ប្រធានផ្សាយសំឡេងប្រជាធិបតេយ្យសម្រាប់កម្ពុជា លោក ប៉ា ងួនទៀង ចោទថា គោលនយោបាយធ្វើសម្បទានដីរដ្ឋទៅឱ្យក្រុមហ៊ុន និងបុគ្គលឯកជន គឺជាឧបាយកលប្លន់យកដីរបស់ពលរដ្ឋពីសំណាក់ក្រុមមន្ត្រីរដ្ឋាភិបាល និងក្រុមឧកញ៉ាដែលមានទំនាក់ទំនងជិតស្និទ្ធជាមួយគ្រួសារត្រកូលហ៊ុនប៉ុណ្ណោះ ព្រោះពួកគេមាននាយករដ្ឋមន្ត្រីការពារពីក្រោយខ្នង។
លោក ប៉ា ងួនទៀង បានលើកឡើងក្នុងកម្មវិធី Idea Talk នៃសារព័ត៌មាន The Cambodia Daily កាលពីរាត្រីថ្ងៃទី១៩ មីនា ថា ដីសម្បទានដែលអតីតនាយករដ្ឋមន្ត្រី ហ៊ុន សែន កាត់ឆ្វៀលឱ្យទៅមនុស្សជាបណ្ដាញសែស្រឡាយបក្ខពួករបស់គាត់កន្លងមក ត្រូវបានអ្នកទាំងនោះប្រើសិទ្ធិអំណាចរំលោភសិទ្ធិលំនៅឋានរបស់ពលរដ្ឋគ្រប់រូបភាព ក្រោមឧបាយកលទុច្ចរិតសាហាវព្រៃផ្សៃគ្រប់ប្រភេទ ដូចជា ការដុតបំផ្លាញលំនៅឋាន ការបាញ់សម្លាប់ពលរដ្ឋដែលតវ៉ា និងការដាក់គ្រឿងចក្រឈូសឆាយបំផ្លាញដំណាំរបស់ពលរដ្ឋ ជាដើម ដើម្បីបានដីទាំងនោះមកកាន់កាប់ធ្វើជាកម្មសិទ្ធិ។
លោកបន្តថា នៅពេលដែលពួកគេប្លន់ដីបានពីប្រជាពលរដ្ឋរួចហើយ ពួកគេយកដីទាំងនោះទៅបោកប្រាស់ក្រុមហ៊ុនឯកជនបរទេសជាបន្តទៀត។ ឧទាហរណ៍ជាក់ស្តែង ដូចជា ការបណ្ដេញពលរដ្ឋរស់នៅសហគមន៍បុរីកីឡាក្នុងទីក្រុងភ្នំពេញ ដើម្បីយកដីទៅជួលឱ្យក្រុមហ៊ុនកូរ៉េ ក្រោមកិច្ចសន្យាកក់ប្រាក់ចំនួន ៦០០លានដុល្លារសហរដ្ឋអាមេរិក កាលពីអំឡុងឆ្នាំ២០១៩ កន្លងទៅ ជាដើម ប៉ុន្តែពេលដែលពួកគេបណ្តេញពលរដ្ឋចេញដោយជោគជ័យហើយនោះ ពួកគេក៏បានយកដីនោះទៅជួលឱ្យក្រុមហ៊ុនផ្សេងវិញ ខណៈក្រុមហ៊ុនកូរ៉េ ដែលបានចុះកិច្ចព្រមព្រៀងកក់លុយនោះ បានត្រឹមតែប្តឹងតវ៉ារហូតក្ស័យធនត្រឡប់ទៅប្រទេសកំណើតវិញប៉ុណ្ណោះ។
