39 C
Phnom Penh

បក្ស​ភឿថៃ​សម្រេច​ចង​សម្ព័ន្ធភាព​ជាមួយ​បក្ស​ដែល​មាន​និន្នាការ​នឹង​ពួក​យោធា ក្រោយពី​ដើរ​ចេញពី​សម្ព័ន្ធភាព​អ្នក​ប្រជាធិបតេយ្យ

ដោយ ឌឹ ខេមបូឌា ដេលី

បទវិភាគ

គណបក្ស​ភឿថៃ​ដ៏​មាន​ប្រជាប្រិយភាព​បន្ទាប់ពី​គណបក្ស​ចលនា​ឆ្ពោះ​ទៅ​មុខ បាន​សម្រេច​ជា​ផ្លូវការ​ក្នុង​ការ​បង្កើត​សម្ព័ន្ធភាព​ជាមួយ​នឹង​គណបក្ស​ភូមិឆាតថៃ ដែល​គណបក្ស​នេះ​មាន​សម្ព័ន្ធភាព​ជាមួយ​នឹង​ពួក​យោធា។

កាសែត​បាងកក​​ប៉ុស្តិ៍ និង​បណ្ដាញ​ផ្សាយ​ព័ត៌មាន​អាល់ចាហ្សៀរ៉ា (al jazeera) បាន​ចុះផ្សាយ​ថា កិច្ចព្រមព្រៀង​របស់​គណបក្ស​ពីរ​នេះ​គឺ​មាន​គោលដៅ​ដើម្បី​ឈាន​ទៅ​ដល់​ការ​បង្កើត​រដ្ឋាភិបាល​ចម្រុះ​មួយ ដែល​មើល​ទៅ​មិន​មែន​មាន​តែ​បក្ស​ភូមិឆាតថៃ និង​បក្ស​ភឿថៃ នោះ​ទេ គឺ​អាច​មាន​បក្ស​ផ្សេងៗ​ទៀត ហើយ​ចង់​មិន​ចង់ គណបក្ស​របស់​ពួក​យោធា​ក៏​អាច​មាន​នៅ​ក្នុង​រដ្ឋាភិបាល​ចម្រុះ​រវាង​បក្ស​ទាំង​ពីរ​នេះ​ដែរ។

ឥឡូវ​នេះ គេ​សង្កេត​ឃើញ​ថា​បក្ស​ទាំង​ពីរ​នេះ​បាន​ឈាន​ដល់​ការ​ចុះហត្ថលេខា​ជា​ផ្លូវការ​ជាមួយ​គ្នា​នេះ​ក្នុង​ការ​ចាប់​ដៃគូ​គ្នា​ក្នុង​ការ​បង្កើត​រដ្ឋាភិបាល​ថ្មី​ជំនួស​រដ្ឋាភិបាល​បច្ចុប្បន្ន​នេះ ដែល​ដឹកនាំ​ដោយ​អតីត​មេ​រដ្ឋប្រហារ​ឆ្នាំ​២០១៤ ឧត្តមសេនីយ៍ ប្រាយុទ្ធ ចាន់អូចា។

មេដឹកនាំ​គណបក្ស​ភឿថៃ លោក ឆលណាន់ ស្រីកែវ បាន​និយាយ​ថា ការ​ចង​សម្ព័ន្ធភាព​ជាមួយ​នឹង​គណបក្ស​ភូមិឆាតថៃ គឺ​មាន​គោលដៅ​ដើម្បី​បំបែក​ភាព​ទាល់ច្រក​នយោបាយ ហើយ​ធ្វើ​ឲ្យ​ស្ថិរភាព​នយោបាយ​នៅ​ក្នុង​រាជាណាចក្រ​ថៃ មាន​ភាព​រឹងមាំ​ឡើងវិញ​ជាមួយ​នឹង​ការ​ដែល​រក​ឃើញ​រដ្ឋាភិបាល​ថ្មី​ត្រូវ​បាន​បង្កើត​ឡើង។

មេដឹកនាំ​បក្ស​ភឿថៃ​រូប​នេះ​បាន​បន្ត​ថា បក្ស​ភឿថៃ និង​បក្ស​ភូមិឆាតថៃ នឹង​ស្វែងរក​ការ​គាំទ្រ​ពី​គណបក្ស​ផ្សេងៗ​ទៀត​ដើម្បី​បង្កើត​រដ្ឋាភិបាល​ថ្មី​មួយ ជាពិសេស​គឺ​គាំទ្រ​បេក្ខភាព​នាយករដ្ឋមន្ត្រី​ពី​គណបក្ស​ភឿថៃ គឺ​លោក ស្រិថា ថាវីស៊ីន។ ជាមួយ​គ្នា​នេះ លោក​បញ្ជាក់​ថា បើ​បក្ស​ភឿថៃ មិន​មាន​ការ​គាំទ្រ​ពី​បក្ស​ផ្សេងៗ​ទៀត​ទេ គឺ​បេក្ខជន​នាយករដ្ឋមន្ត្រី​របស់​បក្ស​ភឿថៃ នឹង​មិន​ទទួល​បាន​ការ​គាំទ្រ​ពេញលេញ​នោះ​ទេ ហើយ​សង្ឃឹម​ថា​រដ្ឋាភិបាល​ដែល​មាន​គណបក្ស​ភូមិឆាតថៃ នឹង​ទទួល​បាន​ការ​គាំទ្រ​ពី​សមាជិក​ព្រឹទ្ធសភា។

