31 C
Phnom Penh

បុរស​ខ្លាំង​ចេញ​អនុក្រឹត្យ​ថ្មី​គ្រប់គ្រង​អត្តសញ្ញាណ​អតិថិជន​ដែល​ប្រើ​ប្រព័ន្ធ​ឌីជីថល​កម្ពុជា

ដោយ ឌឹ ខេមបូឌា ដេលី

បទវិភាគ

បុរស​ខ្លាំង​ដឹកនាំ​កម្ពុជា​ជិត ៤០​ឆ្នាំ លោក ហ៊ុន សែន ចេញ​អនុក្រឹត្យ​ថ្មី​ក្នុង​គោលដៅ​គ្រប់គ្រង​អត្តសញ្ញាណ​អតិថិជន​ដែល​ប្រើ​ប្រព័ន្ធ​ឌីជីថល​នៅ​កម្ពុជា ខណៈ​លោក ហ៊ុន សែន ប្រកាស​ថា​លោក ហ៊ុន ម៉ាណែត នឹង​ធ្វើ​ជា​នាយករដ្ឋមន្ត្រី​នៅ​ថ្ងៃទី​២២ ខែ​សីហា ខាងមុខ​នេះ។

ក្នុង​អនុក្រឹត្យ​ស្ដីពី​ការ​គ្រប់គ្រង​អត្តសញ្ញាណ​អតិថិជន​ឌីជីថល​កម្ពុជា ចេញ​នា​ថ្ងៃទី​២៦ ខែ​កក្កដា ឆ្នាំ​២០២៣ ដែល​ចុះហត្ថលេខា​ដោយ​លោក ហ៊ុន សែន ឲ្យ​ដឹង​ថា អនុក្រឹត្យ​នេះ​មាន​វិសាលភាព​អនុវត្ត​ទៅ​ក្រសួង ស្ថាប័ន អង្គភាព​សាធារណៈ​ប្រហាក់ប្រហែល រដ្ឋបាល​ថ្នាក់​ក្រោម​ជាតិ សហគ្រាស​សាធារណៈ គ្រឹះស្ថាន​សាធារណៈ​រដ្ឋបាល នីតិបុគ្គល​ទទួល​ផល​ប្រយោជន៍​ពី​ហិរញ្ញវត្ថុ​សាធារណៈ ក្រុមហ៊ុន​ឬ​សហគ្រាស និង​សមាគម​ដែល​ត្រូវ​បាន​បង្កើត​ស្រប​តាម​ច្បាប់ និង​លិខិត​បទដ្ឋាន​គតិយុត្តិ​ផ្សេង​ទៀត​ជាធរមាន​នៅ​កម្ពុជា។

ក្រៅពី​ស្ថាប័ន​រាប់រៀប​ខាងលើ អនុក្រឹត្យ​នេះ​ក៏​មាន​វិសាលភាព​អនុវត្ត​ចំពោះ​បុគ្គល​មាន​សញ្ជាតិ​ខ្មែរ និង​រូបវន្ត​បុគ្គល​មាន​សញ្ជាតិ​បរទេស​ដែល​ប្រើប្រាស់​សេវា និង​ទិន្នន័យ​នៃ​អត្តសញ្ញាណ​អតិថិជន​ឌីជីថល​កម្ពុជា លើកលែងតែ​ការ​ប្រើប្រាស់​សេវា និង​ទិន្នន័យ​ក្នុង​វិស័យ​ការពារ​ជាតិ សន្តិសុខ​ជាតិ និង​សណ្ដាប់ធ្នាប់​សាធារណៈ។

