29 C
Phnom Penh

សហជីព​នៅ​ជប៉ុន​ថា​ពលករ​ខ្មែរ​ប្រព្រឹត្ត​អំពើ​ចោរកម្ម​ដោយសារ​គ្មាន​ការ​ជួយ​ដោះស្រាយ​ពី​ស្ថានទូត​ខ្មែរ

ដោយ ឌឹ ខេមបូឌា ដេលី

បទវិភាគ

សហជីព​ប្រចាំ​ទេស​ជប៉ុន ដែល​ធ្វើការ​លើ​វិស័យ​ការងារ ត្អូញត្អែរ​ថា ពលករ​ខ្មែរ​ដែល​ប្រព្រឹត្ត​អំពើ​ចោរកម្ម​ដោយ​ការ​លួច​កាត់​ខ្សែភ្លើង​រហូត​ធ្វើ​ឱ្យ​ស្ថានីយ​រថភ្លើង​លែង​ដំណើរការ​ជា​បន្តបន្ទាប់​មក​នេះ គឺ​ដោយសារតែ​ពួកគេ​ជួប​វិបត្តិ​អត់​ការងារ ព្រោះ​តែ​រត់​ចេញពី​ក្រុមហ៊ុន​ដែល​ថៅកែ​រំលោភ​សិទ្ធិ​ការងារ និង​គ្មាន​ការ​ជួយ​ដោះស្រាយ​បញ្ហា​ពី​ស្ថានទូត​ខ្មែរ។

សហជីព​ជប៉ុន ដែល​ទទួល​បន្ទុក​ការពារ​សិទ្ធិ​ពលករ​ខ្មែរ ប្រាប់​សារព័ត៌មាន The Cambodia Daily ក្នុង​លក្ខខណ្ឌ​មិន​បញ្ចេញ​ឈ្មោះ​នៅ​ថ្ងៃទី​១៧ សីហា នេះ​ថា នៅ​ពេល​ដែល​ពលករ​ទាំងនោះ​ចូល​បម្រើការ​នៅ​តាម​រោងចក្រ​នានា ទោះ​ត្រូវ​ថៅកែ​ក្រុមហ៊ុន​រំលោភ​បំពាន​សិទ្ធិ​ការងារ​យ៉ាងណា​ក៏ដោយ ក៏​ស្ថានទូត​ខ្មែរ និង​ក្រុមហ៊ុន​ដែល​បញ្ជូន​ពួកគេ​ទៅ​ធ្វើការ​មិន​ដែល​ចុះ​ទៅ​ជួយ​ដោះស្រាយ​បញ្ហា​ឱ្យ​ពលករ​ខ្មែរ​ទាំងនោះ​ម្តង​ណា​ឡើយ រហូត​ដល់​ដំណាក់កាល​មួយ​ដែល​ទ្រាំ​លែង​បាន ពលករ​ទាំងនោះ​ក៏​សម្រេច​ចិត្ត​រត់​ចេញពី​កន្លែង​ធ្វើការ​តែម្តង។

ប្រភព​ដដែល​លើកឡើង​ថា នៅ​ពេល​ដែល​ពួកគេ​រត់​ចេញពី​កន្លែង​ធ្វើការ ខាង​ក្រុមហ៊ុន​ដែល​បាន​បញ្ជូន​ពួកគេ​ទៅ ក៏​ទាក់ទង​មិន​បាន ដូច្នេះ​លិខិត​ឆ្លងដែន​របស់​ពួកគេ​ក៏​ត្រូវ​ផុតកំណត់។ ប្រភព​ខាងលើ​បន្ត​ថា នៅ​ពេល​លិខិត​ឆ្លងដែន​ផុតកំណត់ ពួកគេ​មិន​អាច​ធ្វើ​ការងារ​បាន​ទេ ដូច្នេះ​ប្រាក់ចំណូល​របស់​ពួកគេ​នឹង​ត្រូវ​បាត់បង់​ទាំងស្រុង ហេតុ​នេះ​ហើយ ដើម្បី​ចិញ្ចឹម​ជីវិត និង​រក​លុយ​ផ្ញើ​ទៅ​ស្រុកកំណើត​សង​ធនាគារ​ដែល​ខ្លួន​ជំពាក់​មុន​នឹង​មក​ធ្វើការ​នៅ​ប្រទេស​ជប៉ុន នោះ គឺ​មាន​តែ​ប្រព្រឹត្ត​អំពើ​ល្មើស​បែប​នេះ។

