29 C
Phnom Penh

មហា​បុរស​ខ្លាំង​នៅ​រុស្ស៊ី សម្រេច​មិន​ទៅ​ប្រជុំ​កំពូល BRICSនៅ​អាហ្រ្វិក​ខាងត្បូង តើ​អាច​មកពី ICC ចេញ​ដីកា​ចាប់​ខ្លួន?

ដោយ ឌឹ ខេមបូឌា ដេលី

បទវិភាគ

កាលពី​សប្ដាហ៍​មុន វិមាន​ក្រឹមឡាំង​បាន​ជូនដំណឹង​ទៅ​រដ្ឋាភិបាល​អាហ្វ្រិក​ខាងត្បូង វិញ​ថា លោក​ប្រធានាធិបតី វ៉្លាឌីមៀរ ពូទីន នឹង​មិន​ទៅ​ចូលរួម​ប្រជុំ​កំពូល​នៃ​មេដឹកនាំ​អង្គការ​សហប្រតិបត្តិការ​សេដ្ឋកិច្ច ឬ​ហៅ​កាត់​ថា BRICS ដែល​នឹង​ធ្វើ​នៅ​លើ​ទឹកដី​នៃ​ប្រទេស​អាហ្វ្រិក​មួយ​នេះ​នៅ​ថ្ងៃទី​២០ ខែ​សីហា ខាងមុខ​នេះ​ទេ។

តែ​សេចក្ដី​ជូនដំណឹង​របស់​ក្រុង​មូស្គូ មិន​បាន​បញ្ជាក់​អំពី​មូលហេតុ​នោះ​ទេ គ្រាន់តែ​ប្រាប់​ថា លោក​រដ្ឋមន្ត្រី​ការបរទេស ហ្សេហ្គេស ស្គូយរូវ ត្រូវ​ទៅ​ជំនួស​លោក ពូទីន។

នេះ​ជា​ចំណោទ​មួយ​ដែល​ត្រូវ​លើក​មក​ចោទ​សួរ​ថា ហេតុ​អ្វី​បាន​ជា​មហា​បុរស​ខ្លាំង​នៅ​រុស្ស៊ី ដូរ​ជំហរ​បែប​នេះ ដែល​កន្លងមក​តែងតែ​ប្រកាស​ថា​លោក ពូទីន ត្រូវតែ​ទៅ​ចូលរួម​ប្រជុំ​នៃ​មេដឹកនាំ BRICS ទោះជា​លោក​ប្រឈមមុខ​នឹង​ដីកា​ចាប់​ខ្លួន​របស់ ICC ក៏ដោយ។

ក្រុម​ប្រទេស​សហប្រតិបត្តិការ​សេដ្ឋកិច្ច ៥​ប្រទេស​ដែល​ហៅ​កាត់​ថា BRICS មាន​ប្រេស៊ីល រុស្ស៊ី ឥណ្ឌា ចិន និង​អាហ្វ្រិក​ខាងត្បូង។

គេ​នៅ​ចាំ​បាន​ថា កាលពី​ថ្ងៃទី​១៧ ខែ​មីនា ឆ្នាំ​២០២៣ នៅ​ពេល​តុលាការ​ឧក្រិដ្ឋកម្ម​អន្តរជាតិ ICC ចេញ​ដីកា​ចាប់​ខ្លួន​លោក ពូទីន ក្នុង​សំណុំរឿង​ឧក្រិដ្ឋកម្ម​សង្គ្រាម​ទៅ​លើ​ប្រទេស​អ៊ុយក្រែន មន្ត្រី​កំពូលៗ​របស់​វិមាន​ក្រឹមឡាំង បាន​ចេញ​សារ​ព្រមាន​បាញ់​មីស៊ីល​លើ​ប្រទេស​ណា​ដែល​ហ៊ាន​ចាប់​ខ្លួន​លោក ពូទីន បញ្ជូន​ទៅ​ឱ្យ ICC ដោយ​ហៅ​ប្រទេស​នោះ​ថា​ប្រកាស​សង្គ្រាម​ជាមួយ​នឹង​រុស្ស៊ី។

មិន​តែប៉ុណ្ណោះ ពួក​មន្ត្រី​ទាំងនោះ​ព្រមាន​បាញ់​មីស៊ីល​ប៉ាលីស្ទិច​កម្ទេច​ការិយាល័យ ICC នៅ​ក្រុង​ឡាអេ ប្រទេស​ហុឡង់ដ៍ ទៀត​ផង។ បន្ថែម​លើស​ពី​នេះ របប​នៅ​ក្រុង​មូស្គូ​បាន​សម្រេច​វាយបក​តុលាការ ICC វិញ ដោយ​សម្រេច​ដាក់​ឈ្មោះ​រដ្ឋអាជ្ញា និង​ចៅក្រម​របស់​តុលាការ​អន្តរជាតិ​នេះ​នៅ​ក្នុង​បញ្ជី​ខ្មៅ​របស់​រុស្ស៊ី ដែល​ត្រូវ​ចាប់​ខ្លួន​ទៀត​ផង។

