32 C
Phnom Penh

មន្ត្រី​បក្ស​ប្រឆាំង​ថា​សំណុំរឿង​លោក ថាច់ សេដ្ឋា គឺ​ស្ថិត​ក្នុង​របៀបវារៈ​នយោបាយ

ដោយ ឌឹ ខេមបូឌា ដេលី

បទវិភាគ

មន្ត្រី​ជាន់ខ្ពស់​បក្ស​ប្រឆាំង លើកឡើង​ថា ការ​ជំទាស់​សុំ​នៅ​ក្រៅ​ឃុំ​លើ​សំណុំរឿង​របស់​អនុប្រធាន​គណបក្ស​ភ្លើង​ទៀន​លោក ថាច់ សេដ្ឋា គឺ​ស្ថិត​ក្នុង​របៀបវារៈ​នយោបាយ ជាជាង​ការ​ស្វែងរក​យុត្តិធម៌ ព្រោះ​ថា​អ្នក​ដែល​ចុះចូល​ជាមួយ​នឹង​បក្ស​កាន់​អំណាច​តែង​ទទួល​បាន​ការ​លើកលែង​ទោស។

អតីត​អ្នកទោស​នយោបាយ និង​ជា​មន្ត្រី​ជាន់ខ្ពស់​គណបក្ស​សង្គ្រោះ​ជាតិ​លោក មាជ សុវណ្ណារ៉ា ប្រាប់​សារព័ត៌មាន The Cambodia Daily នៅ​ថ្ងៃទី​៤ សីហា នេះ​ថា ការ​អនុវត្ត​ច្បាប់​ដោយ​យុត្តិធម៌ ទាល់​តែ​ដាក់​ពិន័យ​ដូច​គ្នា​ទៅ​លើ​អ្នក​ដែល​ខ្លួន​បាន​ចោទ​ថា​ប្រព្រឹត្ត​ខុស នោះ​ទើប​ជា​ការ​អនុវត្ត​ច្បាប់​ដោយ​ត្រឹមត្រូវ ប៉ុន្តែ​ការ​អនុវត្ត​ច្បាប់​ដែល​មាន​ស្តង់ដារ​ពីរ ដោយ​ការ​លើកលែង​ទោស​អ្នក​ដែល​ចុះចូល​ជាមួយ​បក្ស​កាន់​អំណាច និង​បន្ត​គាប​សង្កត់​លើ​អ្នក​ដែល​មិន​ចុះចូល​ដូច​ដែល​បាន​កើតមាន​កន្លងមក​នោះ មិនមែន​ជា​ការ​អនុវត្ត​ច្បាប់​ឡើយ ប៉ុន្តែ​គឺជា​របៀប​អនុវត្ត​នៃ​សេណារីយ៉ូ​នយោបាយ​ប៉ុណ្ណោះ។

លោក មាជ សុវណ្ណារ៉ា លើកឡើង​ថា កន្លងមក​អ្នក​ដែល​បាន​ចុះចូល​ជាមួយ​បក្ស​កាន់​អំណាច​ខ្លះ ត្រូវ​បាន​តែងតាំង​ជា​ឯកឧត្តម​ព្រោងព្រាត ទាំង​ដែល​អ្នក​ខ្លះ​មិនទាន់​ត្រូវ​បាន​ព្រះមហាក្សត្រ​ចេញ​ព្រះរាជក្រឹត្យ​លើកលែង​ទោស​ផង​នោះ ដែល​ទង្វើ​បែប​នេះ​បង្ហាញ​ឱ្យ​ឃើញ​ពី​ការ​អនុវត្ត​ច្បាប់​ដោយ​ស្ថិត​ក្នុង​លក្ខខណ្ឌ​នយោបាយ និង​ស្តង់ដារ​ពីរ ដែល​ជា​មូលហេតុ​ធ្វើ​ឱ្យ​ប្រជាពលរដ្ឋ​អស់​ជំនឿ​លើ​ប្រព័ន្ធ​យុត្តិធម៌​របស់​កម្ពុជា​ទៅ​ថ្ងៃ​មុខ។

