31 C
Phnom Penh

ប្រធានាធិបតី ចូ បៃដិន ធ្វើ​ទស្សនកិច្ច​នៅ​ឥណ្ឌា វៀតណាម តែ​មិន​ចូល​កម្ពុជា​ទេ

ដោយ ឌឹ ខេមបូឌា ដេលី

បទវិភាគ

ប្រធានាធិបតី​សហរដ្ឋ​អាមេរិក លោក ចូ បៃដិន នឹង​ធ្វើ​ទស្សនកិច្ច​ទៅ​កាន់​ប្រទេស​វៀតណាម ក្នុង​ខែ​កញ្ញា ខាងមុខ​នេះ ដើម្បី​ជួប​ពិភាក្សា​ជាមួយ​មន្ត្រី​កំពូលៗ​វៀតណាម ដែល​គេ​មើល​ឃើញ​ថា​ក្រុង​វ៉ាស៊ីនតោន កាន់តែ​ឈោង​ដៃ​ចាប់​កាន់តែ​ជ្រៅ​ជាមួយ​ប្រទេស​មួយ​មាន​ព្រំដែន​ជាប់​ចិន។

តាម​ការ​ចុះផ្សាយ​របស់​ទីភ្នាក់ងារ​សារព័ត៌មាន AFP ទស្សនកិច្ច​របស់​លោក បៃដិន នៅ​វៀតណាម ផ្ដោត​លើ​ប្រធានបទ​សំខាន់ៗ រួម​មាន​បច្ចេកវិទ្យា និង​សេដ្ឋកិច្ច ស្ថិរភាព​តំបន់ និង​បញ្ហា​បម្រែបម្រួល​អាកាសធាតុ។

ប៉ុន្តែ​អ្នក​សង្កេតការណ៍​មើល​ឃើញ​ថា លោក បៃដិន ដែល​សម្រេច​ទៅ​ជួប​មេដឹកនាំ​កំពូលៗ​វៀតណាម នៅ​ក្រុង​ហាណូយ ចំ​ពេល​ដែល​ទីក្រុង​វ៉ាស៊ីនតោន កំពុង​ស្វះស្វែង​បង្កើន​ទំនាក់ទំនង​កាន់តែ​ជិតស្និទ្ធ​ថែម​ទៀត​ជាមួយ​ប្រទេស​ធំ​មួយ​ក្នុង​តំបន់​អាស៊ី​អាគ្នេយ៍ សំដៅ​ពង្រឹង​ប្រទេស​នេះ​ទប់ទល់​នឹង​ឥទ្ធិពល​ចិន។

តាម​សេចក្ដី​ប្រកាស​ព័ត៌មាន​ពី​សេតវិមាន លោក បៃដិន នឹង​ជួប​ជាមួយ​អគ្គលេខាធិការ​គណបក្ស​កុម្មុយនីស្ត​វៀតណាម លោក Nguyen Phu Trong និង​មេដឹកនាំ​ជាន់ខ្ពស់​វៀតណាម​ដទៃ​ទៀត​នៅ​រដ្ឋធានី​ហាណូយ នៅ​ថ្ងៃទី​១០ ខែ​កញ្ញា ខាងមុខ​នេះ មុន​ពេល​លោក​បន្ត​ដំណើរ​ទៅ​កាន់​រដ្ឋ Alaska សហរដ្ឋ​អាមេរិក ដើម្បី​ចូលរួម​ទិវា​រំឭក​ខួប​ការ​វាយប្រហារ​ភេរវកម្ម​នៅ​ថ្ងៃទី​១១ ខែ​កញ្ញា ឆ្នាំ​២០០១ ទៅ​លើ​អគារ​ភ្លោះ​ក្នុង​ក្រុង​ញ៉ីវយ៉ក។

ទីក្រុង​វ៉ាស៊ីនតោន ត្រូវ​គេ​មើល​ឃើញ​ថា​មាន​បំណង​កាន់តែ​ខ្លាំង​ក្នុង​ការ​បង្កើន​ទំនាក់ទំនង​ជាមួយ​រដ្ឋាភិបាល​ក្រុង​ហាណូយ ដោយ​ចាត់ទុក​ប្រទេស​នេះ​ថា​ជា​ដៃគូ​ដ៏​សំខាន់​នៅ​ក្នុង​តំបន់ ចំ​ពេល​ដែល​ទំនាក់ទំនង​រវាង​សហរដ្ឋ​អាមេរិក និង​ប្រទេស​ចិន កំពុង​មាន​ភាព​ល្អក់កករ​កាន់តែ​ខ្លាំង។ ទន្ទឹម​នឹង​នេះ​ដែរ ប្រទេស​វៀតណាម ក៏​កំពុង​ប្រឈមមុខ​នឹង​ប្រទេស​ចិន​ក្បែរ​ខាង​របស់​ខ្លួន ដែល​ចិន​កាន់តែ​បង្ហាញ​សកម្មភាព​គឃ្លើន​រំលោភ​ដែនទឹក​វៀតណាម នៅ​សមុទ្រ​ចិន​ខាងត្បូង។

