30 C
Phnom Penh

សង្គម​ស៊ីវិល​ជំរុញ​ឱ្យ​រដ្ឋាភិបាល​ថ្មី​ដំទ្បើង​ប្រាក់​ឈ្នួល​អប្បបរមា​ដល់​កម្មករ​យ៉ាង​ហោច​ជាង ៣​ដុល្លារ​ក្នុង​១​ខែ​នៅ​ឆ្នាំ​២០២៤

ដោយ ឌឹ ខេមបូឌា ដេលី

បទវិភាគ

មន្ត្រី​ជាន់ខ្ពស់​អង្គការ​ដែល​ធ្វើការ​លើ​វិស័យ​សិទ្ធិ​ការងារ ជំរុញ​ឱ្យ​រាជរដ្ឋាភិបាល​ថ្មី​របស់​កម្ពុជា​ដំទ្បើង​ប្រាក់​ឈ្នួល​អប្បបរមា​ដល់​កម្មករ​និយោជិត​យ៉ាងហោច​ណាស់​ឱ្យ​បាន ៣៧១​ដុល្លារ​ក្នុង​មួយ​ខែ​នៅ​ឆ្នាំ​២០២៤ ដើម្បី​ធានា​ការ​រស់នៅ​សមរម្យ និង​សេចក្តី​ថ្លៃថ្នូរ​របស់​កម្មករ​និយោជិត​ខ្មែរ។

មន្ត្រី​ជាន់ខ្ពស់​ទទួល​បន្ទុក​គ្រប់គ្រង​ផ្នែក​ការងារ​របស់​អង្គការ​សង់ត្រាល់ (CENTRAL) លោក ឃុន ថារ៉ូ ប្រាប់​សារព័ត៌មាន The Cambodia Daily នៅ​ថ្ងៃទី​២៨ សីហា នេះ​ថា ដើម្បី​ឱ្យ​វិស័យ​សម្លៀកបំពាក់ ដេរ​ស្បែកជើង និង​ផលិតផល​ធ្វើ​ដំណើរ​អាច​ធានា​លើក​កម្ពស់​ជីវភាព​រស់នៅ​សមរម្យ​របស់​កម្មករ​និយោជិត​កម្ពុជា​ជាង ១​លាន​នាក់​ដែល​កំពុង​បម្រើ​ការងារ​នៅ​ក្នុង​វិស័យ​នេះ គឺ​ទាមទារ​ឱ្យ​រដ្ឋាភិបាល​កម្ពុជា​មាន​ឆន្ទៈ​នយោបាយ​វែង​ឆ្ងាយ​ក្នុង​អាណត្តិ​ដឹកនាំ​របស់​ខ្លួន ដោយ​ធ្វើការ​កែទម្រង់​ស៊ីជម្រៅ​លើ​វិស័យ​នេះ​ជាបន្ទាន់។

លោក ឃុន ថារ៉ូ លើកឡើង​ថា រដ្ឋាភិបាល​គួរតែ​ជំរុញ​ថៅកែ​រោងចក្រ និង​ក្រុមហ៊ុន​បញ្ជា​ទិញ រួម​ទាំង​ធ្វើ​កំណែ​ទម្រង់​គោលនយោបាយ​អាទិភាព​មួយ​ចំនួន ដូចជា​កាត់បន្ថយ​តម្លៃ​ថាមពល កំណែ​ទម្រង់​ពន្ធដារ ការ​អនុគ្រោះ​ពន្ធ​នាំចូល​វត្ថុ​ធាតុ​ដើម​ពី​ក្រៅ​ប្រទេស ជំរុញ​ការ​ផលិត​វត្ថុ​ធាតុ​ដើម​នៅ​ក្នុង​ស្រុក និង​ធានា​ការ​នាំចេញ​ទៅ​កាន់​ទីផ្សារ​អឺរ៉ុប និង​អាមេរិក ជាដើម ទើប​អាច​ធានា​បាន​នូវ​ប្រាក់​ឈ្នួល​សមរម្យ​សម្រាប់​កម្មករ​និយោជិត​កម្ពុជា​យូរ​អង្វែង។

