32 C
Phnom Penh

តើ​កម្ពុជា​អាច​ប្រឈម​វិបត្តិ​សង្គម និង​សេដ្ឋកិច្ច​បែប​ណា​ក្រោយ​ការ​បោះឆ្នោត?

ដោយ ឌឹ ខេមបូឌា ដេលី

បទវិភាគ

លិខិត​មិត្ត​អ្នក​អាន៖ លោក ឃុន ថារ៉ូ ប្រធាន​គ្រប់គ្រង​កម្មវិធី​ការងារ​នៃ​មជ្ឈមណ្ឌល​សម្ព័ន្ធភាព​ការងារ និង​សិទ្ធិមនុស្ស (សង់ត្រាល់)-១៧ សីហា ឆ្នាំ​២០២៣

ភាព​មិន​ច្បាស់លាស់ និង​ជា​ក្តី​បារម្ភ​ធំ​បំផុត គឺ​សហភាព​អឺរ៉ុប​អាច​នឹង​មាន​ចំណាត់ការ​បន្ថែម​មក​លើ​រដ្ឋាភិបាល​កម្ពុជា ខណៈ​លំហ​លទ្ធិប្រជាធិបតេយ្យ និង​សិទ្ធិមនុស្ស​នៅ​កម្ពុជា​កាន់តែ​រួម​តូច​ទៅៗ។

ក្នុង​ករណី​បើ​សហភាព​អឺរ៉ុប ដាក់​ទណ្ឌកម្ម​បន្ថែម​នោះ ប្រាកដ​ណាស់​នឹង​បង្ក​ឲ្យ​មាន​ប៉ះពាល់​ដល់​ជីវភាព​រស់នៅ​របស់​កម្មករ ដោយសារតែ​រោងចក្រ​មួយ​ចំនួន​ប្រឈម​នឹង​ការ​ព្យួរ​ការងារ​កម្មករ ឬ​ក៏​ការ​បិទ​ខ្សែសង្វាក់​ផលិតកម្ម និង​អាច​បញ្ឈប់​កម្មករ​ពី​ការងារ​ទ្រង់ទ្រាយ​ធំ​ដោយសារ​ធ្លាក់​ចុះ​ការ​បញ្ជាទិញ​ក្នុង​មូលហេតុ​រង​ពី​វិបត្តិ​សេដ្ឋកិច្ច​សកល។

តាមរយៈ​ការ​អង្កេត និង​តាមដាន​របស់​អង្គការ​សង់ត្រាល់ ចាប់តាំងពី​ដើម​ឆ្នាំ​២០២៣ ក្នុង​ចំណោម​រោងចក្រ​ជាង ២០ នៅ​រាជធានី​ភ្នំពេញ និង​នៅ​តាម​បណ្តា​ខេត្ត​នានា​បាន​បង្ហាញ​ថា មាន​កម្មករ​រាប់​ពាន់​នាក់​ប្រឈម​នឹង​ការ​ព្យួរ​ការងារ​លក្ខណៈ​ទ្រង់ទ្រាយ​ធំ ការ​កាត់បន្ថយ​ម៉ោង​ការងារ មិន​មាន​ការងារ​ថែម​ម៉ោង ដែល​ជា​ហេតុ​ធ្វើ​ឲ្យ​កម្មករ​ធ្លាក់​ចុះ​ប្រាក់ចំណូល​ដើម្បី​ទ្រទ្រង់​ជីវភាព​ប្រចាំ​ថ្ងៃ ជាពិសេស​លទ្ធភាព​ក្នុង​ការ​ដោះស្រាយ​បំណុល។ បញ្ហា​អាទិភាព​ទាំង​ពីរ​ខាងលើ បាន​ជះឥទ្ធិពល​អវិជ្ជមាន​ដល់​ស្ថិរភាព​ការងារ ភាព​អត់​មាន​ការងារ​ធ្វើ ដែល​ជា​ហេតុ​បង្ក​ផលវិបាក​ធ្ងន់ធ្ងរ​ដល់​ស្ថានភាព​សេដ្ឋកិច្ច។

