35 C
Phnom Penh

លោក ចូ បៃដិន ប្រាប់​លោក ហ្សេឡេនស្គី ថា​ជំនួយ​សព្វាវុធ​នឹង​បញ្ជូន​ទៅ​ឱ្យ​អ៊ុយក្រែន​ឆាប់ៗ​នេះ

ដោយ ឌឹ ខេមបូឌា ដេលី

បទវិភាគ

ប្រធានាធិបតី​សហរដ្ឋ​អាមេរិក​លោក ចូ បៃដិន បាន​ប្រាប់​សមភាគី​អ៊ុយក្រែន លោក វូឡូឌីមៀរ ហ្សេឡេនស្គី ថា ទីក្រុង​វ៉ាស៊ីនតោន​ត្រូវ​ប្រញាប់​បញ្ជូន​ជំនួយ​យោធា​ថ្មីៗ​ដើម្បី​ជួយ​ទីក្រុង​គៀវ នៅ​ក្នុង​ការ​ប្រយុទ្ធ​តស៊ូ​ប្រឆាំង​នឹង​ការ​ឈ្លានពាន​របស់​រុស្ស៊ី។

លោក​ថា ជំនួយ​សព្វាវុធ​របស់​សហរដ្ឋ​អាមេរិក នឹង​ទៅ​ដល់​ប្រទេស​អ៊ុយក្រែន ឆាប់ៗ​នេះ​ហើយ។

នៅ​ក្នុង​កិច្ចសន្ទនា​តាម​ទូរសព្ទ​មួយ​កាលពី​ថ្ងៃ​ចន្ទ ទី​២២ ខែ​មេសា ដែល​ត្រូវ​បាន​ដកស្រង់​ចេញ​ផ្សាយ​ដោយ​ទីភ្នាក់ងារ​សារព័ត៌មាន AFP លោក បៃដិន ក៏​បាន​បញ្ជាក់​ឡើងវិញ​ផង​ដែរ​ពី​ការ​ប្ដេជ្ញាចិត្ត​របស់​សហរដ្ឋ​អាមេរិក​ចំពោះ​អ៊ុយក្រែន ខណៈ​ទីក្រុង​គៀវ កំពុង​ការពារ​សេរីភាព​របស់​ខ្លួន​ប្រឆាំង​នឹង​ការ​ឈ្លានពាន​ពី​រុស្ស៊ី។

បើ​តាម​លោក បៃដិន សហរដ្ឋ​អាមេរិក​នឹង​ប្រញាប់​បញ្ជូន​ជំនួយ​យោធា​ថ្មី​ទៅ​ឱ្យ​អ៊ុយក្រែន ឱ្យ​បាន​ឆាប់​តាម​ដែល​អាច​ធ្វើ​ទៅ​បាន ដើម្បី​បំពេញ​តម្រូវការ​ចាំបាច់​នៅ​លើ​សមរភូមិ និង​ការ​ការពារ​ដែនអាកាស។

រដ្ឋសភា​អាមេរិក​កាលពី​សប្ដាហ៍​មុន បាន​បោះឆ្នោត​អនុម័ត​លើ​សេចក្ដី​ព្រាង​ច្បាប់​មួយ​ស្ដីពី​កញ្ចប់​ជំនួយ​យោធា​ទំហំ​ជិត ៦១​ពាន់​លាន​ដុល្លារ​សម្រាប់​អ៊ុយក្រែន បន្ទាប់ពី​ជាប់​គាំង​អស់​រយៈពេល​ជាច្រើន​ខែ​មក​នេះ។

សេចក្ដី​ព្រាង​ច្បាប់​នេះ បាន​ធ្លាក់​ក្នុង​ដៃ​ព្រឹទ្ធសភា​ហើយ ហើយ​នៅ​ថ្ងៃទី​២៣ ខែ​មេសា នេះ ព្រឹទ្ធសភា​នឹង​បោះឆ្នោត​អនុម័ត មុន​នឹង​បញ្ជូន​ទៅ​លោក ចូ បៃដិន ចុះហត្ថលេខា​ឱ្យ​ក្លាយ​ទៅ​ជា​ច្បាប់។

នៅ​ក្នុង​កិច្ចសន្ទនា​តាម​ទូរសព្ទ លោក ហ្សេឡេនស្គី បាន​អរគុណ​ដល់​លោក បៃដិន ចំពោះ​ការ​គាំទ្រ​ឥត​ងាករេ​ដល់​ប្រជាជន​អ៊ុយក្រែន ហើយ​ក៏​បាន​ទទួលស្គាល់​ដែរ​ថា លោក បៃដិន បាន​ប្រាប់​រូបលោក​ផ្ទាល់​ថា​សហរដ្ឋ​អាមេរិក​នឹង​ប្រញាប់​បញ្ជូន​ជំនួយ​យោធា​នេះ​ភ្លាមៗ​ក្រោយពី​ព្រឹទ្ធសភា​អនុម័ត​នៅ​ថ្ងៃ​នេះ។