ការ​អះអាង​នេះ ធ្វើឡើង​ដើម្បី​ជំរុញ​ឱ្យ​រដ្ឋាភិបាល​អាណត្តិ​ថ្មី​ធ្វើ​កំណែ​ទម្រង់​លើ​វិស័យ​វាយនភណ្ឌ​កាត់ដេរ ដើម្បី​ឱ្យ​កម្មករ​និយោជិត​ទទួល​បាន​ប្រាក់​ឈ្នួល​សមរម្យ និង​រស់នៅ​ដោយ​សេចក្តី​ថ្លៃថ្នូរ​ទៅ​ថ្ងៃ​មុខ។

កាលពី​ថ្ងៃទី​២១ ខែ​សីហា ឆ្នាំ​២០២៣ សមាជិក​ក្រុមប្រឹក្សា​ជាតិ​ប្រាក់​ឈ្នួល​អប្បបរមា និង​តំណាង​សហភាព បាន​បើក​កិច្ចប្រជុំ​ពិភាក្សា​ស្ដីពី​ការ​ប្រមូល​ទិន្នន័យ​ចំពោះ​លក្ខណៈ​វិនិច្ឆ័យ​ដែល​មាន​ចំនួន ៧ ដូចជា​ការ​ចំណាយ​ក្នុង​ការ​រស់នៅ អត្រា​អតិផរណា ស្ថានភាព​គ្រួសារ ផលិតភាព ភាព​ប្រកួត​ប្រជែង ចំណែក​ទីផ្សារ និង​កម្រិត​ចំណេញ​ថ្នាក់​វិស័យ ជាដើម ដើម្បី​ស្វែងរក​តួលេខ​សម្រាប់​ធ្វើ​ការ​ចរចា​ដំឡើង​ប្រាក់​ឈ្នួល​អប្បបរមា​ឱ្យ​កម្មករ​និយោជិត​នៅ​ឆ្នាំ​២០២៤ ខាងមុខ​នេះ។

កំណត់ហេតុ​ក្នុង​កិច្ចពិភាក្សា​ខាងលើ​បញ្ជាក់​ថា តួលេខ​ដែល​ត្រូវ​កំណត់​យក​មាន​ពីរ គឺ​ទី​១ កំណត់​យក ១២​ដុល្លារ​អាមេរិក​ដែល​គាំទ្រ​ដោយ​តំណាង​សហជីព ៨​នាក់​ដែល​មាន​និន្នាការ​ខាង​រដ្ឋាភិបាល ចំណែក​តួលេខ​ទី​២ គឺ​កំណត់​យក ២០​ដុល្លារ​អាមេរិក​ដែល​គាំទ្រ​ដោយ​តំណាង​សហជីព ៥​នាក់ ដូចជា​លោក អាត់ ធន់ លោក ប៉ាវ ស៊ីណា និង​អ្នកស្រី យ៉ាង សុភ័ណ្ឌ ជាដើម ដែល​មាន​និន្នាការ​ក្រៅ​រដ្ឋាភិបាល ប៉ុន្តែ​ការ​ពិភាក្សា​នេះ​នឹង​ត្រូវ​ធ្វើ​ឡើង​ជា​ជំហាន​បន្តបន្ទាប់​ទៀត មុន​នឹង​កំណត់​យក​តួលេខ​ចុងក្រោយ។

ទាក់ទិន​នឹង​បញ្ហា​នេះ ក្រុម​សហជីព​កម្ពុជា​បាន​បញ្ចេញ​របាយការណ៍​របស់​ខ្លួន​កាលពី​ពេល​ថ្មីៗ​នេះ​ថា ពួកគេ​បាន​រក​ឃើញ​ថា ក្នុង​ឆ្នាំ​២០២២ កន្លងទៅ ការ​ចំណាយ​ជា​មធ្យម​លើ​អាហារ​ហូបចុក​ប្រចាំ​ថ្ងៃ​សម្រាប់​កម្មករ​ម្នាក់​មាន​ចំនួន ១៤១​ដុល្លារ​អាមេរិក​ក្នុង ១​ខែ ដោយឡែក​ការ​ចំណាយ​ជា​មធ្យម​ក្រៅពី​អាហារ​ហូបចុក​មាន​ចំនួន​រហូត​ដល់​ទៅ ១២៩​ដុល្លារ​អាមេរិក​ឯណោះ​ក្នុង ១​ខែ។

