35 C
Phnom Penh

អាមេរិក​ស្នើ​លោក ហ៊ុន ម៉ាណែត ដោះលែង​លោក កឹម សុខា និង​កញ្ញា សេង ធារី ឱ្យ​មាន​សេរីភាព​ឡើងវិញ

ដោយ ឌឹ ខេមបូឌា ដេលី

បទវិភាគ

គណៈប្រតិភូ​តំណាង​ព្រឹទ្ធសភា​សហរដ្ឋ​អាមេរិក ស្នើ​នាយករដ្ឋមន្ត្រី​ថ្មី​របស់​កម្ពុជា​លោក ហ៊ុន ម៉ាណែត ឱ្យ​ដោះលែង​ប្រធាន​អតីត​គណបក្ស​សង្គ្រោះ​ជាតិ លោក កឹម សុខា និង​សកម្មជន​សិទ្ធិមនុស្ស​សញ្ជាតិ​ខ្មែរ-អាមេរិកាំង កញ្ញា សេង ធារី ឱ្យ​មាន​សេរីភាព​ឡើងវិញ ដើម្បី​បើក​នូវ​លំហ​លទ្ធិប្រជាធិបតេយ្យ និង​ការ​គោរព​សិទ្ធិមនុស្ស​នៅ​កម្ពុជា​សម្រាប់​រដ្ឋាភិបាល​អាណត្តិ​ថ្មី​ឡើងវិញ។

ស្ថានទូត​សហរដ្ឋ​អាមេរិក​ប្រចាំ​កម្ពុជា សរសេរ​លើ​ទំព័រ​ហ្វេសប៊ុក​របស់​ខ្លួន​កាលពី​ថ្ងៃទី​២៨ សីហា នេះ​ថា គណៈប្រតិភូ​ដែល​ជា​គណៈកម្មាធិការ​បែងចែក​ថវិកា​ជាតិ​នៃ​ព្រឹទ្ធសភា​អាមេរិក បាន​ជួប​ពិភាក្សា​ជាមួយ​នាយករដ្ឋមន្ត្រី​ថ្មី​របស់​កម្ពុជា​លោក ហ៊ុន ម៉ាណែត កាលពី​ថ្ងៃ​ចន្ទ ទី​២៨ ខែ​សីហា ដោយ​ជំរុញ​ឱ្យ​រដ្ឋាភិបាល​ថ្មី​នេះ​បើក​ឡើងវិញ​នូវ​ដំណើរការ​នយោបាយ និង​ដោះលែង​បុគ្គល និង​សកម្មជន​នយោបាយ​នានា រួម​មាន​លោក កឹម សុខា និង​កញ្ញា សេង ធារី ផង​ដែរ។

ស្ថានទូត​សហរដ្ឋ​អាមេរិក​ប្រចាំ​កម្ពុជា លើកឡើង​ថា ក្នុង​ជំនួប​នេះ គណៈប្រតិភូ​សហរដ្ឋ​អាមេរិក​បាន​ពិភាក្សា​អំពី​ទំនាក់ទំនង​សហរដ្ឋ​អាមេរិក-កម្ពុជា និង​សន្តិសុខ​ក្នុង​តំបន់​បន្ថែម​ទៀត ដោយ​សង្កត់​ធ្ងន់​លើ​ការ​ប្ដេជ្ញា​ចិត្ត​ដ៏​យូរអង្វែង​របស់​សហរដ្ឋ​អាមេរិក​ចំពោះ​ប្រជាជន​កម្ពុជា និង​បំណង​ប្រាថ្នា​របស់​ពួកគេ​សម្រាប់​ប្រទេស​ដែល​មាន​វិបុលភាព ប្រជាធិបតេយ្យ និង​ឯករាជ្យ ដែល​គ្រប់​សំឡេង​របស់​ម្ចាស់​ឆ្នោត​ត្រូវ​បាន​ស្តាប់ និង​គោរព​ដោយ​ម៉ឺងម៉ាត់។

ការ​ស្នើសុំ​ឱ្យ​ដោះលែង​ប្រធាន​គណបក្ស​សង្គ្រោះ​ជាតិ និង​សកម្មជន​សិទ្ធិមនុស្ស​នេះ ធ្វើឡើង​បន្ទាប់ពី​ពួកគេ​ត្រូវ​បាន​ចោទប្រកាន់ និង​ផ្ដន្ទាទោស​ដាក់​ពន្ធនាគារ​ទាំង​អយុត្តិធម៌​សព្វថ្ងៃ​នេះ។