សហជីព​ជប៉ុន ដែល​ទទួល​បន្ទុក​ការពារ​សិទ្ធិ​ពលករ​ខ្មែរ​ខាងលើ​បញ្ជាក់​ថា នៅ​ពេល​ដែល​បញ្ហា​កាន់តែ​រីក​រាលដាល​ធំ​ឡើងៗ ដោយសារ​តែ​ពលករ​ខុស​ច្បាប់​ស្គាល់​គ្នា​កាន់តែ​ច្រើន ហើយ​នាំគ្នា​ប្រព្រឹត្ត​អំពើ​ល្មើស​ច្បាប់​កាន់តែ​ធំ​ទៅៗ​ពី​មួយ​ថ្ងៃ​ទៅ​មួយ​ថ្ងៃ ខាង​សហជីព​ក៏​បាន​ទាក់ទង​ទៅ​ស្ថានទូត​ខ្មែរ​ប្រចាំ​ប្រទេស​ជប៉ុន ដែរ ប៉ុន្តែ​មិន​អាច​ទាក់ទង​បាន​ទេ​រហូត​មក​ដល់​ពេលនេះ។

ប្រភព​ខាងលើ​គូស​បញ្ជាក់​ថា ពលករ​ខ្មែរ​ដែល​ត្រូវ​សមត្ថកិច្ច​ចាប់​ខ្លួន បាន​សារភាព​ថា ពួកគេ​មិន​ចង់​ធ្វើ​បែប​នេះ​ទេ ប៉ុន្តែ​ដោយសារ​ពួកគេ​គ្មាន​ជម្រើស ខណៈ​ស្ថានទូត​ខ្មែរ​មិន​ដែល​យកចិត្ត​ទុកដាក់​នឹង​ពួកគេ​ឡើយ​ចាប់តាំងពី​មក​បម្រើ​ការងារ​នៅ​ទីនេះ ទោះ​ត្រូវ​ថៅកែ​រោងចក្រ​ធ្វើ​បាប​យ៉ាងណា​ក៏ដោយ ដូច្នេះ​ហើយ​បាន​ជា​ពួកគេ​គ្មាន​សង្ឃឹម​ថា ស្ថានទូត​ខ្មែរ​នឹង​ជួយ​ដោះស្រាយ​បញ្ហា​ឱ្យ​ពួកគេ​ឡើយ។

កាលពី​ចុង​ខែ​កក្កដា ឆ្នាំ​២០២៣ សារព័ត៌មាន​ជប៉ុន NHK World Japan បាន​ចេញ​ផ្សាយ​តាម​កញ្ចក់​ទូរទស្សន៍​កាលពី​ពេល​ថ្មីៗ​នេះ​ថា ពលករ​ខ្មែរ​ចំនួន ១២​នាក់​ដែល​រស់នៅ​ក្នុង​ទីក្រុង​មីណេ (mine) ខេត្ត Yamaguchi ត្រូវ​បាន​សមត្ថកិច្ច​ចាប់​ខ្លួន​ពី​បទ​ស្នាក់នៅ​ដោយ​ខុស​ច្បាប់​នៅ​ក្នុង​ប្រទេស​ជប៉ុន ដែល​មាន​អាយុ​ចាប់ពី ២៦​ឆ្នាំ​ដល់ ៤២​ឆ្នាំ។ ក្រោយ​ការ​ឆែកឆេរ​កន្លែង​ស្នាក់នៅ​របស់​ពលករ​ខ្មែរ​ទាំងនោះ ប៉ូលិស​បាន​អះអាង​ថា ពួកគេ​ពិត​ជា​កំពុង​រស់នៅ និង​ធ្វើការ​ដោយ​ខុស​ច្បាប់​ប្រាកដ​មែន។

