39 C
Phnom Penh

សាលា​ឧទ្ធរណ៍​នឹង​ប្រកាស​សាលដីកា​លើ​សំណុំរឿង​លោក វន់ និង​លោក ថេង សាវឿន នៅ​ចុង​ខែ​កញ្ញា

ដោយ ឌឹ ខេមបូឌា ដេលី

បទវិភាគ

មេធាវី​ការពារ​ក្ដី​ឲ្យ​ប្រធាន​សមាគម​ប្រជាធិបតេយ្យ​ឯករាជ្យ​នៃ​សេដ្ឋកិច្ច​ក្រៅ​ប្រព័ន្ធ លោក វន់ ពៅ និង​លោក ថេង សាវឿន ស្នើ​ទៅ​សាលា​ឧទ្ធរណ៍​ឲ្យ​ចាត់ទុក​សាលក្រម​របស់​តុលាការ​ជាន់​ទាប​ជា​មោឃៈ ដោយ​ឲ្យ​ពួកគេ​រួច​ពី​ការ​ចោទប្រកាន់ ខណៈ​តុលាការ​នឹង​ប្រកាស​សាលដីកា​នៅ​ចុង​ខែ​កញ្ញា ខាងមុខ​នេះ។

ការ​ស្នើ​នេះ បន្ទាប់ពី​សាលា​ឧទ្ធរណ៍​រាជធានី​ភ្នំពេញ​នៅ​ថ្ងៃទី​១៧ សីហា នេះ បាន​បើក​សវនាការ​ជំនុំជម្រះ​លើ​សំណុំរឿង​របស់​លោក វន់ ពៅ ប្រធាន​សមាគម​ប្រជាធិបតេយ្យ​ឯករាជ្យ​នៃ​សេដ្ឋកិច្ច​ក្រៅ​ប្រព័ន្ធ និង​លោក ថេង សាវឿន ប្រធាន​សមាគម​សម្ព័ន្ធ​សហគមន៍​កសិករ​កម្ពុជា ពាក់ព័ន្ធ​នឹង​ការ​តវ៉ា​ទាមទារ​ឲ្យ​ដំឡើង​ប្រាក់ឈ្នួល​អប្បបរមា ១៦០​ដុល្លារ​កាលពី​ខែ​មករា ឆ្នាំ​២០១៤ កន្លងមក។

ប្រធាន​សមាគម​សម្ព័ន្ធ​សហគមន៍​កសិករ​កម្ពុជា លោក ថេង សាវឿន បាន​សរសេរ​លើ​ហ្វេសប៊ុក​បន្ទាប់ពី​ចូលរួម​សវនាការ​ថា ដំណើរការ​សវនាការ​ថ្ងៃ​នេះ លោក​និង​មេធាវី​ការពារ​ក្ដី​មាន​ពេលវេលា​គ្រប់គ្រាន់​ធ្វើការ​ស្រាយ​បំភ្លឺ អង្គហេតុ អង្គច្បាប់ ធាតុ​ផ្សំ និង​លើកឡើង​អំពី​ភស្តុតាង​ដោះ​បន្ទុក​ទៅ​កាន់​ប្រធាន​ក្រុមប្រឹក្សា​ជំនុំជម្រះ ដោយ​មិន​មាន​ការ​កាត់ ឬ​ហាមឃាត់​ពី​តំណាង​មហាអយ្យការ ឬ​សមាជិក​ក្រុមប្រឹក្សា​ជំនុំជម្រះ​ណា​មួយ​ឡើយ។

ចំណែក​នាយិកា​មជ្ឈមណ្ឌល​សិទ្ធិមនុស្ស​កម្ពុជា អ្នកស្រី ចក់ សុភាព លើកឡើង​លើ​ហ្វេសប៊ុក​ថា ចៅក្រម និង​មហាអយ្យការ​នៅ​ក្នុង​សវនាការ​នេះ​បាន​ប្រើ​ភាសា​ទន់ភ្លន់ មិន​មាន​ការ​គំហក ឬ​ពាក្យ​ដែល​សង្កត់ ឬ​ដាក់​បន្ទុក​ណា​មួយ​ឡើយ ខណៈ​កន្លងមក​នៅ​សវនាការ​មួយ​ចំនួន​ដែល​អ្នកស្រី​ចូល​សង្កេត​នោះ បាន​ឃើញ​ចៅក្រម​ខ្លះ មហាអយ្យការ​ខ្លះ ប្រើ​ឥរិយាបថ​បែប​សម្លុត ឬ​សម្ដី​ខ្លាំងៗ​ដាក់​ជន​ជាប់ចោទ ហើយ​ហាក់​បង្ហាញ​ទំនោរ​លម្អៀង​តាមរយៈ​ការ​បង្ហាញ​ការ​គាំទ្រ​លើ​ភស្តុតាង​ដាក់​បន្ទុក​ច្រើន​ជាង​ការ​ថ្លឹងថ្លែង​បែប​កណ្តាល​ក្នុង​ដំណើរការ​នីតិវិធី។

ក្នុង​បន្ទប់​សវនាការ មេធាវី​ការពារ​ឲ្យ​លោក វន់ ពៅ និង​លោក ថេង សាវឿន បាន​បង្ហាញ​អំណះអំណាង និង​ស្នើ​ទៅ​សាលា​ឧទ្ធរណ៍​ឲ្យ​ចាត់ទុក​សាលក្រម​របស់​តុលាការ​ដំបូង​ជា​មោឃៈ ដោយ​ឲ្យ​កូនក្ដី​ខ្លួន​បាន​រួច​ពី​ការ​ចោទប្រកាន់។