ក្រុង​មូស្គូ បាន​ជូនដំណឹង​ទៅ​បណ្ដា​ប្រទេស​ជា​សម្ព័ន្ធភាព​របស់​ខ្លួន​ឱ្យ​ចាប់​ខ្លួន​រដ្ឋអាជ្ញា និង​ចៅក្រម​របស់​តុលាការ ICC មក​ប្រគល់​ឱ្យ​អាជ្ញាធរ​រុស្ស៊ី។

តែ​ចំពោះ​អាហ្វ្រិក​ខាងត្បូង ដែល​ជា​ភាគី​ស្ថាបនិក​នៃ​តុលាការ ICC បាន​ប្រកាស​ថា កាតព្វកិច្ច​ក្នុង​ការ​អនុវត្ត​តាម​ការ​បង្គាប់​របស់ ICC គឺជា​ការ​ពិបាក​បំផុត ហើយ​ម្យ៉ាង​ទៀត ក្រុម​ប្រឆាំង​ដាក់​គំនាប​ជា​ខ្លាំង​ទៅ​លើ​រដ្ឋាភិបាល​ដែល​ថា​ត្រូវ​ឃាត់​ខ្លួន​លោក ពូទីន បើ​ពុំ​នោះ​ទេ អាហ្វ្រិក​ខាងត្បូង​លែង​មាន​តម្លៃ​ទៀត​ហើយ​នៅ​លើ​ឆាក​អន្តរជាតិ ព្រោះតែ​ផ្ដល់​និទ្ទណ្ឌភាព​ចំពោះ​ឧក្រិដ្ឋជន។ បើ​ផ្អែក​តាម​លក្ខន្តិកៈ​ក្រុង​រ៉ូម អាហ្វ្រិក​ខាងត្បូង​ដែល​ជា​ប្រទេស​សមាជិក​របស់ ICC ត្រូវតែ​អនុវត្ត​ដីកា​ចាប់​ខ្លួន​របស់​តុលាការ​អន្តរជាតិ​នេះ។

តើ​កត្តា​អ្វី​ខ្លះ​ដែល​នាំ​ឱ្យ​លោក ពូទីន ដូរ​ជំហរ​មិន​សម្រេច​ទៅ​កាន់​ប្រទេស​អាហ្វ្រិក​ខាងត្បូង?

