29 C
Phnom Penh

សមត្ថកិច្ច​បញ្ជូន​ជនជាតិ​ថៃ​២​នាក់​ទៅ​តុលាការ​ពាក់ព័ន្ធ​ការ​ចរាចរ​គ្រឿងញៀន​ជិត​កន្លះ​តោន

ដោយ ឌឹ ខេមបូឌា ដេលី

បទវិភាគ

អាជ្ញាធរ​ប្រឆាំង​បទល្មើស​គ្រឿងញៀន សម្រេច​បញ្ជូន​ខ្លួន​ជនជាតិ​ថៃ ២​នាក់​ទៅ​សាលាដំបូង​រាជធានី​ភ្នំពេញ ពាក់ព័ន្ធ​នឹង​ការ​ចរាចរ​គ្រឿងញៀន​ជាង ៤៦៥​គីឡូក្រាម ស្រប​ពេល​ដែល​មន្ទីរ​ប្រឆាំង​បទល្មើស​គ្រឿងញៀន​កំពុង​សស្រាក់សស្រាំ​បង្ក្រាប​ការ​ជួញដូរ​គ្រឿងញៀន​ដែល​បាន​ឆ្លងដែន​ចូល​ប្រទេស​កម្ពុជា​ប្រមាណ​ជាង ១​តោន​កន្លះ​ត្រឹមតែ​រយៈពេល ១​សប្តាហ៍​ចុងក្រោយ​នេះ។

មន្ទីរ​ប្រឆាំង​បទល្មើស​គ្រឿងញៀន​នៃ​អគ្គស្នងការ​នគរបាល​ជាតិ បាន​បញ្ជូន​ក្រុម​ឧក្រិដ្ឋជន​ជនជាតិ​ថៃ ២​នាក់ បន្ទាប់ពី​ពួកគេ​បាន​ចរាចរ​សារធាតុ​ញៀន​ប្រភេទ​មេតំហ្វេតាមីន​ចំនួន ៤៦៥​ដុំ ស្មើ​នឹង ៤៦៥​គីឡូក្រាម និង ៦៥១​ក្រាម ឆ្លងដែន​ពី​តំបន់​ត្រីកោណ​មាស​ឆ្លងកាត់​តាម​ប្រទេស​ឡាវ ចូល​ទៅ​ប្រទេស​កម្ពុជា កាលពី​ដើម​ខែ​សីហា ឆ្នាំ​២០២៣ នេះ។

ប្រភព​ដដែល​អះអាង​ថា មន្ទីរ​ប្រឆាំង​បទល្មើស​គ្រឿងញៀន បាន​ប្ដេជ្ញា​ចិត្ត​ខ្ពស់​ក្នុង​ការ​បង្ក្រាប​បទល្មើស​គ្រឿងញៀន​ដូច​ភ្លៀង​រលឹម​នៅ​ទូទាំង​ប្រទេស​ឱ្យ​ដល់​ឫសគល់ ក្រោម​បទបញ្ជា​របស់​អគ្គស្នងការ​នគរបាល​ជាតិ​លោក នេត សាវឿន និង​បទបញ្ជា​របស់​អគ្គស្នងការ​រង​ទទួល​ផែន​បង្ក្រាប​គ្រឿងញៀន លោក ម៉ក់ ជីតូ ក្នុង​ការ​បោស​សម្អាត និង​បង្ក្រាប​គ្រឿងញៀន​ឱ្យ​អស់​ពី​កម្ពុជា ក្នុង​នោះ​កម្លាំង​សម្ងាត់​របស់​មន្ទីរ​ប្រឆាំង​បទល្មើស​គ្រឿងញៀន​ត្រូវ​បាន​ពង្រាយ​គ្រប់​រាជធានី-ខេត្ត​ផង​ដែរ​ដើម្បី​បង្ក្រាប​ករណី​នេះ។

កាលពី​ថ្ងៃទី​០៨ ខែ​សីហា ឆ្នាំ​២០២៣ សមត្ថកិច្ច​ជំនាញ​នៃ​មន្ទីរ​ប្រឆាំង​គ្រឿងញៀន បាន​ចុះ​បង្ក្រាប​ក្រុម​ឧក្រិដ្ឋជន​ដែល​ចរាចរ​គ្រឿងញៀន​ឆ្លងដែន​ពី​តំបន់​ត្រីកោណ​មាស​ឆ្លងកាត់​ប្រទេស​ឡាវ ចូល​ទៅ​កម្ពុជា​ចំនួន ៤៦៥​គីឡូក្រាម និង ៦៥១​ក្រាម​នៅ​មុខ​ផ្ទះសំណាក់​កណ្តាល​ស្ទឹង​ព្រែកជ្រៃ ស្ថិត​ភូមិ​ព្រែកជ្រៃ សង្កាត់​ស្ពានថ្ម ខណ្ឌ​ដង្កោ និង​នៅ​សង្កាត់​ភ្នំពេញថ្មី ខណ្ឌ​សែនសុខ រាជធានី​ភ្នំពេញ។

