29.4 C
Phnom Penh

លោក ហ៊ុន សែន ទៅ​សួរ​សុខទុក្ខ​អតីត​នាយករដ្ឋមន្ត្រី​ថៃ​លោក ថាក់ស៊ីន ស៊ីណាវ៉ាត្រា ដល់​គេហដ្ឋាន

ដោយ ឌឹ ខេមបូឌា ដេលី

បទវិភាគ

អតីត​នាយករដ្ឋមន្ត្រី​កម្ពុជា លោក ហ៊ុន សែន ធ្វើ​ដំណើរ​ទៅ​ជួប​សួរ​សុខទុក្ខ​អតីត​នាយករដ្ឋមន្ត្រី​ថៃ លោក ថាក់ស៊ីន ស៊ីណាវ៉ាត្រា (Thaksin Sinawatra) នៅ​ថ្ងៃទី​២១ ខែ​កុម្ភៈ ឆ្នាំ​២០២៤ នេះ បន្ទាប់ពី​អតីត​នាយករដ្ឋមន្ត្រី​ថៃ ដ៏​មាន​ឥទ្ធិពល​មួយ​រូប​នេះ​បាន​រួច​ទោស និង​ចាកចេញ​ពី​មន្ទីរពេទ្យ​ប៉ូលិស​ទៅ​គេហដ្ឋាន​របស់​លោក។

លោក ហ៊ុន សែន បាន​បង្ហោះ​សារ​អម​ដោយ​រូបថត​ផ្ទាល់ខ្លួន​ពីរ​សន្លឹក​ក្នុង​ដំណើរ​តាម​យន្តហោះ​ទៅ​កាន់​ក្រុង​បាងកក ថា លោក​កំពុង​ធ្វើ​ដំណើរ​ទៅ​កាន់​ទីក្រុង​បាងកក ដើម្បី​សួរ​សុខទុក្ខ​បង​ធម៌​របស់​លោក គឺ​លោក ថាក់ស៊ីន ស៊ីណាវ៉ាត្រា អតីត​នាយករដ្ឋមន្ត្រី​នៃ​ព្រះរាជាណាចក្រ​ថៃ។

លោក ហ៊ុន សែន បាន​សរសេរ​ថា អតីត​នាយករដ្ឋមន្ត្រី ២​នាក់​ជួប​គ្នា​មិន​បាន​និយាយ​រឿង​នយោបាយ​នោះ​ទេ តែ​បាន​រំលឹក​អនុស្សាវរីយ៍​រយៈពេល ៣២​ឆ្នាំ​នៃ​មិត្តភាព​ទាំង​ពីរ​តាំងពី​ឆ្នាំ​១៩៩២ មក។

លោក ហ៊ុន សែន អះអាង​ថា ដើម្បី​ពង្រឹង​ចំណង​មិត្តភាព លោក​បាន​អញ្ជើញ​អ្នកស្រី អ៊ុង អ៊ីង ប្រធាន​គណបក្ស​ភឿថៃ មក​ទស្សនកិច្ច​នៅ​កម្ពុជា ចាប់ពី​ថ្ងៃទី​១៤-១៥ ខែ​មីនា ឆ្នាំ​២០២៤ ខាងមុខ​នេះ។

កាសែត​បាងកក​ប៉ុស្តិ៍ បាន​សរសេរ​ថា ដំណើរ​ទៅ​សួរ​សុខទុក្ខ​លោក ថាក់ស៊ីន របស់​លោក ហ៊ុន សែន ធ្វើ​ឡើង​នៅ​ក្រោម​ការ​រឹត​បន្តឹង​ផ្នែក​សន្តិសុខ​ខ្ពស់ ហើយ​ថា​បុរស​ខ្លាំង​របស់​កម្ពុជា​លោក ហ៊ុន សែន ត្រូវ​បាន​គេ​រាយការណ៍​ថា បាន​សម្រេច​ចិត្ត​ទៅ​សួរ​សុខទុក្ខ​លោក ថាក់ស៊ីន ដល់​ផ្ទះ​របស់​គាត់ ដោយសារតែ​បារម្ភ​ពី​សុខភាព​របស់​មិត្តភក្ដិ។