របាយការណ៍​ខាងលើ​បញ្ជាក់​ថា បើ​គិត​សរុប​ជា​មធ្យម កម្មករ​ម្នាក់​ត្រូវ​ចំណាយ​ដល់​ទៅ ២៩៧​ដុល្លារ​អាមេរិក​ឯណោះ​ក្នុង ១​ខែ ដែល​ជា​ការ​ចំណាយ​លើស​ប្រាក់ចំណូល​ប្រចាំ​ខែ​របស់​ខ្លួន។

ដោយសារតែ​កត្តា​នេះ​ហើយ​ទើប​កម្មករ​ត្រូវ​បង្ខំ​ចិត្ត​ធ្វើការ​ថែម​ម៉ោង ដើម្បី​ទទួល​បាន​ប្រាក់ចំណូល​បន្ថែម​ទៀត​សម្រាប់​ទ្រទ្រង់​ការ​ចំណាយ​លើ​ការ​រស់នៅ​ជា​មូលដ្ឋាន​របស់​កម្មករ ជាពិសេស​គឺ​ការ​ដោះ​បំណុល​ធនាគារ​តែម្តង។

ផ្អែក​តាម​ការ​វិវឌ្ឍ​នៃ​ការ​ដំទ្បើង​ប្រាក់ឈ្នួល​នៅ​ប្រទេស​កម្ពុជា បង្ហាញ​ថា កំណើន​នៃ​ការ​ដំទ្បើង​ប្រាក់ឈ្នួល​គិត​ជា​ភាគរយ​ជា​រៀងរាល់​ឆ្នាំ​មិន​បាន​ឆ្លើយតប​ទៅ​នឹង​កំណើន​សេដ្ឋកិច្ច សេចក្តី​ត្រូវការ​របស់​សង្គម តម្លៃ​ទំនិញ​នៅ​លើ​ទីផ្សារ​ដែល​មាន​ការ​កើន​ទ្បើង​ជា​រៀងរាល់​ឆ្នាំ ដោយ​គិត​ជា​មធ្យម​ប្រមាណ ៤,៥​ភាគរយ​នោះ​ទេ​ក្នុង​រយៈពេល ១០​ឆ្នាំ​ចុងក្រោយ​នេះ។

ទាក់ទិន​នឹង​បញ្ហា​នេះ អង្គការ​សម្ព័ន្ធ​ខ្មែរ​ជំរឿន និង​ការពារ​សិទ្ធិមនុស្ស ដែល​ហៅ​កាត់​ថា “លីកាដូ” និង​មជ្ឈមណ្ឌល​សម្ព័ន្ធភាព​ការងារ និង​សិទ្ធិមនុស្ស ដែល​ហៅ​កាត់​ថា សង់ត្រាល់ រួម​ជាមួយ​ក្រុម​សហជីព បាន​បញ្ចេញ​របាយការណ៍​របស់​ខ្លួន​កាលពី​ពេល​កន្លងទៅ​ថា កម្មករ​កាត់ដេរ​កម្ពុជា​ប្រឈម​ទៅ​នឹង​បញ្ហា​បំណុល​យ៉ាង​ធ្ងន់ធ្ងរ​អំឡុង​វិបត្តិ​កូវីដ-១៩ ដែល​ជា​ហេតុ​ធ្វើ​ឱ្យ​កម្មករ​បង្ខំ​ចិត្ត​កាត់បន្ថយ​អាហារ​ហូបចុក​ប្រចាំ​ថ្ងៃ និង​ត្រូវ​បង្ខំ​ចិត្ត​ចង​ការប្រាក់​ក្រៅ​ប្រព័ន្ធ ដើម្បី​ដោះស្រាយ​បញ្ហា​ចំពោះ​មុខ​ដើម្បី​បង្វិល​បំណុល​ធនាគារ និង​ដោះស្រាយ​ជីវភាព​រស់នៅ​ប្រចាំ​ថ្ងៃ​ផង​ដែរ។

