32 C
Phnom Penh

ក្រុម​អាវ​ក្រហម​ថៃ​ត្រៀម​ទទួល​លោក ថាក់ស៊ីន ត្រឡប់​ចូល​ប្រទេស​នៅ​ថ្ងៃទី​២២​សីហា ខណៈ​ប៉ូលិស​ត្រៀម​ចាប់​ខ្លួន

ដោយ ឌឹ ខេមបូឌា ដេលី

បទវិភាគ

ប្រជាជន​ថៃ ដែល​គាំទ្រ​លោក ថាក់ស៊ីន ស៊ីណាវ៉ាត់ អតីត​នាយករដ្ឋមន្ត្រី​ថៃ​ដែល​ជាប់​ពិរុទ្ធភាព បាន​ប្រកូកប្រកាស​ប្រមូលផ្ដុំ​គ្នា​នៅ​ខាងមុខ​ព្រលាន​យន្តហោះ​ដងមឿង នៃ​ទីក្រុង​បាងកក ដើម្បី​ចាំ​ទទួល​លោក ថាក់ស៊ីន។

កូនស្រី​របស់​លោក ថាក់ស៊ីន អ្នកស្រី ផៃថោថាន បាន​ឲ្យ​ដឹង​ថា លោក ថាក់ស៊ីន កំណត់​វិល​ចូល​ប្រទេស​ថៃ​វិញ​នៅ​ព្រឹក​ថ្ងៃទី​២២ តាមរយៈ​ជើងហោះហើរ​មួយ​ដែល​ត្រូវ​មក​ដល់​ព្រលាន​យន្តហោះ​ដងមឿង។

ការ​ប្រកាស​របស់​អ្នកស្រី ផៃថោថាន បាន​នាំ​ឲ្យ​ក្រុម​គាំទ្រ​លោក ថាក់ស៊ីន និង​គណបក្ស​ភឿថៃ ដែល​ភាគច្រើន​គេ​ហៅថា​ក្រុម​អាវ​ក្រហម បាន​ប្រកូកប្រកាស​ប្រមូលផ្ដុំ​គ្នា​តាម​បណ្ដាញ​សង្គម​ហ្វេសប៊ុក​ដោយ​ប្រាប់​ថា ចាប់ពី​រសៀល​ថ្ងៃ​ចន្ទ ទី​២១ ខែ​សីហា នេះ គឺ​ត្រូវ​ជួបជុំ​គ្នា​នៅ​ខាងមុខ​ព្រលាន​យន្តហោះ​ដងមឿង។

កាសែត​បាងកក​ប៉ុស្តិ៍ បាន​ចុះផ្សាយ​ថា មេ​ក្រុម​អាវ​ក្រហម​ដែល​នៅតែ​ស្មោះស្ម័គ្រ​នឹង​លោក ថាក់ស៊ីន ពួកគេ​បាន​ប្រមូល​អ្នក​គាំទ្រ​មកពី​តាម​បណ្ដា​ខេត្ត​នៅ​ជុំវិញ​ទីក្រុង​បាងកក មក​ទទួល​លោក ថាក់ស៊ីន។

តែ​យ៉ាងណា ក្នុង​ស្ថានភាព​នយោបាយ​នៅ​បាងកក​នៅ​ពេលនេះ​ស្ថិត​ក្នុង​ភាព​តានតឹង នៅ​ខណៈ​ដែល​នគរបាល​យុត្តិធម៌​បាន​ចេញ​សេចក្ដី​ប្រកាស​ព័ត៌មាន​ថា លោក ថាក់ស៊ីន អាច​នឹង​ត្រូវ​ឃាត់​ខ្លួន​នៅ​ព្រលាន​យន្តហោះ ឲ្យ​តែ​លោក​មក​ដល់​តាម​ការ​កំណត់​របស់​លោក។

ពួក​មន្ត្រី​ប៉ូលិស​នៅ​ទីក្រុង​បាងកក ក៏​បាន​ត្រៀម​កម្លាំង​រួចរាល់​ហើយ​ដែរ ដោយ​ពួកគេ​ពង្រាយ​កម្លាំង​នៅ​ខាងមុខ​ព្រលាន​យន្តហោះ​ដងមឿង ដែល​ជា​ការ​ត្រៀម​នាំ​ខ្លួន​លោក ថាក់ស៊ីន ទៅ​កាន់​តុលាការ​កំពូល ដើម្បី​ស្នើសុំ​តុលាការ​នេះ​ពិនិត្យ​ឡើងវិញ​ចំពោះ​សាលក្រម​របស់​តុលាការ​ដែល​បាន​ផ្ដន្ទាទោស​លោក ថាក់ស៊ីន ឲ្យ​មាន​ទោស ១០​ឆ្នាំ​ក្នុង​សំណុំរឿង​ចោទ​អតីត​នាយករដ្ឋមន្ត្រី​រូប​នេះ​ពី​បទ​ពុករលួយ និង​បំពាន​អំណាច​រដ្ឋ។