លោក ប៉ា ងួនទៀង លើកឡើងថា គោលនយោបាយដីសម្បទានសេដ្ឋកិច្ចដែលរដ្ឋាភិបាលរបស់គណបក្សប្រជាជនកម្ពុជា អនុវត្តរាប់សិបឆ្នាំកន្លងមក មិនដែលផ្តល់ផលប្រយោជន៍ឱ្យប្រទេសជាតិ និងប្រជាពលរដ្ឋទេ គឺមានតែធ្វើបាបប្រជាពលរដ្ឋឱ្យបាត់បង់ដីធ្លី និងលំនៅឋានប៉ុណ្ណោះ ប៉ុន្តែទោះបីជាបែបនេះក្តី ក៏រាជរដ្ឋាភិបាលរបស់លោក ហ៊ុន សែន បន្តមកលោក ហ៊ុន ម៉ាណែត ទៀត ក៏នៅតែបន្តអនុវត្តគោលនយោបាយនេះដដែលដែរ ព្រោះពួកគេគិតពីផលប្រយោជន៍ផ្ទាល់ខ្លួន និងបក្ខពួករបស់គេជាងផលប្រយោជន៍របស់ប្រជាពលរដ្ឋ។
ប្រធានសារព័ត៌មានសំឡេងប្រជាធិបតេយ្យរូបនេះ បញ្ជាក់ថា ល្បិចកេងប្រវ័ញ្ចកាត់ឆ្វៀលដីរដ្ឋទៅលក់ឱ្យក្រុមហ៊ុនឯកជន ដើម្បីប្រមូលលុយដាក់ហោប៉ៅខ្លួនឯងនេះ អាចដំណើរការទៅបានដោយសារតែស្ថាប័នតុលាការ គឺជាស្ថាប័នដែលលោក ហ៊ុន សែន ជាអ្នករៀបចំ មិនមែនជាស្ថាប័នដែលកើតឡើងដោយនីតិវិធីច្បាប់ស្ដីពីការប្រព្រឹត្តទៅនៃអំណាចតុលាការនោះទេ ដូច្នេះទោះបីជាជនរងគ្រោះប្តឹងជនល្មើសដែលជាសែស្រឡាយបក្ខពួកលោក ហ៊ុន សែន ដែលបានរំលោភយកដីធ្លីរបស់ពួកគាត់យ៉ាងណាក៏ដោយ ក៏ស្ថាប័នតុលាការមិនរកយុត្តិធម៌ឱ្យដែរ។
អ្នកនាំពាក្យអង្គការសង្គ្រោះកម្ពុជា លោក សោម កុលវឌ្ឍន៍ លើកឡើងថា តាមរយៈនៃការសង្កេតតាមដានជុំវិញការដឹកនាំរបស់គណបក្សប្រជាជនកម្ពុជាដែលមានលោក ហ៊ុន សែន ជាមេដឹកនាំ បានជួយឱ្យក្រុមគ្រួសារ និងបក្ខពួករបស់គាត់មានបានលុយរាប់រយលានដុល្លារសហរដ្ឋអាមេរិក និងមានដីគ្រប់កន្លែង គ្មានអីក្រៅពីលក់ទ្រព្យសម្បត្តិជាតិ ដោយការរឹបអូស និងប្លន់ពីប្រជាពលរដ្ឋទេ ព្រោះធនធានធម្មជាតិក្នុងប្រទេសកម្ពុជាទាំងអស់ គ្មាននរណាមានសិទ្ធិចាត់ចែងក្រៅពីគណបក្សប្រជាជនកម្ពុជាឡើយ ខណៈលោក ហ៊ុន សែន គឺជាមេចំណែកក្នុងអំពើទុច្ចរិតនេះ។
ច្បាប់ស្ដីពីការគ្រប់គ្រង ប្រើប្រាស់ និងចាត់ចែងទ្រព្យសម្បត្តិរដ្ឋ មាត្រា៦៩ ចែងថា ប្រជាពលរដ្ឋខ្មែរគ្រប់រូបមានសិទ្ធិ និងកាតព្វកិច្ចថែរក្សា និងការពារទ្រព្យសម្បត្តិរដ្ឋ ដោយការប្តឹងទៅទៅក្រសួងស្ថាប័នមានសមត្ថកិច្ចចំពោះការរំលោភបំពានទ្រព្យសម្បត្តិរដ្ឋដោយខុសច្បាប់។