ផ្អែក​តាម​របាយការណ៍​អង្កេត​បឋម​របស់​អង្គការ​សង់ត្រាល់ រក​ឃើញ​ថា រោងចក្រ​មួយ​ចំនួន​បាន​កាត់បន្ថយ​បុគ្គលិក​កម្មករ​ជា​មធ្យម​ចន្លោះ​ពី ២០% ទៅ ៣០% នៅ​ឆ្នាំ​នេះ ហើយ​កម្មករ​និយោជិត​មួយ​ចំនួន​ធំ​បាត់បង់​ប្រាក់ចំណូល​ចន្លោះ​ពី ២៥ % ទៅ ៣០% បើ​ប្រៀបធៀប​ក្នុង​ឆ្នាំ​២០២២។ ករណី​នេះ​ធ្វើ​ឲ្យ​កម្មករ​ត្រូវតែ​បង្ខំ​ចិត្ត​កាត់បន្ថយ​របប​អាហារ​ហូប​ចុក​ប្រចាំ​ថ្ងៃ និង​រង​សម្ពាធ​វិបត្តិ​ផ្លូវចិត្ត​ជាដើម។

និន្នាការ​នៃ​ការ​បញ្ឈប់​ការងារ​កម្មករ កំពុង​កើន​ឡើង​ជា​រៀងរាល់​ថ្ងៃ​ចាប់តាំងពី​ដើម​ឆ្នាំ​២០២៣ និង​បាន​បន្ត​កើតមាន​ឡើង​ជា​បន្តបន្ទាប់​ថែម​ទៀត​រហូត​ជិត​ដល់​ថ្ងៃ​បោះឆ្នោត​តំណាងរាស្ត្រ​ក្នុង​ខែ​កក្កដា ឆ្នាំ​២០២៣ និង​ក្រោយ​ការ​បោះឆ្នោត។

ការ​វិវឌ្ឍ​ស្ថានភាព​នយោបាយ​ក្នុង​រយៈពេល​ចុងក្រោយ​នេះ ក៏​បាន​ជះឥទ្ធិពល​ដល់​ការ​សម្រេច​ចិត្ត​របស់​អ្នក​វិនិយោគ​បរទេស​ក្នុង​ការ​បោះទុន​វិនិយោគ​មក​ប្រទេស​កម្ពុជា ដោយសារតែ​ភាព​មិន​ច្បាស់លាស់​ផ្នែក​នយោបាយ​មុន​ពេល​បោះឆ្នោត អំឡុង​ពេល​បោះឆ្នោត និង​ក្រោយ​ពេល​បោះឆ្នោត។

វិស័យ​កាត់ដេរ ដេរ​ស្បែកជើង និង​ផលិតផល​ធ្វើ​ដំណើរ គឺជា​វិស័យ​ដ៏​សំខាន់​ដែល​បាន​ជួយ​ទ្រទ្រង់​ដល់​សេដ្ឋកិច្ច​កម្ពុជា​ក្នុង​រយៈពេល​ជាង ២០​ឆ្នាំ​កន្លងមក​នេះ។ គិត​ត្រឹម​ខែ​សីហា ឆ្នាំ​២០២៣ នេះ កម្ពុជា​មាន​រោងចក្រ​កាត់ដេរ​សម្លៀកបំពាក់ ដេរ​ស្បែកជើង និង​ផលិតផល​ធ្វើ​ដំណើរ​ចំនួន ១០៧៧​រោងចក្រ ភាគច្រើន​គឺជា​រោងចក្រ​ស្ថិត​ក្រោម​ការ​វិនិយោគ​ដោយ​ផ្ទាល់​ពី​ក្រុមហ៊ុន​ចិន ហើយ​វិស័យ​ជា​ឆ្អឹងខ្នង​សេដ្ឋកិច្ច​មួយ​នេះ ពឹង​ផ្អែក​ស្ទើរ​ទាំងស្រុង​លើ​ការ​នាំចូល​វត្ថុធាតុ​ដើម​ពី​បរទេស រួម​មាន​ប្រទេស​ចិន វៀតណាម និង​ម៉ាឡេស៊ី ជាដើម។ វិស័យ​នេះ​បាន​ផ្តល់​ការងារ​ដល់​ប្រជាពលរដ្ឋ​កម្ពុជា​ជាង ១​លាន​នាក់ ហើយ​ប្រជាពលរដ្ឋ​ប្រមាណ​ជាង ២,៥​លាន​នាក់​ទទួល​បាន​ប្រយោជន៍​ផ្នែក​សេដ្ឋកិច្ច​ពី​វិស័យ​មួយ​នេះ ខណៈ​ដែល​ប្រទេស​កម្ពុជា​បច្ចុប្បន្ន​មាន​កម្លាំង​ពលកម្ម​សរុប​ប្រមាណ​ជាង ៨​លាន​នាក់ ទាំង​ក្នុង​ប្រព័ន្ធ និង​ក្រៅ​ប្រព័ន្ធ។

