35 C
Phnom Penh

អ្នក​ឃ្លាំមើល៖ ប្រទេស​មាន​អំពើពុករលួយ​ធ្ងន់ធ្ងរ​ដោយសារ​ច្បាប់​ស្ថិត​ក្រោម​បាតជើង​អ្នក​មាន​អំណាច

ដោយ ឌឹ ខេមបូឌា ដេលី

បទវិភាគ

អតីត​នាយ​ទាហាន​ជាន់ខ្ពស់​មួយ​រូប​អះអាង​ថា ប្រទេស​ដែល​ប្រកាន់​អំណាច​ផ្ដាច់ការ ឬ​កុម្មុយនីស្ត​និយម តែង​កើត​មាន​អំពើពុករលួយ​តាំងពី​ថ្នាក់​ជាតិ​រហូត​ដល់​ថ្នាក់​មូលដ្ឋាន ដោយសារ​ច្បាប់​នៃ​ប្រទេស​នោះ​ស្ថិត​នៅ​ក្រោម​បាតជើង​អ្នក​មាន​អំណាច។

អតីត​នាយ​ទាហាន​ជាន់ខ្ពស់​នៃ​ភាគី​រណសិរ្ស​ជាតិ​រំដោះ​ប្រជាពលរដ្ឋ​ខ្មែរ​លោក ជុំ ឈាង បាន​សរសេរ​លើ​គណនី​ហ្វេសប៊ុក​របស់​លោក​នៅ​ថ្ងៃទី​២២ សីហា នេះ​ថា ប្រសិនបើ​អ្នក​កាន់​អំណាច​កំពូល​របស់​ប្រទេស​មួយ​ក្លាយ​ជា​ជន​ពុករលួយ​ទៅ​ហើយ​នោះ វា​នឹង​នាំ​ឱ្យ​ស្ថាប័ន​កំពូលៗ​របស់​ជាតិ ដូចជា​ស្ថាប័ន​នីតិប្បញ្ញត្តិ ស្ថាប័ន​តុលាការ និង​ស្ថាប័ន​នីតិប្រតិបត្តិ ក្លាយ​ជា​ស្ថាប័ន​ដែល​ប្រព្រឹត្ត​អំពើពុករលួយ​ដោយ​ស្វ័យប្រវត្តិ។

លោក​អះអាង​ថា នៅ​ពេល​ដែល​ស្ថាប័ន​ជាតិ​ក្លាយ​ជា​ស្ថាប័ន​ប្រព្រឹត្ត​អំពើពុករលួយ ប្រជាពលរដ្ឋ​ក៏​នឹង​ក្លាយ​ខ្លួន​ជា​អ្នក​ប្រព្រឹត្ត​អំពើពុករលួយ​ដោយ​មិន​ដឹង​ខ្លួន​ដោយ​ស្វ័យប្រវត្តិ​ដែរ ហើយ​ចុងក្រោយ ប្រទេស​ជាតិ​ទាំងមូល​នឹង​ក្លាយ​ទៅ​ជា​សង្គម​ពុករលួយ រហូត​ក្លាយ​ជា​ប្រទេស​ដែល​ប្រព្រឹត្ត​អំពើពុករលួយ​កម្រិត​អន្តរជាតិ​តែម្តង។

លោក ជុំ ឈាង បញ្ជាក់​ថា ដើម្បី​ទប់ស្កាត់​អំពើពុករលួយ ស្ថាប័ន​នីមួយៗ​ត្រូវតែ​ពង្រឹង​នូវ​ប្រព័ន្ធ​តម្លាភាព និង​គណនេយ្យភាព​ឱ្យ​បាន​ត្រឹមត្រូវ និង​អនុវត្ត​ច្បាប់​ឱ្យ​បាន​ម៉ឺងម៉ាត់​ចំពោះ​ជន​ណា​ដែល​ប្រព្រឹត្ត​អំពើពុករលួយ​ដោយ​គ្មាន​ករណី​លើកលែង​ជាដាច់ខាត។

អង្គការ​តម្លាភាព​អន្តរជាតិ (Transparency International) បាន​បង្ហាញ​របាយការណ៍​របស់​ខ្លួន​ស្ដីពី​អំពើពុករលួយ​សម្រាប់​ឆ្នាំ​២០២២ កាលពី​ពេល​ថ្មីៗ​នេះ​ថា កម្ពុជា​បាន​ជាប់​ចំណាត់ថ្នាក់​លេខ ១៥០ ក្នុង​ចំណោម​ប្រទេស​ចំនួន ១៨០ នៅ​លើ​ពិភពលោក ជុំវិញ​នៃ​ការ​ប្រព្រឹត្ត​អំពើពុករលួយ ហើយ​ចំណាត់ថ្នាក់​នេះ កម្ពុជា​ស្ថិត​ក្នុង​លេខ​រៀង​ល្អ​ជាង​ប្រទេស​ភូមា តែ​មួយ​ប៉ុណ្ណោះ ក្នុង​ចំណោម​ប្រទេស​ដែល​ជា​សមាជិក​អាស៊ាន។