សាលដីកា​របស់​តុលាការ​កំពូល ធ្វើឡើង​កាលពី​ឆ្នាំ​២០០៨ នៅ​ពេល​ដែល​លោក ថាក់ស៊ីន បាន​ភៀស​ខ្លួន​ចាកចេញ​ពី​ទីក្រុង​បាងកក នៅ​មុន​ប៉ុន្មាន​ថ្ងៃ​ប៉ុណ្ណោះ​ដែល​ចៅក្រម​បើក​ការ​ជំនុំជម្រះ​ក្ដី។

លោក ថាក់ស៊ីន ស្ថិត​នៅ​ក្រៅ​ប្រទេស​រយៈពេល ១៥​ឆ្នាំ​មក​ហើយ។ បុរស​វ័យ ៧៤​ឆ្នាំ​រូប​នេះ​ត្រូវ​បាន​ពួក​យោធា​ធ្វើ​រដ្ឋប្រហារ​ទម្លាក់​លោក​ពី​នាយករដ្ឋមន្ត្រី​កាលពី​ឆ្នាំ​២០០៦។

រដ្ឋប្រហារ​ឆ្នាំ​២០០៦ នោះ ចំ​ពេល​ដែល​ស្ថានភាព​នយោបាយ​នៅ​ទីក្រុង​បាងកក​ស្ថិត​ក្នុង​ភាព​ជ្រួល​ច្របល់ ដែល​ក្រុម​អាវ​លឿង​មាន​ទំនោរ​ទៅ​រក​រាជបល្ល័ង្គ បាន​ធ្វើ​បាតុកម្ម​រហូត​ដល់​ផ្ទុះ​ហិង្សា​ជាមួយ​ក្រុម​អាវ​ក្រហម។ បាតុកម្ម​របស់​ក្រុម​អាវ​លឿង​នៅ​ពេល​នោះ គឺ​ទាមទារ​ឲ្យ​លោក ថាក់ស៊ីន លាលែង​ពី​តំណែង ដែល​បាតុករ​ចោទ​លោក ថាក់ស៊ីន ថា​មាន​ផែនការ​ប្រឆាំង​នឹង​អំណាច​របស់​ព្រះរាជា ហើយ​ចោទ​ពី​បទ​ពុករលួយ​ករណី​ដែល​ថា គ្រួសារ​លោក ថាក់ស៊ីន បាន​ទិញ​ដី​រដ្ឋ​មួយ​កន្លែង​នៅ​ទីក្រុង​បាងកក ដោយ​ពុំ​មាន​ការ​ដេញ​ថ្លៃ ហើយ​បង្កើត​ឲ្យ​មាន​ការ​កិបកេង និង​ការ​គេច​ពន្ធ។

ឥឡូវ​នេះ នៅ​ទីក្រុង​បាងកក ស្ថានភាព​នយោបាយ​ក៏​ស្ថិត​ក្នុង​ភាព​តានតឹង​ផង​ដែរ ព្រោះ​តែ​នៅ​ថ្ងៃទី​២២ សីហា សភា​ទាំង​ពីរ​ថ្នាក់​ត្រូវ​ប្រជុំ​ដើម្បី​បោះឆ្នោត​ជ្រើសតាំង​បេក្ខជន​នាយករដ្ឋមន្ត្រី​ម្នាក់​ដែល​មកពី​គណបក្ស​ភឿថៃ ជា​គណបក្ស​ដែល​លោក ថាក់ស៊ីន នៅ​ពីក្រោយ​បក្ស​នេះ។

បើ​តាម​ការ​ចុះផ្សាយ​របស់​កាសែត​បាងកក​ប៉ុស្តិ៍ បក្ស​ភឿថៃ បាន​បង្កើត​សម្ព័ន្ធភាព​ថ្មី​រហូត​ដល់​ទៅ ១១​គណបក្ស ហើយ​ក្នុង​នោះ គណបក្ស​របស់​ពួក​យោធា​ក៏​ជា​សម្ព័ន្ធភាព​នៅ​ក្នុង​រដ្ឋាភិបាល​ចម្រុះ​របស់​គណបក្ស​ភឿថៃ​ផង​ដែរ។