គណបក្ស​ភឿថៃ និង​គណបក្ស​ភូមិឆាតថៃ បើ​បូក​បញ្ចូល​គ្នា​គឺ​មាន ២១២​អាសនៈ។ គណបក្ស​ពីរ​នេះ​ត្រូវការ​សំឡេង​យ៉ាងតិច ១៦៤​អាសនៈ​ទៀត ហើយ​សំឡេង​ភាគច្រើន​នោះ​ពឹង​ទៅ​លើ​សមាជិក​ព្រឹទ្ធសភា ២៥០​រូប​ដែល​ជា​ស្ថាប័ន​នីតិប្បញ្ញត្តិ​មួយ​លើក​បន្តុប​ដោយ​ពួក​យោធា​ធ្វើ​រដ្ឋប្រហារ​ឆ្នាំ​២០១៤ និង​តាមរយៈ​រដ្ឋធម្មនុញ្ញ​ឆ្នាំ​២០១៧ របស់​ពួក​យោធា។

មេដឹកនាំ​គណបក្ស​ភូមិឆាតថៃ ឯណោះ​វិញ គឺ​លោក អានូទីន ឆានវីរៈគល់ បាន​ថ្លែង​ថា គណបក្ស​របស់​លោក​ដែល​ចង​សម្ព័ន្ធភាព​នឹង​បក្ស​ភឿថៃ គឺ​ដោយសារតែ​មើល​ឃើញ​អំពី​ភាព​ផុយ​ស្រួយ​នៃ​ការ​បែកបាក់​សង្គម​ថៃ ដែល​លោក​ថា​មិន​ចង់​ឲ្យ​មាន​រដ្ឋាភិបាល​មួយ​តូច​ចង្អៀត ហើយ​មាន​រដ្ឋាភិបាល​មួយ​ដែល​ប៉ះពាល់​អំណាច​របស់​រាជា​និយម​នោះ​ទេ។

លោក ឆានវីរៈគល់ បញ្ជាក់​ថា បក្ស​របស់​លោក​ប្រឆាំង​ដាច់ខាត​ដល់​បក្ស​ទាំងឡាយ​ណា​ដែល​ប៉ង​ទម្លាក់​អំណាច និង​ប៉ះពាល់​កិត្តិយស​របស់​ព្រះមហាក្សត្រ។ លោក​ថា បក្ស​ភឿថៃ ដែល​មិន​គាំទ្រ​ការ​កាត់បន្ថយ​អំណាច​របស់​ព្រះរាជា បាន​ធ្វើ​ឲ្យ​បក្ស​ភូមិឆាតថៃ សម្រេច​ចង​សម្ព័ន្ធភាព​ជាមួយ​គណបក្ស​នេះ។

តែ​យ៉ាងណា លោក វីរៈគល់ មិន​បាន​និយាយ​ថា តើ​ការ​សម្របសម្រួល​ដើម្បី​ធ្វើ​ឲ្យ​បរិយាកាស​នយោបាយ​មាន​ស្ថិរភាព​នេះ ដើម្បី​ជា​ការ​បើក​ផ្លូវ​ឲ្យ​លោក ថាក់ស៊ីន អតីត​នាយករដ្ឋមន្ត្រី​ថៃ​ដែល​ជា​ប្រធាន​គណបក្ស​ភឿថៃ តាម​ព្រឹត្តិន័យ​វិល​ចូល​ប្រទេស​ថៃ​វិញ​ឬ​យ៉ាង​ណា​នោះ​ទេ។

ប៉ុន្តែ​មេដឹកនាំ​គណបក្ស​ភូមិឆាតថៃ រូប​នេះ​ត្រូវ​បាន​គេ​ទម្លាយ​ព័ត៌មាន​ថា លោក​បាន​ទៅ​ជួប​លោក ថាក់ស៊ីន នៅ​ទីក្រុង​ហុងកុង កាលពី​សប្ដាហ៍​មុន​នេះ ហើយ​ទីបំផុត បក្ស​ភឿថៃ​សម្រេច​ដើរ​ចេញពី​សម្ព័ន្ធភាព​របស់​ខ្លួន ៨​គណបក្ស​ដែល​គេ​ថា​សម្ព័ន្ធភាព​អ្នក​ប្រជាធិបតេយ្យ។