ជាមួយ​គ្នា​នេះ លោក ហ្សេឡេនស្គី ក៏​បាន​ឱ្យ​ដឹង​ផង​ដែរ​ថា ប្រទេស​របស់​លោក និង​សហរដ្ឋ​អាមេរិក បាន​ឈាន​ដល់​ការ​ព្រមព្រៀង​នឹង​គ្នា​ហើយ​ក្នុង​ការ​ជួយ​ផលិត​អាវុធ ដើម្បី​ឱ្យ​អ៊ុយក្រែន មាន​លទ្ធភាព​ទិញ​អាវុធ​របស់​ក្រុមហ៊ុន​ផលិត​អាវុធ​របស់​សហរដ្ឋ​អាមេរិក។

តាម​ប្រធានាធិបតី​អ៊ុយក្រែន រូប​នេះ កិច្ចព្រមព្រៀង​នេះ​ក៏​មាន​បញ្ជាក់​ពី​ការ​បញ្ជូន​គ្រាប់​មីស៊ីល​រយៈ​ចម្ងាយ​ឆ្ងាយ ATACMS សម្រាប់​ជួយ​អ៊ុយក្រែន ប្រយុទ្ធ​វាយបក​ចំពោះ​ការ​ឈ្លានពាន​របស់​រុស្ស៊ី។

នៅ​ក្នុង​ការ​ថ្លែង​មួយ​តាម​វីដេអូ​កាលពី​ថ្ងៃ​ចន្ទ ដែល​ជា​សេចក្ដី​ថ្លែងការណ៍​ប្រចាំ​ថ្ងៃ លោក ហ្សេឡេនស្គី ជឿជាក់​ថា ជំនួយ​យោធា​របស់​សហរដ្ឋ​អាមេរិក និង​ជំនួយ​របស់​ប្រទេស​សម្ព័ន្ធមិត្ត អាច​នឹង​ធ្វើ​ឱ្យ​អ៊ុយក្រែន គ្រប់គ្រង​បាន​ការ​វាយលុក​របស់​កងទ័ព​រុស្ស៊ី ហើយ​អាច​នឹង​រុញ​ទ័ព​រុស្ស៊ី ចេញពី​ទឹកដី​អ៊ុយក្រែន ទៀត​ផង។

កញ្ចប់​ថវិកា​ជំនួយ​ដែល​សភា​អាមេរិក​យល់ព្រម​អនុម័ត​កាលពី​ថ្ងៃទី​២០ ខែ​មេសា មាន​ទំហំ​សរុប​រហូត​ដល់ ៩៥​ពាន់​លាន​ដុល្លារ។ ក្នុង​ចំណោម​ថវិកា​ជំនួយ ៩៥​ពាន់​លាន​ដុល្លារ​នោះ ៦០​ពាន់ ៨៤០​លាន​ដុល្លារ នឹង​ត្រូវ​ផ្ដោត​ទៅ​លើ​វិបត្តិ​សង្គ្រាម​នៅ​អ៊ុយក្រែន ជា​ចម្បង ក្នុង​នោះ ២៣​ពាន់​លាន​ដុល្លារ​សម្រាប់​បំពេញ​អាវុធ​របស់​យោធា​អាមេរិក​ឡើងវិញ។ ថវិកា ២៦​ពាន់​លាន​ដុល្លារ​សម្រាប់​វិបត្តិ​សង្គ្រាម​អ៊ីស្រាអែល និង​ក្រុម​ហាម៉ាស ក្នុង​នោះ ៩​ពាន់ ១០០​លាន​ដុល្លារ​សម្រាប់​តម្រូវការ​ផ្នែក​មនុស្សធម៌ និង ៨​ពាន់ ១២០​លាន​ដុល្លារ​សម្រាប់​តំបន់​ឥណ្ឌូ-ប៉ាស៊ីហ្វិក ក្នុង​នោះ​រួម​មាន​ទាំង​សម្រាប់​កោះ​តៃវ៉ាន់។

សហរដ្ឋ​អាមេរិក គឺជា​អ្នក​ផ្ដល់​សព្វាវុធ​ដ៏​ធំ​បំផុត​សម្រាប់​ប្រទេស​អ៊ុយក្រែន នៅ​ក្នុង​សង្គ្រាម​ប្រឆាំង​ការ​ឈ្លានពាន​របស់​រុស្ស៊ី ដែល​បាន​ផ្ទុះឡើង​ចាប់​តាំងតែ​ពី​ខែ​កុម្ភៈ ឆ្នាំ​២០២២ មក។ ជាមួយ​គ្នា​នេះ នាយករដ្ឋមន្ត្រី​អង់គ្លេស Rishi Sunak បាន​ប្រកាស​កញ្ចប់​ជំនួយ​យោធា ៦២០​លាន​ដុល្លារ​ដែល​ជា​ជំនួយ​បន្ទាន់​សម្រាប់​ជួយ​ប្រទេស​អ៊ុយក្រែន។

