29 C
Phnom Penh

សមត្ថកិច្ច​រឹបអូស​សារធាតុ​ញៀន​ជិត ១​ពាន់​គីឡូក្រាម​ក្នុង​ខែ​សីហា​ដោយ​ឃាត់​ខ្លួន​ជនជាតិ​ចិន​និង​ខ្មែរ​ជិត​១០​នាក់

ដោយ ឌឹ ខេមបូឌា ដេលី

បទវិភាគ

សមត្ថកិច្ច​រឹបអូស​សារធាតុ​ញៀន​ជាង ១០០​គីឡូក្រាម ហើយ​បាន​ឃាត់​ខ្លួន​ជនជាតិ​ចិន​ម្នាក់ និង​ខ្មែរ ២​នាក់ ដោយ​សង្ស័យ​ថា​បាន​ពាក់ព័ន្ធ​នឹង​ករណី​នេះ។

បើ​តាម​អគ្គស្នងការដ្ឋាន​នគរបាល​ជាតិ​ចុះផ្សាយ​នៅ​ថ្ងៃទី​០៩ ខែ​សីហា ឆ្នាំ​២០២៣ នេះ ឲ្យ​ដឹង​ថា សមត្ថកិច្ច​បាន​ធ្វើការ​បង្ក្រាប​គ្រឿងញៀន​នៅ ២​ទីតាំង​ផ្សេង​គ្នា ដោយ​រឹបអូស​សារធាតុ​ញៀន​ស្ថិត​នៅ​សង្កាត់​ផ្សារដើមថ្កូវ ខណ្ឌ​ចំការមន រាជធានី​ភ្នំពេញ ហើយ​បាន​ឃាត់​ខ្លួន​ជន​សង្ស័យ​ចំនួន ០២​នាក់ ភេទ​ប្រុស ជនជាតិ​ខ្មែរ ខណៈ​មេខ្លោង​ធំ​បាន​រត់​គេច​ខ្លួន។

ប្រភព​ដដែល​បញ្ជាក់​ថា សារធាតុ​ញៀន​ដែល​សមត្ថកិច្ច​បង្ក្រាប​បាន​នៅ ២​ទីតាំង​ផ្សេង​គ្នា​នោះ ក្នុង​ខណ្ឌ​សែនសុខ និង​ខណ្ឌ​ចំការមន រាជធានី​ភ្នំពេញ មាន​ចំនួន ១០២​គីឡូក្រាម និង ៣៥២,២៧​ក្រាម។

ចំពោះ​វត្ថុ​តាង និង​ជន​សង្ស័យ​ទាំង ៣​នាក់ ក្នុង​នោះ​មាន​ជនជាតិ​ចិន​ម្នាក់ និង​ខ្មែរ ២​នាក់ ហើយ​សមត្ថកិច្ច​នឹង​កសាង​សំណុំរឿង​ដើម្បី​បញ្ជូន​ទៅ​តុលាការ​តាម​នីតិវិធី​បន្ត​ទៀត។

កាលពី​ដើម​ខែ​សីហា ឆ្នាំ​២០២៣ សមត្ថកិច្ច​បង្ក្រាប​បទល្មើស​គ្រឿងញៀន​ចំនួន ២​ទីតាំង​ដែរ ក្នុង​នោះ​ស្ថិត​នៅ​ភូមិ​២ សង្កាត់​លេខ៣ ក្រុង-ខេត្ត​ព្រះសីហនុ និង​ស្ថិត​នៅ​បុរី ប៉េងហួត (បឹងស្នោ)​សង្កាត់​និរោធ ខណ្ឌ​ច្បារអំពៅ រាជធានី​ភ្នំពេញ ដោយ​រឹបអូស​បាន​សារធាតុ​ញៀន​ចំនួន​ជាង ៧៨០​គីឡូក្រាម​ផ្សេង​ទៀត។

ប្រតិបត្តិការ​ចុះ​បង្ក្រាប​កាលពី​ថ្ងៃទី​០១ ខែ​សីហា សមត្ថកិច្ច​ឃាត់​បុរស​ជនជាតិ​ចិន (តៃវ៉ាន់) ២​នាក់ ក្នុង​នោះ​ឈ្មោះ AN CHI WEI និង​ឈ្មោះ TUAN ZHONG YUE ព្រមទាំង​រថយន្ត ០១​គ្រឿង ហើយ​ទូរសព្ទ ០២​គ្រឿង​ផង​ដែរ។

ចំណែក​នៅ​រាជធានី​ភ្នំពេញ​វិញ​នៅ​ថ្ងៃទី​០១ ខែ​សីហា ដដែល​នោះ សមត្ថកិច្ច​បាន​ឃាត់​ខ្លួន​បុរស​ជនជាតិ​ចិន (តៃវ៉ាន់) ០៤​នាក់ ក្នុង​នោះ​ឈ្មោះ CHEN CHI HSIANG ឈ្មោះ CHAN I YANG ឈ្មោះ LIAO SHI BO ឈ្មោះ TSAI YU CHING ព្រមទាំង​រថយន្ត ០៣​គ្រឿង ហើយ​ម៉ូតូ ០២​គ្រឿង និង​ទូរសព្ទ ០៥​គ្រឿង រួម​ទាំង​គណនី​ធនាគារ ០៨​គណនី​ផង​ដែរ។