បន្ទាប់ពី​សវនាការ​សួរ​ដេញដោល តុលាការ​សម្រេច​ប្រកាស​សាលដីកា​ក្នុង​សំណុំរឿង​នេះ​នៅ​ថ្ងៃទី​២៩ ខែ​កញ្ញា ឆ្នាំ​២០២៣ វេលា​ម៉ោង ៨​ព្រឹក។

អ្នកស្រី ចក់ សុភាព បង្ហាញ​សង្ឃឹម​ថា សាលា​ឧទ្ធរណ៍​នឹង​ផ្តល់​យុត្តិធម៌​ដល់​ពួកគាត់ និង​អ្នក​ពាក់ព័ន្ធ​ដទៃ​ទៀត ដោយសារ​ពួកគេ​សុទ្ធតែ​ជា​អ្នក​អហិង្សា​និយម។ អ្នកស្រី​ថា ពួកគេ​មិន​គួរ​ត្រូវ​បាន​រង​ការ​ផ្ដន្ទាទោស​នេះ​ទេ ដោយសារ​ពួកគេ​មិន​ត្រឹមតែ​ជា​ជនរងគ្រោះ​ពី​អំពើ​ហិង្សា​ដែល​កើតឡើង​នៅ​អំឡុង​ដើម​ឆ្នាំ​២០១៤ នោះ​ទេ តែ​ថែម​ទាំង​ជា​ជនរងគ្រោះ​ក្នុង​នីតិវិធី​ដែល​ពួកគេ​ពុំ​បាន​ជួប​មេធាវី និង​ព័ត៌មាន​របស់​ពួកគេ បន្ទាប់ពី​រង​ហិង្សា​នោះ​រហូត​ដល់ ៥​ថ្ងៃ ទើប​មេធាវី និង​ក្រុម​គ្រួសារ​បាន​ដឹង​ថា​ពួកគេ​ត្រូវ​បាន​យក​ទៅ​ឃុំ​នៅ​ពន្ធនាគារ​ត្រពាំងផ្លុង ផង​ដែរ។

លោក វន់ ពៅ និង​លោក ថេង សាវឿន គឺជា​អ្នក​ការពារ​សិទ្ធិមនុស្ស​ដែល​ត្រូវ​បាន​ចាប់​ខ្លួន​ក្នុង​ចំណោម​អ្នក​ការពារ​សិទ្ធិមនុស្ស និង​បាតុករ​ចំនួន ២៣​នាក់​ទៀត​នៅ​ក្នុង​ព្រឹត្តិការណ៍​បង្ក្រាប​ដោយ​ហិង្សា​នៅ​រោងចក្រ យ៉ាក់ជីង ពាក់ព័ន្ធ​នឹង​ការ​តវ៉ា​ទាមទារ​ឱ្យ​ដំឡើង​ប្រាក់​ឈ្នួល​អប្បបរមា ១៦០​ដុល្លារ​កាលពី​ខែ​មករា ឆ្នាំ​២០១៤។

ដំបូង​ឡើយ តុលាការ​បាន​ចោទប្រកាន់​លើ​អ្នក​ការពារ​សិទ្ធិមនុស្ស ៤​នាក់​ពី​បទ «ញុះញង់​ឲ្យ​ប្រព្រឹត្ត​អំពើ​បង្ក​ឱ្យ​មាន​ភាព​វឹកវរ​ធ្ងន់ធ្ងរ​ដល់​សន្តិសុខ​សង្គម» ប៉ុន្តែ​ក្រោយ​មក តុលាការ​បាន​ប្ដូរ​ទៅ​ជា​បទ «អ្នក​ផ្ដើម​គំនិត​ក្នុង​អំពើ​ហិង្សា​ដោយ​ចេតនា​ដែល​មាន​ស្ថាន​ទម្ងន់​ទោស» តាម​មាត្រា ២៨ និង ២១៨ នៃ​ក្រមព្រហ្មទណ្ឌ។

ចំពោះ​ជន​ជាប់ចោទ​ទាំង ១៩​នាក់​ផ្សេង​ទៀត​ត្រូវ​បាន​ចោទប្រកាន់​ពី​បទ «ហិង្សា​ដោយ​ចេតនា​មាន​ស្ថាន​ទម្ងន់​ទោស និង​ខូចខាត​ដោយ​ចេតនា​មាន​ស្ថាន​ទម្ងន់​ទោស»។

បន្ទាប់ពី​បើក​សវនាការ​ចំនួន ៥​ថ្ងៃ ពោល​គឺ​ចាប់ពី​ថ្ងៃទី​២៥ ខែ​មេសា ដល់​ថ្ងៃទី​២២ ខែ​ឧសភា ឆ្នាំ​២០១៤ នៅ​ថ្ងៃទី​៣០ ខែ​ឧសភា ឆ្នាំ​២០១៤ តុលាការ​ក្រុង​ភ្នំពេញ​បាន​ផ្ដន្ទាទោស​អ្នក​ការពារ​សិទ្ធិមនុស្ស ២៣​នាក់​ដាក់​ពន្ធនាគារ​ចន្លោះ​ពី ២​ឆ្នាំ​ទៅ ៥​ឆ្នាំ ប៉ុន្តែ​លោក វន់ ពៅ លោក ថេង សាវឿន និង​អ្នក​ផ្សេង​ទៀត ត្រូវ​បាន​ដោះលែង​វិញ​នៅ​ថ្ងៃទី​៣០ ខែ​ឧសភា ឆ្នាំ​២០១៤ ខណៈ​ទោស​នៅ​សល់​ត្រូវ​ព្យួរ៕

© 2024, ខេមបូឌា ដេលី. All rights reserved. No part of this article may be reproduced in print, electronically, broadcast, rewritten or redistributed without written permission.

អត្ថបទទាក់ទង

អត្ថបទអានច្រើន

សេចក្ដីរាយការណ៍ពិសេស