មន្ត្រី​ជាន់ខ្ពស់​គណបក្ស​សង្គ្រោះ​ជាតិ​រូប​នេះ​បញ្ជាក់​ថា យោង​ទៅ​លើ​ស្ថានភាព​ជាក់ស្តែង​ដែល​បង្ហាញ​លើ​រូបរាងកាយ​លោក ថាច់ សេដ្ឋា ពិត​ជា​មាន​ជំងឺ​ប្រចាំ​កាយ​ដែល​តម្រូវ​ឱ្យ​គាត់​ត្រូវតែ​ទទួល​ការ​ព្យាបាល​ពី​វេជ្ជបណ្ឌិត​ជំនាញ​ពិត​មែន។ ជាង​នេះ​ទៀត សំណុំរឿង​របស់​គាត់ ចៅក្រម​ស៊ើបសួរ​បាន​បញ្ចប់​ការ​ស៊ើបសួរ​អស់​ហើយ ដូច្នេះ​នីតិវិធី​ក្នុង​រឿងក្ដី​នេះ គឺ​នៅ​សល់​តែ​សវនាការ​វិនិច្ឆ័យ​សេចក្តី​តែប៉ុណ្ណោះ ដែល​មិន​ចាំបាច់​ត្រូវតែ​ឃុំ​ខ្លួន​គាត់​ក្នុង​ពន្ធនាគារ​បន្ត​ទៀត​នោះ​ទេ។

កាលពី​ថ្ងៃទី​៣ ខែ​កក្កដា ឆ្នាំ​២០២៣ សាលាដំបូង​រាជធានី​ភ្នំពេញ​បាន​បើក​សវនាការ​លើ​សំណុំរឿង​លោក ថាច់ សេដ្ឋា អនុប្រធាន​គណបក្ស​ភ្លើង​ទៀន​បន្ទាប់ពី​មេធាវី​ការពារ​ក្តី​របស់​លោក​បាន​ដាក់​ពាក្យ​ស្នើសុំ​ទៅ​តុលាការ សុំ​ឱ្យ​លោក​បាន​នៅ​ក្រៅ​ឃុំ​បណ្ដោះអាសន្ន​ដើម្បី​ព្យាបាល​ជំងឺ ប៉ុន្តែ​ត្រូវ​តុលាការ​បដិសេធ​សំណើ​នេះ​ទាំងស្រុង ក្រោម​ហេតុផល​ថា ពន្ធនាគារ​មាន​ថ្នាំ និង​គ្រូពេទ្យ​គ្រប់គ្រាន់​ហើយ​សម្រាប់​ព្យាបាល​អ្នកជំងឺ​ដែល​ជាប់​ឃុំ។ ជាង​នេះ​ទៀត លោក ថាច់ សេដ្ឋា ក៏​អាច​យក​គ្រូពេទ្យ​ពី​ខាងក្រៅ​ចូល​មក​ពិនិត្យ​ក្នុង​ពន្ធនាគារ​បាន​ដែរ។

កាលពី​ថ្ងៃទី​២៧ ខែ​កក្កដា ឆ្នាំ​២០២៣ មេធាវី​ការពារ​ក្តី​ឱ្យ​លោក ថាច់ សេដ្ឋា គឺ​លោក ជូង ជូងី បាន​ដាក់​ពាក្យ​ស្នើសុំ​ឱ្យ​សាលាដំបូង​រាជធានី​ភ្នំពេញ​ដោះលែង​អនុប្រធាន​គណបក្ស​ភ្លើង​ទៀន​លោក ថាច់ សេដ្ឋា ពី​មន្ទីរ​ឃុំឃាំង ព្រោះ​ថា​នៅ​ពេលនេះ លោក​មាន​បញ្ហា​សុខភាព​ធ្ងន់ធ្ងរ​ច្រើន​ប្រភេទ ដូចជា​ខ្លាញ់​រុំ​បេះដូង លើស​ឈាម ឡើង​ជាតិ​ស្ករ ឡើង​ជាតិ​អាស៊ីត ដែល​ត្រូវការ​ការ​ព្យាបាល​ពី​វេជ្ជបណ្ឌិត​ជា​ប្រចាំ។

