30 C
Phnom Penh

លោក ខៀវ សំផន ស្នើសុំ​អាច​ប្រើ​កុំព្យូទ័រ​បន្ត​ដើម្បី​សរសេរ​បញ្ចប់​សៀវភៅ​ដែល​លោក​បាន​ចងក្រង

ដោយ ឌឹ ខេមបូឌា ដេលី

បទវិភាគ

មេធាវី​ការពារ​ក្ដី​ឲ្យ​អតីត​មេដឹកនាំ​ខ្មែរក្រហម​លោក ខៀវ សំផន បាន​ស្នើ​ទៅ​ក្រសួង​មហាផ្ទៃ​អនុញ្ញាត​ឲ្យ​កូនក្ដី​របស់​ខ្លួន​ប្រើ​កុំព្យូទ័រ​បន្ត ដើម្បី​អាច​សរសេរ​បញ្ចប់​សៀវភៅ​ដែល​លោក​បាន​ចងក្រង​ទុក​នា​ពេល​កន្លងមក។

មេធាវី​ការពារ​ក្ដី​ឱ្យ​លោក ខៀវ សំផន គឺ​លោក គង់ សំអុន បាន​ប្រាប់​ទៅ​វិទ្យុ​បារាំង​កាលពី​ម្សិលមិញ (ថ្ងៃទី​១៥ សីហា) ថា ការ​ស្នើ​នេះ​បន្ទាប់ពី​មន្ត្រី​ពន្ធនាគារ​នៃ​ក្រសួង​មហាផ្ទៃ​មិន​អនុញ្ញាត​ឲ្យ​លោក ខៀវ សំផន ប្រើប្រាស់​កុំព្យូទ័រ​បន្ត បើ​ទោះ​កុំព្យូទ័រ​ចាស់​របស់​លោក​ត្រូវ​បាន​មេធាវី​យក​ទៅ​ជួសជុល​ឲ្យ​រួច​ហើយ​ក្ដី។

លោក គង់ សំអុន អះអាង​ថា កន្លងមក កូនក្ដី​របស់​លោក​អាច​ប្រើ​កុំព្យូទ័រ​បាន ប៉ុន្តែ​ក្រោយពី​កុំព្យូទ័រ​នោះ​ខូច នៅ​ពេល​ខាង​ពន្ធនាគារ​សាលាក្ដី​ខ្មែរក្រហម​បញ្ជូន​កូនក្ដី​របស់​លោក​ទៅ​ឃុំ​ខ្លួន​នៅ​ពន្ធនាគារ​ខេត្ត​កណ្ដាល។ លោក​ថា កុំព្យូទ័រ​ខូច លោក​បាន​យក​ទៅ​ជួសជុល​រួច​ហើយ ហើយ​ក៏​យក​ទៅ​ប្រគល់​ឲ្យ​កូនក្ដី​ប្រើប្រាស់​ដែរ ប៉ុន្តែ​មន្ត្រី​ពន្ធនាគារ​មិន​អនុញ្ញាត​ឲ្យ​កូនក្ដី​ប្រើ​កុំព្យូទ័រ​នោះ​ឡើយ។

ជុំវិញ​រឿង​នេះ លោក​ក៏​បាន​ដាក់​ពាក្យ​បណ្តឹង​ទៅ​ក្រសួង​មហាផ្ទៃ​រួច​ហើយ​ដែរ ដើម្បី​ស្នើសុំ​ជួយ​អន្តរាគមន៍​ឲ្យ​កូនក្ដី​របស់​លោក​អាច​ប្រើប្រាស់​កុំព្យូទ័រ​បាន​ដូច​មុន ប៉ុន្តែ​មក​ដល់​ពេលនេះ ខាង​ក្រសួង​មិន​ទាន់​ឆ្លើយតប​មក​វិញ​នៅឡើយ​ទេ។

លោក គង់ សំអុន បញ្ជាក់​ថា កូនក្ដី​របស់​លោក​ត្រូវការ​កុំព្យូទ័រ​ដើម្បី​យក​មក​សរសេរ​បញ្ចប់​សៀវភៅ​ដែល​លោក​កត់ត្រា និង​ចងក្រង​ទុក​អំឡុង​ពេល​លោក​ត្រូវ​បាន​ឃុំ​ខ្លួន​នៅ​ក្នុង​ពន្ធនាគារ​របស់​សាលាក្ដី​ខ្មែរក្រហម។ ចំពោះ​ខ្លឹមសារ​វិញ លោក​ថា​ពាក់ព័ន្ធ​ទៅ​នឹង​ប្រវត្តិ​របស់​ខ្លួនឯង និង​រឿងរ៉ាវ​ផ្សេង​ទៀត​ដែល​បាន​ស្រាវជ្រាវ ហើយ​បាន​ជួប​នា​ពេល​កន្លងមក។

សារព័ត៌មាន The Cambodia daily មិន​ទាន់​អាច​សុំ​ការ​ឆ្លើយតប​រឿង​នេះ​ពី​អ្នក​នាំពាក្យ​ក្រសួង​មហាផ្ទៃ លោក ខៀវ សុភ័គ បាន​នៅឡើយ។

តុលាការ​ខ្មែរក្រហម​កាលពី​ខែ​កញ្ញា ឆ្នាំ​២០២២ សម្រេច​ផ្ដន្ទាទោស​អតីត​មេដឹកនាំ​ខ្មែរក្រហម​លោក ខៀវ សំផន អាយុ​ជាង ៩០​ឆ្នាំ ឲ្យ​ជាប់​ពន្ធនាគារ​អស់​មួយ​ជីវិត បន្ទាប់ពី​លោក​ត្រូវ​បាន​ចាប់​ខ្លួន និង​ឃុំឃាំង​អស់​រយៈពេល​ប្រមាណ ១៥​ឆ្នាំ​រួច​មក៕

© 2024, ខេមបូឌា ដេលី. All rights reserved. No part of this article may be reproduced in print, electronically, broadcast, rewritten or redistributed without written permission.

អត្ថបទទាក់ទង

អត្ថបទអានច្រើន

សេចក្ដីរាយការណ៍ពិសេស