40 C
Phnom Penh

ពលករ​ខ្មែរ​បម្រើ​ការងារ​នៅ​ជប៉ុន​មួយ​ចំនួន​រង​នូវ​ការ​គំរាមកំហែង​កាន់តែ​ធ្ងន់ធ្ងរ​ពី​សំណាក់​សមាគម​បញ្ជូន​ពលករ

ដោយ ឌឹ ខេមបូឌា ដេលី

បទវិភាគ

ពលករ​ខ្មែរ​មួយ​ចំនួន​ដែល​កំពុង​បម្រើ​ការងារ​នៅ​ប្រទេស​ជប៉ុន កំពុង​រង​នូវ​ការ​គំរាមកំហែង​ពី​សំណាក់​សមាគម​ដែល​បញ្ជូន​ពួកគេ​ទៅ​ធ្វើការ​នៅ​ប្រទេស​ជប៉ុន កាន់តែ​ខ្លាំង​ឡើងៗ ដើម្បី​រារាំង​កុំ​ឱ្យ​ពួកគេ​រត់​ចេញពី​កន្លែង​ធ្វើការ បើ​ទោះបីជា​ពលករ​ខ្មែរ​ទាំងនោះ​ត្រូវ​រង​នូវ​ការ​រំលោភ​បំពាន​សិទ្ធិ​ការងារ​ពី​ថៅកែ​ក្រុមហ៊ុន​យ៉ាងណា​ក៏ដោយ ខណៈ​មន្ត្រី​ស្ថានទូត​ខ្មែរ​ប្រចាំ​ប្រទេស​ជប៉ុន មិន​ទាន់​ចុះ​ស្រាវជ្រាវ និង​ជួយ​ដោះស្រាយ​អំពី​បញ្ហា​នេះ​នៅឡើយ។

ពលករ​ខ្មែរ​ម្នាក់​ដែល​កំពុង​រង​នូវ​ការ​គំរាមកំហែង​ពី​សមាគម​បញ្ជូន​ពលករ​ទៅ​ប្រទេស​ជប៉ុន ប្រាប់​សារព័ត៌មាន The Cambodia Daily ក្នុង​លក្ខខណ្ឌ​មិន​បញ្ចេញ​ឈ្មោះ​ដើម្បី​សុវត្ថិភាព​ផ្ទាល់ខ្លួន​នៅ​ថ្ងៃទី​២៣ សីហា នេះ​ថា សព្វថ្ងៃ​នេះ ពលករ​ខ្មែរ​មួយ​ចំនួន​បើ​មិន​រត់​ចេញពី​កន្លែង​ធ្វើការ​ទេ គឺ​មាន​តែ​ទ្រាំ​ធ្វើការ​ដូច​សត្វ​ធាតុ​ប៉ុណ្ណោះ។

ប្រភព​ដដែល​បន្ថែម​ថា ពលករ​ទាំងនោះ ទោះ​ត្រូវ​គេ​វាយ​ធ្វើបាប ឬ​គំរាមកំហែង​យ៉ាងណា​ក៏ដោយ ក៏​ខាង​សមាគម​មិន​ជួយ​ដោះស្រាយ​បញ្ហា​ឱ្យ​ពួកគេ​ដែរ គឺ​មាន​តែ​គាបសង្កត់​ឱ្យ​ពួកគេ​ធ្វើ​ទៅ​តាម​ការ​កំណត់​របស់​ក្រុមហ៊ុន​បន្ត​ទៀត​ប៉ុណ្ណោះ ហើយ​ការ​ធ្វើ​បែប​នេះ គឺ​ដោយសារតែ​សមាគម​ចង់​បន្ត​រក្សា​ទំនាក់ទំនង​ល្អ​ជាមួយ​ក្រុមហ៊ុន ក្នុង​បំណង​យកចិត្ត​ក្រុមហ៊ុន​ឱ្យ​ទទួល​ពលករ​ដែល​ពួកគេ​បញ្ជូន​មក​នៅ​ពេល​ក្រោយ​ទៀត។

