36 C
Phnom Penh

អតីត​តំណាងរាស្ត្រ៖ ការ​តែងតាំង​លោក ហ៊ុន ម៉ាណែត ជា​នាយករដ្ឋមន្ត្រី​គឺ​រំលោភ​ខ្លឹមសារ​ដើម​រដ្ឋធម្មនុញ្ញ

ដោយ ឌឹ ខេមបូឌា ដេលី

បទវិភាគ

តំណាងរាស្ត្រ​អតីត​គណបក្ស​សង្គ្រោះ​ជាតិ លោក សួន សុរីដា ចាត់ទុក​ការ​តែងតាំង​លោក ហ៊ុន ម៉ាណែត ជា​នាយករដ្ឋមន្ត្រី​របស់​ប្រទេស​កម្ពុជា​សម្រាប់​អាណត្តិ​ទី​៧ នេះ ថា​ជា​ទង្វើ​រំលោភ​ខ្លឹមសារ​ដើម​របស់​រដ្ឋធម្មនុញ្ញ​កម្ពុជា ក្នុង​ការ​ធានា​នូវ​ភាព​ជា​ម្ចាស់​ប្រទេស​របស់​ពលរដ្ឋ​ខ្មែរ​ដែល​ប្រកាន់​យក​របប​ប្រជាធិបតេយ្យ សេរី​ពហុបក្ស និង​ដឹកនាំ​តាម​បែប​របប​សភា​និយម​តាំងពី​ឆ្នាំ​១៩៩៣ មក។

លោក សួន សុរីដា បាន​សរសេរ​លើ​គណនី​ហ្វេសប៊ុក​របស់​លោក​នៅ​ថ្ងៃទី​៨ សីហា នេះ​ថា ការ​តែងតាំង​នាយករដ្ឋមន្ត្រី​ថ្មី​នៃ​ប្រទេស​កម្ពុជា​សម្រាប់​អាណត្តិ​ថ្មី​នេះ គឺ​ប្រៀប​បាន​នឹង​កូន​មាន់​កើត​មុន​មេ​មាន់ ព្រោះ​ថា​មុន​នឹង​តែងតាំង​បុគ្គល​ណា​ម្នាក់​ជា​នាយករដ្ឋមន្ត្រី ទាល់តែ​បុគ្គល​រូប​នោះ​ក្លាយ​ជា​សមាជិក​សភា​ស្រប​ច្បាប់​ពេញ​លក្ខណៈ​ជា​មុន​សិន។

លោក សួន សុរីដា លើកឡើង​ថា ដើម្បី​ឱ្យ​បុគ្គល​រូប​នោះ​ក្លាយ​ជា​សមាជិក​សភា​ស្រប​តាម​ច្បាប់​គ្រប់​លក្ខណៈ លុះត្រាតែ​មាន​ការ​ប្រជុំ​តំណាងរាស្ត្រ​ជាប់​ឆ្នោត​ពេញ​អង្គ​ជា​លើកដំបូង ក្រោម​អធិបតីភាព​របស់​ព្រះមហាក្សត្រ និង​បាន​ស្បថ​នៅ​ចំពោះ​មុខ​ព្រះ​ស្វេតច្ឆត្រ​ក្នុង​ព្រះបរមរាជវាំង នោះ​ទើប​ពួកគេ​ក្លាយ​សមាជិក​សភា​ពេញ​សិទ្ធិ។ បន្ទាប់​មក ទើប​អាច​ផ្គូផ្គង​បេក្ខជន​នាយករដ្ឋមន្ត្រី​ក្នុង​ចំណោម​សមាជិក​សភា​ទាំងនោះ​បាន ប៉ុន្តែ​នៅ​ពេលនេះ លោក ហ៊ុន ម៉ាណែត មិន​ទាន់​ក្លាយ​ជា​សមាជិក​រដ្ឋសភា​ទេ ដូច្នេះ​ការ​តែងតាំង​គាត់​ជា​នាយករដ្ឋមន្ត្រី​នៅ​មុន​ការ​ប្រជុំ​សភា​ពេញ​អង្គ​លើកដំបូង​បែប​នេះ ជា​ទង្វើ​រំលោភ​របប​សភា​និយម​ដែល​កម្ពុជា​ប្រកាន់​យក​ទាំងស្រុង។

