39 C
Phnom Penh

លោក ប៉ា ងួនទៀង ប្រកាស​លាឈប់​ពី​ប្រធាន​មជ្ឈមណ្ឌល​កម្ពុជា​ដើម្បី​ប្រព័ន្ធ​ផ្សព្វផ្សាយ​ឯករាជ្យ​CCIM

ដោយ ឌឹ ខេមបូឌា ដេលី

បទវិភាគ

លោក ប៉ា ងួនទៀង ប្រកាស​លាលែង​ពី​តួនាទី​ជា​នាយក​ប្រតិបត្តិ​ដែល​ជា​ប្រធាន​នៃ​មជ្ឈមណ្ឌល​កម្ពុជា​ដើម្បី​ប្រព័ន្ធ​ផ្សព្វផ្សាយ​ឯករាជ្យ (CCIM) ហើយ​នៅ​ថ្ងៃ​ចន្ទ ទី​៤ កញ្ញា នេះ ក្រោម​ហេតុផល​ដោយសារតែ​លោក​មាន​ភារកិច្ច​ចាំបាច់​ផ្ទាល់ខ្លួន។

ប្រធាន​មជ្ឈមណ្ឌល​កម្ពុជា​ដើម្បី​ប្រព័ន្ធ​ផ្សព្វផ្សាយ​ឯករាជ្យ លោក ប៉ា ងួនទៀត បាន​ដាក់​លិខិត​លាឈប់​ពី​តួនាទី​ជូន​ក្រុមប្រឹក្សាភិបាល​នៃ​មជ្ឈមណ្ឌល​កម្ពុជា​ដើម្បី​ប្រព័ន្ធ​ផ្សព្វផ្សាយ​ឯករាជ្យ កាលពី​ថ្ងៃទី​១ ខែ​កក្កដា ឆ្នាំ​២០២៣ និង​ត្រូវ​បាន​ផ្សព្វផ្សាយ​នៅ​ថ្ងៃទី​៤ កញ្ញា នេះ​ថា លោក​បាន​អស់​សុពលភាព​ពី​តួនាទី​ចាប់តាំងពី​ថ្ងៃទី​៣១ ខែ​សីហា ឆ្នាំ​២០២៣ មក​ម្ល៉េះ ដែល​ជា​ថ្ងៃ​បញ្ចប់​កិច្ចសន្យា​ការងារ​ជា​ផ្លូវការ​រវាង​រូបលោក​ជាមួយ​មជ្ឈមណ្ឌល​កម្ពុជា​ដើម្បី​ប្រព័ន្ធ​ផ្សព្វផ្សាយ​ឯករាជ្យ (CCIM)។

លោក ប៉ា ងួនទៀង អះអាង​ថា លោក​ពិត​ជា​មាន​មោទនភាព​ដោយ​បាន​បង្កើត និង​បាន​ដឹកនាំ​មជ្ឈមណ្ឌល​កម្ពុជា​ដើម្បី​ប្រព័ន្ធ​ផ្សព្វផ្សាយ​ឯករាជ្យ (CCIM) នា​ពេល​កន្លងមក ហើយ​ក៏​មាន​មោទនភាព​ចំពោះ​ទឹកចិត្ត និង​ការ​ខិតខំ​គ្រប់​បែប​យ៉ាង​របស់​បុគ្គលិក និង​ថ្នាក់​ដឹកនាំ​គ្រប់​គ្នា​របស់​ស្ថាប័ន​នេះ​រហូត​មក​ផង​ដែរ។

ប្រធាន​មជ្ឈមណ្ឌល​កម្ពុជា​ដើម្បី​ប្រព័ន្ធ​ផ្សព្វផ្សាយ​ឯករាជ្យ​រូប​នេះ​សម្ដែង​នូវ​ការ​អរគុណ​ដល់​ម្ចាស់​ជំនួយ និង​ដៃគូ​ផ្តល់​ជំនួយ​ទាំងអស់ ដែល​បាន និង​បន្ត​ផ្ដល់​មូលនិធិ​គាំទ្រ​ដល់​មជ្ឈមណ្ឌល​កម្ពុជា​ដើម្បី​ប្រព័ន្ធ​ផ្សព្វផ្សាយ​ឯករាជ្យ ដើម្បី​លើកស្ទួយ​ការ​គោរព​សិទ្ធិមនុស្ស និង​ប្រជាធិបតេយ្យ​នៅ​កម្ពុជា។