ពលករ​ដែល​កំពុង​រង​ការ​គាបសង្កត់​ទាំងនេះ លើកឡើង​ថា នៅ​ពេល​ដែល​ពួកគេ​ទាមទារ​ឱ្យ​ខាង​សមាគម​ជួយ​ដោះស្រាយ​បញ្ហា​ជាមួយ​ថៅកែ​រោងចក្រ ដូចជា​ដូរ​កន្លែង​ធ្វើការ ឬ​ទាមទារ​ឱ្យ​រោងចក្រ​ផ្តល់​ការងារ​ឱ្យ​ពួកគេ​ឱ្យ​បាន​គ្រប់​ម៉ោង​ដូច​ក្នុង​កិច្ចសន្យា ដើម្បី​ឱ្យ​ពួកគេ​ទទួល​បាន​ប្រាក់ឈ្នួល​ដូច​ក្នុង​កិច្ចព្រមព្រៀង បែរ​ជា​ខាង​សមាគម​ស្ដីបន្ទោស​រហូត​ដល់​ជេរ​បញ្ចោរ​ពួកគេ​ធ្ងន់ៗ​ទៅ​វិញ។

ពលករ​ខ្មែរ​រូប​នោះ​បញ្ជាក់​ថា អ្វី​ដែល​ពួកគេ​ចង់​បាន គឺ​មិន​លើស​ពី​លក្ខខណ្ឌ​ដែល​ខាង​សមាគម​បាន​សន្យា​ក្នុង​កិច្ចព្រមព្រៀង​ជាមួយ​ពួកគេ​នោះ​ទេ គឺ​ការ​គោរព​សិទ្ធិ​ការងារ ទទួល​បាន​ម៉ោង​ធ្វើការ​តាម​កិច្ចព្រមព្រៀង​ដូច​ការ​កំណត់​ប៉ុណ្ណោះ ព្រោះ​ថា​គ្មាន​នរណា​ម្នាក់​ដែល​មាន​ម៉ោង​ធ្វើការ​ច្រើន​ទទួល​បាន​ប្រាក់ខែ​ខ្ពស់ និង​មាន​កន្លែង​ធ្វើការ​ល្អ​ហើយ បែរ​ជា​មក​ធ្វើ​ជា​ចោរ​នោះ​ទេ។

ប្រភព​ដដែល​បញ្ជាក់​ថា ពួកគេ​គ្មាន​បំណង​មក​ធ្វើ​ការងារ​ខុស​ច្បាប់ ឬ​មក​ធ្វើ​ចោរ​នៅ​ប្រទេស​ជប៉ុន​ឡើយ ប៉ុន្តែ​ដោយសារ​ការ​ធ្វើ​បាប​នៅ​កន្លែង​ធ្វើការ ការ​មិន​ជួយ​រក​ដំណោះស្រាយ​ពី​ខាង​សមាគម​បញ្ជូន​ពលករ និង​គ្មាន​ការ​យកចិត្ត​ទុកដាក់​ពី​មន្ត្រី​ស្ថានទូត​កម្ពុជា​ប្រចាំ​ប្រទេស​ជប៉ុន ទើប​ពួកគេ​ធ្លាក់​ខ្លួន​ទៅ​ជា​ពលករ​រស់នៅ​ខុស​ច្បាប់ និង​ប្រព្រឹត្ត​អំពើ​ចោរកម្ម​ដូច្នេះ ហើយ​ការ​ធ្វើ​បែប​នេះ ក៏​ដោយសារតែ​ពួកគេ​គ្មាន​ជម្រើស​ផ្សេង​ដែរ។

កាលពី​ថ្ងៃទី​១៩ ខែ​សីហា ឆ្នាំ​២០២៣ ស្ថានទូត​កម្ពុជា​ប្រចាំ​នៅ​ប្រទេស​ជប៉ុន បាន​អះអាង​ថា បច្ចុប្បន្ន​នេះ​មាន​កម្មសិក្សាការី និង​ពលករ​ជំនាញ​ខ្មែរ​កំពុង​ធ្វើការ​ក្នុង​ប្រទេស​ជប៉ុន​តាមរយៈ​ក្រុមហ៊ុន មិន​បាន​ជួប​វិបត្តិ​អត់​ការងារ​ធ្វើ​នោះ​ទេ លើកលែងតែ​បុគ្គល​មក​ធ្វើការ​ខុស​ច្បាប់​តាម​ទិដ្ឋាការ​ទេសចរណ៍​ប៉ុណ្ណោះ ប៉ុន្តែ​ក៏​មាន​កម្មសិក្សាការី​ខ្មែរ​មួយ​ចំនួន​តូច​បាន​រត់​ចេញពី​កន្លែង​ការងារ​ទៅ​ធ្វើ​ការ​ខុស​ច្បាប់​ដែរ ក្រោម​ការ​អូស​ទាញ​របស់​មេ​ខ្យល់ ខណៈ​ស្ថានទូត​តែងតែ​ទប់ស្កាត់​ចំពោះ​បញ្ហា​នេះ​ផង​ដែរ។