ដោយឡែក​សារព័ត៌មាន​ជប៉ុន Ibaraki News ក៏​បាន​ចុះផ្សាយ​កាលពី​ពេល​ថ្មីៗ​នេះ​ផង​ដែរ​ថា ប៉ូលិស​ខេត្ត Ibaraki ចាប់​ចោរ​ជា​ជនជាតិ​ខ្មែរ ៦​នាក់ ដែល​មាន​អាយុ​ចាប់ពី ២៥​ឆ្នាំ​ដល់ ៣៦​ឆ្នាំ ពី​បទ​ចោរកម្ម ហើយ​ម្នាក់​ក្នុង​ចំណោម​អ្នក​ទាំងនោះ​បាន​សារភាព​ប្រាប់​ប៉ូលិស​ថា រូបគេ​ស្គាល់​អ្នក​ដែល​លួច​ខ្សែភ្លើង​កន្លងមក​ដែល​មាន​ចំនួន​ដល់​ទៅ​ជាង ១០០​នាក់​ឯណោះ ខណៈ​ប៉ូលិស​កំពុង​ស៊ើប​អង្កេត​តាម​ចាប់​ខ្លួន​អ្នក​ទាំងនោះ​មក​ដាក់​ទោស​មុន​នឹង​ពួកគេ​វិលត្រឡប់​ទៅ​ប្រទេស​កម្ពុជា​វិញ។

សារព័ត៌មាន​ជប៉ុន Ibaraki News ក៏​បាន​បង្ហាញ​ដែរ​ថា គិត​ត្រឹម​ខែ​មករា ឆ្នាំ​២០២៣ ចំនួន​ពលករ​ដែល​កំពុង​ស្នាក់នៅ​ខុស​ច្បាប់​ក្នុង​ប្រទេស​ជប៉ុន មាន​ចំនួន​ជាង ៧​ម៉ឺន​នាក់ (៧០៤៩១​នាក់) ក្នុង​នោះ​ពលករ​ខ្មែរ​ដែល​រស់នៅ​ដោយ​ខុស​ច្បាប់​មាន​ចំនួន​ប្រមាណ​ជាង ១​ពាន់​នាក់ (១១៨៥​នាក់) ខណៈ​ពលករ​ជា​ស្ត្រី​មាន​រហូត​ដល់​ទៅ​ជាង ៤០០​នាក់ (៤០៦​នាក់) ផង​ដែរ។

ទាក់ទិន​នឹង​បញ្ហា​នេះ សារព័ត៌មាន​ជប៉ុន NHK World Japan បាន​ចេញ​ផ្សាយ​ផង​ដែរ​ថា ដោយសារតែ​បែប​នេះ រដ្ឋាភិបាល​ជប៉ុន បាន​ប្រកាស​ចេញ​គម្រោង​ចាប់​បញ្ជូន​ពលករ​ខ្មែរ​ដែល​កំពុង​រស់នៅ​ប្រទេស​ជប៉ុន​ដោយ​ខុស​ច្បាប់​ទៅ​កម្ពុជា​វិញ ខណៈ​ច្បាប់​ថ្មី​របស់​ប្រទេស​ជប៉ុន​ដែល​ទើប​នឹង​ត្រូវ​បាន​អនុម័ត​កាលពី​ពេល​ថ្មីៗ​នេះ ក៏​បាន​រឹត​បន្តឹង​ទៅ​លើ​អ្នក​រស់នៅ​ដោយ​ខុស​ច្បាប់​យ៉ាង​ខ្លាំង​ផង​ដែរ បន្ទាប់ពី​អំពើ​ល្មើស​ជាច្រើន​កន្លងមក​ត្រូវ​គេ​រក​ឃើញ​ថា កើត​ចេញ​មក​តែ​ពី​អ្នក​ដែល​រស់នៅ​ដោយ​ខុស​ច្បាប់​ទាំងនោះ។