អ្នក​សង្កេតការណ៍​មើល​ឃើញ​ថា បក្ស​ភឿថៃ​ដែល​ចង​សម្ព័ន្ធភាព​នឹង​គណបក្ស​មួយ​ក្រោម​ឥទ្ធិពល​របស់​ពួក​យោធា​ពេលនេះ គឺ​ភឿថៃ​ត្រូវការ​មិន​ត្រឹមតែ​ឲ្យ​ខ្លួន​គេ​ជា​មេដឹកនាំ​រដ្ឋាភិបាល​ចម្រុះ​នោះ​ទេ គឺ​ដើម្បី​សម្របសម្រួល​បរិយាកាស​នយោបាយ ហើយ​ផ្ដល់​ឱកាស​ឲ្យ​មាន​ការ​លើកលែង​ទោស​ពី​ព្រះមហាក្សត្រ​ចំពោះ​លោក ថាក់ស៊ីន ទើប​ឈាន​ទៅ​ដល់​ការ​ដែល​លោក ថាក់ស៊ីន អាច​វិល​ចូល​ប្រទេស​ថៃ​វិញ​បាន។

លោក ថាក់ស៊ីន ដែល​គេ​ហៅ​ថា​មេដឹកនាំ​គណបក្ស​ភឿថៃ​ធ្លាប់​ប្រកាស​វិល​ចូល​រាជាណាចក្រ​ថៃ​វិញ​នៅ​ថ្ងៃទី​១០ ខែ​សីហា ក៏ប៉ុន្ដែ​នៅ​ពេល​ដែល​នយោបាយ​នៅ​រាជាណាចក្រ​ថៃ​ស្ថិត​នៅ​ក្នុង​ភាព​តានតឹង​ដោយសារតែ​រក​រដ្ឋាភិបាល​ថ្មី​មិន​ឃើញ​នោះ ជាពិសេស​លោក​ត្រូវតែ​រង់ចាំ​រដ្ឋាភិបាល​កើត​ចេញពី​បក្ស​ភឿថៃ ទើប​លោក​សម្រេច​វិល​មក​ប្រទេស​ថៃ​វិញ។ លោក​សម្រេច​លើក​ពេល​នៃ​ការ​ត្រឡប់​ចូល​ប្រទេស​ថៃ​វិញ គឺ​រហូត​មាន​រដ្ឋាភិបាល​ថ្មី។

កាសែត​បាងកក​ប៉ុស្តិ៍​ចុះផ្សាយ​ថា លោក ថាក់ស៊ីន កំពុងតែ​ស្វែងរក​អន្តរាគមន៍​ពី​បក្ស​ទាំងឡាយ​ណា​ដែល​មាន​និន្នាការ​នឹង​ពួក​យោធា ដូចជា​បក្ស​ភូមិឆាតថៃ នេះ ដើម្បី​ឲ្យ​លោក​វិល​ចូល​ប្រទេស​វិញ ហើយ​ស្ថិត​នៅ​ក្រោម​រដ្ឋាភិបាល​ដែល​បក្ស​ភឿថៃ ជា​មេដឹកនាំ​ដែល​មាន​កូនស្រី​របស់​លោក គឺ​អ្នកស្រី ផៃថនថាន ស៊ីណាវ៉ាត់ ជា​បេក្ខជន​នាយករដ្ឋមន្ត្រី​របស់​គណបក្ស​ភឿថៃ ផង​ដែរ ហើយ​អ្នកស្រី ផៃថនថាន ក៏​គេ​រំពឹង​ដែរ​ថា​នឹង​មាន​តំណែង​ខ្ពស់​បំផុត​ណា​មួយ​ក្នុង​ជួរ​រដ្ឋាភិបាល​ថ្មី​នេះ។

ដូច្នេះ​លោក ថាក់ស៊ីន វិល​ចូល​រាជាណាចក្រ​ថៃ​វិញ​ក្រោយពី​រដ្ឋាភិបាល​ថ្មី​ទូលំទូលាយ​មួយ​អាច​កើត​មាន ទោះបី​រដ្ឋាភិបាល​នោះ​មាន​បក្ស​របស់​ពួក​យោធា​ក៏ដោយ៕

© 2024, ខេមបូឌា ដេលី. All rights reserved. No part of this article may be reproduced in print, electronically, broadcast, rewritten or redistributed without written permission.

អត្ថបទទាក់ទង

អត្ថបទអានច្រើន

សេចក្ដីរាយការណ៍ពិសេស