32 C
Phnom Penh

អ្នក​ឃ្លាំមើល​ទាមទារ​ឱ្យ​លោក ហ៊ុន ម៉ាណែត លុប​ចោល​ឧត្តម​ក្រុមប្រឹក្សា​ពិគ្រោះ​យោបល់​ចេញ

ដោយ ឌឹ ខេមបូឌា ដេលី

បទវិភាគ

អ្នក​ឃ្លាំមើល និង​អ្នក​ប្រើប្រាស់​បណ្ដាញ​សង្គម ទាមទារ​ឲ្យ​រដ្ឋាភិបាល​លោក ហ៊ុន ម៉ាណែត លុប​ចោល​ឧត្ដមក្រុមប្រឹក្សា​ពិគ្រោះ​យោបល់ ដោយ​ថា​ការ​បង្កើត​ឧត្ដមក្រុមប្រឹក្សា​នេះ​ជា​ការ​ចាយ​ថវិកា​ជាតិ​អត់​ប្រយោជន៍។

អំឡុង​ពេល​បើក​កិច្ចប្រជុំ​ដំបូង​នៃ​គណៈរដ្ឋមន្ត្រី​ថ្មី​កាលពី​ថ្ងៃទី​២៤ ខែ​សីហា ឆ្នាំ​២០២៣ លោក ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី​អាណត្តិ​ទី​៧ បាន​បញ្ជា​ទៅ​រដ្ឋមន្ត្រី​ក្រសួង​យុត្តិធម៌​លោក កើត រិទ្ធ និង​លោក អូន ព័ន្ធមុនីរ័ត្ន ដែល​ជា​ឧបនាយករដ្ឋមន្ត្រី ស្នើ​ព្រះរាជក្រឹត្យ​រៀបចំ​ឧត្ដមក្រុមប្រឹក្សា​ពិគ្រោះ និង​ផ្តល់​យោបល់​អាណត្តិ​ថ្មី ដោយ​នឹង​ពង្រីក​សមាសភាព​ចូលរួម​ឲ្យ​ច្រើន​ជាង​មុន។

ជុំវិញ​រឿង​បក្ស​នយោបាយ​មួយ​ចំនួន ក្នុង​នោះ​មាន​គណបក្ស​ប្រជាធិបតេយ្យ​មូលដ្ឋាន នៅ​មិន​ទាន់​សម្រេច​ថា​នឹង​ចូលរួម​ឧត្ដមក្រុមប្រឹក្សា​ពិគ្រោះ និង​ផ្តល់​យោបល់​អាណត្តិ​ថ្មី​នៅឡើយ។

អ្នក​នាំពាក្យ​បក្ស​ប្រជាធិបតេយ្យ​មូលដ្ឋាន លោក សេក សុខា បាន​ប្រាប់​សារព័ត៌មាន​ក្នុង​ស្រុក​ថា ការ​មិន​សម្រេច​នេះ ដោយ​ខ្លួន​កំពុង​រង់ចាំ​សេចក្ដី​សម្រេច​ជា​ផ្លូវការ ឬ​លក្ខខណ្ឌ​របស់​រដ្ឋាភិបាល ដើម្បី​ត្រៀម​ពិភាក្សា​ផ្ទៃក្នុង​តាម​បក្ស​នីមួយៗ មុន​នឹង​សម្រេច​ថា​ចូល ឬ​មិន​ចូល​ក្នុង​ឧត្ដមក្រុមប្រឹក្សា​ពិគ្រោះ និង​ផ្តល់​យោបល់​អាណត្តិ​ថ្មី ខណៈ​កាលពី​អាណត្តិ​មុន បក្ស​នេះ​មិន​ចូលរួម​ជាមួយ​ឧត្ដមក្រុមប្រឹក្សា​ពិគ្រោះ និង​ផ្តល់​យោបល់។

តែ​យ៉ាងណា អ្នក​ប្រើប្រាស់​បណ្ដាញ​សង្គម​ឈ្មោះ La Hour HD បាន​សរសេរ​លើ​ហ្វេសប៊ុក​ថា ឧត្ដមក្រុមប្រឹក្សា​ពិគ្រោះ​យោបល់ មិន​គួរ​បង្កើត​ទៀត​នោះ​ទេ ព្រោះ​វា​ជា​ការ​ចាយ​ថវិកា​ជាតិ​អត់​ប្រយោជន៍។ មួយ​វិញ​ទៀត កម្ពុជា​ក៏​មាន​មន្ត្រី​គ្រប់គ្រាន់​ធ្វើការ​ហើយ ដោយ​មិន​ចាំបាច់​អី​មាន​ឧត្ដមក្រុមប្រឹក្សា​ពិគ្រោះ​យោបល់​ទៀត​ដែរ។