នាយក​ប្រតិបត្តិ​អង្គការ​តម្លាភាព​កម្ពុជា លោក ប៉ិច ពិសី ធ្លាប់​បាន​អះអាង​កាលពី​ពេល​កន្លងទៅ​ថា យុទ្ធសាស្ត្រ​ប្រឆាំង​អំពើពុករលួយ​របស់​រដ្ឋាភិបាល​កម្ពុជា​មាន​ចំណុច​មួយ​ចំនួន​ដំណើរការ​ទៅ​ដោយ​មាន​ភាព​ប្រសើរ ប៉ុន្តែ​លោក​ថា​សម្រាប់​ការ​អនុវត្ត​ច្បាប់​នៅ​ខ្សោយ និង​មិន​មាន​តម្លាភាព ចំណែក​ការ​បង្កើត​ច្បាប់​សំខាន់ៗ​មួយ​ចំនួន​ដែល​ចាំបាច់​ក្នុង​ការ​ប្រយុទ្ធ​ប្រឆាំង​អំពើពុករលួយ​នៅ​មាន​ភាព​យឺតយ៉ាវ​នៅឡើយ។

លោក ប៉ិច ពិសី បន្ថែម​ថា នៅ​កម្ពុជា ការ​ប្រព្រឹត្ត​អំពើពុករលួយ​ខ្នាត​តូច​ទាក់ទង​នឹង​ការ​ផ្តល់​សេវា​សាធារណៈ​តាម​មូលដ្ឋាន​មាន​តិច​ជាង​មុន ប៉ុន្តែ​សម្រាប់​អំពើពុករលួយ​ធំៗ​ដែល​ពាក់ព័ន្ធ​នឹង​បក្ខពួក សែស្រឡាយ ការ​ឃុបឃិត​គ្នា​រវាង​អ្នក​មាន​អំណាច និង​អ្នក​មាន​លុយ ស្ថិត​ក្នុង​ស្ថានភាព​ធ្ងន់ធ្ងរ​នៅ​ឡើយ។

ក្រុម​អ្នក​សង្កេតការណ៍​លើកឡើង​ថា ភាព​អសកម្ម​ក្នុង​ការ​ប្រយុទ្ធ​ប្រឆាំង​អំពើពុករលួយ​នៅ​កម្ពុជា ធ្វើ​ឱ្យ​មាន​បញ្ហា​រំលោភ​សិទ្ធិមនុស្ស​កាន់តែ​ធ្ងន់ធ្ងរ និង​ធ្វើ​ឱ្យ​លទ្ធិប្រជាធិបតេយ្យ​កាន់តែ​ចុះ​ខ្សោយ។ ជាង​នេះ​ទៀត នឹង​កើត​មាន​ការ​រឹតត្បិត​កាន់តែ​ខ្លាំង​ឡើងៗ​នៅ​ពេល​ដែល​សិទ្ធិ និង​សេរីភាព​ទាំងនេះ​ចុះ​អន់ថយ​បន្តិច​ម្ដងៗ ហើយ​លទ្ធិប្រជាធិបតេយ្យ​ក៏​កាន់តែ​ធ្លាក់​ចុះ ដែល​ជា​សញ្ញា​មួយ​បង្ហាញ​ឱ្យ​ឃើញ​ថា ការ​គ្រប់គ្រង​បែប​ផ្ដាច់ការ​កាន់តែ​រីក​ធំធាត់​ឡើងៗ ដែល​រួម​ចំណែក​ដល់​ការ​កើន​ឡើង​នៃ​កម្រិត​អំពើពុករលួយ​កាន់តែ​ខ្ពស់​ថែម​ទៀត។

ប្រភព​ដដែល​អះអាង​ថា ប្រទេស​ដែល​ទទួល​បាន​ពិន្ទុ​ល្អ​ក្នុង​សន្ទស្សន៍​ស្ដីពី​អំពើពុករលួយ​នេះ ក៏​ជា​ប្រទេស​ដែល​ជាប់​ចំណាត់ថ្នាក់​ខ្ពស់​នៅ​លើ​សន្ទស្សន៍​ប្រជាធិបតេយ្យ​ដែរ ជាពិសេស​ទៅ​លើ​សិទ្ធិ​សេរីភាព​របស់​ពលរដ្ឋ ប៉ុន្តែ​ប្រទេស​ដែល​ជាប់​ចំណាត់ថ្នាក់​ទាប​ដូចជា​ប្រទេស​កម្ពុជា ជាដើម ក៏​នឹង​ជាប់​ចំណាត់ថ្នាក់​ទាប​ក្នុង​សន្ទស្សន៍​ប្រជាធិបតេយ្យ​ដែល​ទាក់ទង​នឹង​ការ​រំលោភ​សិទ្ធិ​សេរីភាព​ពលរដ្ឋ​ដែរ។

មាត្រា​១ នៃ​ច្បាប់​ស្ដីពី​ការ​ប្រឆាំង​អំពើពុករលួយ ចែង​ថា ច្បាប់​នេះ​មាន​គោលបំណង​លើក​កម្ពស់​ប្រសិទ្ធភាព​សេវា​គ្រប់​បែប​យ៉ាង ពង្រឹង​អភិបាលកិច្ច និង​នីតិរដ្ឋ​នៅ​ក្នុង​ការ​ដឹកនាំ និង​ការ​គ្រប់គ្រង​រដ្ឋ ព្រមទាំង​រក្សា​ភាព​ស្អាតស្អំ និង​យុត្តិធម៌​ដែល​ជា​មូលដ្ឋាន​ចាំបាច់​ក្នុង​ការ​អភិវឌ្ឍ​សង្គម​ជាតិ និង​កាត់បន្ថយ​ភាព​ក្រីក្រ ជាដើម៕

© 2024, ខេមបូឌា ដេលី. All rights reserved. No part of this article may be reproduced in print, electronically, broadcast, rewritten or redistributed without written permission.

អត្ថបទទាក់ទង

អត្ថបទអានច្រើន

សេចក្ដីរាយការណ៍ពិសេស