33 C
Phnom Penh

ក្បាល​រាជរដ្ឋាភិបាល​កម្ពុជា​កាន់តែ​ប៉ោង​ធំ​ឡើងៗ​រៀង​រាល់​ថ្ងៃ

ដោយ ឌឹ ខេមបូឌា ដេលី

បទវិភាគ

ខណៈ​ព្រះមហាក្សត្រ​ប្រើ​អំណាច​ព្រះអង្គ​មាន​ឡាយ​ព្រះហស្តលេខា​លើ​រាជក្រឹត្យ​តែងតាំង​មន្ត្រី​ក្នុង​រដ្ឋាភិបាល​យ៉ាង​មមាញឹក អ្នក​សង្កេតការណ៍​មើល​ឃើញ​ថា ក្បាលម៉ាស៊ីន​ថ្មី​នៃ​រាជរដ្ឋាភិបាល​អាណត្តិ​ទី​៧ ដែល​ទើប​ចាប់ផ្តើម កំពុងតែ​រីក​ប៉ោង​កាន់តែ​ធំ​ឡើងៗ​ដែល​មិនទាន់​អាច​កំណត់​បាន ដោយសារតែ​ការ​តែងតាំង​ទីប្រឹក្សា និង​ជំនួយការ​បាន​កើន​ឡើង​ដល់​ជាង ១​ពាន់​នាក់។

ព្រះមហាក្សត្រ​ខ្មែរ ព្រះ​បរមនាថ នរោត្តម សីហមុនី បាន​ចេញ​ព្រះរាជក្រឹត្យ​តែងតាំង​ទីប្រឹក្សា​ក្រសួង​ព័ត៌មាន​កាលពី​ថ្ងៃទី​២៦ ខែ​សីហា ឆ្នាំ​២០២៣ ដែល​ត្រូវ​បាន​ផ្សព្វផ្សាយ​កាលពី​ថ្ងៃ​អង្គារ ទី​២៩ សីហា មាន​ចំនួន ៤១៥​នាក់ ហើយ​នៅ​ថ្ងៃ​ដដែល​នោះ ព្រះអង្គ​ក៏​បាន​ចេញ​ព្រះរាជក្រឹត្យ​ផ្តល់​ឋានៈ​ជា​ទីប្រឹក្សា និង​ជំនួយការ​ដល់​ទីស្ដីការ​គណៈរដ្ឋមន្ត្រី​ចំនួន ៩៧​នាក់​ថែម​ទៀត។

លើស​ពី​នេះ ព្រះអង្គ​ក៏​បាន​ផ្តល់​ឋានៈ​ជា​ទីប្រឹក្សា​ដល់​ក្រសួង​វិទ្យាសាស្ត្រ​បច្ចេកវិទ្យា ៥៩​នាក់ និង​តែងតាំង​ទីប្រឹក្សា​ដល់​ក្រសួង​មុខងារ​សាធារណៈ ១៥​នាក់ ព្រមទាំង​តែងតាំង​ទីប្រឹក្សា​ដល់​នាយករង​ខុទ្ទកាល័យ​ប្រធាន​រដ្ឋសភា​ចំនួន ៧​នាក់​ផង​ដែរ។

ក្រៅពី​ផ្តល់​ឋានៈ​ដល់​ក្រសួង​ស្ថាប័ន​ខាងលើ ព្រះអង្គ​ក៏​បាន​ចេញ​ព្រះរាជក្រឹត្យ​នៅ​ថ្ងៃទី​២៦ សីហា ដោយ​ត្រាស់​បង្គាប់​ផ្តល់​ឋានៈ​ជា​ទីប្រឹក្សា និង​ជំនួយការ​ដល់​រដ្ឋលេខាធិការដ្ឋាន​អាកាសចរណ៍​ស៊ីវិល​ចំនួន ៤២​នាក់​បន្ថែម​ទៀត។ ទន្ទឹម​នឹង​នេះ ទ្រង់​ក៏​បាន​ត្រាស់​បង្គាប់​ផ្តល់​ឋានៈ​ជា​ទីប្រឹក្សា​ដល់​ប្រធាន​រដ្ឋសភា​ជាតិ​ចំនួន ៤៦​នាក់​ដែរ។

ខណៈ​ទីប្រឹក្សា​រាជរដ្ឋាភិបាល​ក៏​ត្រូវ​បាន​តែងតាំង​កាលពី​ថ្ងៃទី​២៦ សីហា ចំនួន ៣៦៣​នាក់ និង​ទីប្រឹក្សា រួម​ទាំង​ជំនួយការ​នាយករដ្ឋមន្ត្រី​ផ្ទាល់​ចំនួន ១៧៤​នាក់ ក៏​ត្រូវ​បាន​តែងតាំង​កាលពី​ថ្ងៃទី​២៤ សីហា កន្លង​ទៅ​នោះ ដូច្នេះ​ចំនួន​ទីប្រឹក្សា និង​ជំនួយការ​ដែល​ត្រូវ​បាន​តែងតាំង​គិត​ត្រឹម​ថ្ងៃទី​៣០ ខែ​សីហា នេះ​មាន​ចំនួន​ជាង ១២០០​នាក់​ហើយ (១២១៨​នាក់) ដែល​គេ​មើល​ឃើញ​ថា​ក្បាល​រដ្ឋាភិបាល​ថ្មី​នេះ​កំពុង​រីក​ប៉ោង​ដូច​មហារីក​កាន់តែ​ធំ​ឡើង​ហួស​កម្រិត។