បើ​តាម​ខ្លឹមសារ​មាត្រា ៤ នៃ​អនុក្រឹត្យ​នេះ ក៏​បាន​តម្រូវ​ឲ្យ​អតិថិជន​ដែល​ប្រើប្រាស់​ប្រព័ន្ធ​ឌីជីថល​នៅ​កម្ពុជា​ទាំងអស់ ត្រូវ​សហការ​ជាមួយ​នឹង​ក្រសួង​ស្ថាប័ន​មាន​សមត្ថកិច្ច​ពាក់ព័ន្ធ។ ក្រៅពី​សហការ​ហើយ សមត្ថកិច្ច​ត្រូវ​រៀបចំ​របាយការណ៍​វឌ្ឍនភាព​ការងារ និង​សមិទ្ធផល បញ្ហា​ប្រឈម និង​ការ​ស្នើ​ឡើង​នូវ​វិធានការ​ដោះស្រាយ​ជូន​រដ្ឋាភិបាល – បំពេញ​ភារកិច្ច​ផ្សេង​ទៀត​តាម​ការ​ប្រគល់​ជូន​ពី​រដ្ឋាភិបាល។

ចំណែក​មាត្រា ២៥ នៅ​ក្នុង​ជំពូក​ទី​៥ នៃ​អនុក្រឹត្យ​នេះ ក៏​បាន​និយាយ​អំពី​ការ​ការពារ​សន្តិសុខ​តាម​បច្ចេកវិទ្យា​ព័ត៌មាន និង​សុវត្ថិភាព​ទិន្នន័យ អត្តសញ្ញាណ​អតិថិជន​ឌីជីថល​នៃ អ.ឌ.ក. ដោយ​សមត្ថកិច្ច​ផង​ដែរ។

មាត្រា​នេះ​ក៏​បាន​លើក​ពី​ការ​វាយប្រហារ​តាម​បច្ចេកវិទ្យា​ព័ត៌មាន និង​សុវត្ថិភាព​ទិន្នន័យ អត្តសញ្ញាណ​អតិថិជន​ឌីជីថល ដែល​តម្រូវ​ឱ្យ​មាន​វិធានការ​ការពារ​សន្តិសុខ​តាម​បច្ចេកវិទ្យា​ព័ត៌មាន និង​សុវត្ថិភាព​ទិន្នន័យ អត្តសញ្ញាណ​អតិថិជន​ឌីជីថល​ដូចជា៖

  • ការ​ប្រមូល ការ​ថត​ចម្លង ការ​កែប្រែ ការ​ប្រើប្រាស់ ការ​បង្ហាញ ការ​បញ្ជូន ការ​ផ្សព្វផ្សាយ និង/ឬ​ការ​ធ្វើ​ឱ្យ​បែកធ្លាយ​ទិន្នន័យ​អត្តសញ្ញាណ​អតិថិជន​ឌីជីថល​នៃ អ.ឌ.ក. ដោយ​គ្មាន​ការ​អនុញ្ញាត – ការ​លួច​យក ការ​បំផ្លាញ ការ​លុប ការ​ធ្វើ​ឱ្យ​បាត់បង់ ឬ​ការ​ធ្វើ​ឱ្យ​ខូចខាត​ទិន្នន័យ​អត្តសញ្ញាណ​អតិថិជន​ឌីជីថល​នៃ អ.ឌ.ក. ដោយ​ចៃដន្យ ឬ​ដោយ​ចេតនា
  • ការ​ក្លែង​បន្លំ ឬ​ការ​ប៉ុនប៉ង​ក្លែង​បន្លំ​ទិន្នន័យ​អត្តសញ្ញាណ​បុគ្គល​ដទៃ​ដោយ​ផ្តល់​ទិន្នន័យ​មិន​ពិត
  • ការ​បញ្ចូល​មេរោគ ការ​ផ្ញើ​សារ​គំរាមកំហែង ការ​ចាប់​ជំរិត និង/ឬ​ការ​ធ្វើ​ឱ្យ​ប៉ះពាល់​ដល់​សន្តិសុខ​សេដ្ឋកិច្ច និង​សង្គម​ឌីជីថល
  • ការ​សមគំនិត ឬ​ការ​ផ្តល់​មធ្យោបាយ ឬ​ការ​ផ្ដល់​វិធីសាស្ត្រ​ក្នុង​ការ​វាយប្រហារ​ប្រព័ន្ធ​ប្រតិបត្តិការ អ.ឌ.ក. ប្រព័ន្ធ​បច្ចេកវិទ្យា​ព័ត៌មាន​របស់​សមាជិកភាព​ដោយ​ស្វ័យប្រវត្តិ និង​សមាជិកភាព​ដោយ​ការ​ស្នើសុំ ដែល​ស្នើសុំ​ធ្វើ​យថាភូតកម្ម និង​ប្រើប្រាស់​ទិន្នន័យ​អត្តសញ្ញាណ​អតិថិជន​ឌីជីថល​នៃ អ.ឌ.ក. និង​ទិន្នន័យ​អត្តសញ្ញាណ​អតិថិជន​ឌីជីថល
  • ការ​វាយប្រហារ​ផ្សេងៗ​ទៀត​ដែល​បង្ក​ហានិភ័យ​ដល់​សន្តិសុខ​ប្រព័ន្ធ​អន្តរ​ប្រតិបត្តិការ និង​សុវត្ថិភាព​ទិន្នន័យ​អត្តសញ្ញាណ​អតិថិជន​ឌីជីថល​តាមរយៈ អ.ឌ.ក.។