សារព័ត៌មាន​បស្ចិម​ប្រទេស ដូចជា Yahoo News, Bloomberg News ជាដើម និយាយ​ថា សេដ្ឋកិច្ច​វៀតណាម បាន​ធ្លាក់​ចុះ​រយៈពេល ៦​ខែ​ចុងក្រោយ​ជាប់ៗ​គ្នា ព្រោះ​តែ​ទំនិញ​នាំចេញ​ធ្លាក់​ចុះ​បរិមាណ​ដោយសារ​សេដ្ឋកិច្ច​ចិន​មាន​ឱនភាព។

ក្នុង​ពេល​ស្ថិត​ក្នុង​រដ្ឋធានី​ហាណូយ លោក បៃដិន និង​មន្ត្រី​វៀតណាម នឹង​ពិភាក្សា​គ្នា​អំពី​ការ​ពង្រឹង​ចំណង​ទាក់ទង​រវាង​ប្រទេស​ទាំង​ពីរ ក៏ដូចជា​ការ​ជំរុញ​នូវ​កិច្ច​សហប្រតិបត្តិការ​សេដ្ឋកិច្ច​ជាមួយ​វៀតណាម ដោយ​ផ្អែកលើ​ស្ថានភាព​ជាក់ស្ដែង​នៃ​ស្ថិរភាព​តំបន់។

ក្រសួង​ការបរទេស​វៀតណាម បាន​ប្រកាស​ថា ជំនួប​កំពូល​របស់​មេដឹកនាំ​វៀតណាម និង​លោក បៃដិន នឹង​នាំ​មក​នូវ​ការ​ពង្រឹង​ទំនាក់ទំនង​រវាង​ប្រទេស​ទាំង​ពីរ​កាន់តែ​ស៊ីជម្រៅ​ថែម​ទៀត។

លោក បៃដិន ត្រូវ​ធ្វើ​ដំណើរ​ទៅ​ដល់​ប្រទេស​វៀតណាម ក្រោយពី​ដំណើរ​ទស្សនកិច្ច​របស់​លោក​នៅ​ប្រទេស​ឥណ្ឌា ពី​ថ្ងៃ​ទី​៧ ដល់​ថ្ងៃទី​១០ ខែ​កញ្ញា ដើម្បី​ចូលរួម​កិច្ចប្រជុំ​កំពូល​នៃ​ក្រុម​ប្រទេស G-20 ដែល​មាន​សេដ្ឋកិច្ច​រីកចម្រើន ត្រូវ​ប្រជុំ​គ្នា​លើ​ទឹកដី​អាស៊ី​ខាងត្បូង​មួយ​នេះ។

ទោះបីជា​យ៉ាងនេះ​ក្តី បើ​តាម​ការ​ចុះផ្សាយ​របស់​ទីភ្នាក់ងារ​សារព័ត៌មាន Reuters លោក បៃដិន នឹង​មិន​ចូលរួម​កិច្ចប្រជុំ​អាស៊ាន​នៅ​ដើម​ខែ​កញ្ញា នោះ​ទេ។ លោក បៃដិន បាន​ចាត់តាំង​ឱ្យ​អនុ​ប្រធានាធិបតី​របស់​លោក គឺ​អ្នកស្រី Kamala Harris ចូលរួម​ប្រជុំ​ជំនួស​វិញ។ ជំនួប​មេដឹកនាំ​អាស៊ាន​នៅ​ឆ្នាំ​នេះ​ជាមួយ​សហរដ្ឋ​អាមេរិក មាន​អ្នកស្រី Kamala Harris ជា​តំណាង។ ចំណែកឯ​ប្រទេស​កម្ពុជា ជា​សមាជិក​អាស៊ាន​មួយ​ដែរ នឹង​តំណាង​ដោយ​លោក ហ៊ុន ម៉ាណែត កូនប្រុស​របស់​លោក ហ៊ុន សែន ដែល​ទើប​តែងតាំង​ជា​នាយករដ្ឋមន្ត្រី​ជំនួស​ឪពុក​របស់​ខ្លួន ត្រូវ​គេ​រំពឹង​ថា​នឹង​មាន​វត្តមាន​ក្នុង​ជំនួប​អាស៊ាន-អាមេរិក។