ការ​ផ្តល់​ឋានៈ​ជា​ទីប្រឹក្សា និង​ជំនួយការ​សម្រាប់​រដ្ឋាភិបាល​អាណត្តិ​ទី​៧ នេះ ត្រូវ​គេ​មើល​ឃើញ​កំពុង​ធ្វើ​ឱ្យ​រដ្ឋាភិបាល​ថ្មី​នេះ​ក្បាល​កាន់តែ​ធំ ខ្លួន​កាន់តែ​តូច ដែល​ជា​មូលហេតុ​នាំ​ទៅ​រក​ការ​បំផ្លាញ​ថវិកា​ជាតិ​កាន់តែ​ធ្ងន់ធ្ងរ។

តំណាងរាស្ត្រ​អតីត​គណបក្ស​សង្គ្រោះ​ជាតិ​លោក អ៊ុំ សំអាន បាន​សរសេរ​លើ​គណនី​ហ្វេសប៊ុក​របស់​លោក​កាលពី​ថ្ងៃទី​២៩ សីហា ថា ទីប្រឹក្សា និង​ជំនួយការ នឹង​ត្រូវ​តែងតាំង​ជា​បន្តបន្ទាប់​ទៀត​តាម​ក្រសួង និង​ស្ថាប័ន​នីមួយៗ ហើយ​រដ្ឋាភិបាល​ក្បាល​ធំ​អាណត្តិ​ថ្មី​នេះ នឹង​រក​យុទ្ធសាស្ត្រ​ប្រមូល​លុយ​ពី​ប្រជាពលរដ្ឋ ដូចជា​ការ​ដំឡើង​ពន្ធ​បន្ថែម​ទៀត ជាដើម ដើម្បី​បង្គ្រប់​ការ​ចំណាយ​លើ​ប្រាក់បៀវត្ស​នៃ​ចំនួន​សមាជិក​រដ្ឋាភិបាល​ដ៏​ច្រើន​លើសលប់​នេះ។

ចំណែក​អ្នក​ប្រឹក្សា​យោបល់​ផ្នែក​អភិវឌ្ឍ​ផ្នត់គំនិត និង​ការ​ស្រាវជ្រាវ លោក សេក សុជាតិ ប្រាប់​សារព័ត៌មាន The Cambodia Daily នៅ​ថ្ងៃទី​៣០ សីហា នេះ​ថា ការ​តែងតាំង​ទីប្រឹក្សា​សម្រាប់​មន្ត្រី​រដ្ឋាភិបាល គឺ​គ្មាន​បញ្ហា​ទេ បើ​ទីប្រឹក្សា​ទាំងនោះ​មាន​ចំណេះដឹង​សមស្រប​នឹង​ក្រសួង​ដែល​ពួកគេ​ត្រូវ​បាន​តែងតាំង​នោះ ប៉ុន្តែ​ជាក់ស្តែង មាន​ទីប្រឹក្សា​ខ្លះ​ត្រូវ​បាន​តែងតាំង​ដោយ​គ្មាន​កន្លែង​ធ្វើការ រួម​ទាំង​សមត្ថភាព​របស់​ពួកគេ​ក៏​មិន​អាច​បម្រើ​ការងារ​ក្នុង​ក្រសួង ឬ​ស្ថាប័ន​នោះ​បាន​ទៅវិញ ដែល​បញ្ហា​នេះ​ជា​សញ្ញា​មួយ​នៃ​ការ​ប្រើ​ថវិកា​ជាតិ​ខុស​គោលដៅ​យ៉ាង​ធ្ងន់ធ្ងរ។

លោក សេក សុជាតិ លើកឡើង​ថា ថវិកា​ដែល​ប្រជាពលរដ្ឋ​បង់​ពន្ធ នឹង​ត្រូវ​បែងចែក​គ្មាន​សល់ ដូចជា​សង​បំណុល​បរទេស និង​ផ្តល់​ប្រាក់បៀវត្ស​ដល់​មន្ត្រី​រដ្ឋាភិបាល​ដែល​មិន​ចាំបាច់ ជាដើម ខណៈ​ការ​កសាង​សេដ្ឋកិច្ច និង​ការ​អភិវឌ្ឍ​ប្រទេស​ជាតិ នៅតែ​ត្រូវ​ការ​ខ្ចី​បំណុល​ពី​បរទេស​មក​ប្រើ​ការ​ដដែល ដែល​ជា​ហេតុ​ធ្វើ​ឱ្យ​ប្រទេស​កម្ពុជា​ខ្វះខាត​ចំណូល​សម្រាប់​ផែនការ​ចំណាយ​របស់​ខ្លួន​ទៅ​ថ្ងៃ​មុខ​បន្ត​ទៀត ខណៈ​បំណុល​បរទេស​នៅតែ​បន្ត​ជំពាក់​គេ​ដដែល។