មន្ត្រី​ជាន់ខ្ពស់​របស់​បក្ស​ប្រឆាំង​រូប​នេះ បញ្ជាក់​ថា ប៉ុន្តែ​នៅ​ពេលនេះ​សមាជិក​តំណាងរាស្ត្រ​ទាំងនោះ​មិន​ទាន់​បាន​ប្រជុំ​ពេញ​អង្គ​លើកដំបូង​ដើម្បី​បង្កើត​ស្ថាប័ន​រដ្ឋសភា​ផង តើ​មាន​សមាជិក​សភា​មក​ពី​ណា​សម្រាប់​តែងតាំង​នាយករដ្ឋមន្ត្រី​នោះ ខណៈ​កម្ពុជា​ប្រកាន់​យក​របប​សភា​និយម ដែល​មាន​ន័យ​ថា រដ្ឋាភិបាល​ត្រូវតែ​កើតឡើង​ពី​សភា​បោះឆ្នោត​អនុម័ត​ផ្តល់​សេចក្តី​ទុកចិត្ត ទើប​ព្រះមហាក្សត្រ​ឡាយព្រះហស្តលេខា​តែងតាំង​តាម​ក្រោយ ប៉ុន្តែ​នាយករដ្ឋមន្ត្រី​របស់​កម្ពុជា​សម្រាប់​អាណត្តិ​ថ្មី​បែរ​ជា​តម្រូវ​ឱ្យ​ព្រះមហាក្សត្រ​តែងតាំង​រួច​ហើយ ទើប​រៀបចំ​គណៈរដ្ឋមន្ត្រី​យក​ទៅ​ឱ្យ​សភា​ផ្តល់​សេចក្តី​ទុកចិត្ត​តាម​ក្រោយ​ទៅវិញ។

កាលពី​ថ្ងៃទី​៧ ខែ​សីហា ឆ្នាំ​២០២៣ ព្រះករុណា ព្រះបាទ សម្តេច​ព្រះ​នរោត្តម សីហមុនី បាន​ចេញ​ព្រះរាជក្រឹត្យ​ត្រាស់​បង្គាប់​ចាត់តាំង​លោក ហ៊ុន ម៉ាណែត ជា​នាយករដ្ឋមន្ត្រី​នៃ​ព្រះរាជាណាចក្រ​កម្ពុជា ដើម្បី​រៀបចំ​គណៈរដ្ឋមន្ត្រី​សម្រាប់​រាជរដ្ឋាភិបាល​អាណត្តិ​ទី​៧ តាម​សំណើ​របស់​លោក ហ៊ុន សែន ដែល​ប្រកាស​លាលែង​តំណែង​ជា​នាយករដ្ឋមន្ត្រី និង​បន្ត​មក​ឱ្យ​កូនប្រុស​បង្កើត​របស់​គាត់​សម្រាប់​អាណត្តិ​ទី​៧ នេះ។