នៅ​ថ្ងៃទី​២៩ ខែ​សីហា ឆ្នាំ​២០២៣ នេះ នាយករដ្ឋមន្ត្រី​ថ្មី​របស់​កម្ពុជា​លោក ហ៊ុន ម៉ាណែត លើកឡើង​ក្នុង​ពិធី​ជួប​ជាមួយ​កម្មករ​នៅ​តំបន់​ព្រៃស្ពឺ រាជធានី​ភ្នំពេញ​ថា ក្នុង​ពិធី​ជំនួប​ពិភាក្សា​រវាង​លោក​ជាមួយ​ប្រតិភូ​អាមេរិក​កាលពី​ថ្ងៃ​ចន្ទ គឺ​បង្ហាញ​យ៉ាង​ច្បាស់​ថា អាមេរិក​បាន​ទទួលស្គាល់​រាជរដ្ឋាភិបាល​ថ្មី​របស់​លោក​រួច​ហើយ ប៉ុន្តែ​លោក ហ៊ុន ម៉ាណែត មិន​បាន​លើកឡើង​ពី​សំណូមពរ​របស់​អាមេរិក​ឱ្យ​ដោះលែង​ប្រធាន​គណបក្ស​សង្គ្រោះ​ជាតិ​លោក កឹម សុខា និង​សកម្មជន​សិទ្ធិមនុស្ស​កញ្ញា សេង ធារី នោះ​ទេ។

កាលពី​ថ្ងៃទី​៣ ខែ​មីនា ឆ្នាំ​២០២៣ សាលាដំបូង​រាជធានី​ភ្នំពេញ​បាន​ប្រកាស​សាលក្រម​សម្រេច​ផ្ដន្ទាទោស​លោក កឹម សុខា ប្រធាន​អតីត​គណបក្ស​សង្គ្រោះ​ជាតិ​ឲ្យ​ជាប់​ពន្ធនាគារ​រយៈពេល ២៧​ឆ្នាំ ដោយ​ឃុំ​ខ្លួន​នៅ​ក្នុង​ផ្ទះ និង​មិន​អនុញ្ញាត​ឱ្យ​ជួប​ជាមួយ​អ្នក​ដទៃ​ក្រៅពី​សាច់ញាតិ​ឡើយ ព្រមទាំង​ត្រូវ​ដកហូត​សិទ្ធិ​មិន​ឲ្យ​ធ្វើ​នយោបាយ​អស់​មួយ​ជីវិត​ថែម​ទៀត។

ចំណែក​សកម្មជន​សិទ្ធិមនុស្ស​សញ្ជាតិ​ខ្មែរ-អាមេរិកាំង កញ្ញា សេង ធារី ត្រូវ​សាលាដំបូង​រាជធានី​ភ្នំពេញ​ផ្ដន្ទាទោស​ដាក់​ពន្ធនាគារ​ទាំង​អយុត្តិធម៌​រយៈពេល ៦​ឆ្នាំ​ផង​ដែរ កាលពី​ថ្ងៃទី​១៤ ខែ​មិថុនា ឆ្នាំ​២០២២ កន្លងទៅ ពី​បទ​រួម​គំនិត​ក្បត់ និង​បទ​ញុះញង់​ឲ្យ​មាន​ភាព​វឹកវរ​ធ្ងន់ធ្ងរ​ដល់​សន្តិសុខ​សង្គម ទាក់ទង​នឹង​ផែនការ​មាតុភូមិ​និវត្តន៍​មិន​ជោគជ័យ​របស់​លោក សម រង្ស៊ី កាលពី​ចុង​ឆ្នាំ​២០១៩។

ដោយឡែក​សកម្មជន​នយោបាយ សកម្មជន​បរិស្ថាន សកម្មជន​សិទ្ធិមនុស្ស សកម្មជន​ដីធ្លី​ជាច្រើន​នាក់​ផ្សេង​ទៀត ក៏​ត្រូវ​រង​នូវ​ការ​ចោទប្រកាន់ និង​ចាប់​ឃុំ​ខ្លួន​ទាំង​អយុត្តិធម៌​ដែរ ក្នុង​នោះ​មាន​សកម្មជន​នយោបាយ និង​សកម្មជន​សង្គម​ខ្លះ​ដើម្បី​រួច​ខ្លួន​ពី​ការ​ចោទប្រកាន់​ទាំង​អយុត្តិធម៌​នេះ ពួកគេ​សុខចិត្ត​នាំគ្នា​ចុះចូល​ជាមួយ​បក្ស​កាន់​អំណាច​ដើម្បី​មាន​ឱកាស​ទទួល​បាន​សេរីភាព​ឡើងវិញ។

អតីត​អ្នកទោស​នយោបាយ និង​ជា​មន្ត្រី​ជាន់ខ្ពស់​គណបក្ស​សង្គ្រោះ​ជាតិ​លោក មាជ សុវណ្ណារ៉ា ប្រាប់​សារព័ត៌មាន The Cambodia Daily នៅ​ថ្ងៃទី​២៩ សីហា នេះ​ថា ការ​ស្នើសុំ​របស់​គណៈកម្មាធិការ​បែងចែក​ថវិកា​ជាតិ​នៃ​ព្រឹទ្ធសភា​អាមេរិក​នេះ គឺជា​រឿង​ល្អ​បំផុត​សម្រាប់​កម្ពុជា ព្រោះ​ថា​ពួកគេ​នឹង​ធ្វើ​របាយការណ៍​ជូន​រដ្ឋាភិបាល​សហរដ្ឋ​អាមេរិក​ដែល​ជា​មូលដ្ឋាន​ពិចារណា​មួយ​សម្រាប់​ព្រឹទ្ធសភា និង​រដ្ឋសភា​អាមេរិក ក្នុង​ការ​ផ្តល់​ការ​អនុគ្រោះ​សេដ្ឋកិច្ច​ពាណិជ្ជកម្ម និង​ការ​អនុគ្រោះ​ពន្ធ​ផ្សេងៗ​សម្រាប់​រដ្ឋាភិបាល​ថ្មី​របស់​កម្ពុជា​ទៅ​ថ្ងៃ​មុខ។