ទាក់ទិន​នឹង​បញ្ហា​នេះ លោក ហ៊ុន សែន បាន​លើកឡើង​កាលពី​ថ្ងៃទី​១០ ខែ​សីហា ឆ្នាំ​២០២៣ នេះ​ថា ក្នុង​នាម​រូបលោក​ជា​ប្រធាន​បក្ស​ប្រជាជន​កម្ពុជា​ដែល​ត្រូវ​ដឹកនាំ​រដ្ឋាភិបាល​អាណត្តិ​ទី​៧ នេះ បាន​ចាត់ទុក​បញ្ហា​គ្រឿងញៀន​ជា​បញ្ហា​ប្រឈម​ដ៏​ធំ​មួយ​សម្រាប់​សង្គម​កម្ពុជា។

លោក ហ៊ុន សែន អះអាង​ថា ដើម្បី​បង្ក្រាប​ការ​ជួញដូរ​គ្រឿងញៀន​ឱ្យ​មាន​ប្រសិទ្ធភាព លោក​បាន​ផ្ដួចផ្ដើម​គំនិត​ឱ្យ​ធ្វើ​កំណែ​ទម្រង់​អាជ្ញាធរ​ប្រយុទ្ធ​ប្រឆាំង​គ្រឿងញៀន និង​ស្ថាប័ន​ពាក់ព័ន្ធ​ដទៃ​ទៀត ព្រោះ​ថា​ប្រសិនបើ​ការ​ប្រយុទ្ធ​ប្រឆាំង​គ្រឿងញៀន​នេះ​ទទួល​បាន​ជោគជ័យ នោះ​វា​គឺជា​សមិទ្ធផល​ដ៏​ធំ​មួយ​ឆ្លុះបញ្ចាំង​ពី​សមត្ថភាព​របស់​រាជរដ្ឋាភិបាល​អាណត្តិ​ថ្មី​នេះ​ផង​ដែរ។

កាលពី​អំឡុង​ខែ​កុម្ភៈ ឆ្នាំ​២០២៣ ប្រធាន​អាជ្ញាធរ​ជាតិ​ប្រយុទ្ធ​ប្រឆាំង​គ្រឿងញៀន លោក កែ គឹមយ៉ាន បាន​លើកឡើង​ថា បច្ចុប្បន្ន​នេះ កម្ពុជា​នៅតែ​បន្ត​រង​ការ​គំរាមកំហែង​ឥត​ឈប់ឈរ​ពី​ការ​ចរាចរ ការ​ជួញដូរ និង​ប្រើប្រាស់​គ្រឿងញៀន​នៅឡើយ ក្នុង​នោះ​ការ​ចរាចរ​គ្រឿងញៀន​ទាំង​តាម​ផ្លូវគោក ផ្លូវទឹក បញ្ញើ​ប្រៃសណីយ៍ និង​ផ្លូវអាកាស​ផង​ដែរ ជាពិសេស​ករណី​រក្សា​ទុក កែច្នៃ ផលិត និង​ជួញដូរ​គ្រឿងញៀន​នៅ​កម្ពុជា​នៅតែ​បន្ត​កើតមាន​ដដែល​សព្វថ្ងៃ​នេះ។

ចំណែក​រដ្ឋមន្ត្រី​ក្រសួង​មហាផ្ទៃ លោក ស ខេង កាលពី​ថ្ងៃទី​១២ ខែ​មេសា ឆ្នាំ​២០២៣ ត្អូញត្អែរ​ថា សព្វថ្ងៃ​នេះ​គ្រឿងញៀន​កំពុង​បំផ្លាញ​ធនធាន​យុវជន​នៅ​កម្ពុជា​ក្នុង​ការ​ចូលរួម​ការពារ​ឯករាជ្យ បូរណភាព​ទឹកដី អធិបតេយ្យភាព និង​ការ​អភិវឌ្ឍ​ប្រទេស​ជាតិ ស្រប​ពេល​ដែល​បទល្មើស​ជួញដូរ ចែកចាយ និង​ចរាចរ​គ្រឿងញៀន​នៅ​កម្ពុជា​មិន​ថយ​ចុះ​ទាល់តែសោះ គឺ​មាន​តែ​កើតឡើង​ខ្លាំង​ជាង​មុន។

ក្រុម​អ្នក​សង្កេតការណ៍​លើកឡើង​ថា គ្រឿងញៀន​នៅ​កម្ពុជា​មិន​អាច​បំបាត់​បាន​ទេ ព្រោះ​វា​ជា​មុខរបរ​របស់​អ្នក​មាន​អំណាច​ដែល​អាច​មាន​ជាប់​ពាក់ព័ន្ធ​នឹង​ក្រុម​គ្រួសារ​របស់​ថ្នាក់​ដឹកនាំ​កំពូល​នៃ​ប្រទេស​កម្ពុជា៕

© 2024, ខេមបូឌា ដេលី. All rights reserved. No part of this article may be reproduced in print, electronically, broadcast, rewritten or redistributed without written permission.

អត្ថបទទាក់ទង

អត្ថបទអានច្រើន

សេចក្ដីរាយការណ៍ពិសេស