29 C
Phnom Penh

ប្រធាន​រដ្ឋសភា​អាមេរិក​លោក McCarthy ត្រូវ​បាន​ទម្លាក់​ចេញពី​តំណែង​ក្នុង​ការ​បោះឆ្នោត​ជា​ប្រវត្តិសាស្ត្រ

ដោយ ឌឹ ខេមបូឌា ដេលី

បទវិភាគ

សភា​តំណាងរាស្ត្រ​សហរដ្ឋ​អាមេរិក បោះឆ្នោត​ទម្លាក់​លោក Kevin McCarthy ចេញពី​តំណែង​ជា​ប្រធាន​រដ្ឋសភា ដែល​ជា​លទ្ធផល​កើត​ចេញពី​ជម្លោះ​ផ្ទៃក្នុង​នៅ​ក្នុង​គណបក្ស​សាធារណរដ្ឋ។

លោក McCarthy ត្រូវ​បាន​បោះឆ្នោត​ទម្លាក់​ពី​តំណែង​ក្នុង​សំឡេង​គាំទ្រ ២១៦ ទល់នឹង ២១០​សំឡេង​ជំទាស់​កាលពី​ល្ងាច​ថ្ងៃ​អង្គារ ក្នុង​សប្ដាហ៍​នេះ។

អ្នក​សង្កេតការណ៍ និង​អ្នក​សារព័ត៌មាន បាន​ហៅ​ព្រឹត្តិការណ៍​នេះ​ថា​ជា​លើកដំបូង​ក្នុង​ប្រវត្តិសាស្ត្រ​របស់​សហរដ្ឋ​អាមេរិក ដែល​សភា​តំណាងរាស្ត្រ​បោះឆ្នោត​ដក​តំណែង​ប្រធាន​របស់​ខ្លួន។

ការ​បោះឆ្នោត​ទម្លាក់​លោក McCarthy ពី​តំណែង​ប្រធាន​រដ្ឋសភា ចំ​ពេល​ដែល​អាណត្តិ​សភា​ថ្មី​បាន​ដើរ​ពាក់កណ្ដាល​អាណត្តិ។

នៅ​ក្នុង​ការ​បោះឆ្នោត​នេះ សមាជិក​សភា​តំណាងរាស្ត្រ​សាធារណរដ្ឋ ៨​រូប​បាន​ចែក​ផ្លូវ​ជាមួយ​លោក McCarthy ទៅ​ចូលរួម​ជាមួយ​សមាជិក​សភា​មកពី​បក្ស​ប្រជាធិបតេយ្យ ២០៨​រូប ក្នុង​ការ​ដក​តំណែង​រូបលោក McCarthy។ យ៉ាងនេះ​ក្ដី លោក McCarthy បាន​ប្រាប់​អ្នក​សារព័ត៌មាន​ថា លោក​មិន​ចូលរួម​ប្រកួត​ប្រជែង​យក​តំណែង​ជា​ប្រធាន​សភា​តំណាងរាស្ត្រ​ជា​ថ្មី​នោះ​ទេ។

លោក McCarthy ត្រូវ​បាន​ទម្លាក់​ចេញពី​តំណែង​បន្ទាប់ពី​តំណាងរាស្ត្រ​ម្នាក់​នៅ​ក្នុង​គណបក្ស​សាធារណរដ្ឋ គឺ​លោក Matt Gaetz បាន​ដំណើរការ​នីតិវិធី​បោះឆ្នោត​ដក​តំណែង​លោក McCarthy។

លោក Matt Gaetz គឺជា​មិត្ត​របស់​លោក ដូណាល់ ត្រាំ អតីត​ប្រធានាធិបតី។ បុរស​នេះ​បាន​ដាក់​ញត្តិ​ផ្ចុងផ្ដើម​ឱ្យ​ដក​លោក McCarthy ចេញពី​តំណែង ហើយ​បាន​ចោទ​លោក McCarthy លម្អៀង​ទៅ​រក​សមាជិក​ព្រឹទ្ធសភា​មកពី​បក្ស​ប្រជាធិបតេយ្យ ដែល​ផ្ដល់​ឱកាស​ឱ្យ​រដ្ឋាភិបាល​លោក ចូ បៃដិន បាន​រួច​ផុត​ពី​ការ​បិទ​ដំណើរការ ដោយ​ព្រឹទ្ធសភា​បើក​ផ្លូវ​ឱ្យ​រដ្ឋការ​លោក បៃដិន បន្ត​ការងារ​របស់​ខ្លួន​ប្រចាំ​ថ្ងៃ​មួយ​រយៈ​ទៀត គឺ​រហូត​ថ្ងៃទី​១៧ វិច្ឆិកា ទើប​សភា​ពិនិត្យ​ឡើងវិញ​នូវ​ច្បាប់​សារពើពន្ធ​របស់​រដ្ឋាភិបាល ហើយ​បើ​ពុំ​នោះ​ទេ ត្រូវ​បិទ​រដ្ឋាភិបាល។