យោង​តាម​របាយការណ៍​របស់​អគ្គនាយកដ្ឋាន​គយ និង​រដ្ឋាករ​កម្ពុជា រយៈពេល ៧​ខែ​ដើម​ឆ្នាំ​២០២៣ នេះ​បង្ហាញ​ថា ចំណូល​កម្ពុជា​ដែល​បាន​មកពី​ការ​នាំចេញ​សម្លៀកបំពាក់ គឺ​ទទួល​បាន​ថវិកា​ជាង ៤,៤​ពាន់​លាន​ដុល្លារ​អាមេរិក។ តួលេខ​នេះ គឺ​ថយ​ចុះ​ប្រមាណ ២០% និង​ការ​នាំចេញ​ស្បែកជើង​ទទួល​បាន​ចំណូល ៨០៨​លាន​ដុល្លារ គឺ​ថយ​ចុះ​ប្រមាណ ២២,៧% បើ​ធៀប​នឹង​រយៈពេល​ការ​នាំចេញ​កាលពី​ឆ្នាំ​២០២២។

កាលពី​ឆ្នាំ​២០២១ អង្គការ​សង់ត្រាល់ បាន​រក​ឃើញ​ថា មាន​កម្មករ​និយោជិត​បាន​បាត់បង់​ប្រាក់ឈ្នួល​ប្រមាណ​ជាង ១០០​លាន​ដុល្លារ​អាមេរិក ដែល​កើត​ចេញពី​វិបត្តិ​កូវីដ ការ​ព្យួរ​ការងារ​កម្មករ ការ​បញ្ឈប់​ការងារ​កម្មករ និង​ការ​បិទ​រោងចក្រ​ដោយ​មិន​មាន​ការ​ទូទាត់​សំណង និង​ប្រាក់​ឈ្នួល​ដល់​កម្មករ​ឲ្យ​បាន​ត្រឹមត្រូវ​ក្នុង​ចំណោម​រោងចក្រ​ជិត ១០០​កន្លែង។

និន្នាការ [បញ្ឈប់​ការងារ​កម្មករ] បាន​កើតមាន​ឡើង​ចាប់តាំងពី​ដើម​ឆ្នាំ​២០២៣ មក​ម្ល៉េះ ហើយ​និន្នាការ​នេះ​កំពុង​បន្ត​កើនឡើង [កាន់តែ​ច្រើន​ថែម​ទៀត] នៅ​ពេល​ជិត​ដល់​ថ្ងៃ​បោះឆ្នោត​តំណាងរាស្ត្រ និង​ក្រោយ​ការ​បោះឆ្នោត។ កត្តា​នេះ អ្នក​វិនិយោគ​បរទេស​អាច​នឹង​រារែក​ចិត្ត​ក្នុង​ការ​បោះទុន​វិនិយោគ​មក​កម្ពុជា នៅ​ពេល​ជិត​ដល់​ការ​បោះឆ្នោត​ជាតិ​ម្ដងៗ ដោយសារតែ​ភាព​មិន​ច្បាស់លាស់​ផ្នែក​នយោបាយ​នៅ​ក្នុង​ប្រទេស និង​ភាព​មិន​ច្បាស់លាស់​នៃ​ប្រព័ន្ធ​អនុគ្រោះ​ពន្ធ EBA និង GSP ដល់​កម្ពុជា។