លោក ប៉ា ងួនទៀង ក៏​ថ្លែង​អំណរ​អរគុណ​ដល់​សមាជិក​ទាំងអស់​នៃ​ក្រុមប្រឹក្សាភិបាល CCIM ផង​ដែរ ដែល​បាន​បំពេញ​ការងារ​តាម​តួនាទី និង​ភារកិច្ច​រៀង​ខ្លួន​ក្នុង​បេសកកម្ម​របស់​មជ្ឈមណ្ឌល​កម្ពុជា​ដើម្បី​ប្រព័ន្ធ​ផ្សព្វផ្សាយ​ឯករាជ្យ​រហូត​ដល់​សព្វថ្ងៃ​នេះ និង​បន្ត​ទៅ​មុខ​ទៀត។

មជ្ឈមណ្ឌល​កម្ពុជា​ដើម្បី​ប្រព័ន្ធ​ផ្សព្វផ្សាយ​ឯករាជ្យ (CCIM) ត្រូវ​បាន​បង្កើត​ឡើង​នៅ​ឆ្នាំ​២០០៧ និង​បាន​ចុះបញ្ជី​នៅ​ក្រសួង​មហាផ្ទៃ​ជា​អង្គការ​ក្រៅ​រដ្ឋាភិបាល​ក្រោម​ការ​បង្កើត​ឡើង និង​ដឹកនាំ​ដោយ​លោក ប៉ា ងួនទៀង ដែល​ជា​អតីត​អនុប្រធាន​មជ្ឈមណ្ឌល​សិទ្ធិមនុស្ស​កម្ពុជា ដោយ​ទទួល​បាន​ការ​ឧបត្ថម្ភ​ពី​ម្ចាស់​ជំនួយ​ភាគច្រើន​មកពី​បណ្តា​ប្រទេស​នៅ​អឺរ៉ុប ដូចជា​អង់គ្លេស ស៊ុយអែត និង​អាល្លឺម៉ង់ ជាដើម។

បន្ទាប់ពី​បង្កើត និង​ដឹកនាំ​មជ្ឈមណ្ឌល​កម្ពុជា​ដើម្បី​ប្រព័ន្ធ​ផ្សព្វផ្សាយ​ឯករាជ្យ​បាន​ប្រមាណ​ជា ២​ឆ្នាំ លោក ប៉ា ងួនទៀង បាន​ដាក់​ពាក្យ​សុំ​អាជ្ញាប័ណ្ណ​ទៅ​ក្រសួង​ព័ត៌មាន ដើម្បី​ដំណើរការ​វិទ្យុ វីអូឌី ដែល​មាន​ឈ្មោះ​ពេញ​ថា «វិទ្យុ​សំឡេង​ប្រជាធិបតេយ្យ ឬ Voice of Democracy» បន្ថែម​ទៀត​ដែល​បាន​ដំណើរការ​ផ្សាយ​នៅ​អំឡុង​ឆ្នាំ​២០០៩ ដើម្បី​លើក​កម្ពស់​អភិបាលកិច្ច​តាម​បែប​ប្រជាធិបតេយ្យ និង​ការ​អនុវត្ត​សិទ្ធិមនុស្ស​នៅ​ក្នុង​ប្រទេស​កម្ពុជា ប៉ុន្តែ​ជា​អកុសល វិទ្យុ​សំឡេង​ប្រជាធិបតេយ្យ​នេះ​ត្រូវ​បាន​រដ្ឋាភិបាល​កម្ពុជា​បិទ​ជា​ស្ថាពរ​នៅ​ចុង​ឆ្នាំ​២០២២ ក្រោយពី​លោក ប៉ា ងួនទៀង បាន​ភៀស​ខ្លួន​មក​រស់នៅ​សហរដ្ឋ​អាមេរិក​ផង​ដែរ បន្ទាប់ពី​លោក​រង​នូវ​ការ​គាបសង្កត់​សិទ្ធិ​សេរីភាព​ពី​រដ្ឋាភិបាល​កម្ពុជា​នា​ពេល​កន្លងមក៕

© 2024, ខេមបូឌា ដេលី. All rights reserved. No part of this article may be reproduced in print, electronically, broadcast, rewritten or redistributed without written permission.

អត្ថបទទាក់ទង

អត្ថបទអានច្រើន

សេចក្ដីរាយការណ៍ពិសេស