នាយករដ្ឋមន្ត្រី​អង់គ្លេស បាន​បញ្ជាក់​ដូចនេះ​នៅ​ចំពោះមុខ​នាយករដ្ឋមន្ត្រី​ប៉ូឡូញ ដែល​លោក​ទៅ​ប្រទេស​ប៉ូឡូញ ដើម្បី​ពិភាក្សា​អំពី​ស្ថានភាព​សង្គ្រាម​នៅ​អ៊ុយក្រែន និង​ផែនការ​បន្ត​ផ្ដល់​ជំនួយ​យោធា​ទៅ​ឱ្យ​អ៊ុយក្រែន។ នៅ​ក្នុង​ទីក្រុង​វ៉ាស៊ូវី លោក Rishi Sunak ក៏​បាន​ជួប​អគ្គលេខាធិការ​យោធា​ណាតូ Jens Stoltenberg ផង​ដែរ។

ក្រោយ​ចេញពី​ប្រទេស​ប៉ូឡូញ លោក Rishi Sunak ត្រូវ​ទៅ​ប្រទេស​អាល្លឺម៉ង់ ហើយ​ត្រូវ​ជួប​អធិការបតី​អាល្លឺម៉ង់ Olaf Scholz នៅ​ក្រុង​ប៊ែរឡាំង។

តាម​ការ​ចុះផ្សាយ​របស់​សារព័ត៌មាន​អ៊ុយក្រែន INTERFAX UKRAINE ក្នុង​ជំនួយ​យោធា​របស់​ប្រទេស​អង់គ្លេស លើក​នេះ ក៏​មាន​គ្រាប់​មីស៊ីល​រយៈ​ចម្ងាយ​ឆ្ងាយ និង​មីស៊ីល​បាញ់​យន្តហោះ​មាន​ចំនួន ១៦០០​គ្រាប់។ គ្រាន់តែ​ឮ​ដំណឹង​ថា អង់គ្លេស​សម្រេច​បញ្ជូន​ជំនួយ​យោធា​ក្នុង​ទំហំ ៦២០​លាន​ដុល្លារ លោក ហ្សេឡេនស្គី បាន​ថ្លែង​អរគុណ​លោក Rishi Sunak និង​ប្រជាជន​អង់គ្លេស​ជា​ខ្លាំង។ អង់គ្លេស ជា​ប្រទេស​ដ៏​ធំ​មួយ​ដែរ​ក្នុង​ចំណោម​ប្រទេស​លោក​ខាងលិច ដែល​ផ្ដល់​ជំនួយ​ទៅ​ឱ្យ​អ៊ុយក្រែន។

តាម​ការ​ចុះផ្សាយ​របស់​សារព័ត៌មាន​រុស្ស៊ី បាន​ឱ្យ​ដឹង​ថា រុស្ស៊ី​កំពុង​បង្កើន​កម្លាំង​ទ័ព​វាយលុក​យ៉ាង​ខ្លាំង​វាយ​លើ​ទ័ព​អ៊ុយក្រែន ដោយ​បាញ់​កាំភ្លើង​ធំ​មួយ​ថ្ងៃ​ដល់​ទៅ​ជាង ៣​ម៉ឺន​គ្រាប់ និង​បាញ់​មីស៊ីល​រាប់​សិប​គ្រាប់​សឹង​រាល់​ថ្ងៃ ដែល​ធ្វើ​ឱ្យ​អ៊ុយក្រែន រងគ្រោះ​កាន់តែ​ធ្ងន់ធ្ងរ។

អ្នក​នាំពាក្យ​សម្រាប់​វិមាន​ក្រឹមឡាំង ឌីមីទ្រី ប៉េសកូវ ព្រមាន​ថា ទោះជា​ពួក​បស្ចិម​ប្រទេស រួម​នឹង​សហរដ្ឋ​អាមេរិក​បន្ថែម​សព្វាវុធ​យ៉ាងណា វា​នឹង​មិន​ធ្វើ​ឱ្យ​រុស្ស៊ី ចុះ​ខ្សោយ​ការ​ប្រយុទ្ធ​នោះ​ទេ តែ​ផ្ទុយទៅវិញ នឹង​ធ្វើ​ឱ្យ​អ៊ុយក្រែន កាន់តែ​ខ្លោចផ្សា និង​រង​វិនាសកម្ម​ធ្ងន់ធ្ងរ​ថែម​ទៀត៕

© 2024, ខេមបូឌា ដេលី. All rights reserved. No part of this article may be reproduced in print, electronically, broadcast, rewritten or redistributed without written permission.

អត្ថបទទាក់ទង

អត្ថបទអានច្រើន

សេចក្ដីរាយការណ៍ពិសេស