ក្រុម​សង្គម​ស៊ីវិល​ខាងលើ​លើកឡើង​ថា កម្ពុជា​កំពុង​ស្ថិត​នៅ​ក្នុង​ចំណោម​ប្រទេស​ដែល​កំពុង​ប្រែ​ខ្លួន​ទៅ​ជា​ប្រទេស​ដែល​មាន​ការ​រីកចម្រើន​តិចតួច ទៅ​ជា​ប្រទេស​ដែល​មាន​ពលរដ្ឋ​មាន​ប្រាក់ចំណូល​មធ្យម​កម្រិត​ខ្ពស់​ក្នុង​ឆ្នាំ​២០២៧ ដល់​ឆ្នាំ​២០៣០ ខណៈ​កម្ពុជា​សព្វថ្ងៃ​នេះ គឺជា​ប្រទេស​ដែល​មាន​ប្រជាពលរដ្ឋ​ជាប់​បំណុល​ច្រើន​ជាងគេ ដែល​គិត​ជា​មធ្យម​ពលរដ្ឋ​ខ្មែរ​ក្នុង ១​នាក់​ជាប់​បំណុល​ធនាគារ​ចន្លោះ​ពី ៣៥០០​ដុល្លារ​ទៅ ៥០០០​ដុល្លារ​អាមេរិក។

របាយការណ៍​ដដែល​បញ្ជាក់​ថា ការ​សិក្សា​ស្រាវជ្រាវ​បឋម​ក្នុង​ឆ្នាំ​២០២៣ បាន​បង្ហាញ​ថា កម្មករ​ម្នាក់​បាន​ជាប់​បំណុល​ជា​មធ្យម ២​ស្ថាប័ន ហើយ​បញ្ហា​នេះ​បាន​បង្ក​ឱ្យ​ពួកគេ​មាន​វិបត្តិ​ផ្នែក​សេដ្ឋកិច្ច​រយៈពេល​វែង ជាពិសេស​ពលរដ្ឋ​ដែល​ត្រូវ​រស់នៅ​ក្រោម ស្មើ ឬ​លើ​បន្ទាត់​ក្រីក្រ​បន្តិចបន្តួច ខណៈ​រដ្ឋាភិបាល​កម្ពុជា​មិនទាន់​មាន​ការ​កំណត់​ប្រាក់​ឈ្នួល​របស់​កម្មករ​ឱ្យ​អាច​រស់នៅ​បាន​សមរម្យ​បាន​នៅឡើយ​ផង​នោះ។

កាលពី​ថ្ងៃទី​២១ ខែ​កញ្ញា ឆ្នាំ​២០២២ ប្រាក់​ឈ្នួល​អប្បបរមា​សម្រាប់​កម្មករ​និយោជិត​ផ្នែក​វាយនភណ្ឌ​កាត់ដេរ ផលិត​ស្បែកជើង ត្រូវ​បាន​កំណត់​ត្រឹម ២០០​ដុល្លារ​អាមេរិក​ក្នុង​មួយ​ខែ​សម្រាប់​ឆ្នាំ​២០២៣ ដែល​គេ​មើល​ឃើញ​ថា ជា​ទំហំ​ប្រាក់​ឈ្នួល​មួយ​មិន​អាច​ធានា​នូវ​ការ​រស់នៅ​សមរម្យ​របស់​កម្មករ​និយោជិត​បាន​នៅឡើយ៕

© 2024, ខេមបូឌា ដេលី. All rights reserved. No part of this article may be reproduced in print, electronically, broadcast, rewritten or redistributed without written permission.

អត្ថបទទាក់ទង

អត្ថបទអានច្រើន

សេចក្ដីរាយការណ៍ពិសេស