27 C
Phnom Penh

មន្ត្រី​បក្ស​ប្រឆាំង​ថា​មិន​ឃើញ​រដ្ឋាភិបាល​ថៃ​គំរាម​ប្រើ​គ្រាប់ BM-២១ បាញ់​លោក ថាក់ស៊ីន ពេល​មាន​វត្តមាន​កម្ពុជា

ដោយ ឌឹ ខេមបូឌា ដេលី

បទវិភាគ

មន្ត្រី​ជាន់ខ្ពស់​បក្ស​ប្រឆាំង លើកឡើង​ថា រដ្ឋាភិបាល​ថៃ និង​មេដឹកនាំ​ថៃ មិន​បាន​គំរាម​ប្រើ​គ្រាប់ BM-២១ បាញ់​លើ​អតីត​នាយករដ្ឋមន្ត្រី​ថៃ លោក ថាក់ស៊ីន ស៊ីណាវ៉ាត្រា និង​អ្នកស្រី យីងឡាក់ ស៊ីណាវ៉ាត្រា នោះ​ទេ បន្ទាប់ពី​អតីត​នាយករដ្ឋមន្ត្រី​ទាំង​ពីរ​នាក់​បងប្អូន​នេះ​មាន​វត្តមាន​នៅ​លើ​ទឹកដី​កម្ពុជា ដែល​ផ្ទុយពី​លោក ហ៊ុន សែន បាន​គំរាម​ប្រើ​គ្រាប់ BM-២១ បាញ់​លោក សម រង្ស៊ី បើ​អតីត​មេដឹកនាំ​បក្ស​ប្រឆាំង​រូប​នេះ​ប្រើប្រាស់​ទឹកដី​ថៃ​ជា​ឈ្នាន់​ដើម្បី​ឈាន​ជើង​ចូល​ទឹកដី​ខ្មែរ​វិញ។

អតីត​តំណាងរាស្ត្រ​គណបក្ស​សង្គ្រោះ​ជាតិ លោក អ៊ុំ សំអាន សរសេរ​លើ​ទំព័រ​ហ្វេសប៊ុក​របស់​ខ្លួន​កាលពី​ថ្ងៃទី​៦ សីហា ថា មេដឹកនាំ​បក្ស​កាន់​អំណាច​លោក ហ៊ុន សែន មិន​ត្រូវ​គំរាម​អតីត​មេដឹកនាំ​បក្ស​ប្រឆាំង​លោក សម រង្ស៊ី ទៀត​ទេ​នៅ​ពេល​ដែល​លោក សម រង្ស៊ី ប្រកាស​ចូល​ទឹកដី​ថៃ​នៅ​ថ្ងៃ​ក្រោយ បន្ទាប់ពី​លោក ហ៊ុន សែន អនុញ្ញាត​ឱ្យ​អតីត​នាយករដ្ឋមន្ត្រី​ថៃ​ដែល​កំពុង​ស្ពាយ​ទោស​ជាប់​ខ្លួន​តាម​ផ្លូវ​តុលាការ​របស់​ថៃ លោក ថាក់ស៊ីន ស៊ីណាវ៉ាត្រា និង​អ្នកស្រី យីងឡាក់ ស៊ីណាវ៉ាត្រា ចូល​ប្រទេស​កម្ពុជា​នៅ​ពេលនេះ។

លោក អ៊ុំ សំអាន លើកឡើង​ថា នៅ​ពេល​ដែល​មេដឹកនាំ​ខ្មែរ​អនុញ្ញាត​ឱ្យ​អតីត​នាយករដ្ឋមន្ត្រី​ថៃ ដែល​កំពុង​ស្ពាយ​ទោស​ជាប់​ខ្លួន លោក ថាក់ស៊ីន ស៊ីណាវ៉ាត្រា និង​អ្នកស្រី យីងឡាក់ ស៊ីណាវ៉ាត្រា ចូល​ប្រទេស​កម្ពុជា​បាន អតីត​មេដឹកនាំ​បក្ស​ប្រឆាំង​លោក សម រង្ស៊ី ក៏​អាច​ចូល​ទឹកដី​ថៃ​បាន​ដូច​គ្នា​ដែរ។

កាលពី​ថ្ងៃទី​៦ ខែ​សីហា ឆ្នាំ​២០២៣ លោក ហ៊ុន សែន បង្ហាញ​វត្តមាន​អតីត​នាយករដ្ឋមន្ត្រី​ថៃ​ដែល​កំពុង​ស្ពាយ​ទោស​ជាប់​ខ្លួន​តាម​ផ្លូវ​តុលាការ​របស់​ថៃ លោក ថាក់ស៊ីន ស៊ីណាវ៉ាត្រា និង​អ្នកស្រី យីងឡាក់ ស៊ីណាវ៉ាត្រា ក្នុង​ពិធី​ខួបកំណើត​របស់​លោក​តាម​បណ្ដាញ​សង្គម Tik Tok ផ្ទាល់ខ្លួន ប៉ុន្តែ​លោក ហ៊ុន សែន មិន​បាន​លើកឡើង​ពី​ខ្លឹមសារ​ណា​មួយ​ចំពោះ​វត្តមាន​របស់​លោក ថាក់ស៊ីន ស៊ីណាវ៉ាត្រា និង​អ្នកស្រី យីងឡាក់ ស៊ីណាវ៉ាត្រា នោះ​ទេ។