ក្រោយពី​ឃាត់​ខ្លួន​នោះ សមត្ថកិច្ច​បាន​កសាង​សំណុំរឿង​ដោយ​បញ្ជូន​ជនជាតិ​ចិន​តៃវ៉ាន់​ទាំង ០៦​នាក់ និង​វត្ថុ​តាង​ដែល​បាន​រឹបអូស​ទាំងនេះ​ទៅ​កាន់​សាលាដំបូង​រាជធានី​ភ្នំពេញ ដើម្បី​ចាត់ការ​តាម​នីតិវិធី​ច្បាប់។

ជាក់ស្ដែង​ចាប់ពី​ឆ្នាំ​២០១៧ ដល់​ឆ្នាំ​២០២៣ នេះ រដ្ឋាភិបាល​កម្ពុជា​ក្រោម​ការ​ដឹកនាំ​របស់​លោក ហ៊ុន សែន បាន​បរាជ័យ​ទប់ស្កាត់​បទល្មើស​គ្រឿងញៀន​នៅ​កម្ពុជា។

ចាប់តាំងពី​ឆ្នាំ​២០១៧ មក​ដល់​បច្ចុប្បន្ន ចំនួន​គ្រឿងញៀន​ដែល​អាជ្ញាធរ​រឹបអូស​បាន​កើនឡើង​ពី​មួយ​ឆ្នាំ​ទៅ​មួយ​ឆ្នាំ ក្នុង​នោះ​នៅ​ឆ្នាំ​២០១៧ អាជ្ញាធរ​ចាប់​បាន​គ្រឿងញៀន​ជិត ៣០០ (២៩៦) គីឡូក្រាម ហើយ​ឆ្នាំ​២០១៨ រឹបអូស​បាន​ជិត ៥០០ (៤៧២,៥៣) គីឡូក្រាម និង​ឆ្នាំ​២០១៩ ចាប់​បាន ៧៥០​គីឡូក្រាម។ នៅ​ឆ្នាំ​២០២០ អាជ្ញាធរ​រឹបអូស​បាន​ជិត ៤​ពាន់ (៣៨៧៦) គីឡូក្រាម និង​ឆ្នាំ​២០២១ រឹបអូស​បាន​ជាង ៤៦០០ (៤៦៨៩) គីឡូក្រាម ហើយ​នៅ​ឆ្នាំ​២០២២ អាជ្ញាធរ​ចាប់​បាន​ជាង ១​ម៉ឺន ៤​ពាន់ (១៤៩១៩) គីឡូក្រាម។

ការ​បរាជ័យ​នេះ ត្រូវ​គេ​រក​ឃើញ​ថា មកពី​ក្រុម​គ្រួសារ​របស់​បុរស​ខ្លាំង​ក្រាញ​អំណាច​នៅ​កម្ពុជា​លោក ហ៊ុន សែន ជា​អ្នក​នៅ​ពីក្រោយ​នៃ​ការ​ចរាចរ​គ្រឿងញៀន​ដ៏​ធំ​បំផុត​នៅ​កម្ពុជា ដែល​កំពុង​ចែកចាយ​យ៉ាង​អនាធិបតេយ្យ​នៅ​តាម​ក្លឹប​រាត្រី រង្គសាល ហាង​ខារ៉ាអូខេ និង​ផ្ទះសំណាក់​ផ្សេងៗ​នៅ​កម្ពុជា។

ចំណែក​អ្នក​ដែល​ចែកចាយ​ធំ​វិញ គឺជា​ជនជាតិ​វៀតណាម និង​ជនជាតិ​ចិន ដែល​អាច​និយាយ​ភាសា​ខ្មែរ​បាន​ប៉ៃឡាំៗ​តាមរយៈ​បណ្ដាញ​សង្គម​តេឡេក្រាម ដោយ​គ្មាន​សមត្ថកិច្ច​ទទួល​បន្ទុក​បង្ក្រាប​គ្រឿងញៀន​ណា​ម្នាក់ ឬ​ថ្នាក់​ដឹកនាំ​រដ្ឋាភិបាល​ណា​មួយ​ហ៊ាន​ប៉ះពាល់​ឡើយ ដោយសារ​តែ​ពួកគេ​ខ្លាច​អំណាច​របស់​លោក ហ៊ុន សែន៕

© 2024, ខេមបូឌា ដេលី. All rights reserved. No part of this article may be reproduced in print, electronically, broadcast, rewritten or redistributed without written permission.

អត្ថបទទាក់ទង

អត្ថបទអានច្រើន

សេចក្ដីរាយការណ៍ពិសេស