ទិន្នន័យ​បឋម​ពី​អង្គការ​សង់ត្រាល់ បង្ហាញ​ថា កម្មករ​រោងចក្រ​ប្រហែល ២០០០០​នាក់​ក្នុង​ចំណោម​ជាង ២០​រោងចក្រ​ត្រូវ​បាន​ថៅកែ​ព្យួរ​ការងារ ឬ​បញ្ឈប់​ការងារ គិត​ចាប់ពី​ខែ​កុម្ភៈ ដល់​ខែ​កក្កដា ក្នុង​ឆ្នាំ​២០២៣ នេះ ហើយ​រោងចក្រ​មួយ​ចំនួន​មិន​បាន​គោរព​តាម​លក្ខខណ្ឌ និង​គោលការណ៍​ច្បាប់​ការងារ​របស់​ប្រទេស​កម្ពុជា នៅ​ពេល​បញ្ឈប់​កម្មករ​ពី​ការងារ ឬ​ព្យួរ​ការងារ។ កម្មករ​និយោជិត​នៅ​តាម​បណ្តា​រោងចក្រ​មួយ​ចំនួន ត្រូវ​បាន​ថៅកែ​បង្ខំ​ឲ្យ​ឈប់​សម្រាក​ដោយ​មិន​ទទួល​បាន​ប្រាក់​ឈ្នួល រួម​ទាំង​ការ​កាត់បន្ថយ​ម៉ោង​ការងារ​របស់​កម្មករ ជាដើម។

ផ្អែក​លើ​តួលេខ​នេះ គឺ​សបញ្ជាក់​ថា សហគមន៍​អឺរ៉ុប និង​សហរដ្ឋ​អាមេរិក គឺជា​ទីផ្សារ​ចម្បង និង​ធំ​ជាងគេ​សម្រាប់​ប្រទេស​កម្ពុជា​តាមរយៈ​ការ​ផ្តល់​ប្រព័ន្ធ​អនុគ្រោះ​ពន្ធ EBA និង GSP ដល់​កម្ពុជា។ មិន​ត្រឹមតែ​ប៉ុណ្ណោះ វា​មាន​ភាព​ចាំបាច់​ណាស់​សម្រាប់​រាជរដ្ឋាភិបាល​អាណត្តិ​ថ្មី​នេះ កំណែ​ទម្រង់​ស៊ីជម្រៅ​ធានា​ដល់​ការ​ប្រកួតប្រជែង​ផ្នែក​សេដ្ឋកិច្ច​ជាមួយ​បណ្តា​ប្រទេស​ផលិត និង​ជា​ដៃគូ​ប្រកួត​ប្រជែង​របស់​កម្ពុជា​នៅ​ក្នុង​តំបន់​លើ​វិស័យ​នេះ ជាពិសេស​ជាមួយ​ប្រទេស​វៀតណាម ដែល​នៅ​ជិតខាង​កម្ពុជា។

កាលពី​ឆ្នាំ​២០២២ ផលិតផល​កាត់ដេរ​ត្រូវ​បាន​នាំចេញ​ក្នុង​ទំហំ​ទឹកប្រាក់ ១២៥០០​លាន​ដុល្លារ​អាមេរិក សរុប​ប្រមាណ ២​ភាគ​៣ នៃ​ផលិតផល​សរុប​របស់​ប្រទេស​កម្ពុជា។ ប្រព័ន្ធ​អនុគ្រោះ​ពន្ធ EBA ( Everything But Arms) ត្រូវ​បាន​សភា​នៃ​សហគមន៍​អឺរ៉ុប ២៨​ប្រទេស​នៅ​ទីក្រុង​ប្រ៊ុចសែល សម្រេច​ផ្តល់​មក​កម្ពុជា គិត​ជា​ទឹកប្រាក់​រង្វង់​ជិត ៧០០​លាន​ដុល្លារ​ជា​រៀងរាល់​ឆ្នាំ។ ទឹកប្រាក់​ដ៏​សន្ធឹកសន្ធាប់​នេះ គឺ​ជួយ​ឱ្យ​កម្ពុជា​មាន​លទ្ធភាព​នាំ​ទំនិញ​សព្វសារពើ​ពី​កម្ពុជា (វៀរលែងតែ​អាវុធ) ទៅ​ដាក់​លក់​ក្នុង​ទីផ្សារ​អឺរ៉ុប ដោយ​ពុំ​ចាំបាច់​បង់​ពន្ធ​គយ​នាំចូល។ ប៉ុន្តែ​ការ​ផ្ដល់​នេះ ក៏​មាន​លក្ខខណ្ឌ​ដែរ គឺ​ការ​ភ្ជាប់​មក​នូវ​គោលការណ៍​ប្រជាធិបតេយ្យ ការ​គោរព​សិទ្ធិមនុស្ស សិទ្ធិ​ការងារ ជាដើម។