មន្ត្រី​ជាន់ខ្ពស់​ទទួល​បន្ទុក​ផ្នែក​ការងារ​នៃ​អង្គការ​សង់ត្រាល់ លោក ឃុន ថារ៉ូ ប្រាប់​សារព័ត៌មាន The Cambodia Daily នៅ​ថ្ងៃទី​១៧ សីហា នេះ​ដែរ​ថា បច្ចុប្បន្ន​នេះ ពលករ​ខ្មែរ​ខុស​ច្បាប់​កំពុង​មាន​ការ​កើនឡើង​ជា​បន្តបន្ទាប់ ដែល​ពួកគេ​កំពុង​ប្រឈម​នឹង​វិធានការ​ច្បាប់​ពី​ការ​រស់នៅ​ដោយ​ខុស​ច្បាប់​ផង និង​ប្រឈម​នឹង​វិធានការ​ច្បាប់​ពី​ការ​ប្រព្រឹត្ត​បទល្មើស​នានា​ផង​ដែរ នៅ​ពេល​ដែល​ពលករ​ទាំងនោះ​ធ្វើ​សកម្មភាព​លួច​សម្ភារៈ​ផ្សេងៗ ដើម្បី​យក​ប្រាក់​មក​ចិញ្ចឹម​ជីវិត​បន្ទាប់ពី​បាត់បង់​ការងារ។

លោក ឃុន ថារ៉ូ លើកឡើង​ថា បញ្ហា​ខាងលើ​នេះ​តម្រូវ​ឱ្យ​រាជរដ្ឋាភិបាល​កម្ពុជា​ធ្វើ​កំណែ​ទម្រង់​ជាបន្ទាន់​ជុំវិញ​កិច្ចសន្យា​រវាង​ទីភ្នាក់ងារ​បញ្ជូន​ពលករ និង​ទីភ្នាក់ងារ​ទទួល​ពលករ​នៅ​ឯ​ប្រទេស​ជប៉ុន ព្រោះ​ថា​សព្វថ្ងៃ​នេះ រដ្ឋាភិបាល​ជប៉ុន​បាន​អនុម័ត​យក​គោលនយោបាយ​អនុលោម​ទៅ​តាម​យន្តការ​ច្បាប់​លើក​កម្ពស់​សិទ្ធិមនុស្ស និង​សិទ្ធិ​ពលករ​បរទេស ប៉ុន្តែ​វិធានការ​នេះ​មិន​ទាន់​ត្រូវ​បាន​អនុវត្ត​ពេញលេញ​នៅឡើយ​ទេ ខណៈ​ការ​កេងប្រវ័ញ្ច​កម្លាំង​ពលកម្ម​ពី​សំណាក់​ថៅកែ​ក្រុមហ៊ុន​លើ​ពលករ​បរទេស បាន​បន្ត​កើតមាន​ជា​បន្តបន្ទាប់​នា​ពេល​កន្លងមក។

កាលពី​អំឡុង​ឆ្នាំ​២០២២ ពលករ​ខ្មែរ​ភេទ​ប្រុស​ម្នាក់​ដែល​គេ​សុំ​មិន​បញ្ចេញ​ឈ្មោះ បាន​ធ្វើ​អត្តឃាត​ដោយ​ចង​ក​សម្លាប់​ខ្លួនឯង​ក្នុង​ផ្ទះ​ជួល​ស្ថិត​នៅ​ខេត្ត​កាណាកាវ៉ា ប្រទេស​ជប៉ុន ក្រោយ​រង​នូវ​សម្ពាធ​ការងារ​ធ្ងន់ធ្ងរ​ពី​ខាង​ក្រុមហ៊ុន បន្ទាប់ពី​ពលករ​ខ្មែរ​រូប​នេះ​បាន​បម្រើ​ការងារ​អស់​រយៈពេល​ប្រមាណ​ជាង ២​ឆ្នាំ​កន្លងមក ខណៈ​មន្ត្រី​ស្ថានទូត​ខ្មែរ​ប្រចាំ​ប្រទេស​ជប៉ុន មិន​ដែល​ខ្វល់ខ្វាយ​យកចិត្ត​ទុកដាក់​លើ​សុខទុក្ខ​របស់​ពលករ​ខ្មែរ​ទាំងនោះ​ឡើយ ខណៈ​ករណី​សម្លាប់​ខ្លួន​ក៏​ចេះតែ​បន្ត​កើត​មាន​ជា​បន្តបន្ទាប់​ក្រោយៗ​មក​ទៀត៕

© 2024, ខេមបូឌា ដេលី. All rights reserved. No part of this article may be reproduced in print, electronically, broadcast, rewritten or redistributed without written permission.

អត្ថបទទាក់ទង

អត្ថបទអានច្រើន

សេចក្ដីរាយការណ៍ពិសេស