គណបក្ស​សាធារណរដ្ឋ គ្រោង​នឹង​បើក​កិច្ចប្រជុំ​មួយ​នៅ​ថ្ងៃទី​១០ ខែ​តុលា ដើម្បី​ពិភាក្សា​ពី​អ្នក​ត្រូវ​បន្ត​វេន​ពី​លោក McCarthy ខណៈ​ការ​បោះឆ្នោត​ជ្រើសរើស​ប្រធាន​សភា​តំណាងរាស្ត្រ​ថ្មី អាច​នឹង​ធ្វើ​ឡើង​នៅ​ថ្ងៃទី​១១ ខែ​តុលា សប្ដាហ៍​ក្រោយ​នេះ។ គណបក្ស​សាធារណរដ្ឋ គឺជា​អ្នក​គ្រប់គ្រង​រដ្ឋសភា​ដោយ​មាន​សមាជិក ២២១​នាក់​ទល់​នឹង​សមាជិក​ចំនួន ២១២​នាក់​នៃ​គណបក្ស​ប្រជាធិបតេយ្យ។

លោក McCarthy បាន​ក្លាយ​ជា​ប្រធាន​រដ្ឋសភា​សហរដ្ឋ​អាមេរិក​នៅ​ក្នុង​ការ​បោះឆ្នោត​កាលពី​ខែ​មករា ឆ្នាំ​២០២៣ បន្ទាប់ពី​មាន​ការ​បោះឆ្នោត​ជាច្រើន​ជុំ​ដែល​នៅ​ក្នុង​ការ​បោះឆ្នោត​នោះ លោក Matt Gaetz និង​សមាជិក​គណបក្ស​សាធារណរដ្ឋ​ផ្សេង​ទៀត​បាន​ប្រឆាំង​នឹង​បេក្ខភាព​របស់​លោក។

សម្បទាន​មួយ​ដែល​ឈាន​ទៅ​ដល់​ការ​បោះឆ្នោត​ចុងក្រោយ​ឱ្យ​លោក McCarthy ធ្វើ​ជា​ប្រធាន​រដ្ឋសភា គឺ​ការ​យល់ព្រម​ឱ្យ​សមាជិក​រដ្ឋសភា​ណា​តែ​ម្នាក់​ប៉ុណ្ណោះ​អាច​ស្នើ​ឱ្យ​មាន​ការ​បោះឆ្នោត​ដក​តំណែង​ប្រធាន​រដ្ឋសភា​រូប​នេះ​បាន បើ​ករណី​ចាំបាច់។ ដូច​នេះ​ហើយ​បាន​ជា​លោក​តំណាងរាស្ត្រ Matt Gaetz ប្រើ​សិទ្ធិ​របស់​លោក​ដ៏​លឿន​រហ័ស​នេះ ធ្វើ​ញត្តិ​ទាំង​យប់​កាលពី​យប់​ថ្ងៃ​ចន្ទ​បញ្ជូន​ចូល​ទៅ​រដ្ឋសភា។

ភ្លាមៗ គណបក្ស​សាធារណរដ្ឋ​បាន​សម្រេច​ឱ្យ​លោក​តំណាងរាស្ត្រ Patrick McHenry ជា​ប្រធាន​រដ្ឋសភា​ស្ដីទី ព្រោះ​លោក McHenry ស្ថិត​នៅ​លេខ​រៀង​ទី​២ នៃ​បេក្ខជន​ប្រធាន​រដ្ឋសភា​មកពី​បក្ស​សាធារណរដ្ឋ​បន្ទាប់ពី​លោក McCarthy។

ការ​ដកហូត​តំណែង​ប្រធាន​រដ្ឋសភា​ពី​លោក McCarthy ក្នុង​ពាក់កណ្ដាល​អាណត្តិ​សភា បាន​នាំ​ឱ្យ​មាន​ការ​ចោទ​សួរ​ថា អ្វី​នឹង​កើតឡើង ហើយ​អ្នក​តំណាងរាស្ត្រ​មកពី​បក្ស​សាធារណរដ្ឋ​ណា​មួយ​នឹង​ក្លាយ​ជា​ប្រធាន​រដ្ឋសភា​ផ្លូវការ​របស់​សហរដ្ឋ​អាមេរិក ខណៈ​ផ្ទៃក្នុង​នៃ​គណបក្ស​សាធារណរដ្ឋ​កំពុង​ដើរ​លើ​ផ្លូវ​បែកបាក់។

ជាមួយ​គ្នា​នោះ​ដែរ តាម​ការ​ឱ្យ​ដឹង​ពី​អ្នក​នាំពាក្យ​សេតវិមាន អ្នកស្រី Karine Jean-Pierre លោក​ប្រធានាធិបតី ចូ បៃដិន សង្ឃឹម​ថា​សភា​តំណាងរាស្ត្រ​គ្រប់គ្រង​ដោយ​បក្ស​សាធារណរដ្ឋ នឹង​បោះឆ្នោត​ជ្រើសតាំង​ប្រធាន​រដ្ឋសភា​ថ្មី​ក្នុង​ពេល​ឆាប់ៗ​នេះ ដោយ​មិន​ទុក​ឱ្យ​ការងារ​របស់​រដ្ឋសភា​ជាប់​គាំង​នោះ​ទេ៕

© 2024, ខេមបូឌា ដេលី. All rights reserved. No part of this article may be reproduced in print, electronically, broadcast, rewritten or redistributed without written permission.

អត្ថបទទាក់ទង

អត្ថបទអានច្រើន

សេចក្ដីរាយការណ៍ពិសេស