ដោយឡែក GSP (Generalized System of Preferences) ផ្តល់​ឱ្យ​ដោយ​សហរដ្ឋ​អាមេរិក (USA) គិត​ជា​ទឹកប្រាក់​ប្រមាណ ៣០០​លាន​ដុល្លារ​ប្រចាំ​ឆ្នាំ​សម្រាប់​ការ​នាំចេញ​ទំនិញ​ផលិតផល​ធ្វើ​ដំណើរ​រួម​មាន​កាបូប និង​វ៉ាលីស ទៅ​ទីផ្សារ​សហរដ្ឋ​អាមេរិក ដោយ​ពុំ​ចាំបាច់​បង់​ពន្ធ​គយ​នាំចូល ដែល​មាន​ការ​កើន​ទ្បើង​ជា​រៀងរាល់​ឆ្នាំ​ចាប់តាំងពី​ដើម​ឆ្នាំ​២០២០។ GSP បាន​ភ្ជាប់​ជាមួយ​យន្តការ និង​មាន​លក្ខខណ្ឌ​ប្រហាក់ប្រហែល​នឹង​យន្តការ EBA របស់​អឺរ៉ុប ខណៈ​ដែល​កិច្ចព្រមព្រៀង​ពាណិជ្ជកម្ម​រវាង​ប្រទេស​កម្ពុជា និង​ចិន រួម​ទាំង​កិច្ចព្រមព្រៀង​ពាណិជ្ជកម្ម​រវាង​ប្រទេស​កម្ពុជា និង​កូរ៉េខាងត្បូង មិន​អាច​ជំនួស​ការ​នាំចេញ​របស់​ប្រទេស​កម្ពុជា​ទៅ​អឺរ៉ុប និង​ទៅ​អាមេរិក នៅឡើយ ហើយ​កិច្ចព្រមព្រៀង​ទាំងនោះ​មិន​មាន​ការ​ភ្ជាប់​គោលការណ៍​សិទ្ធិមនុស្ស និង​ធុរកិច្ច​ក្នុង​ការ​លើក​កម្ពស់ មុខមាត់ កិត្តិយស និង​ការ​ប្រកួត​ប្រជែង​របស់​កម្ពុជា​ទៅ​កាន់​ទីផ្សារ​អន្តរជាតិ​ឡើយ បើ​ទោះបីជា​ប្រទេស​កម្ពុជា​ជា​សមាជិក​អង្គការ​ពាណិជ្ជកម្ម​អន្តរជាតិ WTO ក៏ដោយ។

វិបត្តិ​សង្គម និង​សេដ្ឋកិច្ច​ចំពោះ​ការ​វិវឌ្ឍ​ចុងក្រោយ​បន្ទាប់ពី​ការ​បោះឆ្នោត​ទាមទារ​ឲ្យ​រាជរដ្ឋាភិបាល​អាណត្តិ​ថ្មី​ត្រូវ​មាន​វិធានការ​ជាក់លាក់ និង​អាច​ទុកចិត្ត​បាន​ចំពោះ​វិធានការ​របស់​សហភាព​អឺរ៉ុប និង​សហរដ្ឋ​អាមេរិក ដើម្បី​ធ្វើ​ឲ្យ​ប្រសើរ​ទ្បើង​នូវ​បរិយាកាស​នយោបាយ ធានា​ទីផ្សារ​ពាណិជ្ជកម្ម ស្ដារ​មុខមាត់ ស្ដារ​កិត្តិយស​ទ្បើង​វិញ​ចំពោះ​ឆន្ទៈ​នយោបាយ ដើម្បី​លើក​កម្ពស់​ប្រជាធិបតេយ្យ ការ​គោរព​សិទ្ធិ​សេរីភាព​ជា​មូលដ្ឋាន​របស់​ប្រជាពលរដ្ឋ។