មាត្រា​១១៩ នៃ​រដ្ឋធម្មនុញ្ញ​ចែង​ថា តាម​សេចក្តី​ស្នើ​ពី​ប្រធាន​ដោយ​មាន​មតិ​ឯកភាព​ពី​អនុប្រធាន​ទាំង​ពីរ​នៃ​រដ្ឋសភា ព្រះមហាក្សត្រ​ទ្រង់​ចាត់តាំង​វរជន​មួយ​រូប​ក្នុង​ចំណោម​តំណាងរាស្ត្រ​គណបក្ស​ដែល​ឈ្នះ​ឆ្នោត ឱ្យ​បង្កើត​រាជរដ្ឋាភិបាល ហើយ​វរជន​ដែល​ត្រូវ​បាន​ចាត់តាំង​នេះ នាំ​សហការី​ដែល​ជា​តំណាងរាស្ត្រ ឬ​ជា​សមាជិក​គណបក្ស​តំណាង​នៅ​ក្នុង​រដ្ឋសភា​ដែល​ផ្គូផ្គង​ឱ្យ​កាន់​តំណែង​ផ្សេងៗ​ក្នុង​រាជរដ្ឋាភិបាល​ទៅ​សុំ​សេចក្តី​ទុកចិត្ត​ពី​រដ្ឋសភា។

កាល​បើ​រដ្ឋសភា​បាន​បោះឆ្នោត​ទុកចិត្ត​ហើយ​នោះ ព្រះមហាក្សត្រ​ទ្រង់​ចេញ​ព្រះរាជក្រឹត្យ​តែងតាំង​គណៈរដ្ឋមន្ត្រី​ទាំងមូល ក្នុង​នោះ​មាន​ទាំង​ការ​តែងតាំង​នាយករដ្ឋមន្ត្រី​ផង​ដែរ មុន​ពេល​ដែល​ពួកគេ​ចូល​កាន់​តំណែង​ក្នុង​គណៈរដ្ឋមន្ត្រី។

យ៉ាងណា​ក៏ដោយ មាត្រា​១១៩ នៃ​រដ្ឋធម្មនុញ្ញ​ខាងលើ​នេះ​ត្រូវ​បាន​បក្ស​កាន់​អំណាច​កែប្រែ​កាលពី​ចុង​ឆ្នាំ​២០២២ កន្លងទៅ ដែល​មាន​ខ្លឹមសារ​ផ្ទុយ​ពី​ខ្លឹមសារ​ដើម​ទាំងស្រុង ដោយ​កំណត់​ថា តាម​សេចក្តី​ស្នើសុំ​ពី​គណបក្ស​ដែល​មាន​អាសនៈ​ច្រើន​ជាងគេ​ក្នុង​រដ្ឋសភា ព្រះមហាក្សត្រ​ទ្រង់​ចាត់តាំង​វរជន​មួយ​រូប​ជា​នាយករដ្ឋមន្ត្រី​ឲ្យ​បង្កើត​រាជរដ្ឋាភិបាល​តែម្តង ដោយ​មិន​ចាំបាច់​មាន​ការ​ឯកភាព​ពី​អនុប្រធាន​រដ្ឋសភា​នោះ​ទេ ដែល​ជា​មូលហេតុ​មួយ​គេ​មើល​ឃើញ​ថា របប​សភា​និយម​របស់​កម្ពុជា​កំពុង​ត្រូវ​បាន​លុប​បំបាត់។

ក្នុង​ខ្លឹមសារ​នៃ​រដ្ឋធម្មនុញ្ញ​ថ្មី​នេះ ត្រូវ​គេ​មើល​ឃើញ​ថា កើត​ចេញពី​ផែនការ​របស់​លោក ហ៊ុន សែន ក្នុង​ការ​ប្រគល់​សិទ្ធិ​អំណាច​ទាំងស្រុង​លើ​មេដឹកនាំ​គណបក្ស​កាន់​អំណាច ដែល​មាន​ចេតនា​បំបិទ​ចោល​នូវ​ការ​ជំទាស់​របស់​អនុប្រធាន​រដ្ឋសភា​ដែល​អាច​កើត​មាន​នៅ​ពេល​ផ្គូផ្គង​តំណែង​ជា​នាយករដ្ឋមន្ត្រី​ទៅ​លើ​កូនប្រុស​របស់​គាត់។