ទាក់ទិន​នឹង​បញ្ហា​នេះ គេ​នៅ​មិន​ទាន់​ឃើញ​ប្រតិកម្ម ឬ​ការ​ព្រមាន​ណា​មួយ​ពី​នាយករដ្ឋមន្ត្រី​ថៃ ឬ​រដ្ឋាភិបាល​ថៃ ទៅ​លើ​លោក ថាក់ស៊ីន ស៊ីណាវ៉ាត្រា និង​អ្នកស្រី យីងឡាក់ ស៊ីណាវ៉ាត្រា ឬ​ការ​ព្រមាន​ណា​មួយ​ទៅ​លើ​លោក ហ៊ុន សែន ឬ​រដ្ឋាភិបាល​កម្ពុជា​នៅឡើយ​ទេ​ចំពោះ​វត្តមាន​របស់​អតីត​នាយករដ្ឋមន្ត្រី​ថៃ ដែល​បាន​ចូល​ទៅ​ក្នុង​ទឹកដី​កម្ពុជា​នៅ​ពេលនេះ។

ទាក់ទិន​នឹង​បញ្ហា​នេះ កាលពី​ថ្ងៃទី​៣១ ខែ​ឧសភា ឆ្នាំ​២០២៣ បុរស​ខ្លាំង​ក្រាញ​អំណាច​ត​ពូជ​នៅ​កម្ពុជា លោក ហ៊ុន សែន ធ្លាប់​បាន​គំរាម​បាញ់​លោក សម រង្ស៊ី ដោយ​គ្រាប់ BM-21 បើសិនជា​លោក សម រង្ស៊ី ហ៊ាន​ប្រើប្រាស់​ទឹកដី​ថៃ​ជា​ឈ្នាន់​ដើម្បី​ឈាន​ជើង​ចូល​ទឹកដី​ខ្មែរ​វិញ។ ជាង​នេះ​ទៀត លោក ហ៊ុន សែន លើកឡើង​ក្នុង​ពិធី​បើក​ការដ្ឋាន​មួយ​កាលពី​ថ្ងៃទី​៧ ខែ​មិថុនា ឆ្នាំ​២០២៣ ថា លោក សម រង្ស៊ី នឹង​ប្រើ​លិខិត​ឆ្លងដែន​ជនជាតិ​បារាំង​ចូល​ទៅ​ទឹកដី​វៀតណាម​ក្នុង​នាម​ជា​ភ្ញៀវ​ទេសចរ។

លោក ហ៊ុន សែន គំរាម​ថា រដ្ឋាភិបាល​វៀតណាម​នឹង​មាន​បញ្ហា​ការទូត​ជាមួយ​រដ្ឋាភិបាល​កម្ពុជា ប្រសិនបើ​វៀតណាម​មិន​ចាប់​បញ្ជូន​ខ្លួន​លោក សម រង្ស៊ី ឱ្យ​រដ្ឋាភិបាល​កម្ពុជា​នៅ​ពេល​ដែល​អតីត​មេដឹកនាំ​បក្ស​ប្រឆាំង​រូប​នោះ​ចូល​ទៅ​ដល់​ទឹកដី​របស់​ខ្លួន​ទេ​នោះ ប៉ុន្តែ​សារ​គំរាម​នេះ​ត្រូវ​លោក ហ៊ុន សែន លុប​ចោល​វិញ បន្ទាប់ពី​បង្ហោះ​លើ​បណ្ដាញ​សង្គម​ហ្វេសប៊ុក​បាន​ត្រឹមតែ​រយៈពេល​ប្រមាណ​ជា ៧​ម៉ោង​ប៉ុណ្ណោះ។

មាត្រា​៣៥ នៃ​រដ្ឋធម្មនុញ្ញ ចែង​ថា ប្រជាពលរដ្ឋ​ខ្មែរ​មាន​សិទ្ធិ​ចូលរួម​យ៉ាង​សកម្ម​ក្នុង​ជីវភាព​នយោបាយ សេដ្ឋកិច្ច​សង្គម និង​វប្បធម៌​របស់​ប្រទេស​ជាតិ ខណៈ​សេចក្តី​ស្នើ​ទាំងឡាយ​របស់​ប្រជាពលរដ្ឋ ត្រូវ​បាន​ដោះស្រាយ និង​ពិនិត្យ​យ៉ាង​ហ្មត់ចត់​ពី​អង្គការ​រដ្ឋ ប៉ុន្តែ​រដ្ឋាភិបាល​ក្រោម​ការ​គ្រប់គ្រង​របស់​បក្ស​កាន់​អំណាច​សព្វថ្ងៃ​នេះ ត្រូវ​គេ​មើល​ឃើញ​ថា​បាន​អនុវត្ត​ផ្ទុយ​ពី​មាត្រា​ដែល​បាន​ចែង​ក្នុង​រដ្ឋធម្មនុញ្ញ​ទាំងស្រុង ដោយ​ការ​គាបសង្កត់​សិទ្ធិ​មូលដ្ឋាន​របស់​ពលរដ្ឋ​យ៉ាង​ធ្ងន់ធ្ងរ៕

© 2024, ខេមបូឌា ដេលី. All rights reserved. No part of this article may be reproduced in print, electronically, broadcast, rewritten or redistributed without written permission.

អត្ថបទទាក់ទង

អត្ថបទអានច្រើន

សេចក្ដីរាយការណ៍ពិសេស