មន្ត្រី​គ្រប់គ្រង​ខាង​ផ្នែក​សិទ្ធិ​ការងារ​របស់​អង្គការ​សង់ត្រាល់ (CENTRAL) លោក ឃុន ថារ៉ូ ធ្លាប់​បាន​លើកឡើង​ថា លក្ខខណ្ឌ​ការងារ​របស់​ប្រទេស​ជប៉ុន ពលករ​ខ្មែរ​ដែល​ទៅ​បម្រើការ​នៅ​ទីនោះ គឺ​ក្នុង​នាម​ជា​សិក្ខាកាម​ប៉ុណ្ណោះ មិន​មែន​ក្នុង​នាម​ជា​ពលករ​ទេ ប៉ុន្តែ​ការពិត ពលករ​ខ្មែរ​ទាំងនោះ​មិន​មែន​ជា​សិក្ខាកាម​ហាត់​ការ​ដូច​ក្នុង​លក្ខខណ្ឌ​នោះ​ឡើយ គឺ​ពួកគេ​បាន​ធ្វើការ​ជា​ពលករ​សុទ្ធសាធ។

លោក ឃុន ថារ៉ូ អះអាង​ថា ពលករ​ខ្មែរ​ដែល​ទៅ​បម្រើ​ការ​នៅ​ប្រទេស​ជប៉ុន ហើយ​ត្រូវ​បាន​គេ​ចាត់ទុក​ថា​គ្រាន់តែ​ជា​សិក្ខាកាម​ហាត់​ការ​ដូច​សព្វថ្ងៃ​នេះ គឺជា​បញ្ហា​ធ្ងន់ធ្ងរ​បំផុត​សម្រាប់​ពួកគេ​ដែល​រដ្ឋាភិបាល​កម្ពុជា​ត្រូវ​រក​ដំណោះស្រាយ​ជាបន្ទាន់ ព្រោះ​ថា​ក្រុមហ៊ុន​ងាយ​នឹង​កេងប្រវ័ញ្ច​លើ​កម្លាំង​ពលករ​ទាំងនោះ​បាន​យ៉ាង​ងាយ ត្បិត​ពួកគេ​សំអាង​ថា​ពលករ​ទាំងនោះ​មិនមែន​ជា​កម្មករ​នោះ​ទេ គ្រាន់តែ​ជា​សិក្ខាកាម​ហាត់​ការ​តែប៉ុណ្ណោះ។ ជាង​នេះ​ទៀត សិក្ខាកាម​ទាំងនោះ​ក៏​មិន​ស្ថិត​ក្នុង​ច្បាប់​ការងារ​ណា​មួយ​របស់​ពលករ​ដែរ។

មន្ត្រី​គ្រប់គ្រង​ខាង​ផ្នែក​សិទ្ធិ​ការងារ​រូប​នេះ​បញ្ជាក់​ថា ដើម្បី​ដោះស្រាយ​បញ្ហា​នេះ រដ្ឋាភិបាល​កម្ពុជា​ត្រូវ​តែ​ចុះ​អនុសារណៈ​យោគយល់​ដើម្បី​បញ្ជូន​ពលករ​ខ្មែរ​ទៅ​ធ្វើការ​នៅ​ប្រទេស​ជប៉ុន​ជា​ផ្លូវការ ក្រោម​កិច្ចព្រមព្រៀង​រវាង​រដ្ឋាភិបាល​កម្ពុជា និង​រដ្ឋាភិបាល​ជប៉ុន ដើម្បី​ធានា​ឱ្យ​ពលករ​ខ្មែរ​ទទួល​បាន​ការ​ការពារ​សិទ្ធិ​ការងារ​ពេញលេញ​ពី​រដ្ឋាភិបាល​ជប៉ុន និង​ដើម្បី​ចៀសវាង​ការ​ធ្វើបាប​ពី​ក្រុមហ៊ុន​ដែល​ពួកគេ​បម្រើ​ការ​ឱ្យ​ផង​ដែរ៕

© 2024, ខេមបូឌា ដេលី. All rights reserved. No part of this article may be reproduced in print, electronically, broadcast, rewritten or redistributed without written permission.

អត្ថបទទាក់ទង

អត្ថបទអានច្រើន

សេចក្ដីរាយការណ៍ពិសេស