​ណា​ដែល​ប៉ះ​ខ្លាំង​ទៅ​លើ​ជីវភាព​ប្រចាំ​ថ្ងៃ​របស់​ប្រជាជន​ថៃ ដែល​អាច​ឈាន​ដល់​កាត់បន្ថយ​ពន្ធ ឬ​មិន​ត្រូវ​ជាប់​ពន្ធ ជាពិសេស​មុខរបរ​របស់​អ្នក​ធ្វើ​កសិកម្ម។

ក្នុង​បញ្ជី​គណៈរដ្ឋមន្ត្រី​ថៃ នៃ​រដ្ឋាភិបាល​ចម្រុះ ១១​គណបក្ស គឺ​លោក ស្រេតថា ថាវីស៊ីន ជា​នាយករដ្ឋមន្ត្រី​ផង និង​ជា​រដ្ឋមន្ត្រី​ហិរញ្ញវត្ថុ​ផង។ លោក ស្រេតថា ដែល​កាន់​តំណែង​រដ្ឋមន្ត្រី​ហិរញ្ញវត្ថុ ព្រោះ​លោក​មាន​ជំនាញ​សេដ្ឋកិច្ច ហើយ​ជា​អ្នក​ជំរុញ​ដល់​ការ​ស្ដារ​សេដ្ឋកិច្ច​ថៃ​ឡើងវិញ។

នៅ​ក្នុង​ការ​បោះឆ្នោត​សភា​ថៃ កាលពី​ថ្ងៃទី​១៤ ឧសភា បក្ស​ដែល​មាន​អាទិភាព​ជាងគេ​ក្នុង​ការ​បង្កើត​រដ្ឋាភិបាល​ចម្រុះ គឺ​គណបក្ស​ចលនា​ឆ្ពោះ​ទៅ​មុខ (MFP) ដែល​ដឹកនាំ​ដោយ​អ្នកជំនួញ​ម្នាក់ គឺ​លោក ភីថា លឹមចារឿនរ៉ាត់ ប៉ុន្តែ​បុរស​វ័យ ៤២​ឆ្នាំ​រូប​នេះ​មិន​ត្រូវ​បាន​បក្ស​របស់​ពួក​យោធា សមាជិក​ព្រឹទ្ធសភា និង​បក្ស​ដែល​មាន​និន្នាការ​ជាមួយ​ពួក​យោធា​បោះឆ្នោត​គាំទ្រ​លោក​នៅ​ក្នុង​កិច្ចប្រជុំ​របស់​រដ្ឋសភា​នៅ​ថ្ងៃទី​១៣ ខែ​កក្កដា នោះ​ទេ។

អ្នក​សង្កេតការណ៍​មើល​ឃើញ​ថា បើ​លោក ភីថា លឹមចារឿនរ៉ាត់ ក្លាយ​ជា​នាយករដ្ឋមន្ត្រី​ថៃ គឺ​អ្នក​នយោបាយ​វ័យ​ក្មេង​រូប​នេះ​ក៏​មាន​គោលនយោបាយ​កាត់បន្ថយ​ប្រាក់​ពន្ធ​ទាំងអស់​ចំពោះ​ប្រជាជន​ថៃ ទោះ​ជា​ពន្ធ​ទៅ​លើ​ប្រាក់បៀវត្ស​របស់​មន្ត្រី​រដ្ឋការ​ក៏ដោយ​នោះ។

បន្ថែម​លើ​នេះ លោក ភីថា ពិនិត្យ​មើល​ឡើងវិញ​ទាំងអស់​អំពី​ប្រព័ន្ធ​ពន្ធ​ដែល​ត្រូវ​បាន​បាត់​ក្នុង​ហេតុផល​នៃ​ការ​កិបកេង​របស់​មន្ត្រី​ពន្ធដារ និង​មន្ត្រី​ពាក់ព័ន្ធ ដែល​លោក​ថា​វា​ជា​យុទ្ធនាការ​មួយ​បោស​សម្អាត​ពន្ធ​ខ្មៅ ឬ​បោស​សម្អាត​អំពើពុករលួយ ដើម្បី​ធ្វើ​ឲ្យ​សេដ្ឋកិច្ច​ថៃ មាន​ភាព​រឹងមាំ​សំដៅ​ជួយ​ដល់​ជីវភាព​ប្រចាំ​ថ្ងៃ​របស់​ប្រជាជន​ថៃ ដែល​ក្រីក្រ៕

© 2024, ខេមបូឌា ដេលី. All rights reserved. No part of this article may be reproduced in print, electronically, broadcast, rewritten or redistributed without written permission.

អត្ថបទទាក់ទង

អត្ថបទអានច្រើន

សេចក្ដីរាយការណ៍ពិសេស