ទោះជា​យ៉ាងណា​ក៏ដោយ វត្តមាន​របស់​លោក ចូ បៃដិន មេដឹកនាំ​សហរដ្ឋ​អាមេរិក​នៅ​ប្រទេស​វៀតណាម ជា​ប្រទេស​មួយ​ជាប់​នឹង​កម្ពុជា បែរ​មិន​មក​កម្ពុជា គឺជា​រឿង​មិន​ចម្លែក​អ្វី​ទេ ដែល​គេ​ថា​មេដឹកនាំ​ក្រុង​វ៉ាស៊ីនតោន ច្រើន​តែ​មើល​រំលង​ប្រទេស​កម្ពុជា ហើយ​ហួស​ទៅ​ប្រទេស​វៀតណាម ហ្វីលីពីន សិង្ហបុរី ឬ​ឥណ្ឌូនេស៊ី។

កាលពី​ថ្ងៃទី​២៧ ខែ​កក្កដា សារព័ត៌មាន Asia Times បាន​ចុះផ្សាយ​សេចក្តី​រាយការណ៍​ស៊ើបអង្កេត​របស់​ខ្លួន​ពាក់ព័ន្ធ​នឹង​មូលដ្ឋាន​ទ័ព​ជើងទឹក​នៅ​សមុទ្រ​រាម​ក្នុង​ដែនដី​ខ្មែរ ដែល​អាច​ក្លាយ​ជា​មូលដ្ឋាន​ទ័ព​ចិន ដែល​ថា​ការ​ស្ថាបនា​ប៉ម​ទឹក​ជ្រៅ​សម្រាប់​នាវា​ផ្ទុក​យន្តហោះ​ចិន សង្ស័យ​ថា​ត្រូវ​បាន​ស្ថាបនា​រួចរាល់​ហើយ។

យោង​តាម​ការ​បញ្ចេញ​រូបភាព​ដោយ​ផ្កាយរណប ហើយ​ចាប់​បាន​ដោយ​ក្រុមហ៊ុន​ផ្កាយរណប​អាមេរិក BlackSky បាន​បង្ហាញ​ពី​រូបភាព​មូលដ្ឋាន​ទ័ព​ជើងទឹក​រាម និង​ប៉ម​របស់​វា​ក៏​ស្ថាបនា​ជិត​រួច​ហើយ​ដែរ។ វា​ជា​ទម្រង់​ដូច​ប៉ម​មូលដ្ឋាន​ទ័ព​ជើងទឹក​ចិន​នៅ​ប្រទេស Djibouti ក្នុង​ទ្វីប​អាហ្វ្រិក។ ប្រទេស​កម្ពុជា ជា​ប្រទេស​ទី​១ នៅ​អាស៊ី ដែល​ត្រូវ​គេ​សង្ស័យ​ថា​នឹង​ផ្ដល់​ឱ្យ​ចិន​មាន​មូលដ្ឋាន​ទ័ព​ជើងទឹក។

តាម​កាសែត​ជប៉ុន Nikkei Asia គេ​មើល​ឃើញ​ចិន​អាច​គំរាម​ដល់​ប្រទេស​ក្នុង​តំបន់​អាស៊ាន មាន​ទាំង​ប្រទេស​វៀតណាម ផង​ដែរ បើ​ចិន​មាន​ទ័ព​របស់​ខ្លួន​នៅ​លើ​ទឹកដី​ខ្មែរ ព្រោះ​ជា​មធ្យោបាយ​មួយ​ដែល​ចិន​ពង្រីក​អានុភាព​យោធា​ក្នុង​តំបន់ ខណៈ​ជម្លោះ​ដែនទឹក​នៅ​សមុទ្រ​ចិន​ខាងត្បូង​កំពុងតែ​ឡើង​កំដៅ។

ទោះជា​យ៉ាងណា​ក្តី រាជរដ្ឋាភិបាល​កម្ពុជា​បាន​ច្រានចោល​នូវ​ការ​សង្ស័យ​របស់​សហរដ្ឋ​អាមេរិក ដោយ​ប្រកាស​ធានា​ថា មូលដ្ឋាន​ទ័ព​ឆ្នេរ​រាម​មិនមែន​ស្ថាបនា​ឡើង​ដើម្បី​តែ​កង​នាវាចរណ៍​ចិន​នោះ​ទេ គឺ​នាវា​មកពី​ប្រទេស​ណា​ក៏​ប្រទេស​កម្ពុជា​ស្វាគមន៍​ដែរ៕

© 2024, ខេមបូឌា ដេលី. All rights reserved. No part of this article may be reproduced in print, electronically, broadcast, rewritten or redistributed without written permission.

អត្ថបទទាក់ទង

អត្ថបទអានច្រើន

សេចក្ដីរាយការណ៍ពិសេស