ការ​តែងតាំង​ជំនួយការ និង​ទីប្រឹក្សា​តាម​ក្រសួង​ស្ថាប័ន និង​សម្រាប់​មន្ត្រី​ជាន់ខ្ពស់​រដ្ឋាភិបាល ទើប​តែ​ត្រូវ​បាន​ធ្វើឡើង​បាន​មួយ​ចំនួន​តូច​ប៉ុណ្ណោះ ខណៈ​ទីប្រឹក្សា និង​ជំនួយការ​របស់​ឧបនាយករដ្ឋមន្ត្រី ទេសរដ្ឋមន្ត្រី រដ្ឋមន្ត្រី និង​ទីប្រឹក្សា ជំនួយការ​អម​ក្រសួង​ស្ថាប័ន​ទាំង ៣០ នឹង​ត្រូវ​តែងតាំង​បន្ត​ទៀត ដែល​គេ​រំពឹង​ថា​សរុប​សមាជិក​ក្បាលម៉ាស៊ីន​ដឹកនាំ​រដ្ឋាភិបាល​ថ្មី​នេះ​នឹង​មាន​ចំនួន​មិន​តិច​ជាង ១​ម៉ឺន​នាក់​នោះ​ទេ។

ចាប់តាំងពី​ថ្ងៃ​ប្រកាស​តែងតាំង​សមាសភាព​រដ្ឋាភិបាល​ថ្មី កាលពី​ថ្ងៃទី​២២ សីហា មក ព្រះមហាក្សត្រ​បាន​ចេញ​ព្រះរាជក្រឹត្យ​តែងតាំង​សមាសភាព​រដ្ឋាភិបាល​ថ្មី​នេះ​ជា​បន្តបន្ទាប់ ក្នុង​នោះ​រួម​មាន​នាយករដ្ឋមន្ត្រី ១​នាក់ ឧបនាយករដ្ឋមន្ត្រី ១០​នាក់ ទេសរដ្ឋមន្ត្រី ២១​នាក់ និង​រដ្ឋមន្ត្រី ៣០​នាក់​ផង​ដែរ។

ក្រៅពី​នេះ​ទៀត ក៏​មាន​ការ​តែងតាំង​មន្ត្រី​ខុទ្ទកាល័យ​ចំនួន ២៤​នាក់ ក្រុម​អ្នក​ពិធីការ​នាយករដ្ឋមន្ត្រី​ចំនួន ៥​នាក់ ប្រតិភូ​អម​នាយករដ្ឋមន្ត្រី​ចំនួន ២៩​នាក់ រដ្ឋលេខាធិការ និង​អនុរដ្ឋលេខាធិការ​តាម​ក្រសួង​ស្ថាប័ន​ជាង ១​ពាន់​នាក់​ថែម​ទៀត (១៤២៦​នាក់) ដែល​ជា​តួលេខ​មួយ​បង្ហាញ​ថា សមាជិក​រដ្ឋាភិបាល​កម្ពុជា​ថ្មី​នេះ​មាន​ទំហំ​ធំ​ហួសហេតុ បើ​ប្រៀប​ធៀ​នឹង​ប្រទេស​ជិតខាង​ដែល​មាន​ប្រជាជន​លើ​កម្ពុជា ៣ ទៅ ៤​ដង ប៉ុន្តែ​សមាជិក​រដ្ឋាភិបាល​របស់​ពួកគេ​មាន​ចំនួន​តិច​ជាង​រដ្ឋាភិបាល​ខ្មែរ ២ ទៅ ៣​ដង ដូចជា​ប្រទេស​វៀតណាម និង​ប្រទេស​អូស្ត្រាលី ជាដើម។

ពលរដ្ឋ​ខ្មែរ​ខ្លះ​សួរ​ដោយ​ចម្ងល់​ថា ប្រទេស​តូច ពលរដ្ឋ​តិច សេដ្ឋកិច្ច​មិន​ជឿនលឿន ហើយ​បើ​កន្លែង​នីមួយៗ​មាន​ទីប្រឹក្សា ជំនួយការ​ច្រើន​ម្ល៉ឹងៗ តើ​មកពី​ក្រសួង​គ្មាន​សមត្ថភាព​ធ្វើការ ឬ​ដូចម្តេច?៕

© 2024, ខេមបូឌា ដេលី. All rights reserved. No part of this article may be reproduced in print, electronically, broadcast, rewritten or redistributed without written permission.

អត្ថបទទាក់ទង

អត្ថបទអានច្រើន

សេចក្ដីរាយការណ៍ពិសេស