កាលពី​ថ្ងៃទី​១៣ ខែ​កក្កដា ឆ្នាំ​២០២២ ក្រុមប្រឹក្សាធម្មនុញ្ញ​បាន​បើក​កិច្ចប្រជុំ​ពិនិត្យ​ទៅ​លើ​សេចក្ដី​ព្រាង​វិសោធនកម្ម​រដ្ឋធម្មនុញ្ញ​ចំនួន ៨​មាត្រា ក្នុង​នោះ​រួម​មាន​មាត្រា​១១៩​ថ្មី មាត្រា​៨៩ និង​មាត្រា​៩៨​ថ្មី ជាដើម តាម​ការ​ស្នើសុំ​របស់​លោក ហ៊ុន សែន ដែល​គេ​មើល​ឃើញ​ថា​ការ​កែប្រែ​រដ្ឋធម្មនុញ្ញ​នេះ គឺ​ដើម្បី​ប្រើ​ជា​ឈ្នាន់​ជួយ​ឱ្យ​លោក ហ៊ុន ម៉ាណែត អាច​ឡើង​កាន់​តំណែង​ជា​នាយករដ្ឋមន្ត្រី​បន្ត​ពី​គាត់​ទៅ​ថ្ងៃ​មុខ ដើម្បី​ការពារ​អំណាច​ក្នុង​វង្ស​ត្រកូល​ប៉ុណ្ណោះ។

អ្នក​តាមដាន​ស្ថានការណ៍​កម្ពុជា​លោក សុខ សុគន្ធ បាន​លើកឡើង​ថា ការ​ធ្វើ​វិសោធនកម្ម​រដ្ឋធម្មនុញ្ញ​នេះ គឺ​ក្នុង​បំណង​រៀប​សេណារីយ៉ូ​ឲ្យ​រឹងមាំ​សម្រាប់​កូនប្រុស​លោក ហ៊ុន សែន គឺ​លោក ហ៊ុន ម៉ាណែត ឡើង​ក្តោប​ក្តាប់​អំណាច ដើម្បី​កុំ​ឲ្យ​មាន​កម្មាភិបាល​ក្នុង​បក្ស​កាន់​អំណាច​របស់​ខ្លួន​ណា​ម្នាក់​ចេញ​មក​ជំទាស់​តាម​ខ្លឹមសារ​រដ្ឋធម្មនុញ្ញ​ចាស់​ដែល​បាន​បង្កើត​ឡើង​កាលពី​ឆ្នាំ​១៩៩៣ នោះ។

លោក សុខ សុគន្ធ លើកឡើង​ថា បន្ទាប់ពី​លោក ហ៊ុន ម៉ាណែត ឡើង​ធ្វើ​ជា​នាយករដ្ឋមន្ត្រី ស្រុក​ខ្មែរ​នឹង​មាន​នាយករដ្ឋមន្ត្រី​ឪ​នៅ​ពីក្រោយ​នាយករដ្ឋមន្ត្រី​កូន ហើយ​ដែល​ទិដ្ឋភាព​នយោបាយ​បែប​នេះ​អាច​បញ្ជាក់​យ៉ាង​ច្បាស់​ថា នីតិរដ្ឋ​នៅ​ស្រុក​ខ្មែរ​បាន​ទទួល​មរណភាព​រួច​ទៅ​ហើយ ចំណែក​ប្រជាធិបតេយ្យ​វិញ​គ្រាន់តែ​ជា​គ្រឿង​លម្អ​រោង​ល្ខោន​នយោបាយ​របស់​ពួក​កាន់​អំណាច​ផ្ដាច់ការ​ពុករលួយ​ចាក់​ឫស​តែប៉ុណ្ណោះ៕

© 2024, ខេមបូឌា ដេលី. All rights reserved. No part of this article may be reproduced in print, electronically, broadcast, rewritten or redistributed without written permission.

អត្ថបទទាក់ទង

អត្ថបទអានច្រើន

សេចក្ដីរាយការណ៍ពិសេស