លោក ជូង ជូងី លើកឡើង​ថា ចាប់តាំងពី​លោក ថាច់ សេដ្ឋា ត្រូវ​បាន​ចាប់​ឃុំ​ខ្លួន​មក ចៅក្រម​ស៊ើបសួរ​បាន​បញ្ចប់​ការ​ស៊ើបសួរ​អស់​ហើយ ដូច្នេះ​នីតិវិធី​ក្នុង​រឿងក្ដី​នេះ គឺ​នៅ​សល់​តែ​សវនាការ​វិនិច្ឆ័យ​សេចក្តី​តែប៉ុណ្ណោះ ដូច​នេះ​មិន​មាន​ភាព​ចាំបាច់​ត្រូវ​រក្សា​លោក ថាច់ សេដ្ឋា ទុក​ជូន​តុលាការ​ចាត់ការ​តាម​នីតិវិធី​ទៀត​ទេ។

លោក ថាច់ សេដ្ឋា ត្រូវ​សមត្ថកិច្ច​ចាប់​ខ្លួន​កាលពី​ថ្ងៃទី​១៦ ខែ​មករា ឆ្នាំ​២០២៣ កន្លងទៅ បន្ទាប់ពី​លោក​ត្រូវ​បាន​ចោទប្រកាន់​ពី​បទ ចេញ​សែក​ស្អុយ និង​បទល្មើស​ចំនួន​ពីរ​ទៀត គឺ​បទ​ញុះញង់​បង្ក​ឱ្យ​មាន​ភាព​វឹកវរ​ធ្ងន់ធ្ងរ​ដល់​សន្តិសុខ​សង្គម និង​បទ​ញុះញង់​ឱ្យ​មាន​ការ​រើសអើង​បន្ថែម​ពី​លើ​សំណុំរឿង​ចាស់។

គិត​មក​ទល់​នឹង​ថ្ងៃទី​៨ ខែ​សីហា ឆ្នាំ​២០២៣ នេះ លោក ថាច់ សេដ្ឋា ត្រូវ​បាន​ឃុំ​នៅ​ពន្ធនាគារ​ព្រៃស (ម១) អស់​រយៈពេល ២០៤​ថ្ងៃ ឬ​ជាង ៦​ខែ​ហើយ ប៉ុន្តែ​ប្រសិនបើ​តុលាការ​សម្រេច​ផ្ដន្ទាទោស​លោក​លើ​សំណុំរឿង​ថ្មី​ទាំង​ពីរ​ខាងលើ​ទៀត នោះ​អនុប្រធាន​គណបក្ស​ភ្លើង​ទៀន​រូប​នេះ​នឹង​ត្រូវ​ប្រឈមមុខ​ជាប់​ពន្ធនាគារ​ពី ០៦​ខែ​ទៅ ២​ឆ្នាំ​ឯណោះ។

កាលពី​ចុង​ឆ្នាំ​២០២២ អ្នក​រាយការណ៍​ពិសេស​របស់​អង្គការ​សហប្រជាជាតិ​ទទួល​បន្ទុក​សិទ្ធិមនុស្ស​ប្រចាំ​នៅ​កម្ពុជា បាន​លើកឡើង​នៅ​ក្នុង​កិច្ចប្រជុំ​ក្រុមប្រឹក្សា​សិទ្ធិមនុស្ស​អង្គការ​សហប្រជាជាតិ​លើក​ទី​៤៩ នៅ​ទីក្រុង​ហ្សឺណែវ ថា ទិដ្ឋភាព​សិទ្ធិមនុស្ស​នៅ​ក្នុង​ប្រទេស​កម្ពុជា​នៅតែ​បង្ក​ការ​ព្រួយបារម្ភ​ធ្ងន់ធ្ងរ ព្រោះ​ថា​សកម្មជន សមាជិក និង​មន្ត្រី​ជាន់ខ្ពស់​បក្ស​នយោបាយ​នានា រួម​ទាំង​សកម្មជន​បរិស្ថាន និង​សកម្មជន​សិទ្ធិមនុស្ស ជាដើម កំពុង​រង​នូវ​ការ​គាប​សង្កត់​លើ​សិទ្ធិ​សេរីភាព​ពី​សំណាក់​រដ្ឋាភិបាល​ឯក​បក្ស​សព្វថ្ងៃ​នេះ​ជា​បន្តបន្ទាប់៕

© 2024, ខេមបូឌា ដេលី. All rights reserved. No part of this article may be reproduced in print, electronically, broadcast, rewritten or redistributed without written permission.

អត្ថបទទាក់ទង

អត្ថបទអានច្រើន

សេចក្ដីរាយការណ៍ពិសេស