ប្រជាជន​ថៃ ដែល​មិន​គាំទ្រ​បក្ស​ភឿថៃ ជាពិសេស​ប្រជាជន​ដែល​បោះឆ្នោត​គាំទ្រ​គណបក្ស​ចលនា​ឆ្ពោះ​ទៅ​មុខ ក៏​បាន​បង្ហាញ​ប្រតិកម្ម ព្រោះតែ​បក្ស​ភឿថៃ​ចាប់​យក​សម្ព័ន្ធភាព​ជាមួយ​ពួក​យោធា​ដែល​ជា​ក្រុម​រដ្ឋប្រហារ​ឆ្នាំ​២០១៤។ ក្រុម​គាំទ្រ​គណបក្ស​ចលនា​ឆ្ពោះ​ទៅ​មុខ ក៏​បាន​ធ្វើការ​ប្រមូលផ្ដុំ​គ្នា​ផង​ដែរ​ចាប់ពី​ថ្ងៃ​នេះ​តទៅ ដែល​ពួកគេ​ប្រឆាំង​ការ​យក​គណបក្ស​ពួក​យោធា​ចូល​ទៅ​ក្នុង​រដ្ឋាភិបាល​អាណត្តិ​ថ្មី​នេះ។

ចុះ​ហេតុ​អ្វី​បាន​ជា​លោក ថាក់ស៊ីន សម្រេច​យក​ថ្ងៃទី​២២ វិល​ចូល​ប្រទេស​ថៃ​វិញ?

បើ​តាម​អ្នក​សង្កេតការណ៍ លោក ថាក់ស៊ីន សម្រេច​វិល​ចូល​ប្រទេស​ថៃ​នៅ​ថ្ងៃ​ដែល​សភា​ប្រជុំ​គ្នា​ជ្រើសរើស​បេក្ខភាព​នាយករដ្ឋមន្ត្រី មកពី​គណបក្ស​ភឿថៃ​ទំនង​លោក ថាក់ស៊ីន មាន​ទំនុក​ចិត្ត​រួច​ទៅ​ហើយ​ថា​ស្ថានភាព​នយោបាយ​នៅ​ពេលនេះ​នឹង​នាំ​ឲ្យ​លោក​វិល​ចូល​ស្រុក​វិញ​បាន ព្រោះតែ​បក្ស​ភឿថៃ ដែល​កូនស្រី​របស់​លោក​ជា​អ្នក​នយោបាយ​មាន​ឥទ្ធិពល​ក្នុង​បក្ស​នេះ កំពុងតែ​សម្របសម្រួល​ជាមួយ​ពួក​យោធា​ក្រោម​ហេតុផល​នៃ​ការ​ផ្សះផ្សា​ជាតិ។

ដូចនេះ​ហើយ​បាន​ជា​បក្ស​ភឿថៃ សម្រេច​ឱបក្រសោប​បក្ស​របស់​ពួក​យោធា គឺ​បក្ស​ប៉ាល្ល័ង្គប្រាចារ៉ាត់ និង​បក្ស​ថៃ​រួបរួម​ជាតិ មក​ចូល​ក្នុង​រដ្ឋាភិបាល​ចម្រុះ​របស់​ខ្លួន ដែល​លោក ថាក់ស៊ីន សង្ឃឹម​ថា​បក្ស​ភឿថៃ នឹង​ក្លាយ​ជា​មេដឹកនាំ​នៃ​រដ្ឋាភិបាល​ចម្រុះ ហើយ​បេក្ខជន​នាយករដ្ឋមន្ត្រី​គឺ​លោក ស្រេតថា ថាវីស៊ីន អាច​នឹង​បាន​សភា​ទាំង​ពីរ​ថ្នាក់ ទាំង​សមាជិក​សភា និង​ព្រឹទ្ធសភា បោះឆ្នោត​គាំទ្រ​ឲ្យ​ក្លាយ​ជា​នាយករដ្ឋមន្ត្រី​ថ្មី​ទី​៣០ របស់​រាជាណាចក្រ​នេះ៕

© 2024, ខេមបូឌា ដេលី. All rights reserved. No part of this article may be reproduced in print, electronically, broadcast, rewritten or redistributed without written permission.

អត្ថបទទាក់ទង

អត្ថបទអានច្រើន

សេចក្ដីរាយការណ៍ពិសេស