ប្រធាន​វេទិកា​ពលរដ្ឋ និង​ជា​អ្នកវិភាគ​នយោបាយ លោក គឹម សុខ ចាត់ទុក​ការ​ចេញ​អនុក្រឹត្យ​នេះ​ឆ្លុះបញ្ចាំង​ឲ្យ​ឃើញ​ថា លោក ហ៊ុន ម៉ាណែត ដែល​ត្រៀម​ឡើង​ដឹកនាំ​ប្រទេស​តាម​ក្បួន ប៉ុល ពត សុទ្ធសាធ ដោយសារ​សម័យ ប៉ុល ពត គ្រប់គ្រង​មនុស្ស​ដោយ​វិធី​បែងចែក​ជា​សហករណ៍ ក្មេង​ដោយ​ក្មេង ចាស់​ដោយ​ចាស់ ប្រុស​ដោយ​ប្រុស ស្រី​ដោយ​ស្រី ហើយ​ដើរ​ឈ្លប​យក​ការណ៍​តាម​ផ្ទះ។

តែ​នៅ​សម័យ​លោក ហ៊ុន ម៉ាណែត វិញ លោក គឹម សុខ ថា​រដ្ឋាភិបាល​ចាប់ផ្ដើម​កំណត់​អត្តសញ្ញាណ​ប្រជាពលរដ្ឋ​ជា​ក្រុម ឬ​សមាគម ដើម្បី​ពួក​អ្នក​កាន់​អំណាច​ងាយ​បិទ​សិទ្ធិ និង​គំរាមកំហែង ដោយ​ចាត់​ជា​ក្រុម​បក្ខពួក​តាំងពី​កសិករ កម្មករ បុគ្គលិក​ក្រុមហ៊ុន​ឯកជន មន្ត្រី​រាជការ គ្រូបង្រៀន កងកម្លាំង​ប្រដាប់​អាវុធ អ្នក​រៀន​ក្នុង​ស្រុក អ្នក​រៀន​ក្រៅ​ស្រុក អ្នក​រត់​តាក់ស៊ី អ្នក​រត់​កង់បី អ្នក​រត់​ម៉ូតូឌុប អាជីវករ​តូច​ធំ អ្នកកាសែត រហូត​ដល់​ព្រះសង្ឃ អតីត​អ្នក​បួស អ្នក​លក់​លៀស ពួក​ជើងកាង​ដៃដល់ ជាដើម។