រឿង​នេះ​គេ​អាច​គិត​ទៅ​រក​ហេតុផល​យ៉ាងតិច​ចំនួន ២ នៅ​ចំពោះ​មុខ​វិមាន​ក្រឹមឡាំង៖

  • ទី​១ គេ​អាច​គិត​ថា លោក ពូទីន និង​វិមាន​ក្រឹមឡាំង មិន​ចង់​ឃើញ​អ្នក​នយោបាយ​នៃ​ប្រទេស​អាហ្វ្រិក​ខាងត្បូង​បែកបាក់​គ្នា​ព្រោះតែ​វត្តមាន​របស់​លោក ពូទីន នៅ​លើ​ទឹកដី​អាហ្វ្រិក​មួយ​នេះ​ក្នុង​ពេល​អង្គការ BRICS ដំណើរការ​ប្រជុំ​កំពូល។ បើ​អ្នក​នយោបាយ​អាហ្វ្រិក​ខាងត្បូង​បែកបាក់​គ្នា អាច​នាំ​ទៅ​រក​ការ​បាក់​មុខ​បាក់​មាត់​អាហ្វ្រិក​ខាងត្បូង​នៅ​វេទិកា​អន្តរជាតិ ព្រោះ​ក្រុម​បក្ស​ប្រឆាំង​បាន​ប្ដឹង​ទៅ​អគ្គ​រដ្ឋអាជ្ញា​របស់​ប្រទេស​នេះ​រួច​ហើយ ដោយ​ទាមទារ​ថា​ត្រូវតែ​អនុវត្ត​កាតព្វកិច្ច​របស់ ICC។ ជាមួយ​គ្នា​នេះ ក្រុម​ប្រឆាំង​ព្រមាន​ប្រធានាធិបតី​អាហ្វ្រិក​ខាងត្បូង លោក Cyril Ramaphosa ថា​ត្រូវតែ​ឃាត់​ខ្លួន​លោក ពូទីន ឱ្យ ICC បើ​ពុំ​នោះ​ទេ លោក Ramaphosa ត្រូវ​ឆ្លើយ​ចំពោះ​មុខ​សមាជិក​សភា។ មិន​តែប៉ុណ្ណោះ អាហ្វ្រិក​ខាងត្បូង​អាច​ប្រឈម​នឹង​ការ​ថ្កោលទោស​ពី​បណ្ដា​ប្រទេស​ជា​សមាជិក ICC ដែល​មាន ១២៣​ប្រទេស ជាពិសេស​ក្រុម​បស្ចិម​ប្រទេស។ ប្រទេស​លោក​ខាងលិច​ដែល​អាមេរិក​ជា​មេដឹកនាំ​ធំ​ជាងគេ បាន​ទទូច​ដល់​ប្រទេស​ទាំងអស់ ជាពិសេស​ប្រទេស​ទាំង ១២៣ ជា​ភាគី​ហត្ថលេខី​នៃ​តុលាការ ICC ត្រូវ​ឃាត់​ខ្លួន​លោក ពូទីន បើ​មេដឹកនាំ​វិមាន​ក្រឹមឡាំង​ជាន់​ដី​ប្រទេស​ទាំងអស់​នេះ។ ការ​ឃាត់​ខ្លួន​លោក ពូទីន បញ្ជូន​ឱ្យ​រដ្ឋអាជ្ញា ICC គឺជា​ការ​ចូលរួម​បំបាត់​និទ្ទណ្ឌភាព​ដែល​មេដឹកនាំ​ប្រព្រឹត្ត​ឧក្រិដ្ឋកម្ម​សង្គ្រាម​មិន​ត្រូវ​ផ្ដល់​ឱកាស​ឲ្យ​រួច​ខ្លួន​បាន​ឡើយ។
  • ទី​២ គេ​មើល​ឃើញ​វិមាន​ក្រឹមឡាំង ជាពិសេស​លោក ពូទីន ផ្ទាល់​មាន​ចំណុច​ខ្សោយ​ក្នុង​ជំហរ​របស់​ខ្លួន ដែល​អាច​គិត​ថា​វត្តមាន​របស់​លោក​នៅ​លើ​ទឹកដី​មួយ​ដែល​ជា​សមាជិក​របស់ ICC ងាយ​ប្រឈម​នឹង​ការ​ចាប់​ខ្លួន។ ក្រុង​មូស្គូ ទំនង​អាច​គិត​ថា កម្លាំង​សម្ងាត់​របស់ ICC ដែល​សហការ​ជាមួយ​ប៉ូលិស Interpol អាច​មាន​នៅ​លើ​ទឹកដី​អាហ្វ្រិក​ខាងត្បូង ហើយ​អាច​ចាប់​ខ្លួន​លោក ពូទីន ទៅ​ឱ្យ ICC។ ណា​មួយ​ទៀត លោក ពូទីន អាច​មិន​ចង់​ឃើញ​យន្តហោះ​ដឹក​លោក ត្រូវ​អាហ្វ្រិក​ខាងត្បូង​ហាម​ចុះចត​នៅ​ពេល​យន្តហោះ​នោះ​ទៅ​ដល់​អាហ្វ្រិក​ខាងត្បូង ដែល​នាំ​ឱ្យ​រូបលោក​កាន់តែ​អាម៉ាស់​មុខ។

សរុប​ទៅ លោក ពូទីន និង​វិមាន​ក្រឹមឡាំង អាច​មាន​ការ​បារម្ភ​ពី​សុវត្ថិភាព​របស់​លោក ពូទីន ច្រើន​ជាង​គិត​ទៅ​ដល់​ការ​បែកបាក់​ក្នុង​ចំណោម​អ្នក​នយោបាយ​នៅ​អាហ្វ្រិក​ខាងត្បូង។

តែ​យ៉ាងណា ជំហរ​របស់​លោក ពូទីន និង​វិមាន​ក្រឹមឡាំង អាច​ប្រែប្រួល​ព្រោះ​ការ​ប្រជុំ​កំពូល​នៃ​មេដឹកនាំ​អង្គការ BRICS នៅ​សល់​ពេល ២០​ថ្ងៃ​ទៀត ហើយ​ពុំ​នោះ​ទេ លោក ពូទីន អាច​ទៅ​ប្រជុំ BRICS ប្រសិនបើ​ចិន​ទទួល​ជា​ម្ចាស់​ផ្ទះ​នៃ​ជំនួប​កំពូល​នេះ​ជំនួស​អាហ្វ្រិក​ខាងត្បូង ព្រោះ​ចិន​ពុំ​មែន​ជា​សមាជិក​របស់ ICC នោះ​ទេ៕

© 2024, ខេមបូឌា ដេលី. All rights reserved. No part of this article may be reproduced in print, electronically, broadcast, rewritten or redistributed without written permission.

អត្ថបទទាក់ទង

អត្ថបទអានច្រើន

សេចក្ដីរាយការណ៍ពិសេស