បញ្ហា​ប្រទេស​ជាតិ មិន​មែន​សម្រាប់​តែ​អ្នក​នយោបាយ​នោះ​ទេ តែ​វា​ជា​បញ្ហា​រួម​របស់​ប្រជាពលរដ្ឋ​កម្ពុជា​គ្រប់​គ្នា សរុប​ជិត ១៧​លាន​នាក់។

មាន​សូចនាករ​មួយ​ចំនួន​ដែល​យើង​អាច​វាស់វែង​សមត្ថភាព​របស់​មេដឹកនាំ​អាណត្តិ​ថ្មី​ក្នុង​ការ​ដោះស្រាយ និង​ធ្វើ​ឲ្យ​ប្រសើរ​ទ្បើង​នូវ​វិបត្តិ​ដែល​កើត​ចេញពី “អំពើ​អយុត្តិធម៌​ក្នុង​សង្គម បញ្ហា​រំលោភ​សិទ្ធិមនុស្ស សិទ្ធិ​ដីធ្លី សិទ្ធិ​ការងារ អំពើពុករលួយ ធនធាន​ធម្មជាតិ វិបត្តិ​បំណុល បញ្ហា​ពលករ​ចំណាកស្រុក កង្វះ​ទីផ្សារ​សម្រាប់​កសិករ ទីផ្សារ​ការងារ​ក្នុង​ស្រុក បក្ខពួក​និយម​របស់​អ្នក​មាន​អំណាច​ដែល​នៅតែ​បន្ត​កើតមាន​ឡើង​នៅ​ក្នុង​សង្គម…។ល។” ចំណុច​នេះ គឺជា​តួនាទី​របស់​ប្រជាពលរដ្ឋ​គ្រប់​រូប​ដែល​ជា​ម្ចាស់​ប្រទេស​ត្រូវ​ចូលរួម​ដោះស្រាយ និង​ប្រើ​សិទ្ធិ​របស់​ខ្លួន​ជំរុញ​ឱ្យ​រដ្ឋាភិបាល​អាណត្តិ​ថ្មី​បំពេញ​កាតព្វកិច្ច​របស់​ខ្លួន​ដោះស្រាយ​បញ្ហា​ជូន​ពលរដ្ឋ និង​មនុស្ស​ជំនាន់​ក្រោយ។

«ការ​ឈឺចាប់​ចំពោះ​បញ្ហា មិន​បាន​រួម​ចំណែក​ក្នុង​ការ​ស្វែងរក​ដំណោះស្រាយ ឬ​ធ្វើ​ឱ្យ​ស្ថានភាព​ប្រសើរ​ឡើង​ឡើយ មាន​តែ​ការ​ចូលរួម​ឈឺឆ្អាល​របស់​យុវជន និង​ពលរដ្ឋ​គ្រប់​គ្នា​ប៉ុណ្ណោះ​ទើប​ធ្វើ​ឱ្យ​ស្ថានភាព​ប្រសើរ​ឡើង​ជាង​នេះ​សម្រាប់ ៥​ឆ្នាំ​ខាងមុខ។ យើង​នឹង​ក្លាយ​ជា​ពលរដ្ឋ​អាត្មា​និយម​នៅ​ពេល​ដែល​យើង​ម្នាក់ៗ​បន្ត​នៅ​ស្ងៀមស្ងាត់​ចំពោះ​បញ្ហា​ដែល​កំពុង​កើតមាន​ទ្បើង​ក្នុង​សង្គម»

© 2024, ខេមបូឌា ដេលី. All rights reserved. No part of this article may be reproduced in print, electronically, broadcast, rewritten or redistributed without written permission.

អត្ថបទទាក់ទង

អត្ថបទអានច្រើន

សេចក្ដីរាយការណ៍ពិសេស