អតីត​នាយករដ្ឋមន្ត្រី​នៃ​ប្រទេស​ជិតខាង​ទាំង​ពីរ​មាន​ទំនាក់ទំនង​ជា​បងប្អូន​ធម៌​នឹង​គ្នា​អស់​រយៈពេល​ជាច្រើន​ឆ្នាំ​មក​ហើយ។ ទំនាក់ទំនង​ដ៏​ស៊ីជម្រៅ និង​ស្និទ្ធស្នាល ដោយ​លោក ថាក់ស៊ីន មាន​វត្តមាន​ជា​ញឹកញាប់​នៅ​ក្នុង​ពិធី​ជា​លក្ខណៈ​គ្រួសារ​របស់​លោក ហ៊ុន សែន។

អ្នក​នាំពាក្យ​គណបក្ស​ប្រជាជន​កម្ពុជា លោក សុខ ឥសាន បាន​ប្រាប់​សារព័ត៌មាន​ក្នុង​ស្រុក​ថា លោក ថាក់ស៊ីន និង​លោក ហ៊ុន សែន មាន​ទំនាក់ទំនង​ជិតស្និទ្ធ​នឹង​គ្នា។ ដូច្នេះ លោក ហ៊ុន សែន ចង់​ទៅ​ពេល​ណា​ក៏​បាន​ដែរ ពីព្រោះ​គាត់​មិន​ដូច​កាលពី​មុន​ដែល​ជា​នាយករដ្ឋមន្ត្រី​មាន​ការងារ​ច្រើន។

អតីត​នាយករដ្ឋមន្ត្រី​ថៃ រូប​នេះ​បាន​ចំណាយ​ពេល​នៅ​ក្រៅ​ប្រទេស​រហូត​ដល់ ១៥​ឆ្នាំ​ឯណោះ ដើម្បី​គេច​ចេញ​ពី​បទ​ចោទ និង​ការ​ជាប់​ពន្ធនាគារ។

ស្រប​ពេល​ដែល​គណបក្ស​ភឿថៃ ទទួល​បាន​សំឡេង​គ្រប់គ្រាន់​នៅ​ក្នុង​រដ្ឋសភា​ក្នុង​ការ​រៀបចំ​រដ្ឋាភិបាល លោក ថាក់ស៊ីន បាន​សម្រេច​ចិត្ត​ត្រឡប់​មក​ប្រទេស​វិញ ហើយ​ត្រូវ​បាន​តុលាការ​សម្រេច​ឱ្យ​ជាប់​ពន្ធនាគារ​រយៈពេល ៨​ឆ្នាំ ពី​បទ​រំលោភ​អំណាច ការ​ផ្តល់​ប្រាក់កម្ចី​ឱ្យ​រដ្ឋាភិបាល​មីយ៉ាន់ម៉ា និង​ទំនាស់​ផល​ប្រយោជន៍ ជាដើម។

ប៉ុន្មាន​ខែ​ក្រោយ​មក​ទៀត មហាក្សត្រ​ថៃ បាន​បន្ធូរ​បន្ថយ​ទោស​លោក ថាក់ស៊ីន មក​ត្រឹម​មួយ​ឆ្នាំ ប៉ុន្តែ​លោក​បាន​ចំណាយ​ពេល​ជាប់​ឃុំ​រយៈពេល ៦​ខែ​ក្នុង​មន្ទីរពេទ្យ​ប៉ូលិស​ទាំងស្រុង ដោយ​ជាប់​ពន្ធនាគារ​ត្រឹមតែ​ប៉ុន្មាន​ម៉ោង​ប៉ុណ្ណោះ ដោយសារ​បញ្ហា​សុខភាព សម្ពាធ​ឈាម​ឡើង​ខ្ពស់ និង​ចុក​ទ្រូង ជាដើម។ មហាសេដ្ឋី​ថៃ វ័យ ៧៤​ឆ្នាំ​រូប​នេះ​មាន​សេរីភាព​មុន​ពេល​កំណត់ គឺ​ដោយសារតែ​អាយុ លក្ខខណ្ឌ​សុខភាព និង​រយៈពេល​ជាប់​ពន្ធនាគារ៕

© 2024, ខេមបូឌា ដេលី. All rights reserved. No part of this article may be reproduced in print, electronically, broadcast, rewritten or redistributed without written permission.

អត្ថបទទាក់ទង

អត្ថបទអានច្រើន

សេចក្ដីរាយការណ៍ពិសេស