លោក មាជ សុវណ្ណារ៉ា លើកឡើង​ថា អ្វីៗ​ដែល​ពួកគេ​ស្នើសុំ​នេះ​មិនមែន​ជា​ការ​ជ្រៀតជ្រែក​កិច្ចការ​ផ្ទៃក្នុង​របស់​កម្ពុជា​ទេ ប៉ុន្តែ​ជា​កាតព្វកិច្ច​ដែល​មាន​ចែង​ក្នុង​កិច្ចព្រមព្រៀង​សន្តិភាព​ទីក្រុង​ប៉ារីស​ឆ្នាំ​១៩៩១ ដើម្បី​ជួយ​ជ្រោមជ្រែង​កម្ពុជា​ឱ្យ​ប្រសើរ​ឡើង​ទាំង​សេដ្ឋកិច្ច នយោបាយ សិទ្ធិមនុស្ស និង​ប្រជាធិបតេយ្យ​ដូច​ដែល​មាន​ចែង​ក្នុង​រដ្ឋធម្មនុញ្ញ​របស់​កម្ពុជា។

មន្ត្រី​ជាន់ខ្ពស់​គណបក្ស​សង្គ្រោះ​ជាតិ​រូប​នេះ​បញ្ជាក់​ថា ចំណែក​កម្ពុជា​ខ្លួនឯង​ក៏​ត្រូវ​អនុវត្ត​ឱ្យ​បាន​ត្រឹមត្រូវ​តាម​ស្មារតី​នៃ​កិច្ចសន្យា​អន្តរជាតិ​នេះ​ដែរ ព្រោះ​ថា​ការ​ឃុំ​ខ្លួន​ប្រធាន​គណបក្ស​សង្គ្រោះ​ជាតិ​លោក កឹម សុខា ការ​ឃុំ​ខ្លួន​សកម្មជន​សិទ្ធិមនុស្ស​កញ្ញា សេង ធារី (សេង ចន្ទធារី) និង​ការ​ឃុំ​ខ្លួន​សកម្មជន​សង្គម​ដទៃ​ទៀត ត្រូវ​គេ​មើល​ឃើញ​ថា​គឺជា​ការ​អនុវត្ត​ផ្ទុយ​ស្រឡះ​ពី​សិទ្ធិ​នយោបាយ និង​សិទ្ធិ​មូលដ្ឋាន​របស់​ពលរដ្ឋ​ដែល​មាន​ចែង​ក្នុង​រដ្ឋធម្មនុញ្ញ និង​កិច្ចព្រមព្រៀង​សន្តិភាព​ទីក្រុង​ប៉ារីស។

ប្រទេស​សេរី​ប្រជាធិបតេយ្យ​ជាច្រើន ដូចជា​អាល្លឺម៉ង់ បារាំង អង់គ្លេស និង​អូស្ត្រាលី ជាដើម បាន​សម្ដែង​ការ​ខកចិត្ត​យ៉ាង​ខ្លាំង​នៅ​ក្រោយ​ការ​បោះឆ្នោត​កាលពី​ថ្ងៃទី​២៣ ខែ​កក្កដា ឆ្នាំ​២០២៣ កន្លងទៅ ដោយសារតែ​ពួកគេ​មើល​ឃើញ​ថា​ការ​បោះឆ្នោត​ជ្រើសតាំង​តំណាងរាស្ត្រ​រហូត​បង្កើត​បាន​នាយករដ្ឋមន្ត្រី​ថ្មី និង​រដ្ឋាភិបាល​ថ្មី​នៅ​ពេល​នេះ គឺ​ប្រព្រឹត្ត​ទៅ​ដោយ​អវត្តមាន​គណបក្ស​ប្រឆាំង​ដែល​ធ្វើ​ឱ្យ​ប៉ះពាល់​ដល់​ពហុ​និយម​នៃ​ដំណើរការ​នៃ​ការ​បោះឆ្នោត​យ៉ាង​ធ្ងន់ធ្ងរ ក្នុង​នោះ​សហរដ្ឋ​អាមេរិក​ក៏​បាន​ចេញ​មុខ​ប្រកាស​ដាក់​ទណ្ឌកម្ម​លើ​កម្ពុជា ព្រោះតែ​បញ្ហា​នេះ​ផង​ដែរ៕

© 2024, ខេមបូឌា ដេលី. All rights reserved. No part of this article may be reproduced in print, electronically, broadcast, rewritten or redistributed without written permission.

អត្ថបទទាក់ទង

អត្ថបទអានច្រើន

សេចក្ដីរាយការណ៍ពិសេស