ចំណែក​ឈ្មោះ Sen Ang Uyfc ក៏​បាន​សរសេរ​បញ្ចេញមតិ​ដោយ​ស្នើ​កុំ​ឲ្យ​មាន​ឧត្ដមក្រុមប្រឹក្សា​ពិគ្រោះ​យោបល់​ទៀត ព្រោះ​ធ្វើ​ឲ្យ​ខាត​តែ​លុយ​រដ្ឋ​ប៉ុណ្ណោះ។

អនុប្រធាន​វេទិកា​ពលរដ្ឋ លោក ម៉ែន ណាត យល់​ថា ឧត្ដមក្រុមប្រឹក្សា​ពិគ្រោះ និង​ផ្តល់​យោបល់​នេះ​បង្កើត​ឡើង​មក​មិន​បាន​ជួយ​ដល់​ផល​ប្រយោជន៍​ជាតិ​អ្វី​សោះ​ឡើយ ផ្ទុយ​មក​វិញ មាន​តែ​ចាយ​ថវិកា​ខ្ជះខ្ជាយ​ឥត​ប្រយោជន៍។ លោក​ថា ដូច្នេះ​បើ​ជា​លោក ហ៊ុន ម៉ាណែត គិតគូរ​ផល​ប្រយោជន៍​ជាតិ​បន្តិចបន្តួច គួរ​លុប​ចោល​វិញ។

លោក​ផ្ដល់​អនុសាសន៍​ថា លោក ហ៊ុន ម៉ាណែត គួរ​រៀន​ធ្វើ​ការងារ និង​បែងចែក​អំពើ​អ្វី​ទៅ​ជា​ការ​តម្កល់​ផល​ប្រយោជន៍​ជាតិ​ជា​ធំ ដូចជា​រៀន​ធ្វើ​ការងារ​តូចៗ​ទៅ ជាដើម។

ឧត្ដមក្រុមប្រឹក្សា​ពិគ្រោះ និង​ផ្តល់​យោបល់ ត្រូវ​បាន​បង្កើត​ឡើង​នា​អាណត្តិ​ទី​៦ កាលពី​ខែ​កញ្ញា ឆ្នាំ​២០១៨ តាម​ការ​ស្នើសុំ​របស់​លោក ហ៊ុន សែន។ ឧត្ដមក្រុមប្រឹក្សា​ពិគ្រោះ និង​ផ្តល់​យោបល់​មាន​តួនាទី​ផ្តល់​យោបល់​ជូន​រាជរដ្ឋាភិបាល ដើម្បី​លើក​ស្ទួយ​ប្រសិទ្ធភាព​ការងារ ក្នុង​ការ​បម្រើ​ប្រជាជន និង​ការ​អភិវឌ្ឍ​សង្គម។ សម្រាប់​ប្រតិភូ​ចូល​ក្នុង​ស្ថាប័ន​នេះ អាច​មាន ៣​រូប​ពី​ខាង​គណបក្ស​នីមួយៗ​ដោយ​អាច​ទទួល​បាន​ឋានៈ​ស្មើ​ទេសរដ្ឋមន្ត្រី រដ្ឋមន្ត្រី និង​រដ្ឋលេខាធិការ។

ការ​បង្កើត​នេះ ដើម្បី​គេចវេះ​ពី​ការ​រិះគន់ បន្ទាប់ពី​បោះឆ្នោត​ជ្រើសតាំង​តំណាងរាស្ត្រ​នៅ​ឆ្នាំ​២០១៨ ដោយ​គ្មាន​វត្តមាន​គណបក្ស​សង្គ្រោះ​ជាតិ​ចូលរួម​ប្រកួតប្រជែង។ អវត្តមាន​របស់​គណបក្ស​សង្គ្រោះ​ជាតិ​នា​ពេល​នោះ បន្ទាប់ពី​លោក ហ៊ុន សែន បាន​បញ្ជា​ទៅ​តុលាការ​កំពូល​ឲ្យ​រំលាយ​គណបក្ស​សង្គ្រោះ​ជាតិ​នៅ​មុន​ការ​បោះឆ្នោត​ឆ្នាំ​២០១៨៕

© 2024, ខេមបូឌា ដេលី. All rights reserved. No part of this article may be reproduced in print, electronically, broadcast, rewritten or redistributed without written permission.

អត្ថបទទាក់ទង

អត្ថបទអានច្រើន

សេចក្ដីរាយការណ៍ពិសេស