កាលពីថ្ងៃទី៣០ ខែវិច្ឆិកា ឆ្នាំ២០២២ លោក ហ៊ុន សែន បានចុះហត្ថលេខាលើអនុក្រឹត្យមួយដោយកំណត់ដីសាធារណៈរបស់រដ្ឋជិត ១លានហិកតានៅក្នុងតំបន់ការពារធម្មជាតិក្នុងខេត្តចំនួន១៥ ដើម្បីត្រៀមធ្វើអនុប្បយោគ និងបែងចែកជាកម្មសិទ្ធិឱ្យទៅក្រុមហ៊ុនឯកជននានាដើម្បីធ្វើការអភិវឌ្ឍ ខណៈខេត្តដែលមិនជាប់ក្នុងអនុក្រឹត្យនេះ ក៏ត្រូវរងនូវការបែងចែកឱ្យទៅក្រុមហ៊ុនឯកជនកាន់កាប់ធ្វើជាកម្មសិទ្ធិជាបន្តបន្ទាប់ផងដែរ។
អង្គការឃ្លាំមើលព្រៃឈើពិភពលោក (Global Forest Watch) បានចេញរបាយការណ៍របស់ខ្លួនកាលពីពេលកន្លងទៅថា គម្របព្រៃឈើនៅកម្ពុជា ជាង ១សែនហិកតា (១៤៨០០០ហិកតា) ដែលស្មើនឹង ៨,៦% ត្រូវបានបាត់បង់នៅក្នុងតំបន់ជួរភ្នំក្រវាញចន្លោះពីឆ្នាំ២០០១ ដល់ឆ្នាំ២០១៩ ដោយសារការឈូសឆាយដីធ្លីខុសច្បាប់ក្រោមសិទ្ធិផ្តល់ដីសម្បទានដោយអាជ្ញាធរកម្ពុជា ដែលធ្វើឲ្យក្រុមហ៊ុនឈើ និងក្រុមហ៊ុនធ្វើចម្ការនានាឈូសឆាយព្រៃក្នុងតំបន់អភិរក្សនេះយ៉ាងអនាធិបតេយ្យ។
ជុំវិញការផ្តល់ដីនៅតំបន់ការពារឱ្យទៅជាកម្មសិទ្ធិរបស់ក្រុមហ៊ុនឯកជន និងអ្នកមានទ្រព្យធន ត្រូវគេមើលឃើញថា មន្ត្រីជាន់ខ្ពស់ និងឧកញ៉ាជាច្រើនដែលជិតស្និទ្ធនឹងលោក ហ៊ុន សែន រួមទាំងសាច់ញាតិ និងកូនៗបង្កើតរបស់គាត់ សុទ្ធតែបានទទួលដីទាំងនេះជាច្រើនរយហិកតាធ្វើជាកម្មសិទ្ធិ ខណៈព្រៃឈើនៅតំបន់ដែលលោក ហ៊ុន សែន សម្បទានទាំងនោះ ត្រូវរងនូវការកាប់បំផ្លាញ និងគ្រប់គ្រងដោយគ្មានតម្លាភាពទាំងអស់ ក្នុងនោះ អ្នកដែលរិះគន់ពីការកាត់ឆ្វៀលដីក្នុងតំបន់អភិរក្សទាំងនេះ ត្រូវបានចាប់ឃុំខ្លួនជាបន្តបន្ទាប់សព្វថ្ងៃនេះ។
ទាក់ទិននឹងបញ្ហានេះ អង្គការ Client Earth បានបង្ហាញសេចក្តីរាយការណ៍កាលពីពេលកន្លងទៅថា ជាង ៤០ភាគរយនៃផ្ទៃដីរបស់កម្ពុជា ឬប្រហែល ៧,៥លានហិកតា ត្រូវបានបែងចែកជាតំបន់ការពារធម្មជាតិ ប៉ុន្តែភាគច្រើននៃតំបន់ទាំងនេះ ត្រូវបាន «ការពារ» តែឈ្មោះប៉ុណ្ណោះ ព្រោះរាជរដ្ឋាភិបាលបានកាត់ឆ្វៀលដីក្នុងតំបន់អភិរក្សទាំងនោះឱ្យក្រុមហ៊ុនឯកជនធ្វើជាកម្មសិទ្ធិជាបន្តបន្ទាប់រហូតមក៕