ជាមួយ​គ្នា​នេះ លោក​ថា​ក្រុម​របស់​លោក ហ៊ុន ម៉ាណែត ក៏​ចាត់តាំង​ជា​មេក្រុម​តាម​សណ្ឋាន​នីមួយៗ ដើម្បី​ឲ្យ​តាមដាន និង​គំរាមកំហែង។ ករណី​នេះ​វា​បាន​បង្ហាញ​ឲ្យ​ឃើញ​ជាក់ស្ដែង​ណាស់​ថា ការ​កំណត់​អត្តសញ្ញាណ​អតិថិជន​ឌីជីថល​កម្ពុជា​នៅ​ពេលនេះ គឺ​ស្ថិត​ក្នុង​ផែនការ​ត្រួតត្រា និង​គំរាមកំហែង​តាម​ផ្លូវ​នយោបាយ។

លោក គឹម សុខ យល់​ថា មូលហេតុ​ដែល​លោក ហ៊ុន សែន និង​លោក ហ៊ុន ម៉ាណែត រៀបចំ និង​ធ្វើ​ដូច្នេះ ដោយសារតែ​លោក​បាន​ដឹង​ថា អំណាច​របស់​គ្រួសារ​ហ៊ុន​បាន​ពី​ឧក្រិដ្ឋកម្ម​នយោបាយ ក្បត់​ឆន្ទៈ​ពលរដ្ឋ ទៅ​ជា​ប្រឈម​នឹង​ប្រតិកម្ម​ថ្កោលទោស​ពី​ប្រជាពលរដ្ឋ ហើយ​បណ្ដាញ​សង្គម និង​ប្រព័ន្ធ​ឌីជីថល គឺជា​អាវុធ​បញ្ចេញមតិ និង​ការ​ផ្សព្វផ្សាយ​ទូលំទូលាយ​របស់​ប្រជាពលរដ្ឋ។

ដូច្នេះ​ហើយ លោក គឹម សុខ ថា ទើប​ក្រុម​គ្រួសារ​ត្រកូល​ហ៊ុន​ខំប្រឹង​កំណត់​អត្តសញ្ញាណ​ពលរដ្ឋ​តាម​ប្រព័ន្ធ​ឌីជីថល​បែប​នេះ​វិញ​នោះ ដែល​វា​ជា​ការ​បង្ហាញ​ឲ្យ​ឃើញ​ថា​គ្រួសារ​ត្រកូល​ហ៊ុន​ខ្លាច​យុវជន​ដែល​មាន​សមត្ថភាព​ប្រើ​ប្រព័ន្ធ​ឌីជីថល ដើម្បី​លើក​ទឹកចិត្ត​គ្នា​ទៅវិញ​ទៅមក​ក្នុង​គោលបំណង​តស៊ូ​ប្ដូរ​អំណាច​ផ្ដាច់ការ​ដែល​ដឹកនាំ​គ្រួសារ​លោក ហ៊ុន សែន ចេញ។

បើ​តាម​អនុក្រឹត្យ​ថ្មី​ស្ដីពី​ការ​គ្រប់គ្រង​អត្តសញ្ញាណ​អតិថិជន​ឌីជីថល​កម្ពុជា​នេះ មាន​ទាំងអស់​ចំនួន ៧​ជំពូក និង ៣៦​មាត្រា ដោយ​តម្រូវ​ឲ្យ​ក្រសួង​ស្ថាប័ន​ពាក់ព័ន្ធ​ទាំងអស់​ត្រូវ​អនុវត្ត​តាម​ភារកិច្ច​របស់​ខ្លួន​ចាប់ពី​ថ្ងៃទី​២៦ ខែ​កក្កដា ឆ្នាំ​២០២៣ តទៅ៕

© 2024, ខេមបូឌា ដេលី. All rights reserved. No part of this article may be reproduced in print, electronically, broadcast, rewritten or redistributed without written permission.

អត្ថបទទាក់ទង

អត្ថបទអានច្រើន

សេចក្ដីរាយការណ៍ពិសេស